បង់ក្លាដែស៖ នាយករដ្ឋមន្ត្រីផ្ដល់ថវិកាដល់សហគមន៍ពុទ្ធសាសនាសម្រាប់បុណ្យចេញព្រះវស្សា, កសាងវត្តនៅលុម្ពិនី - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, August 19, 2020

បង់ក្លាដែស៖ នាយករដ្ឋមន្ត្រីផ្ដល់ថវិកាដល់សហគមន៍ពុទ្ធសាសនាសម្រាប់បុណ្យចេញព្រះវស្សា, កសាងវត្តនៅលុម្ពិនី

រូបភាពឯកសារ៖ ព្រះសង្ឃពុទ្ធសាសនាចូលចួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកជំទាវ សេខ ហាស៊ីណា នៅគណភវ័ន ដែលជាការិយាល័យនាយកដ្ឋមន្ត្រី ទីក្រុងដាកា, ២១ ឧសភា ២០១៩ ។ រូបភាព៖ Focus Bangla photo / Newage

លោកវិទូ | ថ្ងៃ ៤᧡១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ សីហា ២០២០

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកជំទាវ សេខ ហាស៊ីណា បានផ្ដល់ថវិកាចំនួន ១ ក្រូតាកាបង់ក្លាដែស (១៤៨,៤ លានរៀល) ចំពោះសហគមន៍ពុទ្ធសាសនា ដើម្បីប្រារព្ធកម្មវិធីបុណ្យ ប្រវារណា បូរណិមា (Probarona Purnima) ឬបុណ្យបវារណាចេញព្រះវស្សា ដែលជាបុណ្យធំបំផុតទី២ របស់ព្រះពុទ្ធសាសនិកបង់ក្លាដែស ។ មុននេះ រដ្ឋាភិបាលបង់ក្លាដែស បានអនុម័តគម្រោងកសាងវត្តមួយនៅតំបន់លុម្ពិនី ប្រទេសនេប៉ាល់ ។

យោងតាមសារព័ត៌មានបង់ក្លាដែសបានឲ្យដឹងថា លោកជំទាវ ហាស៊ីណា បានប្រគល់ថវិកាទៅសមាគម ពុទ្ធ ធោរមិអូ កល្យាណ ត្រាស្ត សម្រាប់បុណ្យប្រវារណា បូរណិមា និងបុណ្យកថិនចីវរទាន (Kathin Chibor Daan Utshab) ឆ្នាំ២០២០ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១ ខែតុលា ខាងមុខនេះ ។ ថវិកានេះគឺជាថវិការបស់មូលនិធិសង្គ្រោះនិងសន្តិសុខសង្គមរបស់នាយករដ្ឋមន្ត្រី ។

ថវិកាទាំងអស់នឹងត្រូវចំណាយ ដើម្បីប្រារព្ធកម្មវិធីបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាបង់ក្លាដែស នៅតាមពុទ្ធវិហារ មន្ទិរ ក្យាង ចេតិយ និងតាមវត្តអារាមទាំងអស់ទូទាំងប្រទេស ។

លេខាធិការផ្នែកព័ត៌មានរបស់នាយករដ្ឋមន្ត្រី លោក អ៊ីហ៍សានុល ការីម បានប្រាប់ឲ្យដឹងថា មូលប្បទានប័ត្រត្រូវបានប្រគល់ជូន កាលពីថ្ងៃច័ន្ទ (១៧ សីហា) កន្លងទៅ ។

គាត់បានមប្រសាសន៍ថា លោកជំទាវនាយករដ្ឋមន្ត្រីតែងតែសហការជាមួយបរិស័ទគ្រប់សាសនាទាំងអស់ ។ គាត់បញ្ជាក់ថា «ក្នុងនោះ លោកជំទាវនាយករដ្ឋមន្ត្រីបានផ្ដល់នូវថវិកានេះ ដើម្បីឲ្យសហគមន៍ពុទ្ធសាសនា អាចប្រារព្ធកម្មវិធីបុណ្យតាមប្រពៃណីសាសនារបស់ពួកគេ តាមលក្ខណៈសមរម្យ» ។
ប្លង់គោលនៃវត្តបង់ក្លាដែស នៅតំបន់លុម្ពិនី ប្រទេសនេប៉ាល់ ។ រូបភាព៖ Atish Dipankar

ដោយឡែកថ្មីៗនេះ រដ្ឋាភិបាលបង់ក្លាដែសបានសម្រេចចិត្តកសាងវត្តពុទ្ធសាសនាមួយ នៅលុម្ពិនី ប្រទេសនេប៉ាល់ ដែលជាពុទ្ធបូជនីយដ្ឋានដ៏ពិសិដ្ឋមួយក្នុងព្រះពុទ្ធសាសនា ។

យោងតាមសារព័ត៌មានពុទ្ធិសឌ័របានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបង់ក្លាដែស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សេខ ហាស៊ីណា កាលពីថ្ងៃទី ២៧ កក្កដា កន្លងទៅ សេចក្តីព្រាងនៃកិច្ចព្រមព្រាងមួយ រវាងស្ថាប័នអភិវឌ្ឍន៍លុម្ពិនីនៃប្រទេសនេប៉ាល់ និងរដ្ឋាភិបាលបង់ក្លាដែស ត្រូវបានអនុម័តយល់ព្រម ដើម្បីសាងសង់វត្តពុទ្ធសាសនាបង់ក្លាដែសមួយ ។ វត្តនេះនឹងត្រូវកសាងនៅតំបន់លម្ពិនី ជាទីតាំងប្រវត្តិសាស្ត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ។

ការកសាងវត្តនេះគឺត្រូវបានផ្ដួចផ្ដើមគំនិត ដោយការចាប់អារម្មណ៍មនិងគម្រោងផ្ទាល់ខ្លួន របស់ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅប្រទេសនេប៉ាល់ លោក ម៉ាស់ហ្វី ប៊ីន្តេ សាមស៍ ព្រមទាំងលេខាទីមួយស្ថានទូត លោក អាសីត បារ៉ាន សរការ ។

លេខាធិការខុទ្ទកាល័យរដ្ឋាភិបាល លោក ខាន់ដាគ័រ អានុវ៉ារុល ឥស្លាម បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំ ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា «រឿងនេះបានមកដល់យើង ពីក្រសួងកិច្ចការសាសនា ។ តំបន់ដែលស្ថិតនៅក្រោមសមាគមអភិវឌ្ឍន៍លុម្ពិនីនេះ មានជាប់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយព្រះគោតមពុទ្ធ ។ ពុទ្ធសាសនិកពាសពេញពិភពលោក មានអារម្មណ៍ដក់ជាប់ជាមួយទីនេះ ។ ដីមួយកន្លែងត្រូវបានគេបែកចែកឲ្យ បន្ទាប់ពីបង់ក្លាដែសបានសម្ដែងចំណាប់អារម្មណ៍ចង់កសាងវត្តមួយ ឬទីសម្នាក់មួយ នៅទីនោះ ។ គ្រប់យ៉ាងគឺត្រូវបានដំណើរការណ៍តាមរយៈស្ថានឯកអគ្គរដ្ឋទូតបង់ក្លាដែសទាំងអស់ ។»

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការកសាងវត្តនេះនឹងត្រូវចំណាយប្រាក់អស់ចំនួន ៥១២ តាកាបង់ក្លាដែស (២៤៤៩០ លានរៀល / ៦ លានដុល្លារ) ។ រចនាបទ និងសកម្មភាពនានា ត្រូវបានអនុញ្ញាតដោយសមាគមអភិវឌ្ឍន៍លុម្ពិនីរួចរាល់ហើយ ។

ទាំងនេះជាសកម្មភាពថ្មីៗរបស់រដ្ឋាភិបាលបង់ក្លាដែស ចំពោះព្រះពុទ្ធសាសនា ដែលគួរឲ្យចាប់អារម្មណ៍ ។ បង់ក្លាដែសជាប្រទេសមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម ។ ប្រជាជនកាន់ព្រះពុទ្ធសាសនា (ថេរវាទ) មានប្រមាណតែ ២% ទេ នៃប្រជាជនសរុបចំនួនជាង ១៦៤ លាន ។ ប្រជាជនកាន់ពុទ្ធសាសនាភាគច្រើនរស់នៅតំបន់ភ្នំចិដ្ដាគោង្គ ជាប់ព្រំប្រទល់ជាមួយប្រទេសឥណ្ឌា រដ្ឋភាគឦសាន និងខ្លះទៀតនៅទីក្រុងដាកា ។

តាមប្រវត្តិសាស្ត្រ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គធ្លាប់បានយាងទៅកាន់ប្រទេសនេះផងដែរ ក្នុងរយៈពេលនៃការបំពេញពុទ្ធកិច្ច ទាំង ៤៥ ព្រះវស្សារបស់ព្រះអង្គ ។

ប៉ុន្តែគួរឲ្យកត់សម្គាល់ វត្តអារាមពុទ្ធសាសនានៅបង់ក្លាដែស ត្រូវបានគំរាមកំហែង និងដុតបំផ្លាញ ជាញឹកញាប់ ដោយពួកមូស្លីមជ្រុលនិយម ដែលស្ទើរតែមិនដែលធ្លាប់ឃើញមានករណីបែបនេះ កើតឡើងចំពោះព្រះពុទ្ធសាសនាឡើយ នៅក្នុងប្រទេសដទៃ ។ ដោយការភ័យខ្លាច ប្រជាជនកាន់ពុទ្ធសាសនាជាច្រើន ជាពិសេស ជនជាតិច័កម៉ា បានភៀសខ្លួនឆ្លងដែនចូលទៅកាន់ប្រទេសឥណ្ឌា ៕

 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment