ពុទ្ធបរិស័ទអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរនៅខួបលើកទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, August 07, 2020

ពុទ្ធបរិស័ទអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរនៅខួបលើកទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ

វិមានសន្តិភាពកុមារ, ជារូបសំណាកកុមារីជប៉ុនឈ្មោះ សាដាកុ សាសាគី នៅលើកំពូលវិមាន (រូបសំណាកកុមារាមួយនិងកុមារីមួយនៅសងខាងប៉ុន្តែមើលមិនឃើញក្នុងរូបនេះ) ដែលជាកុមារីរងគ្រោះដែលនៅរស់ ដោយគ្រប់បែកបរមាណូ នៅក្នុងឧទ្យាននៃការចងចាំនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។ រូបភាព៖ RNS

លោកវិទូ | ថ្ងៃ ៦᧳៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៧ សីហា ២០២០

នៅថ្ងៃទី៦ ខែសីហា ដើម្បីរំឭកខួបលើកទី៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី អង្គការពុទ្ធសាសនាសូកាហ្គាកៃបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ និងការចូលជាធរមាននៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ( TPNW) ឲ្យបានឆាប់ ។

សូកាហ្គាកៃសន្យាថានឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយក៏បានទទូចឲ្យរដ្ឋាភិបាលជប៉ុន បន្តឆ្ពោះទៅរកការចូលរួមក្នុងសន្ធិសញ្ញា TPNW ដោយបញ្ជាក់ថា «នៅក្នុងឱកាសដ៏មានសារសំខាន់នេះ រដ្ឋាភិបាលជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលបានទទួលរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូក្នុងកំឡុងពេលសង្គ្រាម គួរតែប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការពិចារណាចូលរួមក្នុងសន្ធិសញ្ញា TPNW ដូច្នេះវាធ្វើឲ្យចេញជារូបរាងឡើងជាវិជ្ជមាននូវការនិយាយសេចក្តីស្តី ពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងសហគមន៍អន្តរជាតិ» ។

នៅក្នុងសេចក្តីថ្លែងការណ៍លោក យ៉ូស៊ីគី តានិហ្គាវ៉ា ប្រធានក្រុមប្រឹក្សាពុទ្ធសាសនាសូកាហ្គាកៃស្តីពីបញ្ហាសន្តិភាពបាននិយាយថា «ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសញ្ញាបង្ហាញថា ការប្រណាំងអាវុធនុយក្លេអ៊ែរក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរកាន់តែខ្លាំងឡើងៗ ។ ក្នុងពេលជាមួយគ្នានេះ ការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណាថ្មីជាសកលបានបង្ហាញថា កម្លាំងយោធាគឺមិនអាចដោះស្រាយបាននូវបញ្ហាប្រឈមរបស់ពិភពលោកបានទេ ដែលជំរុញឲ្យយើងប្រឈមមុខនឹងសំណួរថា តើអ្វីទៅដែលបង្កើតបាននូវសន្តិសុខពិតប្រាកដសម្រាប់មនុស្សជាតិ» ។

អង្គការពុទ្ធសាសនាសូកាហ្គាកៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានរៀបចំការប្រជុំតាមអនឡាញនៅថ្ងៃទី៦ ខែសីហា និងនៅទីក្រុងណាហ្គាសាគី នឹងរៀបចំការប្រជុំតាមអនឡាញនៅថ្ងៃទី៨ ខែសីហា ដើម្បីស្តាប់សក្ខីកម្មរបស់ជនហ៊ីបាគូសា ដែលជាអ្នករស់រានមានជីវិតពីកាទម្លាក់គ្រាប់បែកបរមាណូ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សមាជិកយុវជននៅក្នុងតំបន់ទាំងនេះបានបន្តប្រមូលសក្ខីកម្មអំពីបទពិសោធន៍នៃសង្គ្រាម ក្នុងនោះរាប់បញ្ចូលទាំងជនហ៊ីបាគូសាផង ក្នុងគោលបំណងចុះផ្សាយនូវវ៉ុលចុងក្រោយបង្អស់ នៅរដូវស្លឹកឈើជ្រុះនេះ ។ អង្គការពុទ្ធសាសនាសូកាហ្គាកៃនៅប្រទេសជប៉ុនក៏នឹងរៀបចំកិច្ចប្រជុំកំពូលយុវជនតាមអនឡាញ ឆ្ពោះទៅរកការលះបង់សង្រ្គាមនៅខែកញ្ញា ។

នៅថ្នាក់ពិភពលោក អេស.ស៊ី.ជី. (សូកាហ្គាកៃអន្តរជាតិ) ដែលមានអង្គការប្រមាណ ២០០ អង្គការ ដែលមានប្រភពជំនឿខុសៗគ្នា រួមមានពុទ្ធសាសនា គ្រិស្តសាសនា ហិណ្ឌូ ជេន ជ្វីហ្វ មូស្លីម និងប្រពៃណីជនជាតិដើម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអន្តរសាសនា នៅខួបលើកទី៧៥ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា «វត្តមាននៃអាវុធនុយក្លេអ៊ែរសូម្បីតែមួយគ្រាម ក៏រំលោភគោលការណ៍សំខាន់នៃប្រពៃណីជំនឿខុសគ្នារបស់យើងដែរ និងគំរាមកំហែងដល់ការបំផ្លិចបំផ្លាញដែលមិនអាចនឹកស្មានដល់ ចំពោះអ្វីគ្រប់យ៉ាងដែលយើងពេញចិត្ត» ។ សេចក្តីថ្លែងការណ៍នោះបង្ហាញពីផលប៉ះពាល់បរិស្ថានសុខភាពនិងសេដ្ឋកិច្ច ដែលកើតអំពីការផ្ទុះនុយក្លេអ៊ែរ ហើយជម្រុញឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នដល់ TPNW ។ នេះជាសេចក្តីថ្លែងការណ៍អន្តរសាសនាទី១២ ដែលបានចេញតាំងពីឆ្នាំ២០១៤ ដែលគាំទ្រដោយក្រុមជំនឿសាសនាកាន់តែច្រើនឡើងៗ ។

សូកាហ្គាកៃគឺជាអង្គការពុទ្ធសាសនាសកលមួយដែលមានសមាជិក ១២ លាននាក់នៅជុំវិញពិភពលោក ដែលលើកកម្ពស់សន្តិភាព វប្បធម៌ និងការអប់រំ ។ អង្គការពុទ្ធសាសនាសូកាហ្គាកៃបានធ្វើការ ដើម្បីឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ អស់រយៈពេល ៦០ ឆ្នាំ ចាប់តាំងពីសេចក្តីប្រកាសអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញដោយប្រធានទី២របស់សូកាហ្គាកៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៥៧ ។

ការវាយប្រហារដោយការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងទាំងពីររបស់ជប៉ុន បានបំផ្លិចបំផ្លាញទីក្រុងទាំងនេះ ហើយបណ្តាលឲ្យមានមនុស្សរហូតដល់ ២១៣.០០០ នាក់បានស្លាប់នៅចុងឆ្នាំ ១៩៤៥ និងជាច្រើនទៀតនៅឆ្នាំបន្ទាប់ ។ ការវាយប្រហារនេះបានធ្វើឲ្យឈឺចាប់និងរងទុក្ខខ្លោចផ្សាយ៉ាងខ្លាំងទាំងចំពោះមនុស្សនិងបរិស្ថាន ៕

សូមទាញយកសេចក្តីថ្លែងការណ៍នៅទីនេះ៖ Joint Interfaith Statement on the 75th Anniversary of the Atomic Bombings of Hiroshima and Nagasaki 6 August 2020

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment