លោក លូ សាំង ដែលធ្វើការក្រោមឈ្មោះថា ឆាលី ប៉េង ។ រូបភាព៖ NDTV |
លោកវិទូ | ថ្ងៃ ៣᧾៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៨ សីហា ២០២០
លោក លូ សាំង (Luo Sang) ដែលធ្វើការក្រោមឈ្មោះថា ឆាលី ប៉េង (Charlie Peng) ត្រូវបានរាយការណ៍ថាបានសូកប៉ាន់ព្រះសង្ឃឡាម៉ា រស់នៅតំបន់ មជ្នូ កា ទីឡា (Majnu ka Tila) ទីក្រុងញូវដែល្លី ដើម្បីប្រមូលព័ត៌មានអំពីសម្ដេចសង្ឃដាឡៃឡាម៉ា មេដឹកនាំសាសនារបស់ទីបេត៍ និងសហការីរបស់ព្រះអង្គ ។
តាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារមានសមត្ថកិច្ចបានបង្ហាញឲ្យដឹងថា ជនជាតិចិនអាយុ ៤២ ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានពន្ធលើប្រាក់ចំណូលឥណ្ឌា ដោយសារជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ នៅដែល្លី ក៏បានសូកប៉ាន់ព្រះសង្ឃឡាម៉ាមួយចំនួនដែលរស់នៅក្នុងតំបន់ មជ្នូ កា ទីឡា ដែលទីតាំងជនភៀសខ្លួនទីបេត៍រស់នៅ ក្នុងទីក្រុងដែល្លី ដើម្បីប្រមូលព័ត៌មានអំពីសម្ដេចសង្ឃដាឡៃឡាម៉ា ។
អ្វីដែលគួរអោយកត់សំគាល់នោះគឺថា បើយោងតាមមន្រ្តីមានសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ លូ សាំង បានធ្វើការក្រោមឈ្មោះថា ឆាលី ប៉េង ។ តាមសេចក្តីរាយការណ៍ គាត់បានប្រគល់ប្រាក់ចំនួន ២ លាខ (២០ ម៉ឹនរូពី) និង ៣ លាខ (៣០ ម៉ឺនរូពី) ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងមេដឹកនាំសាសនាទីបេត៍ និងសហការីរបស់គាត់ ។ មន្ត្រីនិយាយថាប្រាក់ទាំងនោះត្រូវបានបញ្ជូនតាមរយៈនិយោជិកដែលធ្វើការនៅការិយាល័យរបស់ព្រះអង្គ ។
ការប្រាស្រ័យទាក់ទងទាំងមូលនៅក្នុងបញ្ហានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីឆាត (WeChat) ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីចិនចំនួន ១០៦ ដែលត្រូវបានហាមឃាត់ដោយប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ។
ទន្ទឹមនឹងនេះ ករណីលាងលុយកខ្វក់ត្រូវបានគេបង្ក្រាបកាលពីថ្ងៃអង្គារ នៅពេលដែលនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការឆ្មក់ចូលក្នុងទីតាំងប្រមាណ ២០ កន្លែងរបស់ជនជាតិចិនមួយចំនួន ក៏ដូចជាសហការីរបស់ពួកគេ នៅទីក្រុងដែល្លី ទីក្រុងគុរុគ្រាម និងទីក្រុងហ្គាហ្ស៊ីបាដ ។
ប៉េងត្រូវបានគេចោទប្រកាន់ថាជា «មេខ្លោង» ក្នុងករណីលាងលុយកខ្វក់ ។ គាត់បានរៀបការជាមួយស្ត្រីម្នាក់មកពីរដ្ឋភាគឦសានឥណ្ឌា ហើយបានលាក់បាំងអត្តសញ្ញាណ ដោយប្ដូរឈ្មោះជា «ឆាលី ប៉េង» ដោយប្រើលិខិតឆ្លងដែនឥណ្ឌាក្លែងក្លាយ ។
លើកមុន គាត់ក៏ត្រូវបានចាប់ខ្លួនដោយកងកម្លាំអពិសេសនៃទីក្រុងដែល្លី ក្នុងខែកញ្ញា ឆ្នាំ២០១៨ ពីបទ «ចារកម្ម» ។
ហេតុការណ៍នេះកើតឡើងចំពេលដែលភាពតានតឹងកំពុងបន្ត រវាងឥណ្ឌានិងចិន នៅដែនដីសហព័ន្ធលទ្ទាខ ភាគខាងកើត ។
សម្ដេចសង្ឃដាឡៃឡាម៉ាទី ១៤ ជាមេដឹកនាំពុទ្ធសាសនាកំពូលរបស់ទីបេត៍ ។ ព្រះអង្គប្រសូតនៅឆ្នាំ១៩៣៥ នៅប្រទេសទីបេត៍ ប៉ុន្តែបានភៀសខ្លួនទៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសទីបេត៍ត្រូវបានកាន់កាប់ដោយប្រទេសចិន ។
សម្ដេចសង្ឃដាឡៃឡាម៉ាទី ១៤ ជាមេដឹកនាំពុទ្ធសាសនាកំពូលរបស់ទីបេត៍ ។ ព្រះអង្គប្រសូតនៅឆ្នាំ១៩៣៥ នៅប្រទេសទីបេត៍ ប៉ុន្តែបានភៀសខ្លួនទៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសទីបេត៍ត្រូវបានកាន់កាប់ដោយប្រទេសចិន ។
រដ្ឋាភិបាលឥណ្ឌាមានកាតព្វកិច្ចធានាសន្តិសុខ ប្រគេនព្រះអង្គជានិច្ច ខណៈចិនតែងប្រើចារកម្មតាមដាននិងប្រមូលព័ត៌មានអំពីសកម្មភាពរបស់ព្រះអង្គ ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment