សម្ដេចសង្ឃដាឡៃឡាម៉ានឹងចេញផ្សាយសៀវភៅស្តីពីការប្រែប្រួលអាកាសធាតុ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 10, 2020

សម្ដេចសង្ឃដាឡៃឡាម៉ានឹងចេញផ្សាយសៀវភៅស្តីពីការប្រែប្រួលអាកាសធាតុ

សៀវភៅ «ផ្ទះតែមួយគត់របស់យើង» ។ រូបភាព៖ Bloomsbury Sigma

លោកវិទូ | ថ្ងៃ ២᧵៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ សីហា ២០២០

សម្តេចសង្ឃដាឡៃឡាម៉ាបានសរសេរសៀវភៅមួយក្បាល ស្តីពីការប្រែប្រួលអាកាសធាតុដែលនឹងត្រូវចេញផ្សាយនៅឆ្នាំនេះ ។

សម្ដេចសង្ឃដាឡៃឡាម៉ាទី ១៤ ដែលជាមេដឹកនាំពុទ្ធសាសនាទីបេត៍ ។  ព្រះអង្គប្រសូតនៅឆ្នាំ១៩៣៥ នៅទីបេត៍ ប៉ុន្តែបានភៀសខ្លួនទៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសទីបេត៍ត្រូវបានកាន់កាប់ដោយប្រទេសចិន ។ ចាប់តាំងពីពេលនោះមក ព្រះអង្គបានធ្វើការដើម្បីឯករាជ្យភាពនៃមាតុភូមិកំណើតរបស់ព្រះអង្គ ។  នៅឆ្នាំ១៩៨៩ គាត់បានទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់ការងាររបស់ព្រះអង្គ ។

ព្រះអង្គបានសរសេរសៀវភៅជាច្រើន ដូចជា សៀវភៅជីវប្រវត្តិរបស់ព្រះអង្គ និងសៀវភៅជាច្រើនស្តីពីទស្សនវិជ្ជា ដូចជា Leaders' Way - Business, Buddhism and Happiness in an Interconnected World (មាគ៌ាដឹកនាំ - ធុរកិច្ច ព្រះពុទ្ធសាសនា និងសុភមង្គល នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នា), A Force For Good: The Dalai Lama's Vision for Our World (កម្លាំងមួយជានិរន្តរ៍៖ ចក្ខុវិស័យរបស់សម្ដេចសង្ឃដាឡៃឡាម៉ា សម្រាប់ពិភពលោករបស់យើង) និងសៀវភៅជាស៊េរីស្តីពីទស្សនវិជ្ជាព្រះពុទ្ធសាសនាដែលមានចំណងជើងថា Library of Wisdom and Compassion (បណ្ណាល័យនៃប្រាជ្ញាញាណនិងមេត្តាធម៌). ព្រះអង្គទើបតែបានបោះពុម្ពសៀវភៅកុមារនៅឆ្នាំនេះដែលមានចំណងជើងថា The Seed of Compassion: Lessons from the Life and Teachings of His Holiness the Dalai Lama (គ្រាប់ពូជនៃមេត្តាធម៌៖ មេរៀនពីជីវិតនិងការបង្រៀន អំពីសម្ដេចសង្ឃដាឡៃឡាម៉ា) ។

សៀវភៅដែលនឹងចេញផ្សាយខាងមុខរបស់ព្រះអង្គមានចំណងជើងថា Our Only Home: A Climate Appeal to the World (ផ្ទះតែមួយគត់របស់យើង៖ សេចក្តីអំពាវនាវផ្នែកអាកាសធាតុចំពោះពិភពលោក) ហើយសៀវភៅនេះត្រូវបានសរសេររួមគ្នាជាមួយអ្នកកាសែតផ្នែកបរិស្ថាន ជនជាតិអាល្លឺម៉ង់ លោក ហ្វ្រង់ស៍ អាន់ ។  យោងតាមការពិពណ៌នាសង្ខេមក្នុងសៀវភៅនេះ “នៅក្នុងសៀវភៅថ្មីដ៏បំផុសគំនិតនេះ សម្ដេចសង្ឃដាឡៃឡាម៉ាដែលជាឥស្សរជនម្នាក់ដែលមានឥទិ្ធពលបំផុតនៅសម័យកាលយើងនេះ សូមអំពាវនាវដល់អ្នកធ្វើសេចក្តីសម្រេចចិត្តនយោបាយទាំងឡាយ ឲ្យតស៊ូប្រឆាំងនឹងភាពជាប់គាំង និងការមិនអើពើក្នុងបញ្ហានេះ ។ ព្រះអង្គបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវតែក្រោកឈរឡើងដើម្បីពិភពលោកមួយផ្សេងដែលកាន់តែមានទំនួលខុសត្រូវចំពោះអាកាសធាតុ និងដើម្បីអនុញ្ញាតឲ្យយុវជនជំនាន់ក្រោយ ធានាសិទ្ធិរបស់ពួកគេ ដើម្បីយកមកវិញនូវអនាគតរបស់ពួកគេ» ។

លោក ជីម មាទីន និពន្ធនាយកទទួលបន្ទុកកិច្ចការនៅរោងពុម្ពប៊្លូមប៊ើរីស៊ិគម៉ា (Bloomsbury Sigma) បានប្រាប់ទស្សនាវដ្ដីប៊ុកស៊ែល្ល័រ (The Bookseller) ថា «ខណៈពេលយើងចេញពីទុក្ខទោសនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណា បន្តិចម្ដងៗដោយប៉ប្រិចភ្នែក យើងត្រូវផ្តោតការខិតខំរបស់យើងទៅលើបញ្ហាប្រឈមដែលអាចកើតមាននៃការប្រែប្រួលអាកាសធាតុ ។ នៅក្នុងសៀវភៅនេះ សម្ដេចសង្ឃដាឡៃឡាម៉ាចែករំលែកចក្ខុវិស័យរបស់ព្រះអង្គ អំពីថាតើការផ្លាស់ប្តូរកើតឡើងដោយរបៀបណា ។ ពិភពលោកចាំបាច់ត្រូវតែស្ដាប់ និងធ្វើតាមពាក្យរបស់ព្រះអង្គ» ។

សៀវភៅ «ផ្ទះតែមួយគត់របស់យើង» នឹងចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២០ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment