ព្រះអធិបតីសង្ឃឥណ្ឌា, ជាអធិបតីក្នុងពិធីប្ដូរសាសនារបស់បណ្ឌិតអម្ពេឌករ សុគតក្នុងព្រះជន្ម ៨១ ព្រះវស្សា - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, August 05, 2020

ព្រះអធិបតីសង្ឃឥណ្ឌា, ជាអធិបតីក្នុងពិធីប្ដូរសាសនារបស់បណ្ឌិតអម្ពេឌករ សុគតក្នុងព្រះជន្ម ៨១ ព្រះវស្សា

ព្រះតេជព្រះគុណ ភិក្ខុ ភទន្ត សទនន្ទ មហាថេរោ ។

លោកវិទូ | ថ្ងៃ ៤᧱៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ សីហា ២០២០

ទីក្រុងនាគបុរៈ៖ យោងតាមសារព័ត៌មានសហព័ន្ធសារព័ត៌មានឥណ្ឌា (UNI) បានឲ្យដឹងថា ព្រះអនុប្រធានពុទ្ធិកសមាគមមហាសង្ឃឥណ្ឌា និងព្រះអធិបតីនៃគណៈសង្ឃពុទ្ធសាសនាឥណ្ឌា "ភិក្ខុសង្ឃនៅប្រទេសឥណ្ឌាទាំងមូល" ព្រះតេជព្រះគុណ ភិក្ខុ ភទន្ត សទនន្ទ មហាថេរោ បានសុគតកាលពីថ្ងៃអង្គារ នៅឯមន្ទីរពេទ្យមួយនៅទីក្រុងនាគបុរៈ រដ្ឋមហារាស្ត្រ ប្រទេសឥណ្ឌា ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥៦ នៅពេលដែលបណ្ឌិត អម្ពេឌករ បានធ្វើពិធីប្តូរសាសនាដ៏មហោឡារិក នៅទីក្រុងនាគបុរៈ ព្រះភិក្ខុបួនអង្គបានចាប់ធ្វើពិធីធម្មទិក្ស ។ ព្រះតេជព្រះគុណ ភិក្ខុ ភទន្ត សទនន្ទ មហាថេរោ គឺជាព្រះសង្ឃមួយអង្គក្នុងចំណោមព្រះភិក្ខុទាំងបួនអង្គនោះ ។

ព្រះតេជព្រះគុណ ភិក្ខុ ភទន្ត សទនន្ទ មហាថេរោ ជាព្រះអធិបតី និងជាព្រះសង្ឃនាយក នៃគណៈសង្ឃឥណ្ឌា ដែលមានឈ្មោះថា គណៈព្រះភិក្ខុសង្ឃនៅប្រទេសឥណ្ឌាទាំងមូល (All India Bhikkhu Sangha) ដែលមានទីស្នាក់ការកណ្ដាលនៅតំបន់ពុទ្ធគយា (កន្លែងព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង) រដ្ឋពិហារ ដែលជាស្ថាប័នគ្រប់គ្រងភិក្ខុសង្ឃឥណ្ឌាទាំងមូល ។

ដោយទទួលឥទ្ធិពលពីនិងជ្រះថ្លាចំពោះទស្សនវិជ្ជាពុទ្ធសាសនារបស់លោកបណ្ឌិត អម្ពេឌករ ក្នុងរយៈពេល ៦០ មកឆ្នាំមកនេះ ព្រះអង្គបានដើរតួយ៉ាងសំខាន់ក្នុងការស្ដារឡើងវិញនូវព្រះពុទ្ធធម៌ ការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌាដ៏ពិសិដ្ឋនេះ និងនៅប្រទេសជាច្រើនជុំវិញសកលលោក ។
ព្រះតេជព្រះគុណ ភទន្ត សទនន្ទ មហាថេរោ កំពុងថ្លែងសង្ឃដីកាក្នុងឱកាសបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិប្រចាំឆ្នាំលើកទី៩ នៅព្រះមហាពោធិចេតិយ ពុទ្ធគយា ២-១៣ ធ្នូ ២០១៣ ។ រូបភាព៖ ITCC

ព្រះអង្គបានរួមចំណែកយ៉ាងធំធេងក្នុងការផ្ដួចផ្ដើមបង្កើតកម្មវិធីបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិ នៅព្រះមហាពោធិចេតិយ ពុទ្ធគយា តាំងពីលើកទី១ នៅឆ្នាំ២០០៦ ដែលផ្ដួចផ្ដើមគំនិតដោយអ្នកស្រី មហាឧបាសិកា វ៉ាងម៉ូ ឌីស៊ី នាយកប្រតិបត្តិមូលនិធិពន្លឺព្រះពុទ្ធធម្មអន្តរជាតិ កាលីហ្វញ៉ា (ឈរខាងក្រោយលោកក្នុងរូបភាពខាងលើ) ។

កម្មវិធីនេះបានក្លាយជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំរបស់ព្រះពុទ្ធសាសនា គួរជាទីជ្រះថ្លាក្រៃលែង ដែលត្រូវបានគាំទ្រនិងនិមន្តចូលរួមពីសម្នាក់សម្ដេចព្រះសង្ឃរាជ ព្រះសង្ឃនាយក ព្រះរាជាគណាៈ មន្ត្រីសង្ឃជាន់ខ្ពស់ និងមហាសង្ឃអន្តរជាតិ ព្រមទាំងពុទ្ធបរិស័ទគ្រប់ទិសទី មកចួបជុំគ្នារាប់ពាន់នាក់ នៅក្រោមដើមព្រះមហាពោធិព្រឹក្ស ទៀបនឹងព្រះមហាពោធិចេតិយដ៏ពិសិដ្ឋ នៅពុទ្ធគយា (រដ្ឋពិហារ) ជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ។ កម្មវិធីនេះបានផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើនទៀតផងដែរ ។

ជាពិសេសទៅទៀត ព្រះអង្គនិងអ្នកស្រីមហាឧបាសិកាបាននាំយកកម្មវិធីបុណ្យដែលគួរជាទីជ្រះថ្លានេះ ទៅកាន់ទីក្រុងនាគបុរៈ ដែលជាទីសម្បូរដោយអ្នកកាន់ព្រះពុទ្ធសាសនា និងជាទីដែលលោកបណ្ឌិត អម្ពេឌករ បានធ្វើពិធីប្តូរសាសនា ពីសាសនាហិណ្ឌូមកកាន់ព្រះពុទ្ធសាសនាវិញ អមដោយបរិវារប្រមាណ ៦ សែននាក់ ។

ព្រះតេជព្រះគុណ ព្រះសមណរង្សី ទេព វុទ្ធី នាយកប្រតិបត្តិសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរនៃទីក្រុងញូវដែល្លី (IKTBSODN) បានចូលរួមសម្ដែងសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងការបាត់បង់ដ៏ធំធេងនេះផងដែរ ។

ព្រះអង្គបានថេរដីកានៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គយ៉ាងនេះថា «យើងខ្ញុំព្រះករុណាទាំងឡាយ ក្នុងនាម IKTBSODN សូមសម្ដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ដោយសេចក្តីគោរពរាប់អានក្នុងព្រះធម៌...ចំពោះការទទួលអនិច្ចធម្មរបស់ព្រះអធិបតីសង្ឃ និងព្រះសង្ឃនាយក នៃគណៈព្រះភិក្ខុសង្ឃនៅប្រទេសឥណ្ឌាទាំងមូល ព្រះតេជព្រះគុណ សទនន្ទ មហាថេរោ ដែលបានទទួលអនិច្ចធម្មនៅទីក្រុងនាគបុរនៃរដ្ឋមហារាស្ត្រ ។ នេះជាការបាត់បង់ដ៏ធំធេងបំផុត សម្រាប់ព្រះភិក្ខុសង្ឃ និងពុទ្ធសាសនាឥណ្ឌា» ។

នេះជាមរណភាពរបស់ព្រះសង្ឃជាន់ខ្ពស់ឥណ្ឌាទី២ហើយ បន្ទាប់ពីព្រះបណ្ឌិត ភិក្ខុ ពោធិបាល បានសុគតកាលពីចុងខែមុន ដែលជាការបាត់បង់ផ្ទួនៗរបស់គណៈសង្ឃនិងពុទ្ធបរិស័ទឥណ្ឌា ក៏ដូចជាពុទ្ធសាសនាទាំងមូល ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment