លោកវិទូ | ថ្ងៃ ១᧴៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៩ សីហា ២០២០
សំឡេងតន្ត្រីឮឡើងបន្តិចម្ដង ដំបូងគឺជាសំឡេងចង្វាក់ដូចជាស្គរអន្ទាក់ បន្ទាប់មកគឺសំឡេងដូចដ្រូនចេញពីបំពង់កលាយឮជាងគេឡើង តាមដោយសំឡេងលាន់ទ្រហឹង (ដូចសង្ឃឡាម៉ាសូត្រធម៌) ។ ហើយបន្ទាប់មកតេជគុណចាប់ផ្ដើមសូត្រធម៌ហទយសូត្រ ។
បទពិសោធន៍នៃតន្ត្រីដែលមានលក្ខណៈប្លែកគេនេះគឺជាស្នាដៃរបស់តេជគុណ យ៉ូហ្គេត្សូ អាកាសាកា ដែលជាតន្ត្រីករនិងជាព្រះសង្ឃពុទ្ធសាសនាមហាយានដែលត្រូវបានហ្វឹកហ្វឺនត្រឹមត្រូវ ។ ស្នាដៃនេះបានក្លាយជាបាតុភូតផ្ទុះឡើងជាមួយនឹងសំឡេងតន្ត្រី ដោយការលាយចូលគ្នានូវការសូត្រធម៌បែបសាសនា ជាមួយនឹងការធ្វើសំឡេងតាមមាត់ដូចជាតន្ត្រី ។
បទរីម៉ិចសាចុះឡើងនៃហទយសូត្រ (Heart Sutra Live Looping Remix) របស់លោក ដែលបង្ហាញឲ្យឃើញនូវព្រះសង្ឃព្រះជន្ម ៣៧ វស្សា គ្រងចីពរដែលគ្រងដោយព្រះសង្ឃពុទ្ធសាសនាជប៉ុនក្នុងពិធីបុណ្យសព មានអ្នកទស្សនានៅលើបណ្ដាញយូធូបជិត ៨០០.០០០ (៨៨៣ពាន់) ដង តាំងពីថ្ងៃបង្ហោះដំបូងនៅខែឧសភា ។
វីដេអូមានរយៈពេល ៧ នាទី ត្រូវបានថតជាខ្សែវីដេអូ នៅក្នុងបន្ទប់ស្ទូឌីយូមួយ ហើយបង្ហាញតេជគុណ អាកាសាកា កំពុងលាយសំឡេងដោយប្រើឧបករណ៍ធ្វើសំឡេងតន្ត្រីមួយ ដែលគេហៅវាថា លូបស្តេសិន (Loopstation) ហើយបន្ទាប់មកដាក់សំឡេងសូត្រធម៌នៅពីលើគេ ។
តេជគុណបាននឹកឃើញគំនិតនេះ នៅកំឡុងពេលការប្រកាសដាក់ប្រទេសជប៉ុនក្នុងស្ថានភាពអាសន្ន ដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅពេលការងារជាតន្ត្រីកររបស់តេជគុណក្តី ជាព្រះសង្ឃនៅចាំបុណ្យខ្មោចនិងការបញ្ចុះសពក្តី បានសាបរលាបទៅ ។
តេជគុណបានប្រាប់សារព័ត៌មានអន្តរជាតិអេអេហ្វភី (AFP) យ៉ាងនេះថា «គ្រប់យ៉ាងត្រូវបានគេលុបចោល ។ ដូច្នេះអាត្មាអត់ការងារធ្វើ អត់មានប្រាក់ចំណូល ។ ហើយសម្រាប់អាត្មា វាពិតជាឈឺចាប់ណាស់ ប៉ុន្តែស្របពេលជាមួយគ្នានេះ អាត្មាបាននឹកគិតថាវាពិតជាឱកាសដ៏ល្អមួយ ដើម្បីគិតគូរអំពីខ្លួនឯង ឬក៏អំពីព្រះពុទ្ធសាសនាទៅថ្ងៃអនាគត» ។
«អាត្មាបានព្យាយាមស្វែងរកមធ្យោបាយផ្ទាល់ខ្លួន ដើម្បីបញ្ជូននូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាឲ្យបានដល់ប្រជាជន មិនថានៅក្នុងប្រទេសជប៉ុនទេ គឺនៅជុំវិញពិភពលោកតែម្ដង ។»
ការផ្លាស់ប្ដូរគំនិត
តេជគុណ អាកាសាកា មានចំណាប់អារម្មណ៍ក្នុងតន្ត្រីផង និងសាសនាផង ។ តេជគុណបានចាប់ផ្ដើមលេងតន្ត្រី (beatboxing) នេះប្រហែល ១៥ ឆ្នាំមុន ដោយបានទិញម៉ាស៊ីនតន្ត្រី (looping machine) ក្នុងឆ្នាំ២០០៩ ដើម្បីជួយឲ្យតេជគុណបង្កើតស្រទាប់សំឡេង ហើយក្នុងកំឡុងពេលជាច្រើនឆ្នាំនៅសហរដ្ឋអាម៉េរិក និងប្រទេសអូស្ត្រាលី តេជគុណបានលេងតន្ត្រីនេះដើម្បីរកលុយម្ដងកាល ។
តេជគុណបានចូលកាន់សាសនានៅក្រោយនេះបន្តិច ដោយដំបូងឡើយបានបដិសេធការណែនាំជាច្រើនរបស់ញោមប្រុស ដែលបានបួសនៅអាយុខ្ទង់ ៥០ ឆ្នាំ នៅពេលដែលតេជគុណ អាកាសាកា នៅរៀនវិទ្យាល័យនៅឡើយ ។
តេជគុណមានសង្ឃដីកាថា «នៅប្រទេសជប៉ុន វាជារឿងសាមញ្ញបំផុតដែលកូនប្រុសរបស់បព្វជិតត្រូវស្នងដំណែងពីឪកពុក ។ ដូច្នេះហើយបានជាលោកឪអាត្មា ពេលខ្លះបានសួរអាត្មាថាតើអាត្មាចង់បួសហើយស្នងលោកដែរឬទេ ។ ហើយអាត្មាបានឆ្លើយថាទេ អាត្មាមិនមានចំណាប់អារម្មណ៍ក្នុងរឿងនេះទេ» ។
ប៉ុន្តែពេលមានអាយុដល់ ៣០ ឆ្នាំ តេជគុណ អាកាសាកា បានចាប់ផ្ដើមពិចារណាឡើងវិញ ពីព្រោះតេជគុណបានគិតអំពីអត្ថន័យនៃជីវិត និងការស្លាប់កាន់តែច្រើនឡើង ហើយយូរៗទៅ តេជគុណបានចំណាយពេល ២ ឆ្នាំជាងបន្តិចដើម្បីរៀនធម៌បួស ។
នៅក្នុងប្រទេសជប៉ុន វាមិនមែនមិនសាមញ្ញទេសម្រាប់អ្នកបួស ត្រូវបំពេញកាតព្វកិច្ចសាសនា ហើយប្រកបអាជីពដែលមិនមែនជាសាសនា ដូចជាការធ្វើជាតន្ត្រីកររបស់តេជគុណ អាកាសាកា អ៊ីចឹង ។
នាពេលថ្មីៗនេះ តេជគុណបានធ្វើការឡាយផ្ទាល់នូវតន្ត្រីរបស់តេជគុណ ដោយស្នើរឲ្យមានការបូជាប្រាក់ខ្លះៗ ដើម្បីបានឃើញតេជគុណរហូតឆ្លងផុតជំងឺរាតត្បាតនេះ ។
ប៉ុន្តែតេជគុណក៏សង្ឃឹមផងដែរថា តាមរយៈការរួមបញ្ចូលគ្នានូវចំណង់ចំណូលចិត្តទាំងពីររបស់តេជគុណ តេជគុណអាចផ្ដល់នូវទស្សនៈថ្មីស្រឡាងមួយអំពីពុទ្ធសាសនាចំពោះយុវជន ជាពិសេសនៅប្រទេសជប៉ុន ដែលតេជគុណមានសង្ឃដីកាថា ជាទីដែលសាសនាគឺភាគច្រើនពាក់ព័ន្ធជាមួយតែរឿងស្លាប់ និងពិធីបុណ្យខ្មោច ។
«ពួកគេភាគច្រើនជឿថា ព្រះពុទ្ធសាសនាគឺរឿងសម្រាប់មនុស្សបានស្លាប់ទៅហើយ ។ ប៉ុន្តែតាមពិតមិនមែនអ៊ីចឹងទេ» តេជគុណបានមានសង្ឃដីកា ។
«ដូច្នេះហើយប្រហែលជា ប្រសិនបើតន្ត្រីរបស់អាត្មាទាក់ទាញយុវជនបាន វានឹងជាឱកាសដ៏ល្អប្រសើរមួយសម្រាប់ពួកគេបានយល់ដឹងអំពីព្រះពុទ្ធសាសនា ។»
ព័ត៌មាននេះត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានល្បីៗលើពិភពលោកជាច្រើន ក្រៅពី AFP រួមមាន South China Morning Post (SCMP), Channel News Asia (CNA), The Star Online, Vice, WION, India Times, the Jakarta Post (JP), Bangkok Post ។ល។ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment