សៀវភៅដែលយុវជនម្នាក់បានសរសេរភាសាខ្មែរជាអក្សរឡាតាំង ។ រូបភាព៖ ហ្វេសប៊ុក |
លោកវិទូ | ថ្ងៃ ៦᧪១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៨ សីហា ២០២០
មានប្រវត្តិសាស្ត្រដ៏ជូរចត់ខ្លោចផ្សា កាលពីប្រមាណ ៧៨ ឆ្នាំកន្លងទៅ ពេលដែលវីរបុរសខ្មែរមួយក្រុមត្រូវបានអាណានិគមបារាំងចាប់បញ្ជូនទៅដាក់គុកកោះត្រឡាច រងទារុណកម្មខ្លោចផ្សាឥតគណនា រហូតក្ស័យសង្ខារក៏មាន ដើម្បីបុព្វហេតុអក្សរជាតិ ។
ប្អូនៗមានដែលអានប្រវត្តិព្រះអាចារ្យ ហែម ចៀវ ដែរឬទេ? ប្អូនដែលស្គាល់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ដែរឬទេ? ធ្លាប់ឮឈ្មោះ លោក ប៊ុណ្ណចន្ទ ម៉ុល លោក នួន ឌួង និង លោក ប៉ាច ឈឺន ដែរឬទេ?
អ្នកទាំងអស់សុទ្ធសឹងតែជាអ្នកទោសនយោបាយ ត្រូវជាប់ទោសប្រហារជីវិត តែត្រូវសម្រាលទោសនៅត្រឹមជាប់គុកអស់មួយជីវិតខ្លះ ២៥ ឆ្នាំខ្លះ នៅគុកកោះត្រឡាច នៅកម្ពុជាក្រោម ដែលគេឲ្យរហ័សនាមថា «ឋាននរកសម្រាប់វីរជនខ្មែរ» ។ អ្នកអានប្រវត្តិសាស្ត្រខ្មែរសម័យអាណានិគមបារាំង ប្រាកដជាបានដឹងហើយ ពីមូលហេតុនៃវាសនាដ៏អភ័ព្វរបស់វីរបុរសស្នេហាជាតិរបស់យើង គឺភាគច្រើនដឹងត្រឹមថា ដោយសារ «សង្គ្រាមឆ័ត្រ» ដែលកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ដែលក្លាយជាចលនាទាមទារឯករាជ្យដ៏ធំមួយ ។
សង្គ្រាមឆ័ត្រនោះគឺជាបាតុកម្មប្រឆាំងបារាំង ដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ (ដែលត្រូវបារាំងចាប់ផ្សឹកទាំងបង្ខំ ព្រោះធម្មទេសនាស្នេហាជាតិរបស់ព្រះអង្គ) និងលោក នួន ឌួង ដែលត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់ប្រជាជន (៥០ នាក់) និងព្រះសង្ឃស្នេហាជាតិជាច្រើន (១០០០ អង្គ) ។
បាតុកម្មអហិង្សានេះបានក្លាយជាហិង្សា បន្ទាប់ពីអាជ្ញារធរបារាំងបានចាប់លោក ប៉ាច ឈឺន ដែលជាមនុស្សសំខាន់ជាងគេ ដែលបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង ។ ព្រះសង្ឃខ្លះប្រើឆ័ត្រជាអាវុធដើម្បីទប់ទល់នឹងការបង្ក្រាបរបស់ប៉ូលីសបារាំង ព្រោះហេតុនេះព្រឹត្តិការណ៍នេះ ត្រូវបានគេធ្វើកំណត់ត្រាក្នុងប្រវត្តិសាស្ត្រថា «សង្គ្រាមឆ័ត្រ» ។
ប៉ុន្តែអ្វីជាបុព្វហេតុដែលបណ្ដាលឲ្យអ្នកស្នេហាជាតិខ្មែរចាប់ផ្ដើមប្រឆាំងនឹងអាណានិគមបារាំង? ចម្លើយគឺថា បុព្វហេតុសំខាន់ជាងគេមួយគឺ បារាំងហាមមិនឲ្យប្រើអក្សរខ្មែរ ដោយយកអក្សរឡាតាំងឬរ៉ូម៉ាំងមកសរសេរជាសំនៀងខ្មែរជំនួសវិញ (Romanisation of old Khmer script) ។
ព្រះសង្ឃដែលជាអ្នកអភិរក្សប្រពៃណីវប្បធម៌ជាតិ បានប្រឆាំងតវ៉ានឹងពួកអាណានិគមបារាំង ចំពោះផែនការរំលាយអក្សរខ្មែរនេះ ។ បើពឹងលើពួកមន្ត្រីរាជការខ្មែរសម័យនោះ ដែលលែងចង់និយាយទាំងភាសាខ្មែរផង ប្រាកដជារលាយមិនខាន ។ ត្រង់នេះ ប្អូនៗគួរតែចាំទុកក្នុងបេះដូង នូវតួនាទីដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ព្រះសង្ឃខ្មែរ ក្នុងការអភិរក្សអក្សរជាតិ ។
បើយើងក្រឡេកមើលទៅប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ យើងឃើញថាប្រទេសមួយចំនួនបានបាត់បង់អក្សរជាតិរបស់ខ្លួន ដោយសារស្នាដៃពួកអាណានិគម ដូចជាប្រទេសវៀតណាម (យួន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រូណេ សិង្ហបុរី និងហ្វីលីពីន លើកលែងតែប្រទេសកាន់ព្រះពុទ្ធសាសនាដូចជា កម្ពុជា ថៃ ឡាវ និង ភូមា ដែលអាចរក្សាអក្សរជាតិរបស់ខ្លួនឲ្យនៅគង់វង្សរហូតបច្ចុប្បន្នបាន ។
ហេតុអ្វីពួកអាណានិគមបានប្តូរអក្សរជាតិនៃប្រទេសទាំងនោះជាអក្សរឡាតាំងវិញ? តាមប្រភពខ្លះថា ពួកអ្នកផ្សព្វផ្សាយសាសនាដែលមកពីអីរ៉ុបទេ ដែលជាប្រភពនៃការចង់ធ្វើឲ្យអក្សរក្នុងតំបន់ក្លាយជាអក្សរឡាតាំង ឬរ៉ូម៉ាំង ដើម្បីឲ្យពួកគេងាយស្រួលរៀនភាសានៃប្រទេសទាំងនេះបានឆាប់ចេះ ងាយបង្រៀនគម្ពីរសាសនាដល់អ្នកស្រុកដែលចេះសរសេរអក្សរឡាតាំង និងបង្កលក្ខណៈងាយស្រួលដល់ការលុបបំបាត់វប្បធម៌ចាស់របស់អ្នកស្រុក និងទទួលយកវប្បធម៌ថ្មីពីអឺរ៉ុបវិញ ។
មកដល់ត្រង់នេះប្អូនៗ អ្នកសរសេរសៀវភៅខាងលើ និងអ្នកដែលចូលចិត្តសរសេរអក្សរឡាតាំងជំនួសអក្សរខ្មែរយ៉ាងនេះ ឈ្មោះថាប្អូនកំពុងតែប្រមាថមើលងាយព្រលឹងវីរបុរសជាតិយ៉ាងខ្លាំង ដែលពួកលោកបានពលីជីវិត និងប្រថុយជីវិត ដើម្បីរក្សាបាននូវអក្សរជាតិ ។ ម្យ៉ាងទៀតប្អូនកំពុងតែដើរតាមដានជើងរបស់ពួកអាណានិគមដោយមិនដឹងខ្លួនហើយ ។
ចូរប្អូនអានសៀវភៅ «គុកនយោបាយ» របស់លោក ប៊ុណ្ណចន្ទ ម៉ុល (១៩៧១) និងបន្ថែមលើហ្នឹងគឺសៀវភៅ «ព្រះបាឡាត់ឃោសនាគ ហែម~ចៀវ វីរបុរសជាតិ» ដោយព្រះពោធិវ័ង្ស សូរ~ហាយ (១៩៧២) នោះប្អូននឹងបានដឹងអំពីពលីកម្មរបស់វីរបុរសជាតិ ដែលបានចួបរឿងរ៉ាវដ៏សែនកម្សត់អានហើយស្ទើរស្រក់ទឹកភ្នែកមិនដឹងខ្លួន ព្រោះតែដើម្បីរក្សាអក្សរខ្មែរ និងទាមទារឯករាជ្យជូនជាតិមាតុភូមិ សម្រាប់កូនចៅជំនាន់ក្រោយ ។
នេះជាបណ្ដាំព្រះអាចារ្យ ហែម ចៀវ ទៀបនឹងស្លាប់នៅគុកកោះត្រឡាចចំពោះលោក នួន ឌួង៖ ការកសាងទឹកដីធ្វើតែម្នាក់ឯង ពុំបានសម្រេចជោគជ័យជាដាច់ខាត ត្រូវរួមគ្នាគ្រប់ជាន់ថ្នាក់ឲ្យបានច្រើន ហើយចេះតែធ្វើតទៅទៀត! ចូរអស់លោកខំកសាងជំនួសខ្ញុំតទៅទៀតចុះ ។ សូមអានអត្ថបទនេះសិនផងក៏បាន «ឱ! កោះត្រឡាច» ជាអត្ថបទចម្រៀងឧទ្ទិសចំពោះរដ្ឋបុរសជាតិអាចារ្យ ហែម ចៀវ ។
នេះមិនទាន់និយាយដល់គុណូបការៈ និងស្នាព្រះហស្តរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ផង ដែលព្រះអង្គបានចំណាយពេលពេញមួយជីវិត ដើម្បីរៀបចំអក្សរ និងភាសាខ្មែរឲ្យមានរបៀបរៀបរយដល់សព្វថ្ងៃ ។
ព្រះពុទ្ធសាសនា ភាសា អក្សរ និងវប្បធម៌ខ្មែរ ជាអត្តសញ្ញាណរបស់ខ្មែរ ។ ដូច្នេះយុវជន និងកុលបុត្រខ្មែរទាំងឡាយគប្បីងាកមកគាំទ្រការពារនិងរក្សាអត្តសញ្ញាណជាតិ ឲ្យបានគង់វង្សនិងចម្រើនរុងរឿងតទៅ និងគួរតែព្យាយាមបញ្ឈប់ការសរសេរភាសាខ្មែរជាអក្សរឡាតាំងបន្តទៀត ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment