សៀវភៅកំណាព្យ "ខ្លួនទីពឹងខ្លួន" និពន្ធដោយព្រះភិក្ខុ ថាច់ ប្រីជា គឿន ដែលនឹងចែកចាយដល់ខ្មែរក្រោម និងបណ្ណាល័យ និងស្ថាប័នរដ្ឋមួយចំនួននៅកម្ពុជា ។ រូបភាព៖ សហព័ន្ធខ្មែរកម្ពុជាក្រោម |
លោកវិទូ | ថ្ងៃ ៥᧩១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៧ សីហា ២០២០
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ជាអ្នកនិពន្ធសៀវភៅកំណាព្យ ដែលមានចំណងជើងថា “ខ្លួនទីពឹងខ្លួន” បានបោះពុម្ពសៀវភៅកំណាព្យចំនួន មួយពាន់ក្បាល ដើម្បីចែកជូនពលរដ្ឋខ្មែរក្រោម និងតម្កល់ទុកនៅតាមបណ្ណាល័យ និងស្ថាប័នរដ្ឋមួយចំនួននៅកម្ពុជា ដើម្បីទុកជាឯកសារប្រវត្តិសាស្ត្ររំលឹកឡើងវិញ ពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមមកលើពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមកំណើត ។
សៀវភៅកំណាព្យ មានចំណងជើងថា “ខ្លួនទីពឹងខ្លួន” នេះ រួមមាន ៣៦កំណាព្យ ជាស្នាដៃរបស់ព្រះអង្គ ថាច់ ប្រីជា គឿន ដែលសព្វថ្ងៃគង់នៅវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ។ កំណាព្យទាំងនោះរួមមាន កំណាព្យស្ដីពីទង់ជាតិខ្មែរកម្ពុជាក្រោម និងជីវិតខ្មែរក្រោម រស់នៅក្រោមរបបផ្ដាច់ការរបស់វៀតណាម និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជាដើម ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន និពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមមានថេរដីកាថា ព្រះអង្គបានចំណាយថវិកាផ្ទាល់ខ្លួនព្រះអង្គដើម្បីបោះពុម្ពសៀវភៅចែកជូនមនុស្សទូទៅដោយឥតគិតថ្លៃ ។ សព្វថ្ងៃនេះ សៀវភៅកំណាព្យនេះ ត្រូវបានតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានយកទៅតម្កល់ទុកនៅ បណ្ណាល័យជាតិ និង រាជបណ្ឌិតសភា ដើម្បីទុកជាឯកសារចំណេះដឹង និងជាប្រវត្តិសាស្ត្រពិត ឲ្យមនុស្សទូទៅបានដឹងពី ការឈឺចាប់ វេទនារបស់ខ្មែរក្រោម ដែលរងគ្រោះបាត់បង់ទឹកដី និងការធ្វើបាបពីសំណាក់ អាជ្ញាធរវៀតណាមមកទល់នឹងសព្វថ្ងៃនេះ៖ «អាត្មាក៏រីករាយ ដែលសៀវភៅកំណាព្យ ខ្លួនទីពឹងខ្លួន បានដាក់នៅបណ្ណាល័យជាតិ និងសកលវិទ្យាល័យសម្រាប់សាធារណជនមកអាន អាត្មាគិតថា ជាប្រយោជន៍មួយ ដើម្បីពលរដ្ឋខ្មែរទូទៅ ភ្ញាក់រលឹកកុំឲ្យភ្លេចខ្លួនថា កម្ពុជាហ្នឹងមានសត្រូវនៅខាងកើត និងខាងលិច គឺយួន និងសៀម ដែលធ្លាប់យកទឹកដីប្រទេសកម្ពុជា ។ ប្រសិនបើភ្លេចខ្លួនអាចកម្ពុជា និងប្រឈមដូចកម្ពុជាក្រោម កាលពីមុន» ។
ព្រះអង្គបន្តថា សៀវភៅកំណាព្យនេះ មិនទាន់ចែកចាយអស់នៅឡើយទេ ហើយប្រសិនជាពលរដ្ឋណាចង់បាន អាចទាក់ទងតំណាងសហព័ន្ធខ្មែរក្រោមនៅកម្ពុជា ដើម្បីទទួលបានសៀវភៅកំណាព្យដោយឥតគិតថ្លៃ ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន ជាកូនកសិករខ្មែរក្រោម ប្រសូតកាលពីឆ្នាំ ១៩៨១ នៅស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ ព្រះអង្គចាប់ផ្ដើមបួសជា សង្ឃ កាលពីឆ្នាំ១៩៩៧ រហូតក្លាយជាគ្រូបង្រៀនភាសាបាលី នៅសាលាពុទ្ធិកសិក្សា ក្នុងវត្តចម្ប៉ាបុរី នៅឆ្នាំ ២០០៤ ។ ព្រះអង្គបានភៀសព្រះកាយពីស្រុកកំណើតដោយសារតែ អាជ្ញាធរវៀតណាមតាមចាប់ព្រះអង្គ ដោយចោទប្រកាន់ពីបទ ឃោសនាប្រឆាំងរដ្ឋកុម្មុយនិស្តវៀតណាម ។ ព្រះអង្គបន្តថា កាលនៅកម្ពុជាក្រោម ព្រះអង្គបាននាំព្រះសង្ឃខ្មែរក្រោម អានព័ត៌មានតាមប្រព័ន្ធអ៊ិនធឹណែតរបស់សហព័ន្ធខ្មែរក្រោម និងផ្ញើព័ត៌មាន និងរូបភាពពីកម្ពុជាក្រោម ទៅសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបបណ្ដាលឲ្យអាជ្ញាធរចាប់ផ្ដើមស្វែងរកចាប់ខ្លួនព្រះអង្គ ។
ព្រះអង្គបន្តថា ដោយសារតែបញ្ហានេះហើយទើបបានព្រះអង្គនិមន្តមកកម្ពុជា ។ ពេលមកដល់កម្ពុជា កាលពីឆ្នាំ២០០៥ ព្រះនឹងបានចូលរួមបង្កើត សារព័ត៌មាន ព្រៃនគរ ។ ប៉ុន្តែអាជ្ញាធរវៀតណាមមិនបានទុកឲ្យព្រះអង្គបានសុខឡើយ ។ វៀតណាមបានសហការនឹងអាជ្ញាធរខ្មែរ ធ្វើទុក្ខបុកម្នេញព្រះកាយព្រះអង្គ ក្រោយពេលព្រះអង្គផ្សាយអត្ថបទរិះគន់វៀតណាមករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោម។ ក្រោយទ្រាំនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ អាជ្ញាធរខ្មែរ មិនបាន ព្រះអង្គក៏សម្រេចព្រះទ័យ ចាកចេញមកសុំសិទ្ធិជ្រកកោននៅប្រទេសថៃ អស់រយៈពេលបីឆ្នាំ មកបានផ្លាស់ប្ដូរទីកន្លែងរស់នៅមកសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃនេះ ។
មកដល់អាមេរិក ព្រះអង្គនៅតែបន្តធ្វើការបំរើវិស័យសារព័ត៌មាន ហើយបានក្លាយ ជាអ្នកគ្រប់គ្រងព័ត៌មាន នៅសារព័ត៌មានព្រៃនគរ និង កម្មវិធីសំឡេងខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅទីក្រុង សានហូហ្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន មានថេរដីកាទៀតថា ការតស៊ូសរសេរសៀវភៅ និងព័ត៌មានសម្រាប់ពលរដ្ឋខ្មែរក្រោមនេះ មានទិសដៅតែមួយគត់ គឺឲ្យខ្មែរក្រោមទទួលបានសិទ្ធិជាជនជាតិដើមកំណើតនៅកម្ពុជាក្រោម ។ ព្រះអង្គគ្រោងនឹងបោះពុម្ពសៀវភៅកំណាព្យនេះ បន្ថែមទៀត ដើម្បីផ្ញើទៅចែកជូនពលរដ្ឋខ្មែរក្រោម ឲ្យស្វែងយល់ប្រវត្តិសាស្ត្រខ្មែរពិត និងដឹងពីការធ្វើទុក្ខបុកម្នេញ លើពលរដ្ឋខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាម ៕
អត្ថបទដោយ៖ យន់ សាមៀន, វិទ្យុអាស៊ីសេរី
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment