ជំនួបរវាងអតីតប្រធានាធិបតីស្រីលង្កា លោក មហិន្ទ រាជប័ក្សា (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី (ស្ដាំ) នៅទីក្រុងញូវដែល្លី, ១២ កញ្ញា ២០១៨ ។ រូបភាព៖ narendramodi.in |
លោកវិទូ | ថ្ងៃ ៦᧳៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៧ សីហា ២០២០
ទីក្រុងញូវដែល្លី៖ ឥណ្ឌាកំពុងតែសាងសង់ព្រលានយន្តហោះអន្តរជាតិនៅទីក្រុងកុសិនារា សម្រាប់អ្នកធម្មយាត្រាពុទ្ធសាសនា រួមទាំងអ្នកធម្មយាត្រាពីប្រទេសស្រីលង្កា ។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី បានជូនដំណឹងទៅខាងភាគីស្រីលង្កា លោក មហិន្ទ រាជប័ក្សា អំពីការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅទីក្រុងធម្មយាត្រាពុទ្ធសាសនា កុសិនារា ហើយបានមានប្រសាសន៍ថា ទីក្រុងនេះរង់ចាំទទួលស្វាគមន៍អ្នកទស្សនាពីប្រទេសស្រីលង្កា ក្នុងពេលឆាប់ៗមុនការរំពឹងទុក ។
ទីក្រុងកុសិនារាជាទីតាំងពុទ្ធបូជនីយដ្ឋានមួយដ៏ពិសិដ្ឋ សម្រាប់អ្នកធម្មយាត្រាពុទ្ធសាសនាទូទាំងសកលលោក ព្រោះជាទីដែលព្រះពុទ្ធជាម្ចាស់ទ្រង់ចូលព្រះមហាបរិនិព្វាន ។ បច្ចុប្បន្នកុសិនារាស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស ភាគខាងជើងនៃប្រទេសឥណ្ឌា ។
លោក មោទី បាននិយាយទៅកាន់លោកនាយករដ្ឋមន្ត្រី មហិន្ទ រាជប័ក្សា ហើយបានអបអរសាទរលោក សម្រាប់ការរៀបចំការបោះឆ្នោតសភាដោយជោគជ័យ នៅប្រទសស្រីលង្កា ។ លោកនាយករដ្ឋមន្ត្រីបានសរសើររដ្ឋាភិបាល និងស្ថាប័នរៀបចំការបោះឆ្នោត នៅប្រទេសស្រីលង្កា សម្រាប់ការរៀបចំការបោះឆ្នោតយ៉ាងមានប្រសិទ្ធភាព បើទុកណាជាមានការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ ។
លោកនាយករដ្ឋមន្ត្រីក៏មិនភ្លេចកោតសរសើរចំពោះប្រជាជនស្រីលង្កា សម្រាប់ការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការបោះឆ្នោត ហើយលោកបានមានប្រសាសន៍ទៀតថា នេះបានរំលេចឲ្យឃើញនូវតម្លៃនៃប្រជាធិបតេយ្យយ៉ាងរឹងមាំ ដែលប្រទេសទាំងមាន, យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ។
លោកនាយករដ្ឋមន្ត្រី មោទី បានកត់សម្គាល់ឃើញថា លទ្ធផលនៃការបោះឆ្នោតដែលនឹងចេញប្រកាស បង្ហាញពីការបំពេញការងារបោះឆ្នោះជាទីចាប់អារម្មណ៍របស់គណបក្ស ស្រីលង្កា បូដុជន ពេរាមុនា (Sri Lanka Podujana Peramuna-SLPP) ហើយលោកមោទីបានផ្ញើសារអបអរសាទរ និងការជូនពរ ចំពោះលោក មហិន្ទ រាជប័ក្សា សម្រាប់លទ្ធផលនេះ ។
ប្រទេសកាន់ព្រះពុទ្ធសាសនាដ៏សំខាន់មួយនេះបានធ្វើការបោះឆ្នោតសភា កាលពីថ្ងៃពុធ ទី៥ ខែសីហា កន្លងទៅ ហើយយោងតាមសារព័ត៌មានស្រីលង្កា (Daily Mirror) នៅថ្ងៃនេះបានឲ្យដឹងថា គណបក្សរបស់លោក មហិន្ទ រាជប័ក្សា នាំមុខរហូតដល់ជាង ៧០% ដែលនឹងទទួលបានកៅអីសភាចំនួន ១៤៧ (ក្នុងចំណោមកៅអីសរុប ២២៥) នៅខ្លះតែ ៣ កៅអីទៀតបានសំឡេងភាគច្រើន ២/៣ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment