លោកស្រី ទីណា ធឺនើ នឹងបោះពុម្ពសៀវភៅថ្មី «សេចក្តីសុខក្លាយជាអ្នក» នៅចុងឆ្នាំ២០២០ ។ |
លោកវិទូ | ថ្ងៃ ៣᧶៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១១ សីហា ២០២០
ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្ដែង ដែលធ្លាប់ទទួលពានរង្វាន់ និងជានិមិត្តរូបនៃតន្ត្រីសម្រាប់មនុស្សរាប់លាននាក់ ក្នុងជីវិតដ៏ជោគជ័យក្នុងអាជីពរយៈជាង ៦០ ឆ្នាំ ជីវិតនិងការងាររបស់លោកស្រី ទីណា ធឺនើ (Tina Turner) មិនដែលនៅឆ្ងាយពីអារម្មណ៍របស់ប្រិយមិត្តឡើយ ។
កិច្ចការថ្មីបំផុតរបស់គាត់ គឺសៀវភៅមួយក្បាលដែលមានលក្ខណៈផ្ទាល់ខ្លួនយ៉ាងជ្រៅ មានចំណងជើងថា Happiness Becomes You: A Guide to Changing Your Life for Good (សេចក្តីសុខក្លាយជាអ្នក៖ មគ្គទេសក៍ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត) ដែលនឹងត្រូវបោះពុម្ពនៅចុងឆ្នាំនេះ ។
សៀវភៅនេះសិក្សាពីទំនាក់ទំនងដ៏យូរអ្វែងរបស់លោកស្រីជាមួយនឹងព្រះពុទ្ធសាសនា និងមានបំណងចែករំលែកនូវបទពិសោធន៍និងប្រាជ្ញាញាណរបស់លោកស្រី ដែលទទួលពីពុទ្ធឱវាទដែលមិនចេះសាបសូន្យ ដោយចេតនាចង់ឲ្យជួយអ្នកដទៃស្វែងរកសេចក្តីសុខនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
លោកស្រី ធឺនើ ដែលឥឡូវមានអាយុ ៨០ ឆ្នាំទៅហើយ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ថា «ឥឡូវនេះ ខ្ញុំរំភើបណាស់ សូមប្រកាសពីគម្រោងថ្មីៗរបស់ខ្ញុំគឺ សេចក្តីសុខក្លាយជាអ្នក ។»
លោកស្រីបានបន្តទៀតថា «នៅក្នុងសៀវភៅផ្ទាល់ខ្លួននេះ ខ្ញុំផ្តោតលើប្រធានបទសំខាន់ៗនៃជីវិតរបស់ខ្ញុំគឺ ក្តីសង្ឃឹម សេចក្តីសុខ និងជំនឿ ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំក្រៅពីទស្សនវិជ្ជាបំផុសគំនិតដែលបាននាំផ្លូវខ្ញុំ ប្រាជ្ញាញាណនៃព្រះពុទ្ធសាសនាពិតជាបានជួយសង្គ្រោះជីវិតខ្ញុំ! ខ្ញុំនឹងចែករំលែកជាមួយអ្នកនូវគោលការណ៍សាមញ្ញៗ ដែលនាំឲ្យខ្ញុំមានសេចក្តីរីករាយ និងសេចក្តីសម្រេច លើសពីក្តីសុបិនដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំ ដូច្នេះអ្នកក៏អាចសម្រេចតាមក្តីសុបិនរបស់អ្នកផងដែរ ។ ខ្ញុំនឹងភ្ជាប់បទពិសោធន៍របស់ខ្ញុំជាមួយនឹងប្រាជ្ញាញាណដែលជួយឲ្យខ្ញុំធ្វើរឿងដែលមិនអាចទៅរួច ទៅជាអាចទៅរួច និងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ទំព័រនីមួយៗផ្តល់នូវការណែនាំដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំសម្រាប់អ្នក ដើម្បីរស់នៅប្រកបដោយសេចក្តីរីករាយ ពីព្រោះនេះគឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំសម្រាប់អ្នក៖ដែលអ្នកពិតជាសប្បាយរីករាយ ។»
និពន្ធរួមគ្នាជាមួយ ក្រេគ តារ៉ូ ហ្គោលដ៍ និង រ៉េហ្គុឡា ឃើទី ជាមិត្តជិតស្និទ្ធដែលជាអ្នកចម្រៀងផង សៀវភៅនេះនឹងត្រូវចេញផ្សាយនៅចុងឆ្នាំ២០២០នេះ ។
គ្រឹះស្ថានបោះពុម្ពផ្សាយហាពើខល្លីនស៍ (HarperCollins) បាននិយាយថា «អស់រយៈពេលជាច្រើនទសវត្សរ៍ ជីវិតរបស់លោកស្រីធឺនើបានរះឡើងយ៉ាងត្រចះត្រចង់ ដែលជាគំរូសម្រាប់នរណា ដែលជាអ្នកអាចបង្កើតក្តីសង្ឃឹមបានពីបាទដៃទទេរ បំបែកព្រំដែនកំណត់គ្រប់យ៉ាង និងទទួលបានជោគជ័យដែលស្ថិតស្ថេរ» ។
«ដោយឆ្លុះបញ្ចាំងពីមេរៀននៃបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ដែលងើបចេញពីបាតាលដ៏សែនក្រៀមក្រំ ទៅដល់ទីខ្ពស់បំផុត លោកស្រីធឺនើបំភ្លឺមេរៀនផ្លូវចិត្ត ដែលបានជួយគាត់ងើបចេញពីភាពអស់សង្ឃឹម ភាពលំបាក និងភាពក្រីក្រ ទៅកាន់សេចក្តីរីករាយ ស្ថិរភាព និងភាពរុងរឿង» សម្ដីរបស់អ្នកបោះពុម្ពផ្សាយ (The Bookseller) ។
ពីឆ្វេង៖ ស្វានី, ទីណា, ដេចេន, និង រេហ្គុឡា ។ រូបភាព៖ Beyond/Buddhistdoor |
«ខ្ញុំចាត់ទុកខ្លួនខ្ញុំជាពុទ្ធបរិស័ទ»
សារព័ត៌មានពុទ្ធិសឌ័របានឲ្យដឹងថា មានឈ្មោះពីកំណើតថា អាណា ម៉េ ប៊ូលឡក់ (Anna Mae Bullock) កើតក្នុងឆ្នាំ១៩៣៩ នៅតំបន់ប្រោនវីល្លិ៍ រដ្ឋតែន្នឺស៊ី សហរដ្ឋអាម៉េរិក ហើយធំដឹងក្តីឡើងជាគ្រិស្តបរិស័ទ (បាទីស្ត) លោកស្រីធឺនើបានចូលកាន់ព្រះពុទ្ធសាសនានិឈិរេន នៅឆ្នាំ១៩៧៣ ។
នៅក្នុងបទសម្ភាសន៍ជាច្រើន លោកស្រីបានហៅខ្លួនឯងថាជាបរិស័ទពុទ្ធសាសនា-បាទីស្ត ហើយត្រូវបានគេសរសើរចំពោះការសូត្រធម៌ នមោ ម្យូហូ រេងហ្គេ ក្យូ (Namu Myōhō Renge Kyō) ដែលជាធម៌នមស្ការក្នុងពុទ្ធសាសនានិឈិរេន ។ ដោយសារធម៌នេះហើយដែលបានជួយលោកស្រីឲ្យស៊ូទ្រាំនឹងការលំបាកជាច្រើននៃជីវិតដែលច្របូកច្របល់និងទុក្ខសោកនាកាលនោះ ។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សព្វផ្សាយដោយគេហទំព័រព្រះពុទ្ធសាសនាឡាយអិនរ៉ (Lion's Roar) ក្នុងឆ្នាំ២០១៦ លោកស្រីធឺនើបានបង្ហាញឲ្យដឹងថា «ខ្ញុំចាត់ទុកខ្លួនខ្ញុំជាពុទ្ធបរិស័ទ ។ វាស្ថិតនៅក្នុងខ្លួនខ្ញុំ ។»
និឈិរេនជានិកាយមួយនៃពុទ្ធសាសនាមហាយានជប៉ុន ដោយផ្អែកលើការបង្រៀនរបស់បព្វជិតពុទ្ធសាសនាជប៉ុននាសតវត្សរ៍ទី ១៣ ឈ្មោះ និឈិរេន (១២២២-១២៨២) ដោយផ្តោតសំខាន់ទៅលើធម្មជាតិជាព្រះពុទ្ធនៃសត្វលោកទាំងអស់ និងផ្តោតលើព្រះសូត្រផ្កាឈូក ជាមធ្យោបាយសម្រាប់អ្នកប្រតិបត្តិ ដើម្បីសម្រេចបាននូវការត្រាស់ដឹង ។
ក្នុងរយៈពេលនៃអាជីពដ៏ស្វិតស្វាញរបស់គាត់ លោកស្រីធឺនើ ដែលឥឡូវចូលសញ្ជាតិស្វីស បានសហការជាមួយពុទ្ធបរិស័ទទីបេត៍ និងបានជួបជាមួយសម្ដេចសង្ឃដាឡៃឡាម៉ាទី១៤ នៅប្រទេសស្វីសក្នុងឆ្នាំ ២០០៥ ដែលលោកស្រីបានលើកឡើងថាជាការលើកទឹកចិត្តសម្រាប់គម្រោងបេយ៉នដ៍ (Beyond) ដែលជាគម្រោងតន្រ្តីសាសនា ដែលលោកស្រីបានសហការបង្កើតឡើងក្នុងឆ្នាំ២០០៧ ជាមួយមិត្តអ្នកចម្រៀង រេហ្គុឡា ខើទី និង ដេចេន ស័កដាគសេ ដែលរួមបញ្ចូលការច្រៀងព្រះពុទ្ធសាសនានិងតន្ត្រីគ្រឹស្តសាសនា ដោយផ្តោតលើការសន្ទនាអន្តរសាសនា និងសន្តិភាពសកល ។
ចាប់តាំងពីពេលនោះមក គម្រោងបេយ៉នដ៍បានសហការជាមួយតន្រ្តីករ និងអ្នកចម្រៀងដទៃទៀត ដែលក្នុងនោះមាន ស្វានី សេណ្ឌេសាថាយេ មកពីប្រទេសឥណ្ឌាដែលមានប្រវត្តិជាហិណ្ឌូ និងដូនជីព្រះពុទ្ធសាសនា អានី ឆយីង ដ្រុលម៉ា មកពីប្រទេសនេប៉ាល់ ។
លោកស្រីធឺនើបានប្រាប់ វើលត្រីប្យូន (World Tribune) ដែលជាការបោះពុម្ភផ្សាយរបស់អង្គការនៃពុទ្ធសាសនានិឈិរេន សុកាហ្គាកៃ កាលពីឆ្នាំ២០១៨ថា «ខ្ញុំមិនដែលបំបែកការប្រតិបត្តិសាសនារបស់ខ្ញុំ ពីជីវិតជាអ្នកចម្រៀងរ៉ុករបស់ខ្ញុំឡើយ» ។
«នៅពេលដែលខ្ញុំបានចួបប្រទះការលំបាកនៅក្នុងជីវិត ខ្ញុំបានសូត្រធម៌នមស្ការ នមោ ម្យូហូ រេងហ្គេ ក្យូ ។ ការសូត្រធម៌បានជួយខ្ញុំ និងផ្លាស់ប្តូរជីវិតរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើង ។ ខ្ញុំបានបន្សល់ទុកនូវស្នាដៃដ៏ប្រសើរជាអ្នកចម្រៀងរ៉ុក ហើយខ្ញុំបានបង្ហាញយ៉ាងច្បាស់ថា វាដោយសារតែការប្រតិបត្តិសាសនារបស់ខ្ញុំ ។»
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment