មជ្ឈមណ្ឌលពុទ្ធសាសនាថ្មីគ្រោងនឹងបើកដំណើរការនៅកណ្តាលទីក្រុងយ៉ក, ប្រទេសអង់គ្លេស - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, August 25, 2020

មជ្ឈមណ្ឌលពុទ្ធសាសនាថ្មីគ្រោងនឹងបើកដំណើរការនៅកណ្តាលទីក្រុងយ៉ក, ប្រទេសអង់គ្លេស

មជ្ឈមណ្ឌលពុទ្ធសាសនាទីក្រុងយ៉ក, ហ្គីលីលហ្គេត ប្រទេសអង់គ្លេស ។ រូបភាព៖ yorkpress

លោកវិទូ | ថ្ងៃ ៣᧧១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៥ សីហា ២០២០

មជ្ឈមណ្ឌលពុទ្ធសាសនាទីក្រុងយ៉កនឹងបើកទ្វាររបស់ខ្លួននៅបរិវេណហ្គីលីលហ្គេត ដើម្បីជាប្រយោជន៍ដល់សហគមន៍ ក្នុងការបើកវគ្គសិក្សាសមាធិ និងឱកាសដើម្បីរៀនអំពីព្រះពុទ្ធសាសនា ក៏ដូចជាដំណើរជាហាងតូចមួយ ដែលលក់ទំនិញនិងសៀវភៅទាក់ទង់នឹងក្រមសីលធម៌ ។

យោងតាមសារព័ត៌មានយ៉កប្រេស (yorkpress) បានឲ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលថ្មីនេះបាននិយាយថា ការធ្វើសមាធិនឹងត្រូវបានបើកចំហសម្រាប់មនុស្សគ្រប់គ្នា ដើម្បីជួយពួកគេឲ្យកាន់តែយល់ដឹងច្បាស់អំពីការអប់រំចិត្ត និងព្រះពុទ្ធសាសនា ។

ក្រុមនេះគឺជាផ្នែកមួយនៃចលនាព្រះពុទ្ធសាសនាធំជាងគេបំផុតរបស់ពិភពលោកគឺ គណៈត្រៃរតនៈ ដែលដំណើរការដោយពឹងផ្អែកលើការបរិច្ចាគបន្តិចបន្តួច ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍នានា នាពេលអនាគត និងសម្រាប់ការចំណាយទូទៅ ។

សមាជិកនៃគណៈត្រៃរតនៈគឺឧបាសិកា សក្យបទ ជាអ្នករស់នៅទីក្រុងយ៉ក និងជាប្រធានមជ្ឈមណ្ឌលពុទ្ធសាសនាទីក្រុងយ៉ក បាននិយាយនៅក្នុងសារព័ត៌មានយ៉កប្រេសថា «ព្រះពុទ្ធសាសនាគណៈត្រៃរតនៈបង្ហាញពីការប្រតិបត្តិព្រះពុទ្ធសាសនា និងគម្ពីរដីកា តាមរបៀបដែលអាចអនុលោមបានជាមួយប្រជាជនលោកខាងលិច ។ យើងមិនមែនជាគណៈរបស់វត្តអារាមទេ មានន័យថាសមាជិកគណៈរបស់យើងភាគច្រើនរស់នៅក្នុងសហគមន៍» ។

«ការរស់នៅនិងការប្រតិបត្តិរបស់យើងប្រកបដោយសិក្ខាបទ ៥ យ៉ាង ដែលជាគោលការណ៍ដែលមានមូលដ្ឋានលើ មេត្តា បរិច្ចាគៈ សន្តុដ្ឋិ (សេចក្តីពេញចិត្ត) អជ្ជវៈ (សុចរិតភាព) និង សតិ (ការតាំងចិត្តខ្ជាប់) ។ សិក្ខាបទទាំងនេះមិនមែនជាបទបញ្ញត្តិទេ ប៉ុន្តែជាគោលការណ៍ណែនាំសម្រាប់ការរស់នៅប្រកបដោយក្រមសីលធម៌ ។»

ឧបាសិកាសក្យបទបានបន្ថែមទៀតថា «គណៈត្រៃរតនៈផ្តោតសំខាន់លើការបើកចំហរដល់មនុស្សគ្រប់គ្នា – អ្នកមិនចាំបាច់ជាកាន់ព្រះពុទ្ធសាសនាទេ ដើម្បីមកចូលរួមវគ្គសិក្សាសមាធិរបស់យើង ។ វិបត្តិកូវីដ១៩បាននាំមកនូវភាពតានតឹងបន្ថែម លើជីវិតរបស់ប្រជាជន និងបានជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងតំបន់ ។»

«មជ្ឈមណ្ឌលថ្មីរបស់យើងនឹងផ្តល់ជូនបរិស័ទទាំងឡាយ នូវកន្លែងប្រកបដោយការស្វាគមន៍ រួសរាយរាក់ទាក់ និងការគាំទ្រ ដើម្បីរៀនអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិ ហើយយើងក៏កំពុងបន្តដំណើរការវគ្គនៃការធ្វើសមាធិតាមអនឡាញផងដែរ ខណៈពេលដែលការរឹតត្បិតមានដំណើរការនៅឡើយ និងវគ្គសិក្សាផ្សេងពីហ្នឹងទៀត សម្រាប់អ្នកដែលមិនអាចចូលរួមដោយផ្ទាល់បាន ។»

ព្រះពុទ្ធសាសនានៅប្រទេសអង់គ្លេសមានចំនួនតិចតួចទេ តែកំពុងកើនឡើង ។ យោងតាមអង្គការពុទ្ធសាសនាមួយ ការកើនឡើងនេះគឺសំខាន់ដោយសារលទ្ធផលនៃការប្តូរសាសនា ។ យោងតាមស្ថិតិប្រជាជនឆ្នាំ២០១១ នៅប្រទេសអង់គ្លេស មានប្រជាជនចំនួន ១៧៨.០០០ នាក់ ដែលបានចុះឈ្មោះថាខ្លួនជាពុទ្ធសាសនិកជន នេះមិនរាប់បញ្ចូលប្រជាជនដែលកាន់ពុទ្ធសានាផងនិងសាសនាដទៃទៀតផងទេ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment