ច្បាប់ថ្មីរឹតបន្តឹងការនិមន្តបិណ្ឌបាត្រដើម្បីបង្កើនគុណតម្លៃព្រះសង្ឃពុទ្ធសាសនាថៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, August 08, 2020

ច្បាប់ថ្មីរឹតបន្តឹងការនិមន្តបិណ្ឌបាត្រដើម្បីបង្កើនគុណតម្លៃព្រះសង្ឃពុទ្ធសាសនាថៃ

ព្រះសង្ឃថៃនិមន្តបិណ្ឌបាត្រ ។ រូបភាព៖ មិនស្គាល់

លោកវិទូ | ថ្ងៃ ៧᧴៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៨ សីហា ២០២០

ការិយាល័យព្រះពុទ្ធសាសនាជាតិ (NOB) នៃប្រទេសថៃ កំពុងបង្កើតច្បាប់ថ្មី ដើម្បីគ្រប់គ្រងការប្រតិបត្តិរបស់ព្រះសង្ឃ ក្នុងការនិមន្តបិណ្ឌបាត្រក្នុងទីសាធារណៈ និងដើម្បីបង្កើនគុណតម្លៃជាវិជ្ជមានរបស់ព្រះសង្ឃ ស្របតាមព្រះវិន័យបិដក ។

លោក ស៊ីបរវន កែវង៉ាម មន្ត្រីអធិការកិច្ច និងអ្នកនាំពាក្យរបស់ការិយាល័យព្រះពុទ្ធសាសនាជាតិ ត្រូវបានស្រង់សម្ដីចុះផ្សាយក្នុងកាសែតបាងកកប៉ុស្តិ៍ថា ការិយាល័យលេខាធិការនៃឧត្តមក្រុមប្រឹក្សាគណៈសង្ឃា នៃការិយាល័យព្រះពុទ្ធសាសនាជាតិ បានផ្ដួចផ្ដើមគំនិតនេះ ហើយបានផ្ញើលិខិតតាមដានមួយច្បាប់ទៅកាន់នាយកការិយាល័យព្រះពុទ្ធសាសនាជាតិ នៅថ្ងៃទី២០ កក្កដា ។

លោក ស៊ីបរវន បានមានប្រសាសន៍ថា នៅក្នុងលិខិតនោះ នាយកការិយាល័យត្រូវបានស្នើសុំឲ្យធ្វើការដាក់ស្នើមួយ ដែលជុំវិញការបង្កើតច្បាប់ឬវិន័យតឹងរឹង យោងទៅតាមគម្ពីរព្រះវិន័យបិដក ដែលជាបិដកមួយក្នុងចំណោមបិដកទាំងបីក្នុងព្រះពុទ្ធសាសនា ដោយធ្វើការដាក់កម្រិតចំពោះការប្រព្រឹត្តរបស់ព្រះសង្ឃ ក្នុងការទទួលចង្ហាន់បិណ្ឌបាត្រ ។

គណៈកម្មាធិការការិយាល័យបាននិងកំពុងធ្វើការពិចារណា អំពីវិន័យអភិសមាចារអ្វីខ្លះ ដែលត្រូវលើកឡើង ។ មានការរំពឹងទុកថា នឹងប្រគល់ការដាក់ស្នើរបស់ខ្លួនចំពោះឧត្តមក្រុមប្រឹក្សាគណៈសង្ឃ នៅថ្ងៃច័ន្ទ ។

លោក ស៊ីបរវន បានធ្វើការកត់សម្គាល់នូវក្រមអភិសមាចារដែលត្រូវបានព្រាងឡើង ហើយការដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនអនុវត្តតាម គឺត្រូវធ្វើឡើងតាមធម៌វិន័យព្រះពុទ្ធសាសនា ។

លោកបានមានប្រសាសន៍ថា ច្បាប់ថ្មីដែលមានសក្តានុពលត្រូវបានគេចងក្រងឡើង ជាមួយនឹងការយកចិត្តទុកដាក់លើបទដ្ឋានខ្ពស់នៃការប្រព្រឹត្ត ព្រោះថាព្រះសង្ឃខ្លះមិនស្គាល់ពាក្យទាំងអស់នៅក្នុងគម្ពីរ ហើយនឹងត្រូវដោះស្រាយជាមួយនឹងការរិះគន់ទាក់ទងនឹងអាកប្បកិរិយាអាក្រក់ ។

យោងតាមលិខិតនោះ ពុទ្ធបរិស័ទបានរិះគន់អំពីពេលវេលានៃការនិមន្តបិណ្ឌបាត្ររបស់ព្រះសង្ឃមួយចំនួន ។ មានការរិះគន់ផ្សេងទៀតអំពីចំនួន ការចែករំលែក ភោជនីយដ្ឋាន និងការបង្ហាញផ្កា ធូប និងទៀន នៅលើដងផ្លូវ ។

លេខាធិការនៃការិយាល័យនៃឧត្តមក្រុមប្រឹក្សាគណៈសង្ឃ បានលើកឡើងនៅក្នុងលិខិតថា ព្រះសង្ឃចេញទៅបិណ្ឌបាត្រ តែនៅពេលដែលព្រះអាទិត្យរះប៉ុណ្ណោះ ហើយនិមន្តត្រលប់មកវត្តអារាមវិញនៅម៉ោងប្រហែល ៨ យប់ ។

លិខិតនោះបាននិយាយផងដែរថា ព្រះសង្ឃក៏មិនត្រូវអង្គុយឬចូលភោជនីយដ្ឋាននៅពេលនិមន្តបិណ្ឌបាត្រដែរ ។ ម្យ៉ាងទៀត នៅពេលទទួលចង្ហាន់បិណ្ឌបាត្រ ព្រះសង្ឃត្រូវបានហាមឃាត់មិនឲ្យឆាន់បារី ពាក់ស្បែកជើង ចែកអាហារ បោះចោលតង្វាយផ្កា ឬទទួលបច្ច័យ ។

យោងទៅតាមព្រះវិន័យ ព្រះចៅអធិការត្រូវធានាថាព្រះសង្ឃនៅក្នុងការមើលខុសត្រូវរបស់ព្រះអង្គ ត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវស្របតាមធម៌វិន័យព្រះពុទ្ធសាសនា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment