សម្ដេចព្រះសង្ឃរាជ ជួន ណាត៖ តែកញ្ចាស់ប្រហែលអាត្មានេះក៏មិនសុខចិត្តដែរ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, August 02, 2020

សម្ដេចព្រះសង្ឃរាជ ជួន ណាត៖ តែកញ្ចាស់ប្រហែលអាត្មានេះក៏មិនសុខចិត្តដែរ



លោកវិទូ | ថ្ងៃ ១᧭៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០២ សីហា ២០២០

នៅក្នុងខ្សែអាត់បកស្រាយអក្សរសាស្ត្រខ្មែរកាលពីជាងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៦០ ត្រង់ពាក្យថា «ខម» «ខ្មែរ» និង «កម្ពុជ» សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលអំពីសិលាចារឹកខ្មែរនៅប្រទេសថៃមានខេត្តកញ្ចនបុរីជាដើម សុទ្ធតែជាអក្សរខ្មែរ ដែលសរសេរជាអក្សរមីង (អក្សរក្បាច់) ។

ព្រះអង្គទ្រង់មានព្រះបន្ទូលទៀតថា ទឹកដីទាំងអស់នោះសុទ្ធតែជារបស់ខ្មែរយើង ប៉ុន្តែដោយសារយើងជា «ខម» ជាអ្នកអត់អន់ពេកគេយកអស់ តែជំនាន់នេះយកទៀតមិនបានទេ ។ ព្រះអង្គទ្រង់មានព្រះបន្ទូលផ្ទាល់យ៉ាងនេះថា៖

«យើងមកពី "ខម" "ខម" ហើយនិង "ខេមរ" ហ្នឹងណា ប្រែថាជាអ្នកអត់ធន់ នរណាចង់យកអីក៏មិនសូវរវល់...ដើមឡើយចិត្តវាល្អបន្តិច ។ បានជាគេហៅថា "ខម" "ខម" ហ្នឹង ជាអ្នកប៉ិនអត់ធន់ អ្នកមិនប្រកាន់ទោសពៃ ។ ដល់មក "ខម" ជាន់នេះ ប្រែឈ្មោះទៅជា "ខ្មែរ" វិញហើយ "ខេមរ" ប្រែថាអ្នកក្សេមក្សាន្តហើយ តែមិនក្សេមក្សាន្តមិនព្រមយកទេជនហ្នឹង កុំថាដល់តែអស់លោកជាគ្រហស្ថយុវជនអី តែកញ្ចាស់ប្រហែលអាត្មានេះក៏មិនសុខចិត្តដែរ មុខតែរកតែក្សេមក្សាន្តហើយ សន្តិសុខសន្តិភាពហើយ ។ កុំមកវរវឹកតាផ្ដេសតាផ្តាសក៏មិនសប្បាយចិត្តហើយ ។ ព្រោះយើងជាអ្នកអត់ធន់ហើយ យើងមិនមែនជាអ្នកបង្កជម្លោះអី...ខ្មែរ ។»

«មើលចុះពង្សាវតារតាំងពីកាលណាមក មិនដែលខ្មែរណាដែលទៅរុករានគេម្ដង អត់ទេ ព្រោះជាអ្នកប៉ិនអត់ប៉ិនធន់ទ្រាំណាស់ ។ ប៉ុន្តែគេវាឃោរឃៅពេកទៅ គេរុករានទន្ទ្រានមក ជួនក៏តបតទៅបាន ជួនទៅក៏ចាញ់កលចាញ់ល្បិចគ្នាទៅវិញទៅមក ។» (សូមចុចស្ដាប់វីដេអូសំឡេងខាងលើចាប់ពីនាទី ២២:០០ )

បរិបទស្រុកខ្មែរជំនាន់នោះជាសម័យសង្គមរាស្ត្រនិយម ខ្មែរយើងព្យាយាមការពារប្រទេសកុំឲ្យធ្លាក់ក្នុងសង្គ្រាមត្រដាក់ និងការពារការប៉ុនប៉ងឈ្លានពានពីសម្នាក់ប្រទេសជិតខាង ។ យើងមិននៅស្ងៀមទេ ទាំងគ្រហស្ថទាំងព្រះសង្ឃ យើងជា«ខេមរ» យើងត្រូវការសេចក្តីក្សេមក្សាន្ត គឺសុខសន្តិភាព ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment