ព្រះតេជព្រះគុណ អ៊ូ ធម្មលោក៖ ជនជាតិអឺរ៉ុបទី១បានបួសជាភិក្ខុ, មកដល់កម្ពុជាក្នុងឆ្នាំ១៩១៣ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 17, 2020

ព្រះតេជព្រះគុណ អ៊ូ ធម្មលោក៖ ជនជាតិអឺរ៉ុបទី១បានបួសជាភិក្ខុ, មកដល់កម្ពុជាក្នុងឆ្នាំ១៩១៣

ព្រះតេជព្រះគុណ ភិក្ខុ អ៊ូ ធម្មលោក (១៨៥៦-១៩១៤) ។

លោកវិទូ | ថ្ងៃ ២᧽៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៧ សីហា ២០២០

ព្រះតេជព្រះគុណ ភិក្ខុ អ៊ូ ធម្មលោក ត្រូវបានអ្នកស្រាវជ្រាវបង្ហាញថា ជាព្រះភិក្ខុអឺរ៉ុបទី១ ដែលជាជាតិអៀរឡង់ ដែលបានបួសក្នុងសម្នាក់ព្រះពុទ្ធសាសនាថេរវាទ ហើយបានក្លាយជាព្រះសង្ឃសកម្មនិងល្បីល្បាញ ក្នុងសម័យអាណានិគម នាដើមសតវត្សរ៍ទី២០ ។ ព្រះអង្គបានធ្វើកម្មភាពប្រឆាំងនឹងការផ្សាព្វផ្សាយសាសនាគ្រិស្ត និងស្ដារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសជាច្រើននៅតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ ។

ការទៅកាន់ប្រទេសភូមា និងឧបសម្បទាជាភិក្ខុ

កាលនៅជាគ្រហស្ថ ព្រះភិក្ខុ ធម្មលោក មានឈ្មោះថា លោក ឡោរេន ខារូល (Laurence Carroll, និងឈ្មោះផ្សេងទៀត) ដែលបានបួសលាងបាបក្នុងសាសនាគ្រិស្ត និកាយកាតូលិក នៅវិហារកាតូលិកនៃប៊ូស្ទ័រថោន ទីក្រុងឌូព្លីន ប្រទេសអៀរឡង់ ។ នាដើមទសវត្សរ៍ឆ្នាំ១៨៧០ គាត់បានធ្វើដំណើរចាកចេញពីប្រទេសកំណើត ដោយឆ្លងកាត់សហរដ្ឋអាម៉េរិក សំដៅទៅប្រទេសនៅតំបន់អាស៊ី ចិន ជប៉ុន ស្រីលង្កា សិង្ហបុរី និងរហូតដល់ភូមា ។

គាត់ក៏បានស្វែងរកការងារធ្វើនៅទីក្រុងរ៉ង្គូន ប្រទេសភូមា និងបានធ្វើការជាអ្នកគិតលេខ នៅក្នុងក្រុមហ៊ុនមួយ ។ ក្រោយពីបានឃើញការប្រតិបត្តិព្រះពុទ្ធសាសនារបស់បរិស័ទភូមា គាត់ក៏ចាប់ផ្ដើមមានចំណាប់អារម្មណ៍ក្នុងព្រះពុទ្ធសាសនា ។

ដំបូងគាត់បានបួសជាសាមណេរ ប្រហែលជាក្នុងឆ្នាំ១៨៨៤ ដោយមាននាមបញ្ញត្តិថា ធម្មលោក ហើយបានបំពេញឧបសម្បទាជាភិក្ខុនៅកំឡុងពេលមួយ មុនឆ្នាំ១៨៩៩ ក្នុងសម្នាក់ព្រះពុទ្ធសាសនាភូមា នៅក្នុងព័ទ្ធសីមាវត្តតាវ៉យ (Tavoy Monastery) នាទីក្រុងរ៉ង្គូន ។ ព្រះភិក្ខុ ធម្មលោក បានក្លាយជាព្រះសង្ឃជនជាតិស្បែកសទី១ ដែលបានបួសជាព្រះសង្ឃពុទ្ធសាសនាថេរវាទ ។

កាសែត អត្លានតា ខុនស្ទិតធ្យូតសិន (Atlanta Constitution) បានលើកឡើងថា ភិក្ខុ ធម្មលោក បានចាប់ផ្ដើមមានភាពប្រាកដប្រជារឿងព្រះពុទ្ធសាសនា នៅពេលដែលកាលនៅជាគ្រហស្ថនោះ បានធ្វើការជាអ្នកគិតលេខនៅកំពង់ផែទីក្រុងរ៉ង្គូន ។ កាសែតនេះបានសរសេរយ៉ាងនេះថា៖

«ពេលនោះគាត់បានយកពេលវេលាទំនេរ ទៅសិក្សាភាសាបាលីដ៏ពិសិដ្ឋ របស់ពុទ្ធបរិស័ទនៃឥណ្ឌាខាងត្បូងនិងខាងជើង [ស៊ីឡុង និងភូមា] ។ ជីវប្រវត្តិដ៏សាមញ្ញប៉ុន្តែពីរោះរបស់ព្រះពុទ្ធសមណគោតមបានត្រូវចិត្ត លោក អូ រូកេ (O’Rourke, ឈ្មោះមួយផ្សេងទៀត) ។ បព្វជិតគ្រងចីវរពណ៌លឿង នៅទីក្រុងរ៉ង្គូន បានបង្រៀនគាត់ ហើយពីមួយយប់ទៅមួយយប់ គាត់បានសញ្ជឹងគិតអំពីសន្លឹកនៃសៀវភៅគាថាធម្មបទ រហូតដល់គាត់មានអារម្មណ៍ថា គាត់ពិតជាបានរកឃើញនូវផ្លូវដ៏ប្រសើរហើយ ។»

តាមការស្រាវជ្រាវបានឲ្យដឹងថា ត្រឹមឆ្នាំ១៩០០ ភិក្ខុ ធម្មលោក បានឋានៈជាព្រះសង្ឃជាន់ខ្ពស់វត្តតាវ៉យនោះ ហើយបានចាប់ផ្ដើមនិមន្តត្រាច់ចរសម្ដែងធម៌ទូទាំងប្រទេសភូមា រហូតគេហៅថា «អៀរិស ពុងយី» (Irish pongyi) មានន័យថា «ព្រះសង្ឃជាតិអៀរឡង់» ។

បេសកកម្មនៅក្នុងតំបន់អាស៊ី

ក្នុងឆ្នាំ១៩០០ ព្រះភិក្ខុ ធម្មលោក បានចាប់ផ្ដើមកិច្ចការជាសាធារណៈ ដោយមានទិសដៅធំពីរគឺ ហាមឃាត់អ្នកផ្សព្វផ្សាយសាសនាគ្រិស្ត មិនឲ្យចែកចាយខិត្តប័ណ្ណសាសនា ១ និងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺ ការបោះពុម្ពផ្សាយសេចក្តីប្រកាស ឲ្យពុទ្ធសាសនិកជនប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្ដាលមកពីពួកអ្នកផ្សព្វផ្សាយគ្រិស្តសាសនា ចំពោះតំបន់និងវប្បធម៌របស់ពួូកគេ ១ ។

ដើម្បីគាំទ្របេសកកម្មនេះ ព្រះភិក្ខុ ធម្មលោក បានបង្កើតសមាគមមួយនៅភូមាដែលមានឈ្មោះថា Buddhist Tract Society (សមាគមខិត្តប័ណ្ណពុទ្ធសាសនា) ។

នៅក្នុងប្រទេសភូមា នៅពេលដែលព្រះភិក្ខុ ធម្មលោក សម្ដែងធម៌ជាសាធារណៈម្ដងៗ មានពុទ្ធបរិស័ទអញ្ជើញទៅស្ដាប់រាប់ពាន់នាក់ ដែលបង្ហាញពីការគាំទ្ររបស់ពុទ្ធសាសនិកភូមា ចំពោះសកម្មភាពការពារព្រះពុទ្ធសាសនារបស់ព្រះអង្គ ។ សកម្មភាពនេះនិងសកម្មភាពដទៃបានធ្វើឲ្យអាណានិគមអង់គ្លេសមិនសប្បាយចិត្ត ហើយព្រះអង្គធ្លាប់បានប្រឈមមុខដាក់អាជ្ញាធរជាញឹកញាប់ ។

អាជ្ញាធរនិងមន្ត្រីអាណានិគមអង់គ្លេសបានចោទប្រកាន់ព្រះភិក្ខុ ធម្មលោក ពីបទការបះបោរ ហើយបានឲ្យគណៈគ្រប់គ្រងវត្តឈប់ទទួលស្គាល់ព្រះអង្គ ។ តែសេចក្តីប៉ុនប៉ងរបស់អាជ្ញាធរមិនបានសម្រេចឡើយ ផ្ទុយទៅវិញព្រះអង្គកាន់តែល្បីឡើង ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងឆ្នាំ១៩០២ ។

ក្រៅពីប្រទេសភូមិ ព្រះភិក្ខុ ធម្មលោក បាននិមន្តទៅសិង្ហបុរី ទីក្រុងពីណាង ទីក្រុងកូឡាឡាំពួរ ដែលកាលនោះស្ថិតក្នុងចំណុះសហព័ន្ធម៉ាឡេស៊ីនៅឡើយ ដែលជាមូលដ្ឋានសំខាន់របស់ព្រះអង្គ ។ នៅសិង្ហបុរី ដំបូងព្រះអង្គបានគង់នៅក្នុងវត្តជប៉ុន ហើយក្រោយមកបានបង្កើតស្ថានបេសកកម្មពុទ្ធសាសនា និងសាលារៀនឥតបង់ថ្លៃមួយ ក្នុងឆ្នាំ១៩០៣ ដែលមានសហគមន៍ចិនជាឧបត្ថម្ភកសំខាន់ ។

ត្រឹមឆ្នាំ១៩០៤ ព្រះអង្គបានបញ្ជូនជនជាតិអឺរ៉ុបជាច្រើននាក់ ទៅទីក្រុងរ៉ង្គូន ដើម្បីបព្វជ្ជាជាសាមណេរ ហើយបានធ្វើពិធីបុណ្យបួសជនជាតិអង់គ្លេសមួយរូបឲ្យសាមណេរ នៅសិង្ហបុរីទៀតផង ។

នៅក្នុងឆ្នាំ១៩០២ ព្រះភិក្ខុ ធម្មលោក បាននិមន្តទៅប្រទេសជប៉ុន ។ នៅខែកញ្ញាឆ្នាំដដែល ព្រះអង្គបានចូលរួមការបើកសម្ពោធ ពុទ្ធិកសមាគមយុវជនអន្តរជាតិ នៅឯពុទ្ធិកសាកលវិទ្យាល័យតាកាណាវ៉ា ទីក្រុងតូក្យូ ។ តាមប្រភពពីប្រទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកម្មវិធីនេះ ព្រះអង្គជាវាគ្មិនតែមួយអង្គគត់ដែលមិនមែនជាជនជាតិជប៉ុន ក្នុងចំណោមព្រះសង្ឃជាន់ខ្ពស់ជប៉ុន ។ បន្ទាប់មក នៅខែតុលា ព្រះអង្គបានចូលរួមក្នុងសន្និសីទនិស្សិត នៅសាកលវិទ្យាល័យដដែលនោះផងដែរ ។

ពីខែកុម្ភៈដល់ខែកញ្ញា ឆ្នាំ១៩០៣ ព្រះភិក្ខុ ធម្មលោក បាននិមន្តទៅប្រទេសសៀម (ថៃ) ហើយបានបង្កើតសាលារៀនភាសាអង់គ្លេស សម្រាប់ចម្រុះជាតិសាសន៍រៀនដោយឥតគិតថ្លៃ ។ ជាងនេះទៅទៀត ព្រះអង្គបានស្នើបង្កើតសមាជពុទ្ធសាសនា ដែលមានទម្រង់ដូចគ្នានឹងពុទ្ធិកសមាគមយុវជនអន្តរជាតិ នៅទីក្រុងតូក្យូដែរ ។ គេរាយការណ៍ថា ព្រះអង្គបាននិមន្តទៅប្រទេសសៀមម្ដងទៀត ក្នុងឆ្នាំ១៩១៤ ហើយក៏ប្រហែលជាឆ្នាំដែលព្រះអង្គបានទទួលអនិច្ចធម្មដែរ ។

ក្រៅពីនេះ ព្រះភិក្ខុ ធម្មលោក បាននិមន្តទៅប្រទេសចិន និងស៊ីឡុង (ស្រីលង្កា) និងប្រទេសដទៃទៀត ដូចជា ប្រទេសនេប៉ាល់ ក្នុងឆ្នាំ១៩០៥ ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ១៩១២ ។ នៅឆ្នាំ១៩០៤ ព្រះអង្គបានអះអាងថា បាននិមន្តទៅប្រទេសទីបេត៍ ។ ជាពិសេស ព្រះអង្គក៏ធ្លាប់បាននិមន្តទៅប្រទសឥណ្ឌាដែរ ។

ដោយឡែក បេសកកម្មធម្មទូតរបស់ព្រះភិក្ខុ ធម្មលោក នៅស៊ីឡុង ក្នុងឆ្នាំ១៩០៩ ត្រូវបានទទួលស្វាគមន៍យ៉ាងក្រៃលែងពីសម្នាក់ពុទ្ធបរិស័ទ ។ ព្រះអង្គបានសម្ដែងធម៌ជាច្រើនកន្លែង ហើយម្ដងៗ មានប្រជាប្រិយនិងភាពទាក់ទាញ មានអ្នកចូលរួមស្ដាប់រាប់ពាន់នាក់ ។ ដំណើរធម្មទូតនេះត្រូវបានចេញសោហ៊ុយដោយ ឧបាសក អនាគារិក ធម្មបាល ហើយដំណើរធម្មទូតនៅស៊ីឡុងនេះ ត្រូវបានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ទៀតផង ។
កំណត់ត្រារបស់ឧបាសក អនាគារិក ធម្មបាល អំពីដំណើរធម្មទូតរបស់ព្រះភិក្ខុ ធម្មលោក នៅស៊ីឡុង ដែលត្រូវបានចុះផ្សាយផងដែរនៅក្នុងសារព័ត៌មានមហាពោធិ និងសារព័ត៌មានសហពុទ្ធសាសនិកពិភពលោក (តុលា ១៩០៩) ។ ខ្លឹមសារនៃអត្ថបទខាងលើគឺជាការសម្ដែងការគាំទ្រពេញទំហឹងនូវវត្តមានរបស់ព្រះភិក្ខុ ធម្មលោក នៅស៊ីឡុង និងរិះគន់ចំពោះការប៉ុនប៉ងរំខានពីសម្នាក់អ្នកផ្សព្វផ្សាយគ្រិស្តសាសនា ។ រូបភាព៖ @DhammalokaU (ចងក្រងដោយលោកវិទូ)

ការនិមន្តទៅប្រទេសកម្ពុជា

យោងតាមសៀវភៅដែលទើបបោះពុម្ពផ្សាយថ្មីនេះដែលមានចំណងជើងថា ពុទ្ធសាសនិកជាតិអៀរឡង់ ឬ The Irsh Buddhist (២០២០) បានឲ្យដឹងថា ព្រះភិក្ខុ ធម្មលោកបាននិមន្តទៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩១៣ ហើយគង់នៅអស់រយៈពេលជាច្រើនខែទៀតផង ។

នៅក្នុងសៀវភៅថ្មីនេះ អ្នកនិពន្ធបានស្រង់សារព័ត៌មានចុះផ្សាយយ៉ាងនេះថា «ព្រះតេជព្រះគុណ អ៊ូ ធម្មលោក បាននិមន្តត្រលប់ទៅសិង្ហបុរីវិញ បន្ទាប់ពីបានគង់នៅអស់រយៈពេលជាច្រើនខែ នៅប្រទេសកម្ពុជា ក្នុងនាមជាភ្ញៀវរបស់ព្រះមហាក្សត្រ ហើយបានសម្ដែងបរមាធិប្បាយជាច្រើនលើកជាបន្តបន្ទាប់ ។»

គួរឲ្យសោកស្ដាយ យើងពុំទាន់បានចួបប្រទះប្រភពណាមួយពីប្រទេសកម្ពុជា និយាយអំពីវត្តមាន និងសកម្មភាពរបស់ព្រះភិក្ខុ ធម្មលោក នៅក្នុងប្រទេសកម្ពុជាទេ ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទខាងលើគឺត្រូវនឹងរជ្ជកាលព្រះបាទស៊ីសុវតិ្ថ (គ្រងរាជ្យ ១៩០៤-១៩២៧) និងស្ថិតនៅក្នុងសម័យអាណានិគមបារាំង (១៨៦៣-១៩៥៣) ។

ព្រះសង្ឃដែលគេបំភ្លេចចោលក្នុងប្រវត្តិសាស្ត្រ

ដូចរៀបរាប់មកខាងលើស្រាប់ ព្រះភិក្ខុ ធម្មលោក ជាព្រះសង្ឃពុទ្ធសាសនាដ៏ល្បីល្បាញជាគេមួយអង្គ ក្នុងសតវត្សរ៍ទី២០ ។ សកម្មភាពរបស់ព្រះអង្គនៅក្នុងតំបន់អាស៊ី ផ្ដោតលើការប្រឆាំងនឹងការផ្សព្វផ្សាយសាសនាគ្រិស្ត នៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនា ។ ព្រះអង្គបានប្រឆាំងជាចំហនូវបេសកកម្មជនផ្សព្វផ្សាយសាសនាគ្រិស្ត ដែលព្រះអង្គបានចាត់ទុកថា ពួកគេបានមកដោយយកមកជាមួយនូវ «ដបស្រាខ្លាំង គម្ពីរប៊ីប ឬកាំភ្លើងបង់» ដែលភ្ជាប់ទៅនឹង ការនិយមផឹកស្រាស៊ី គ្រិស្តសាសនា និងអំណាចយោធារបស់អង់គ្លេស ។

ទោះយ៉ាងក៏ដោយ ព្រះភិក្ខុ ធម្មលោក ត្រូវបានគេបំភ្លេចចោលដោយច្រើន ក្នុងប្រវត្តិសាស្ត្រពុទ្ធសាសនា ក្នុងកាលជាខាងក្រោយមក លើកលែងតែការចុះផ្សាយមួយផ្នែកខ្លី ដោយផ្អែកលើអត្ថបទកាសែតឆ្នាំ១៩០៤មួយ ។

ចំពោះពួកបច្ចិមលោក រឿងរ៉ាវខាងដើមនៃអ្នកកាន់ព្រះពុទ្ធសាសនាលោកខាងលិច មានប្រភពចេញពីសិស្សគណរបស់ព្រះតេជព្រះគុណ អានន្ទ មេត្តេយ្យ ដែលមានពុទ្ធិកសមាគមនៃចក្រភពអង់គ្លេសនិងអៀរឡង់ ជាប្រភពចម្បងនៃព័ត៌មាន អំពីប្រវត្តិព្រះពុទ្ធសាសនានៅប្រទេសអង់គ្លេស សម័យពីដើម ។

ប្រភពទាំងនេះពុំបាននិយាយដល់ព្រះតេជព្រះគុណ ធម្មលោក ទេ ប៉ុន្តែលើកយកត្រឹមតែ ភិក្ខុ អសោក (ហេជ. ហ្គោដុន ឌូក្លាស) ភិក្ខុ អានន្ទ មេត្តេយ្យ (អាឡាន បេន្និត្ត) និង ភិក្ខុ ញាណតិលោក (អានតុន ហ្គូអ៊ីត) ។ ដូច្នេះ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅតំបន់អាស៊ីរបស់ព្រះតេជព្រះគុណ ធម្មលោក ក៏ត្រូវបាត់សំឡេងសូន្យឈឹងទៅ រហូតដល់ប្រហែលឆ្នាំ២០១០ ទើបសាស្ត្រាចារ្យមួយក្រុមបានសិក្សាស្រាវជ្រាវរកឃើញ ។

ផ្ទុយពីព្រះតេជព្រះគុណ ធម្មលោក ដែលតែងតែរិះគន់ប្រឆាំងនឹងគ្រិស្ដសាសនា ព្រះតេជព្រះគុណ អានន្ទ មេត្តេយ្យ បានផ្ដោតទិសដៅលើរូបភាពជាអ្នកចេះដឹងទន់ភ្លន់ ដោយចៀសវាងការបង្កអរិភាពជាមួយសាសនាគ្រិស្ត ហើយមានបំណងផ្សព្វផ្សាយឲ្យពួកបច្ចិមលោកចូលកាន់ព្រះពុទ្ធសាសនា ជាជាងការគាំទ្រពុទ្ធសាសនិកជនភូមា និងប្រទេសកាន់ពុទ្ធសាសនាដទៃទៀតនៅអាស៊ី ។

នៅក្នុងប្រវត្តិសាស្ត្រប្រទេសអៀរឡង់ ព្រះតេជព្រះគុណ ធម្មលោក ជាតួអង្គមួយដែលបដិសេធទាំងលទ្ធិកាតូលិក និងលទ្ធិប្រូតេស្តង់ នៃសាសនាគ្រិស្ត ។ គេមើលឃើញថា ដូចជាអ្នកកាន់ព្រះពុទ្ធសាសនាជាតិអៀរឡង់ពីមុនៗដែរ ព្រះតេជព្រះគុណ ធម្មលោក ទំនងជាបានក្លាយជា «អ្នកស្រុកដើម» ទៅហើយ នៅក្នុងតំបន់អាស៊ីកាន់ព្រះពុទ្ធសាសនា ដោយធ្វើជានិមិត្តរូបនៃសាមគ្គីភាពប្រឆាំងពួកអាណានិគម ដែលសម្គាល់បានដោយការចូលរួមការងាររបស់ព្រះអង្គ ជាមួយអង្គការពុទ្ធសាសនាអាស៊ី និងដោយអរិភាពចំពោះពួកអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត និងពួកចក្រព័ទ្ធនិយម ៕

ឯកសារយោង៖
Alicia J. Turner, Brian Bocking, and Laurence Cox (2020), The Irish Buddhist: The Forgotten Monk who Faced Down the British Empire, New York: Oxford University Press.

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment