នាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ រាជប័ក្សា និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូអនឡាញ, ២៦ កញ្ញា ២០២០ ។ រូបភាព៖ MEA |
លោកវិទូ | ថ្ងៃ ១᧪១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៧ កញ្ញា ២០២០
លោក អម្ត នារ័ង្គ សហលេខាធិការទទួលបន្ទុកផ្នែកតំបន់មហាសមុទ្រឥណ្ឌាបានមានប្រសាសន៍ថា «ដោយយោងតាមទំនាក់ទំនងបេតិកភណ្ឌវប្បធម៌អរិយធម៌ និងវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តី មោទី បានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារអាម៉េរិក ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ» ។
ក្រសួងកិច្ចការខាងក្រៅរបស់ប្រទេសឥណ្ឌាបាននិយាយថា ការលើកកម្ពស់ព្រះពុទ្ធសាសនានេះនឹងធ្វើឡើង តាមរយៈការសាងសង់និងជួសជុលវត្តអារាមព្រះពុទ្ធសាសនា ការអភិវឌ្ឍសមត្ថភាព ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការខាងបុរាណវិទ្យា និងការបើកបង្ហាញព្រះពុទ្ធសិរីរិកធាតុទៅវិញទៅមក ។
ថ្មីៗនេះប្រទេសឥណ្ឌាបានតម្លើងអាកាសយានដ្ឋានរបស់ខ្លួននៅក្រុងកុសិនារា ដែលជាកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាដ៏សំខាន់មួយនៅរដ្ឋឧត្តរប្រទេស ភាគខាងជើងប្រទេសឥណ្ឌា ដើម្បីទទួលបានជើងហោះហើរអន្តរជាតិ ។ ឥណ្ឌាគ្រោងនឹងបញ្ជូនគណៈប្រតិភូព្រះពុទ្ធសាសនាពីប្រទេសស្រីលង្កា លើជើងហោះហើរដែលបើកសម្ភោធឆាប់ៗនេះ ។
ក្រុងកុសិនារាជាទីតាំងប្រវត្តិសាស្ត្រ ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលកាន់មហាបរិនិព្វាន ជាង ២៥០០ ឆ្នាំមុន ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងកិច្ចការខាងក្រៅបាននិយាយថា ក្នុងកិច្ចពិភាក្សានេះនាយករដ្ឋមន្ត្រីស្រីលង្កាលោក រាជប័ក្សា បានលើកឡើងជាពិសេស អំពីមជ្ឈមណ្ឌលវប្បធម៌ដែលបានសាងសង់ដោយជំនួយរបស់ឥណ្ឌានៅក្រុងចាហ្វណា (កោះនៅចុងខាងជើងបំផុតនៃស្រីលង្កា ឈ្មោះនាគទីប ជាទីដែលព្រះពុទ្ធជាម្ចាស់ទ្រង់យាងទៅលើកទី២ ដើម្បីប្រោសនាគ និងបច្ចុប្បន្នជាទីដែលប្រជាជនភាគតិចតមិល[ទមិឡ]រស់នៅភាគច្រើន) ។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ហើយនាយករដ្ឋមន្រ្តីស្រីលង្កាបានអញ្ជើញនាយករដ្ឋមន្រ្តីមោទី ចូលរួមពិធីសម្ពោធ នាពេលខាងមុខ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment