មហា អ៊ុន សំបេត (ឆ្វេង) មហា មាស ចន (បន្ទាប់) និងព្រះសង្ឃមួយអង្គទៀតមិនស្គាល់អត្តសញ្ញាណ, សួនសត្វទីក្រុងក័លកត្តា ចម្ងាយប្រហែល ៩ គីឡូម៉ែត្រ ពីមហាពោធិសមាគម, ១០ កញ្ញា ១៩៥៦ ។ រូបភាព៖ ជាក់ បូរ៉ែត |
លោកវិទូ | ថ្ងៃ ៣᧥១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២២ កញ្ញា ២០២០
ព្រះតេជព្រះគុណ មហា អ៊ុន សំបេត (បញ្ញាវិសារទោ) ជាអតីតសមណនិស្សិតមួយអង្គក្នុងចំណោមសមណនិស្សិតខ្មែរ ដែលបានបន្ដការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលក្រោយមកអាចរាប់បានថាជាបញ្ញវន្តខ្មែរមួយរូប តាមរយៈការសរសេរអត្ថបទ និងនិពន្ធសៀវភៅមួយចំនួន ដែលបានចុះផ្សាយដោយទស្សនាវដ្តីក្នុងស្រុក ។
ក្នុងកំឡុងពេលជាងពីរទសវត្សរ៍ក្រោយបានឯករាជ្យ ព្រះសង្ឃខ្មែរមិនតិចជាង ៣០ អង្គទេ ដែលបាននិមន្តមកសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិ ។ ការបញ្ជូនព្រះសង្ឃឲ្យទៅសិក្សានៅបរទេស ត្រូវបានធ្វើឡើងតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងកល្យាណមិត្តរបស់ព្រះអង្គគឺ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ដើម្បីបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនាក្នុងកម្ពុជរដ្ឋឲ្យបានចម្រើនរុងរឿង ។
ប្រទេសឥណ្ឌាជាគោលដៅពិសេស សម្រាប់សមណនិស្សិតខ្មែរ អាចដោយសារហេតុផលពីរយ៉ាង ។ ទីមួយដោយសារទំនាក់ទំនងជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលទាំងពីរ សម្ដេចព្រះ នរោត្តម សីហនុ និងលោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ និងទីពីរដោយសារឥណ្ឌាជាដែនដីពុទ្ធភូមិ ជាទីកើតឡើងនៃព្រះពុទ្ធសាសនា ។ លោកបណ្ឌិត នេហ៍រូ ក៏គោរពបូជាព្រះពុទ្ធសាសនាណាស់ដែរ ហើយគាត់បានយកព្រះពុទ្ធសាសនាធ្វើជានយោបាយការទូតវប្បធម៌ ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសកាន់ព្រះពុទ្ធសាសនានៅអាស៊ីជាទូទៅ និងអាស៊ីអាគ្នេយ៍ជាពិសេស ។
កើតនៅក្នុងឆ្នាំ ១៩៣២ នៅឃុំ-ស្រុកសំបូរ ខេត្តក្រចេះ ព្រះតេជព្រះគុណ មហា អ៊ុន សំបេត បាននិមន្តបន្ដការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ប្រហែលក្នុងឆ្នាំ ១៩៥៦ រហូតដល់ចប់ពីរសាកលវិទ្យាល័យ តាមរយៈការរៀបចំចាត់ចែងដោយ សមាគមមិត្តពុទ្ធិកវិទ្យាល័យ ដែលបានខិតខំជួយសុំអាហារូបករណ៍ពី មូលនិធិអាស៊ីបាន ២០០ រូពីឥណ្ឌាក្នុង ១ ខែ (ដូចគ្នានឹងសមណនិស្សិតខ្មែរដទៃទៀត ដែលរៀននៅទីនោះដែរគឺ សមណនិស្សិត មហា វ៉ា យ៉ាវ ១ មហា មាស ចន ១ និង មហា ឈឹម ផន ១ និង មហា ប្រសើដ្ឋ) ។
ដំបូង ព្រះអង្គសិក្សានៅសាកលវិទ្យាល័យពិហារ នៅរដ្ឋពិហារ ប្រហែលថ្នាក់បរិញ្ញាបត្រ ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាហិណ្ឌូពារាណសី (BHU) ដ៏ល្បីល្បាញមួយ នៅទីក្រុងពារាណសី រដ្ឋឧត្តរប្រទេស ។ ដូច្នេះ ព្រះតេជព្រះគុណ មហា អ៊ុន សំបេត ព្រះមហា មាស ចន និងព្រះមហា អាំ សួន ជាមិត្តរួមសាកលវិទ្យាល័យ នៅទីក្រុងពារាណសី មិនឆ្ងាយប៉ុន្មានពីតំបន់សាន៌ាថ កន្លែងព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងព្រះធម្មចក្កប្បវត្តនសូត្រ ។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យនាលន្ទា (នវនាលន្ទាមហាវិហារ) នាទីក្រុងរាជគ្រឹះ មហា មាស ចន និងមហា អាំ សួន បានបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យហិណ្ឌូពារាណសីនេះដែរ ។
សៀវភៅពីរក្បាលក្នុងចំណោមសៀវភៅទាំងឡាយរបស់ព្រះមហា អ៊ុន សំបេត ។ |
ក្រោយត្រលប់ទៅមាតុប្រទេសវិញ ប្រហែលជាក្នុងឆ្នាំ១៩៦០ជាង ព្រះមហា អ៊ុន សំបេត បានធ្វើជាសាស្ត្រាចារ្យនៃពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ។
លោកបានសរសេរសៀវភៅ និងអត្ថបទមួយចំនួនដែលយើងរកឃើញមានដូចជា «ខ្លឹមដើមចេក៖ សំដែង អំពីអនត្តាធម៌» ១៩៦៧,
«ពុទ្ធស្ថាននៅប្រទេសឥណ្ឌា» ១៩៦៤, «បដិវេធធម៌» ១៩៩៥, «អំពីអរិយសច្ចកថា» ១៩៩៧ និងអត្ថបទ «ប្រវត្តិអក្សរសាស្ត្របាលី» ដែលចុះផ្សាយដោយ ទស្សនាវដ្តីមហាវិទ្យាល័យអក្សរសាស្ត្រមនុស្សសាស្ត្រ ឆ្នាំទី ២ លេខ ៣ ឆ្នាំ ១៩៧២ ។
ដោយឡែក សម្រាប់ចំណងជើងសៀវភៅ «ខ្លឹមដើមចេក» លោកបានពន្យល់យ៉ាងដូច្នេះ៖ «អស់លោកអ្នកអាន កាលបើបានឃើញពាក្យនេះភ្លាម មុខជាមានការងឿងឆ្ងល់ជាពុំខាន ។ ពាក្យនេះខ្ញុំបានកំណត់ហៅដោយខ្លួនឯងធ្វើជាពាក្យស្លោកសម្រាប់ឲ្យឈ្មោះសៀវភៅនេះ តែប៉ុណ្ណោះ ។ ធម្មតាដើមចេកពុំដែលមានខ្លឹមម្ដងណាទេ ។ ក្នុងពេលណាដែលគេបកវា មួយស្រទាប់ម្ដងៗនៅពេលទីបំផុត គេឥតឃើញមានអ្វីនៅសេសសល់បន្តិចបន្តួច ដែលជាខ្លឹមនោះឡើយ ។ យ៉ាងណាមិញ គោលគំនិតនៃពាក្យស្លោកនេះនឹងប្រជុំចុះក្នុងអនត្តាធម៌ ដែលព្រះពុទ្ធជាម្ចាស់ត្រាស់សំដែងអំពីភាពមិនឋិតឋេរមាំមួននៃខន្ធទាំងប្រាំ ។»
តាមការសន្និដ្ឋានជាបឋម ក្នុងនាមជាសាស្ត្រាចារ្យផង និងជាអ្នកតែងនិពន្ធផង ព្រះមហា អ៊ុន សំបេត អាចត្រូវបានចាត់ទុកថាជាអ្នកចេះដឹងជ្រៅជ្រះមួយរូប មិនខុសពីអតីតសមណនិស្សិតខ្មែរដទៃជាច្រើនរូបទៀត ដែលបានសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ក្នុងសម័យក្រោយឯករាជ្យនោះទេ ។
មហា អ៊ុន សំបេត (ឆ្វេងបង្អស់) សមណនិស្សិតខ្មែរ ព្រះសង្ឃនិងពុទ្ធបរិស័ទអន្តរជាតិ នៅមណ្ឌលព្រះមហាពោធិព្រឹក្ស ពុទ្ធគយា ទីដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹង, ១៩៥៦ ។ រូបភាព៖ ជាក់ បូរ៉ែត |
សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ មានរឿងចៃដន្យមួយកើតឡើង ។ ព្រះតេជព្រះគុណ ព្រះភិក្ខុ ពេជ្រ ផានិត សមណនិស្សិតអាហារូបករណ៍ឥណ្ឌា ទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ កាលពីខែមិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីនេះដែរ បានប្រាប់លោកវិទូថា ព្រះអង្គបាននិមន្តទៅសម្ដែងធម្មទេសនា នៅស្រុកសំបូរ ខេត្តក្រចេះ ហើយបានលើកឡើងអំពីឈ្មោះរបស់ព្រះមហា អ៊ុន សំបេត ដោយសារជាអ្នកខេត្តក្រចេះដូចគ្នា ។ ចៃតន្យអី ក្មួយប្រុសរបស់ព្រះមហា អ៊ុន សំបេត ឈ្មោះ ជាក់ បូរ៉ែត ក៏បានឮអំពីឈ្មោះមារបស់គាត់ ។
ក្រោយពីចប់ធម៌ទេសនា គាត់បានចូលទៅចួបជាមួយព្រះតេជព្រះគុណ ផានិត និងបានបង្ហាញរូបថតចាស់ដ៏កម្រមួយចំនួន របស់ព្រះមហា អ៊ុន សំបេត កាលរៀននៅប្រទេសឥណ្ឌា ហើយក៏មានជាប់រូបរបស់ព្រះមហា មាស ចន (សាស្ត្រាចារ្យ មាស ចន អតីតបុគ្គលិកវិទ្យុវីអូអេដ៏ល្បីឈ្មោះមួយរូប) ផងដែរ ដូចរូបតាំងនៅខាងលើស្រាប់ ។ ដោយសារពេលខ្លី ណាមួយយប់ហើយផង ព្រះតេជព្រះគុណ ផានិត ក៏ពុំបានសួរនាំច្រើនដែរ បានត្រឹមថតយករូបថតទុកក្នុងទូរសព្ទដៃ ហើយលោកក៏ចម្រើនពរលាទៅ ។
ក្រោយមកទៀត ក្មួយប្រុសរបស់មហា អ៊ុន សំបេត បាននិយាយជម្រាបប្រាប់ព្រះតេជព្រះគុណ ផានិត ថា «ជីវិតចុងក្រោយរបស់លោកបានស្លាប់ដោយសារអត់បាយ នៅឯស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្រោយមកមានអ្នកផ្ញើសំបុត្រមកបងប្អូនជាសាច់ញាតិលោក ដោយនៅលើខ្នងសំបុត្រមានសរសេរថា ប្រសិនត្រូវជាញាតិជាមួយមហាអ៊ុន សំបេត អាចបើកអានមើលបាន ។ ក្នុងសំបុត្រនោះសរសេរថា មហាអ៊ុន សំបេត ព្រមទាំងគ្រួសារទាំងមូលបានស្លាប់បាត់បង់ជីវិតហើយ ដោយតែសារតែគ្មានអាហារបរិភោគ ។»
ពិតណាស់ នេះគឺជាការស្លាប់យ៉ាងខ្លោចផ្សាបំផុត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលសម្លាប់ជីវិតប្រជាជនខ្មែរអស់ជាង ១ លាន ៧ សែន នាក់ ក្នុងរយៈពេលត្រឹម ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលបានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ។ ធនធានមនុស្ស ក៏ដូចជាធនធានព្រះសង្ឃ ដែលលូតលាស់ចម្រើនឡើង ក្នុងរយៈពេលជាងពីរទសវត្សរ៍នោះ ត្រូវបានចាត់ទុកថាជាសត្រូវនឹងអង្គការបដិវត្តន៍ និងក្លាយជាគោលដៅបំផ្លាញចោលស្ទើរគ្មានសល់ ៕
អត្ថបទកែចុងក្រោយ៖ ២២ កញ្ញា ២០២០, ម៉ោង ៥:០០ នាទីល្ងាច ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment