ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចៃអ៊ីន ចួបប្រជុំជាមួយមេដឹកនាំព្រះពុទ្ធសាសនា, ១៨ កញ្ញា ២០២០ ។ រូបភាព៖ koreaherald.com |
លោកវិទូ | ថ្ងៃ ១᧪១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៧ កញ្ញា ២០២០
មានប្រសាសន៍នៅក្នុងកិច្ចជំនួបប្រជុំជាមួយមេដឹកនាំព្រះពុទ្ធសាសនា កាលពីសប្ដាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនចៃអ៊ីន បានស្នើសុំឲ្យបន្តការគាំទ្រ ពីសម្នាក់សហគមន៍ពុទ្ធសាសនា នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងការខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវដើម្បីឲ្យមានការសន្ទនាគ្នា និងផ្លាស់ប្តូរគ្នា ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីឆ្ពោះទៅរកមាគ៌ាសន្តិភាព នៅឧបទ្វីបកូរ៉េ និងការឈានទៅរកការបង្រួបបង្រួមជាតិឡើងវិញ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានពុទ្ធិសឌ័របានឲ្យដឹងថា លោក មូន បានសង្កត់ធ្ងន់ថា តាំងពីយូរយារណាស់មកហើយ ព្រះពុទ្ធសាសនាបានផ្ដល់នូវការគាំទ្រដ៏សំខាន់ ក្នុងការជួយកូរ៉េខាងត្បូង ឲ្យរួចផុតពីគ្រាដ៏លំបាកជាច្រើនរាប់មិនអស់ ។ គាត់បានសម្ដែងនូវទំនុកចិត្តថា មាគ៌ាទៅរកសន្តិភាព និងការបង្រួបបង្រួមជាតិ នៅតែបើកចំហនៅឡើយ ឲ្យតែយើងនៅមានសង្ឃឹម ក្នុងការចចារគ្នាជាមួយទីក្រុងព្យុងយ៉ាង ។
«ព្រះពុទ្ធសាសនាគឺជាប្រភពនៃកម្លាំង ដែលបានជួយប្រជាជនកូរ៉េ ឲ្យពុះពារនូវរាល់ពិសោធន៍អាក្រក់ទាំងឡាយ អស់រយៈពេលជាង ១.៧០០ ឆ្នាំមកហើយ» លោក មូន បានមានប្រសាសន៍ ។ «ព្រះពុទ្ធសាសនាតែងតែឈរជាមួយអ្នកដែលតស៊ូដើម្បីការការពារ ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងសន្តិភាពរបស់ប្រទេស ។ ខ្ញុំសង្ឃឹមថា សហគមន៍ព្រះពុទ្ធសាសនានឹងនៅតែបន្តចូលរួមជាកម្លាំងចលករ ដើម្បបើកផ្លូវទៅរកការផ្ដោះប្តូរគ្នាទៅវិញទៅមករវាងកូរ៉េទាំងពីរ និងឈានទៅមុខដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ ។»
លោក មូន មានប្រសាសន៍បែបនេះ ទៅកាន់មេដឹកនាំពុទ្ធសាសនា កាលពីថ្ងៃទី ១៨ កញ្ញា កន្លងទៅ នៅវិមានប្រធានាធិបតី ចុង វ៉ាដេ ឬដែលគេហៅថា និលវិមាន (វិមានពណ៌ខៀវ) នៅមុនថ្ងៃខួបគម្រប់ពីរឆ្នាំ នៃកិច្ចព្រមព្រៀងជំនួបកំពូលនៃទីក្រុងព្យុងយ៉ាង ជាមួយប្រទេសកូរ៉េខាងជើង របស់លោកប្រធានាធិបតី មូន ។
«ក្នុងឆ្នាំ ២០១៨ លោកប្រធាន គីម ជុង អ៊ុន និងខ្ញុំ បានប្រកាសទៅកាន់ប្រជាជនកូរ៉េចំនួន ៨០ លាននាក់ និងពិភពលោកទាំងមូលថា យើងនឹងឈានទៅរកសន្តិភាព នៅឧបទ្វីបកូរ៉េ» លោក មូន បានរំឭកឡើងវិញ ។ «សហគមន៍ព្រះពុទ្ធសាសនាបានប្រារព្ធការធ្វើការបួងសួង ដើម្បីសន្តិភាព និងស្ថេរភាព នៅឧបទ្វីកូរ៉េ ក្នុងពេលដែលជំនួបកំពូលរវាងកូរ៉េទាំងខិតជិតមកដល់ ។ ដូចនៅក្នុងឆ្នាំ ២០១៩ ដែរ សហគមន៍របស់អ្នកបានធ្វើការបួងសួងជាថ្មីម្តងទៀតនៅឆ្នាំនេះ ដើម្បីការបង្រួបបង្រួមជាតិឡើងវិញដោយសន្តិភាព ។»
គាត់បានមានប្រសាសន៍ទៀតថា «ប្រសិនបើយើងមិនព្រមបោះបង់ចោលក្តីសង្ឃឹម ចំពោះការប្រជុំ និងការចចារគ្នា យើងនឹងឈានទៅរកមាគ៌ានៃសន្តិភាព និងការបង្រួបបង្រួមជាតិយ៉ាងពិតប្រាកដ» ។
ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសម្ដែងការដឹងគុណចំពោះសហគមន៍ព្រះពុទ្ធសាសនា ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងនឹងមេរោគកូវីដ១៩ផងដែរ ។ គាត់បានកត់សម្គាល់ថា សហគមន៍ព្រះពុទ្ធសាសនាកូរ៉េ បានផ្អាកកម្មវិធីបុណ្យជាប្រក្រតី និងលុបចោលនូវព្រឹត្តិការណ៍នៃកម្មវិធីបុណ្យបង្ហោះគោមផ្កាឈូកប្រចាំឆ្នាំដ៏សំខាន់ ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ បើទុកជាមានការទាមទារឲ្យប្រារព្ធកម្មវិធីបុណ្យជាប្រវត្តិសាស្ត្រនេះយ៉ាងណក៏ដោយ ដែលជាបុណ្យដែលមានប្រវត្តិតាំងពី ១.២០០ ឆ្នាំ ក្នុងសម័យបុរាណ សិល្លា (៥៧ មុនគ.ស.-៩៣៥ គ.ស.) ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
«ស្មារតីនៃមេត្តាករុណា និងការផ្ដល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដែលត្រូវបានគោរពប្រតិបត្តិ ក្នុងព្រះពុទ្ធសាសនា បានជ្រួតជ្រាបក្នុងក្រអៅបេះដូងនៃប្រជាជនយើង ជាយូរលង់ណាស់មកហើយ» ប្រសាសន៍របស់លោក មូន ។ «នៅពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ យើងបានយល់ដឹងកាន់តែច្បាស់ថា យើងទាំងអស់គ្នាត្រូវបានភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ។ យើងក៏បានផ្អែកការឆ្លើយតបរបស់ប្រទេសកូរ៉េចំពោះមេរោគកូវីដ១៩ លើឆន្ទៈក្នុងការយកចិត្តទុកដាក់ និងយកអាសាអ្នកជិតខាងយើង ។ រឿងនេះគ្មានអ្វីផ្សេងពីការបង្រៀនរបស់ព្រះពុទ្ធសាសនានោះទេ គឺថា 'ដោយសារសព្វសត្វទាំងអស់តែងតែមានរោគាព្យាធិជាធម្មតា ខ្ញុំក៏ដូច្នោះដែរ' ។»
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment