ព្រះភិក្ខុសង្ឃពុទ្ធសាសនាថេរវាទដើមកំណើតអាម៉េរិក នៅវត្តអភ័យគិរី រដ្ឋកាលីហ្វ័រញ៉ា ។ រូបភាព៖ វីគីភីឌា |
លោកវិទូ | ថ្ងៃ ៦᧲១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ កញ្ញា ២០២០
លោកសាស្ត្រាចារ្យ ស្តេហ្វិន ឡុង ជាពុទ្ធសាសនិកមួយរូប ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង ព្រះប្រធានគណៈសង្ឃពុទ្ធសាសនានៅសហរដ្ឋអាម៉េរិក និងព្រះចៅអធិការវត្តធម្មវិជ័យ នៅទីក្រុងឡូសអាន់ជ័រលេស បានសរសេរលិខិតមួយផ្ញើទៅកាន់ប្រធានគណៈកម្មការជាតិនៃគណៈបក្សប្រជាធិបតេយ្យ លោក ថម ពេរ៉េហ្ស ដើម្បីជាការរំឭកថា កិច្ចប្រជុំរបស់គណៈបក្សប្រជាធិបតេយ្យដែលទើបនឹងបញ្ចប់ ពុំបានទទួលស្គាល់ចំនួនភាគរយដ៏ច្រើននៃអ្នកកាន់ព្រះពុទ្ធសាសនា ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិក ដោយមិនបានធ្វើពិធីបូជារបស់ព្រះពុទ្ធសាសនា ជាមួយនឹងពិធីបូជារបស់សាសនាដទៃទៀត ។
គាត់រំឭកនៅក្នុងលិខិតនោះថា «កំឡុងពេលនៃការចួបប្រជុំមួយ វាគ្មិនទាំងឡាយបានទទួលស្គាល់ នូវក្រុមសាសនានានា ថាជាសមាជិកដែលផ្ដល់នូវវិភាគទានដ៏មានតម្លៃ ដល់សង្គមសហរដ្ឋអាម៉េរិករបស់យើង ដូចជាគ្រិស្តបរិស័ទ ជ្វីហ្វបរិស័ទ ហិណ្ឌូបរិស័ទ និងឥស្លាមបរិស័ទ ។ នៅក្នុងការរាប់បញ្ចូលដែលសង្កត់ធ្ងន់នេះ សហគមន៍ពុទ្ធសាសនា ដែលតំណាងឲ្យចំនួនដ៏ច្រើន ដែលគួរឲ្យភ្ញាក់ផ្អើល នៃប្រជាជនក្នុងប្រទេស ហើយជាសហគមន៍ដែលគាំទ្រគោលនយោបាយ គំនិត និងបេក្ខជនរបស់គណៈបក្សប្រជាធិបតេយ្យខ្លាំងជាទីបំផុត ត្រូវបានគេមើលរំលង» ។
លោកសាស្ត្រាចារ្យរូបនេះបានរំឭកផងដែរ អំពីប្រវត្តិនៃការចូលមកដល់នៃព្រះពុទ្ធសាសនា នៅទឹកដីសហរដ្ឋអាម៉េរិក តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក តាមរយៈជនអន្តោប្រវេសន៍ពីប្រទេសស្រីលង្កា កម្ពុជា ថៃ ឡាវ វៀតណាម ភូមា កូរ៉េខាងត្បូង ចិន និងប្រទេសនៅតំបន់អាស៊ីដទៃទៀត ។ គាត់បានបញ្ជាក់ថា ដោយសារជនអន្តោប្រវេសន៍ទាំងនេះ ប្រជាជនអ្នកកាន់ពុទ្ធសាសនាបានកើនឡើងយ៉ាងគំហុក ។ នៅក្នុងឆ្នាំ១៩៩៦ សារព័ត៌មាន អេ.ប៊ី.ស៊ី បានរាយការណ៍ថា ពុទ្ធសាសនិកជនមានប្រមាណ ៦ លាននាក់ ។ ប៉ុន្តែដោយសារការផ្សព្វផ្សាយមកដល់នូវទស្សនវិជ្ជាពុទ្ធសាសនា តាមការវាយតម្លៃបច្ចុប្បន្នបានឲ្យដឹងថា ប្រជាជនអ្នកកាន់ពុទ្ធសាសនាសរុបមានប្រមាណ ១៤ លាននាក់ ។
គាត់ក៏បានបញ្ជាក់ផងដែរ អំពីប្រសិទ្ធភាពនៃការដាក់បញ្ចូលពុទ្ធសាសនិកអាម៉េរិក ក្នុងធាតុផ្សំនៃការឃោសនាបោះឆ្នោត ដែលផ្ដល់នូវអ្នកស្ម័គ្រចិត្ត ដែលមានទំនាក់ទំនងនឹងវត្តអារាម ឬអង្គការពុទ្ធសាសនា ។
លោកសាស្ត្រាចារ្យបានរំឭកប្រាប់ប្រធានគណៈកម្មការជាតិនៃបក្សប្រជាធិបតេយ្យផងដែរថា ប្រជាជនអ្នកកាន់ពុទ្ធសាសនាភាគច្រើន នៅសហរដ្ឋអាម៉េរិក មាននិន្នាការគាំទ្រគណៈបក្សប្រជាធិបតេយ្យ ដោយគាត់បានភ្ជាប់ជាមួយនូវតារាងស្ថិតិមកជាភ័ស្តុតាងទៀតផង ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment