១៣ថ្ងៃក្រោយមកទើបដឹងថាស្ត្រីជនជាតិឥណ្ឌាម្នាក់ឆ្លងជំងឺកូវីដ១៩ តាមជើងហោះហើរដែល្លី-ភ្នំពេញ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, October 05, 2020

១៣ថ្ងៃក្រោយមកទើបដឹងថាស្ត្រីជនជាតិឥណ្ឌាម្នាក់ឆ្លងជំងឺកូវីដ១៩ តាមជើងហោះហើរដែល្លី-ភ្នំពេញ

ព្រះសង្ឃ សមណនិស្សិត-និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិឥន្ធិរាគន្ធី ទីក្រុងញូវដែល្លី, ២០ កញ្ញា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ២᧳១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ តុលា ២០២០ 

ស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានធ្វើតេស្តពីរលើក ដោយលើកចុងក្រោយទើបទទួលបានលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ១៩ ក្នុងរយៈពេល១៣ថ្ងៃក្រោយពេលមកដល់កម្ពុជា តាមជើងហោះហើរដែល្លី-ភ្នំពេញ កាលពីខែកញ្ញាកន្លងទៅ ដែលមានព្រះសង្ឃ សមណនិស្សិត-និស្សិត និងប្រជាពលរដ្ឋខ្មែរជាច្រើនរូប បានធ្វើដំណើរជាមួយគ្នាផងដែរ ។

យោងតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា ស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋានគារមួយ ក្នុងទីក្រុងភ្នំពេញ ជាអ្នកដំណើរពីប្រទេសឥណ្ឌា (ទីក្រុងដែល្លី) តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

ស្ត្រីនេះបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្នុងការធ្វើតេស្តជាលើកទី២ ហើយកំពុងដាក់ឲ្យសម្រាក់ព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូរវៀត ទីក្រុងភ្នំពេញ ។ ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណជនថា៖

«ក្រោយពីធ្វើតេស្តលើកទី ០១ ទទួលបានលទ្ធអវិជ្ជមាន គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅក្នុងសណ្ឋាគារខាងលើនេះ ហើយកូនគាត់ ២ នាក់ ក៏ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគាត់ដែរ ហើយនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុសំណាករបស់គាត់ត្រូវបានយកទៅធ្វើតេស្តឡើងវិញ ក៏បានបង្ហាញលទ្ធផល វិជ្ជមានរីរុសកូវីដ១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត» ។

ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបចំនួន ៨៤នាក់ ក្នុងនោះមានស្ត្រីជនជាតិឥណ្ឌាខាងលើនេះដែរ ។ មិនតែប៉ុណ្ណោះមានព្រះសង្ឃ សមណនិស្សិត-និស្សិត និងប្រជាពលរដ្ឋខ្មែរជាច្រើនរូប (ប្រហែលយ៉ាងតិចជាង ២០ អង្គ/នាក់) បានរួមដំណើរតាមជើងហោះហើរនេះដែរ ដើម្បីចាកចេញពីប្រទេសឥណ្ឌា ដែលមានជំងឺកូវីដ១៩កំពុងមរាតត្បាតខ្លាំងឡើង ។

ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួងនឹងជម្រាបជូនសាធារណជននូវលទ្ធផលនៃការស្រាវជ្រាវ ប្រសិនបើមាន[អ្នក]ណាម្នាក់ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment