កឋិនទានវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៣០ តុលា ២០២០ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៧᧯១២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣១ តុលា ២០២០
ញូវដែល្លី៖ ស្ថានទូតខ្មែរ និងធម្មមិត្តពីស្ថានទូតឡាវប្រចាំទីក្រុងញូវដែល្លី តំណាងឲ្យពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានដង្ហែអង្គកឋិនទានសាមគ្គី ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅព័ទ្ធសីមាវត្តកុរុរដ្ឋខេមរារាម (វត្តខ្មែរទីក្រុងញូវដែល្លី) ដែនដីពុទ្ធភូមិ ដែលបានប្រព្រឹត្តទៅប្រកបដោយសេចក្តីរីករាយ និងអនុមោទនាជ្រះថ្លា នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា គ.ស. ២០២០ ។
នៅក្នុងឱកាសប្រកបដោយបេតិសោមនស្សរីករាយនោះ ឯកឧត្តម អ៊ុង ស៊ាន និង លោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងញូដែល្លី ប្រទេសឥណ្ឌា និង ជំទាវ កេតម៉ានី ជូអាំងឃំ ជាភរិយាឯកអគ្គរដ្ឋទូតនៃប្រទេសឡាវ ព្រមទាំងសហការី និងពុទ្ធបរស័ទខ្មែរ-ឥណ្ឌា នៅទីក្រុងញូវដែល្លី បានអញ្ជើញចូលរួមបំពេញបុណ្យកឋិនទានសាមគ្គីនេះ ដោយបានប្រគេនកឋិនចីវរ ចង្ហាន់បិណ្ឌបាត បច្ច័យ៤ និងគ្រឿងបរិក្ខារកឋិនផ្សេងៗ ទៅតាមព្រះវិន័យ និងជាប្រពៃណីជាតិខ្មែរ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់នៅវត្តខ្មែរញូដែល្លី កុរុរដ្ឋខេមរារាម ។ ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក៏បានចូលរួមចាប់មគ្គផល និងអនុមោទនាបុណ្យផងដែរ មានដូចជា ពុទ្ធបរស័ទខ្មែរពីប្រទេសកម្ពុជា អូស្រ្តាលី បារាំង ជាដើម ។
ភិក្ខុសាមណេរចំនួន ៦ អង្គ រួមទាំងភិក្ខុជាតិឥណ្ឌា ១ អង្គផង និងពុទ្ធបរិស័ទប្រមាណ ២០ នាក់ បានញ៉ាំងកម្មវិធីបុណ្យឲ្យប្រព្រឹត្តទៅ ប្រកបដោយសេចក្តីរីករាយជ្រះថ្លា និងភាតរភាព ជាទ្រង់ទ្រាយតូច យោងតាមស្ថានភាពរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសឥណ្ឌា ។
ពីឆ្វេង៖ លោកជំទាវ សំកុល សុកា និងលោកជំទាវ កេតម៉ានី ជូអាំងឃំ (ឡាវ) ពិធីរាប់បាត្រ កឋិនទានវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៣០ តុលា ២០២០ ។ រូបភាព៖ លោកវិទូ |
កឋិនទានជាពិធីបុណ្យដ៏សំខាន់មួយ ក្នុងប្រពៃណីព្រះពុទ្ធសាសនាថេរវាទ ទូទាំងសកលលោក ដែលប្លែកពីពិធីបុណ្យដទៃទៀតដោយកាល គឺព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូណ៌មី) ។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “រដូវកឋិន” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដមួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបានតែមួយដងគត់ក្នុងមួយរដូវកឋិន ។
កឋិនទានជាបុណ្យមួយដែលបានអានិសង្សទាំងទាយកអ្នកធ្វើទាន និងបដិគ្គាហកៈភិក្ខុអ្នកទទួលទាន និងភិក្ខុសង្ឃអ្នកអនុមោទនា ។ ដោយឡែកទាយកម្ចាស់ទានបានអានិសង្សពិសេស ៥ យ៉ាងគឺ៖
១. សុរូបតា គឺមានរូបស្អាត ធ្វើឲ្យបុរសស្ត្រី ឃើញហើយស្រលាញ់ពេញចិត្តជារូបមានសម្ផស្សគរស្ម័គ្រស្មាគមនិយមមេត្រីភាព ។
២. សុវណ្ណតា គឺមានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាមឬប្រជ្រុលជាដើមមិនខ្មៅស្រិល មិនសស្គុស មិនពពាលពព្រុស គឺសម្បុរល្អគួរជាទីចាប់ចិត្ត នៃអ្នកផងទាំងឡាយ ។
៣. សុសណ្ឋានា គឺមានទ្រង់ទ្រាយ កំពស់កំព រាងរៅ សមសួនតាមកាលសម័យនៃអាយុកប្បនីមួយៗ ។
៤. ចក្តវត្តិរាជា ហោតិ គឺត្រូវបានជាស្ដេចចក្រពត្រាធិរាជ ប្រកបដោយទសពិធរាជធម៌ ក្នុងជាតិណាមួយដាច់ខាត ។
៥. ឯហិភិក្ខុ នឹងបានជួបព្រះប្រទះធម៌ ក្នុងអវសានជាតិ ហើយសម្រេចអរហត្តមគ្គអរហត្តផល ដល់ព្រះនិពា្វន ។ បើស្ត្រីភេទ ក៏និងបានលុះមគ្គផលក្នុងជាតិជាទីបំផុតមិនខាន ។
កឋិនទានវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៣០ តុលា ២០២០ ។ រូបភាព៖ លោកវិទូ |
ទោះជាស្ថិតនៅក្នុងស្ថានភាពលំបាក និងការប្រឈមនឹងមេរោគកូវីដ១៩យ៉ាងណាក៏ដោយ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូតទាំងអស់ បានឆ្លៀតឱកាសបំពេញបុណ្យតាមប្រពៃណីខ្មែរឲ្យខានតែបាន ។
ព្រះតេជព្រះគុណ ព្រះសមណរង្សី ទេព វុទ្ធី ព្រះចៅអធិការវត្តកុរុរដ្ឋខេមរារាម ដែលកំពុងគង់នៅប្រទេសអូស្ត្រាលីបណ្ដោះអាសន្នដោយសារការរាតត្បាតមេរោគកូវីដ១៩ បានសរសេរជូនពរពុទ្ធបរិស័ទម្ចាស់ទានទាំងអស់ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គផ្ទាល់យ៉ាងនេះថា៖
«សូមជូនសព្វសាធុការពរចំពោះឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូតគ្រប់រូប បានជួបប្រទះតែសេចក្តីសេចក្តីចម្រើន និងបាននូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពល្លៈ កុំបីឃ្លៀងឃ្លាតឡើយ ។»
វត្តកុរុរដ្ឋខេមរារាម ត្រូវបានកសាងឡើងដោយ ព្រះតេជព្រះគុណ ព្រះមហាឥសីប្រសើដ្ឋ ឯកប្បញ្ញោ ក្រោមសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូូ-ខ្មែរ នៃទីក្រុងញូវដែល្លី នៅក្នុងឆ្នាំ ១៩៩៤ ដែលជាទីបំពេញបុណ្យសម្រាប់ពុទ្ធបរិស័ទខ្មែរ-ឥណ្ឌាផង និងជាទីសំចតសម្រាប់ធម្មយាត្រាខ្មែរដ៏សំខាន់នៅទីក្រុងញូវដែល្លីផង ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment