រដ្ឋាភិបាលស្រីលង្កាបានសម្រេចសេចក្តីស្នើហាមឃាត់ការសម្លាប់សត្វគោ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, October 03, 2020

រដ្ឋាភិបាលស្រីលង្កាបានសម្រេចសេចក្តីស្នើហាមឃាត់ការសម្លាប់សត្វគោ

រូបភាពតំណាង៖ ព្រះសង្ឃស្រីលង្កា និងប្រជាបរិស័ទ អនុវត្តគម្រោងអភ័យទាន ។ រូបភាព៖ AGMS

លោកវិទូ | ថ្ងៃ ៧᧱១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៣ តុលា ២០២០ 

កាលពីថ្ងៃច័ន្ទ (២៨ កញ្ញា) រដ្ឋាភិបាលនៃប្រទេសស្រីលង្ការបស់លោកនាយករដ្ឋមន្ត្រី មហិន្ទ រាជប័ក្សា បានយល់ព្រមចំពោះសេចក្តីស្នើហាមឃាត់ការសម្លាប់សត្វគោដើម្បីយកសាច់បរិភោគ ប៉ុន្តែនឹងងចាត់វិធានការនាំចូលជំនួសវិញ ។

កាលពីដើមខែកញ្ញា លោកនាយករដ្ឋមន្តរីស្រីលង្កា មហិន្ទ រាជប័ក្សា បានធ្វើសេចក្តីស្នើទៅកាន់ក្រុមរដ្ឋសភា នៃគណបក្សកាន់អំណាច រណសិរ្សប្រជាជនស្រីលង្កា (SLPP) ស្តីពីការហាមឃាត់ការសម្លាប់សត្វគោ ។ សមាជិកសមភានៃបក្សនេះបានសាទរគាំទ្រសេចក្តីស្នើនេះ ។

ខុទ្ធកាល័យរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការចាំបាច់ជាបន្ទាន់ ដើម្បីធ្វើកំណែទម្រង់ច្បាប់ការពារសត្វពាហនៈ សេចក្តីណែនាំអំពីការសម្លាប់សត្វ និង ច្បាប់និងបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធដទៃទៀត ដែលមានជាធរមាននៅក្នុងប្រទេស ។

យោងតាមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ខុទ្ទកាល័យបានសម្រេចថានឹងធ្វើការនាំចូលសាច់គោ ហើយផ្ដល់ជូននូវការលក់ចុះថ្លៃចំពោះប្រជាជនដែលបរិភោគសាច់គោ ។

កម្មវិធីសិក្សាមួយនឹងត្រូវធ្វើឡើងដើម្បីត្រួតពិនិត្យមើលសត្វគោណាដែលចាស់ៗ មិនមានប្រសិទ្ធភាព ការប្រើប្រាស់ក្នុងវិស័យកសិកម្ម ។

ខុទ្ទកាល័យរដ្ឋាភិបាលបានធ្វើការកត់សម្គាល់ ចំពោះការអនុម័តសេចក្តីស្នើច្បាប់ហាមឃាត់ការសម្លាប់សត្វគោនេះថា «ជាប្រទេសមួយដែលមានសេដ្ឋកិច្ចពឹងផ្នែកទៅលើវិស័យកសិកម្ម វិភាគទានបានពីប្រភពសត្វគោ ដើម្បីអភិវឌ្ឍន៍ នូវជីវភាពនៃប្រជាជននៅតំបន់ជនបទ នៃប្រទេសស្រីលង្កា គឺធំធេងសម្បើមណាស់» ។

ខុទ្ទកាល័យបានលើកឡើងទៀតថា ការកើនឡើងនៃការសម្លាប់សត្វគោ បានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងជាឧបសគ្គដល់វិស័យឧស្សាហកម្មទឹកដោះគោ ។

អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលប្រជាជនសីហឡៈដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បានធ្វើការទាមទារឲ្យមានការហាមឃាត់ការសម្លាប់សត្វគោ ។

យោងតាមស្ថិតិប្រជាជនឆ្នាំ ២០១២ ក្នុងចំណោមប្រជាជនស្រីលង្កាជាង ២០ លាននាក់ មាន ៧០,១០% ជាពុទ្ធសាសនិកជន ១២,៥៨% ជាហិណ្ឌូ ៩,៦៦% ជាមូស្លីម ៧,៦២% ជាគ្រិស្តបរិស៍ និង ០,០៣% ជាប្រជាជនកាន់សាសនាដទៃទៀត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment