មន្ទីរទេសចរណ៍រដ្ឋយូ.ពី.គ្រោងអភិវឌ្ឍក្រុងកោសម្ពីឲ្យជាកន្លែងទាក់ទាញធម្មយាត្រាពុទ្ធសាសនា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, October 03, 2020

មន្ទីរទេសចរណ៍រដ្ឋយូ.ពី.គ្រោងអភិវឌ្ឍក្រុងកោសម្ពីឲ្យជាកន្លែងទាក់ទាញធម្មយាត្រាពុទ្ធសាសនា

វត្តខ្មែរកោសម្ពីខេមរារាម ក្រុងកោសម្ពីបុរាណ រដ្ឋឧត្តរប្រទេស ប្រទេសឥណ្ឌា, ០២ វិច្ឆិកា ២០១៧ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៧᧱១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៣ តុលា ២០២០

ទីក្រុងល័ខណាវ៖ មន្ទីរទេសចរណ៍នៃរដ្ឋយូ.ពី. (ឧត្តរប្រទេស) នឹងធ្វើការអភិវឌ្ឍតំបន់ពុទ្ធស្ថានក្រុងកោសម្ពី ឲ្យក្លាយជាកន្លែងទាក់ទាញអ្នកធម្មយាត្រាពុទ្ធសាសនា ។ ការណែនាំក្នុងគម្រោងនេះត្រូវបានដាក់ចេញដោយរដ្ឋមន្ត្រី នីលក័ន្ថ តិវារី ក្នុងកិច្ចប្រជុំត្រូតពិនិត្យការងារឡើងវិញមួយ តាមរយៈវីដេអូអនឡាញ ជាមួយនឹងមន្ត្រីទេសចរណ៍ក្នុងដំបន់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ (១ តុលា) ។

លោក តិវារី បានមានប្រសាសន៍ថា «គម្រោងស្នើសុំយ៉ាងពិស្ដារដើម្បីអភិវឌ្ឍន៍ក្រុងកោសម្ពី ត្រូវតែធ្វើឡើង និងដាក់ស្នើដើម្បីអនុម័តក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន» ។ នេះបើយោងតាមការស្រង់សម្ដីរបស់កាសែតថែមស៍អហ្វឥណ្ឌា (TOI) ។

អ្នកធម្មយាត្រាភាគច្រើនទស្សនានៅតំបន់សារន៌ាថ និងកុសិនារា ដែលជាបូជនីយដ្ឋាន ២ ក្នុងចំណោមបូជនីយដ្ឋានទាំង ៦ ដែលជាប់ទាក់ទងដោយពុទ្ធប្រវត្តិ នៅក្នុងរដ្ឋឧត្តរប្រទេស ។ អ្នកធម្មយាត្រាមួយចំនួនតូចក៏បានទៅទស្សនាក្រុងសាវត្ថីផងដែរ ក្នុងដំណើរទៅកាន់ប្រទេសនេប៉ាល់ ។ អ្នកជំនាញផ្នែកទេសចរណ៍ជឿជាក់ថា ដោយសារមានទីតាំងនៅជិតក្រុងប្រយាគរាជ (អាល្លាហាបាទ) ក្រុងកោសម្ពីបុរាណមានឱកាសច្រើនក្នុងការទាក់ទាញអ្នកធម្មយាត្រាបន្ថែមទៀត ។

អ្នកប្រវត្តិសាស្ត្របានធ្វើការកត់សម្គាល់ថា នៅក្នុងសម័យពុទ្ធកាល ក្រុងកោសម្ពីជាក្រុងមួយ ក្នុងចំណោមក្រុងដ៏សំខាន់បំផុត និងចម្រើនរុងរឿងទាំង ៦ នៃជម្ពូទ្វីប ប្រទេសឥណ្ឌា ។ ក្រុងនេះនៅរក្សាបាននូវភាពសំខាន់របស់ខ្លួន យ៉ាងហោចណាស់រហូតដល់សតវត្សរ៍ទី ៦ នៃគ.ស. ពីព្រោះពេលនោះ មានអ្នកធម្មយាត្រជនជាតិចិនឈ្មោះ ហ្វា ហ៊ាន និង យន់ ច្វាង បានទៅទស្សនាដល់ទីក្រុងនេះ ។ បច្ចុប្បន្ន ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួនបានកសាងវត្តអារាមនៅក្រុងកោសម្ពី មានប្រទេសស្រីលង្កា និងប្រទេសកម្ពុជាយើងជាដើម ។

ក្នុងឱកាសនោះផងដែរ លោក រដ្ឋមន្ត្រី តិវារី បានត្រួតពិនិត្យឡើងវិញនូវគម្រោងនានា នៅក្នុងតំបន់ទាំងអស់ ហើយបានណែនាំទៅកាន់មន្ត្រីទាំងអស់ ឲ្យតាមដាននិងពន្លឿននូវរាល់គម្រោងដែលកំពុងដំណើរការ ។ គាត់បានប្រាប់ទៅមន្ត្រីទាំងអស់ឲ្យធ្វើយ៉ាងណាកុំឲ្យមានចន្លោះប្រហោង ក្នុងគុណភាពនៃការងារ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment