រូបភាពសម្រាប់វិភាគបកស្រាយ ។ |
លោកវិទូ | ថ្ងៃ ៣᧸១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៨ ធ្នូ ២០២០
នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានខែកន្លងទៅ យើងឃើញមានការបង្ហោះរូបភាពក្បត់ខ្លឹមសារមួយដូចខាងលើនេះ ដែលបង្ហាញពីសារជាតិពីរយ៉ាង តាមការវិភាគបកស្រាយ (content analysis) របស់យើងគឺ ចេតនាអាក្រក់ (bad intention) និងការបំភាន់មតិមហាជន (misleading) ។
ដូចដែលបានឃើញនៅលើរូបភាពខាងលើនេះស្រាប់ គឺរូបភាពខាងឆ្វេងជារូបព្រះតេជព្រះគុណ ព្រះគ្រូវជិរប្បញ្ញោ គូ សុភាព (ហេតុ) ដោយភ្ជាប់ជាមួយនូវពាក្យមួយឃ្លាថា «បើខឹងគេ មិនចាំបាច់សងសឹកទេ ត្រឹមដើរចេញយើងឈ្នះហើយ» ដែលជាការកែឆ្នែរូបភាពដោយឈ្មោះ @aromsrey ដោយអ្នលេងហ្វេសប៊ុកយកទៅភ្ជាប់នឹងរូបភាពទាហានវៀតណាមបោះតង់លើដីខ្មែរ (ផល) ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Sophea Shin នៅកំឡុងចុងខែសីហា ឆ្នាំ២០២០ ដោយភ្ជាប់ជាមួយនឹងភាសាបន្តុះបង្អាប់ថា «ទ្រឹស្តីអនុវត្តន៍ជាក់ស្ដែងមិនកើត ឬហៅថា ទ្រឹស្តីជើងមិនជាប់ដី ក្បាលមិនជាប់មេឃ» ។ និងរូបខាងស្តាំគេ ខ្ញុំរកឃើញហើយដាក់ដើម្បីប្រៀបធៀបគ្នា ដែលអាចជាអត្ថន័យដើម ។
ខ្ញុំបានធ្វើការស្រាវជ្រាវលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបញ្ជាក់ពីប្រភពនៃឃ្លានេះ ហើយបានឃើញថា ឃ្លានេះត្រូវបានបង្ហោះលើហ្វេសប៊ុក ទំនងជាមុនដំបូងគេនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ ដោយគណនីឈ្មោះ Girl Friend ។ ពិតណាស់ឃ្លានេះនិយាយក្នុងបរិបទស្នេហា និងមិត្តភាពយុវវ័យ ឬទំនាក់ទំនងសម្គម (social relationship) ដោយសរសេរនៅលើរូបភាពមួយ ដែលមាននារីឈរបែរខ្នងម្នាក់ នៅកណ្ដាលផ្លូវឆ្ងាយដាច់កន្ទុយភ្នែក អមដោយដើមព្រឹក្សាខ្ពស់ៗសងខាងផ្លូវ បង្ហាញពីអារម្មណ៍អន់ចិត្តខកចិត្ត ឬកំពុងលួងលោមខ្លួនឯង បែបមនោសញ្ចេតនា ។
ស្រាវជ្រាវបន្ដទៀត ខ្ញុំឃើញទៀតថា ក្រោយមក ក្នុងដើមឆ្នាំ ២០២០ ក៏ឃើញមានឃ្លាដដែលនេះភ្ជាប់ជាមួយនឹងរូបភាពព្រះតេជព្រះគុណ ព្រះគ្រូ គូ សុភាព ផង ត្រូវបានបង្ហោះជាច្រើនគួរសម និងភាគច្រើនដោយក្រុមសម្ព័ន្ធដើម្បីប្រឆាំងសាសនា ដើម្បីបណ្ដុះបង្អាប់ ប្រមាថមើលងាយ ដោយគ្មានហិរិឱត្តប្បៈសូម្បីបន្តិចឡើយ ដូចសត្វមមាចមិនខ្លាចភ្លើងយ៉ាងដូច្នេះដែរ ។
កំពុងសរសេរបណ្ដើរខ្ញុំគិតបណ្ដើរថាគួរសរសេរសារសួរលោកដោយផ្ទាល់ដែរទេ ដើម្បីចង់ដឹងការពិត និងមតិឆ្លើយតបរបស់លោក ។ ខ្ញុំក៏ផ្អាក់សំណេរត្រឹមហ្នឹងសិន ហើយសាកល្បងសួរលោកតាមហ្វេសប៊ុកលោមើល ក្រែងលោលោកព្រះមេត្តាឆ្លើយតបដោយអនុគ្រោះ ។ ខ្ញុំបានសរសេរក្នុងនាមលោកវិទូផ្ញើជាសារអ៊ីម៉ែលទៅកាន់លោក ។
រង់ចាំអស់ពីរថ្ងៃដែរ តែពុំទទួលបានការឆ្លើយតបពីលោក អាចដោយសារលោកគិតថាមិនចង់ដេញដោលយកចាញ់ឈ្នះរឿងមិនបានការបែបនេះ ។ ខ្ញុំក៏មិនចង់រំខាន់លោកដែរ ។ ដូច្នេះខ្ញុំសូមបន្តសំណេរខ្ញុំបន្តិចទៀតតាមប្រភពដែលខ្ញុំមាន និងការយល់ឃើញរបស់ខ្ញុំ ។ តាមពិតខ្ញុំទុកចោលអត្ថបទនេះច្រើនខែហើយ ដោយជាប់រវល់ពេក ទើបប៉ុន្មានថ្ងៃនេះលើកវាមកបញ្ចប់សេចក្តី បំណាច់តែបានសរសេរហើយ ។
ដោយពុំបើបានចម្លើយពីលោក ដូច្នេះត្រូវនិយាយដោយលក្ខខណ្ឌពីរយ៉ាង បើពិតជាសង្ឃដីកាផ្ទាល់ដែលលោកបាននិយាយ តើក្នុងបរិបទអ្វី? បើមិនមែនទេ តើអ្នកបំភ្លៃការពិតនោះមានចេតនាអ្វី? មាន «បើ» ពីរដង ។
មានបុគ្គលខ្លះនៃក្រុមនេះបានលាបពណ៌លោកថា «ប្រហែលជាយួន» ទាំងទទឹងទិស ។ ប៉ុន្តែពួកគេភ្លេចខ្លួនថា ខ្លួនកំពុងតែបំពេញបំណងបរទេសជិតខាង ដែលគេបាននិងកំពុងអនុវត្តរាប់សតវត្សរ៍មកហើយ ។
តាមពិត ខ្មែរយើងដែលរួញតូចមកដល់សព្វថ្ងៃ ពុំមែនដោយសារពាក្យស្លោកមួយឃ្លានេះ ឬឃ្លាដទៃទៀតដែលមានន័យស្រដៀងនេះទេ កុំច្រលំ ។ តាមប្រវត្តិសាស្ត្របង្ហាញមកគឺសំខាន់ដោយសារខ្មែរបែកបាក់សាមគ្គីភាព វប្បធម៌ទាញជើងទម្លាក់ ចងដៃបិទមាត់ និយាយដើមចាក់រុកឲ្យមានជម្លោះ មិនប្រយ័ត្នសម្ដី មិនក្រែងគេឯង ។ សត្រូវបរទេសរង់ចាំតែទទួលផលពីការបែកបាក់សាមគ្គីនេះ ក្នុងចំណោមខ្មែរ ។ ក្នុងឆ្នាំ១៩៧៣ លោក ប៊ុណ្ណចន្ទ ម៉ុល បានសរសេរយ៉ាងច្រើនគួរសមអំពី «ចរិតខ្មែរ» ។
ប៉ុន្តែចរិតថ្មីមួយទៀតដែលលេចឡើងនាពេលបច្ចុប្បន្ន ដែលគាត់ពុំឆ្លងកាត់គឺ «ទាល់តែចេះជេរបញ្ចោរគ្នាទើបគេហៅថាខ្លាំង» ។ ប៉ុន្តែពួកប៉ិនជេរប្រភេទនេះក៏ឆ្លាតណាស់ដែរ ហ៊ានជេរតែលោកសង្ឃ និងពួកជនក្សោយៗប៉ុណ្ណោះ ពួកគេខ្លាចមិនហ៊ានជេរអ្នកដែលអាចចាប់ពួកគេដាក់គុកបានទេ ។ នេះចំជាឆ្លាត(រ)បស់គេមែន!
«បើ»ទី១៖ ឃ្លាះខាងលើនេះ បើនិយាយពីផ្លូវធម៌វាមានន័យប្រហាក់ប្រហែលនឹងធម៌ «ខន្តី» ប្រែថាសេចក្តីអត់ធន ។ «ខន្តី»នេះមានបីថ្នាក់គឺ ខន្តីធម្មតា (ខន្តិបារមី) គ្រាន់តែប៉ះពារពាក្យសម្តីគ្នា ក៏អត់ធនមិនចង់ឈ្លោះប្រកែក ។ ទី២ ខន្តីលើសពីធម្មតា (ខន្តិឧបបារមី) ដូចទី១ដែរ លើសត្រង់ថាបើគេប៉ះពាល់ដល់រាងកាយហើយក៏ដោយ ក៏រកមធ្យោបាយដោះស្រាយដោយសន្តិវិធី មិនយកកំហឹងទល់នឹងកំហល់ ។ និងទី៣ ខន្តីដាច់ម៉ាត់ (ខន្តិបរមត្ថបារមី) គឺហ៊ានលះបង់ជីវិតមិនតប់តឡើយ ។
បុថុជ្ជនទប់បានតែទី១និងកម្រណាស់ដល់ត្រឹមទី២ ។ ខន្តីលំដាប់ទី៣សម្រាប់តែព្រះអរិយបុគ្គល ឬព្រះភិក្ខុសង្ឃដែលបានលត់ដំចិត្តចាស់ក្លាខ្លាំងប៉ុណ្ណោះ ។ ម្យ៉ាងទៀត យើងមិនមែនគិតតែពីខន្តីទេ ដោយប្រទេសមានច្បាប់ បើអ្នកដទៃណាធ្វើអំពីមិនគប្បីខុសច្បាប់ យើងប្តឹងទៅអាជ្ញាធរទៅ ។ ប្រទេសស៊ីវីល័យគេកម្រនឹងឈរជ្រែងជើងខើចសំពត់ជេរបញ្ចោរតតាំងគ្នាកណ្តាលទីប្រជុំជនណាស់ បើខុសច្បាប់ទុកឲ្យតុលាការគេចាត់ចែងវិញ សោះនឹងចំណាយពេលឈ្លោះប្រកែកគ្នាខាតការងារប្រចាំថ្ងៃ ។ នេះជាន័យពិតប្រាកដនៃឃ្លាខាងលើ ។ បើន័យស្នេហាដូចអ្នកទី១បានបង្ហោះវិញ គឺជាការកាត់ចិត្ត សុខចិត្តដើរចេញ ដោយអារម្មណ៍សុខស្ងប់ ក៏មិនខុសសមដល់ការវាយប្រហារដោយពាក្យពេចន៍អសុរោះដែរ ។
ដូច្នេះបើលោកពិតជានិយាយឃ្លាខាងលើមែនគឺនៅក្នុងន័យដូចបានបរិយាយខាងលើនេះឯង ។ មិនពាក់ព័ន្ធនឹងរឿងព្រំដែនទេ ។ បញ្ហាព្រំដែនជាសមត្ថកិច្ចរបស់អាជ្ញាធររដ្ឋ (state authority) ជាចម្បង បន្ទាប់មកមានបក្សនយោបាយ (political parties) សង្គមស៊ីវិល (civil society) និងក្រុមដែលពាក់ព័ន្ធ (interest groups) ជាអ្នកតាមដាននិងឃ្លាំមើល ។ ហើយព្រះសង្ឃមានព្រះតេជព្រះគុណ ព្រះគ្រូ គូ សុភាព ជាដើម ពុំបានហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យគិតគូរការពារព្រំដែន និងអធិបតេយ្យភាពជាតិឡើយ ។ សម្រាប់ព្រះសង្ឃវិញ ឲ្យតែរដ្ឋអនុញ្ញាត និងលើកទឹកចិត្ត ក៏មិនខ្លះព្រះសង្ឃដែលគិតគូររឿងព្រំដែននេះដែរ ។ មើលតែរឿងព្រំដែននៅប្រាសាទព្រះវិហារឆ្នាំ២០០៨-២០១១ទៅដឹងហើយ ។
«បើ»ទី២៖ បើសិនវាជាខ្លឹមសារកាត់តបញ្ចេញបញ្ចូល ប្រៀបធៀបបែបអគតិវិញ នោះគឺជាចេតនាតាមបំផ្លាញ បន្តុះបង្អាប់ព្រះសង្ឃនិងព្រះពុទ្ធសាសនាខ្មែរឲ្យអន់ថយឥទ្ធិពលក្នុងសង្គម និងការជាការបម្រើបរទេស ឬពាហិរសាសនា ។ វាដូចគ្នានឹងរឿងភ្ជំបិណ្ឌនិងចូលឆ្នាំម្ដងៗដែរ ពួកនេះគេតែងតែយករូបភាពម្ហូបអាហារច្រើនៗក្នុងមួយថ្ងៃនោះ មកវាយប្រហាររិះគន់វត្តអារាម ដោយគ្មានចិត្តជាកុសលដល់តិចតួចឡើយ ។
សរុបសេចក្តីមក ក្នុងលក្ខខណ្ឌណាក៏ដោយ ការយករូបទៅប្រៀបធៀបនោះ ពុំត្រឹមត្រូវតាមសេចក្តីពិត ឬសច្ចភាពឡើយ ។ វាជាចេតនាក្រឡៃ ចង់ឲ្យមហាជនមើលមកលោកថាលោកនិយាយមិនត្រឹមត្រូវ ខុសព្រះពុទ្ធដីការជាដើម ។ បក្សពួកខ្លួនដែលបានប្រាជ្ញាតិចតួច នឹងជឿតាមដោយឥតបង្អង់ឡើយ ។ ឬពួកខ្លះជាអ្នករៀនសូត្របានក្រាស់ក្រែលដែរ តែក្នុងចិត្តប្រកបដោយអគតិ ឫស្យាច្រណែនឈ្នានីស ក៏បន្ទរតាមដោយឥតខ្លាចក្រែង មិនបែងចែកបុណ្យបាប គុណទោស អាក្រក់ល្អ សខ្មៅឡើយ មានចិត្តជាអសប្បុរសដោយពិត ។ ព្រះសង្ឃគ្រប់អង្គដឹងឬមិនដឹង ចង់ឬមិនចង់ ពួកគេបានចាត់ទុកវត្តអារាមជាសមរភូមិរបស់ពួកគេទៅហើយ!
«ឱវទេយ្យានុសាសេយ្យ ឣសព្ភា ច និវារយេ សតំ ហិ សោ បិយោ ហោតិ ឣសតំ ហោតិ ឣប្បិយោ ។» បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់ នូវជនទាំងឡាយ ចាកឣំពើឣសប្បុរស ឣ្នកប្រាជ្ញនោះរមែងជាទីស្រឡាញ់របស់សប្បុរសតែម៉្យាង មិនជាទីស្រឡាញ់នៃឣសប្បុរសឡើយ ៕
បញ្ជាក់៖ ព្រះតេជព្រះគុណ ព្រះគ្រូ គូ សុភាព បានបដិសេធថា «ពាក្យ[ខាងលើ]នេះមិនមែនជាសម្តីរបស់ព្រះតេជគុណ គូ សុភាព ទេ» ។ សូមប្រជាពុទ្ធបរិស័ទមេត្តាជ្រាបជាព័ត៌មាន ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment