ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ក្នុងឱកាសបុណ្យខួបកំណើត នៅវត្តរាជបូណ៌ ខេត្តសៀមរាប, ២៧ ធ្នូ ២០២០ ។ រូបភាពពី៖ Moeun Chamroeun |
លោកវិទូ | ថ្ងៃ ២᧮២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៨ ធ្នូ ២០២០
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានឧបសម្ប័ទជាភិក្ខុក្នុងឆ្នាំ ១៩៨០ នៅជុំរុំភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ (ព្រោះកាលនោះរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាមិនអនុញ្ញាតឲ្យព្រះអង្គបួស) និងត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជទានសមណស័ក្តិជា «ព្រះមហាវិមលធម្ម» ជាព្រះរាជាគណៈថ្នាក់ទោ ក្នុងឆ្នាំ ១៩៩៣ (ប្រមាណ ២៧ ឆ្នាំហើយមកទល់នឹងពេលនេះ) ។
ព្រះអង្គធ្លាប់បួសក្នុងព្រះពុទ្ធសាសនា ក្នុងសម័យសង្គមរាស្ត្រនិយម តែត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក ក្នុងឆ្នាំ ១៩៧៥ ។ បច្ចុប្បន្ន ព្រះអង្គជាឧត្ដមប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ។ ព្រះអង្គត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពជ្រះថ្លាថាជាព្រះសង្ឃចាស់ទុំ និងមានចំណេះដឹងជ្រៅជ្រះជាគំរូល្អមួយព្រះអង្គ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ដែលសមលក្ខណៈជាបណ្ឌិតតាមន័យក្នុងព្រះពុទ្ធសាសនាដោយពិត ។
លោក យូស៊ីណូរី យ៉ាសូដា នៅក្នុងសៀវភៅរបស់គាត់ក្រោមចំណងជើងថា អរិយធម៌ជលសាស្ត្រ [Water Civilization] បានសរសេរថា ព្រះមហា ពិន សែម ឲ្យតម្លៃបំផុតចំពោះរឿង ៤ យ៉ាង ក្នុងជីវិតប្រចាំថ្ងៃរបស់ព្រះអង្គគឺ ជំនឿសាសនា (បួសអស់មួយជីវិត) ១ បរិស្ថាន ១ សារពើរុក្ខជាតិ (សួនច្បារជាដើម) ១ និង វត្ថុបុរាណនិងសម្បត្តិវប្បធម៌ជាតិ ១ ។ ព្រោះតែចំណុចចុងក្រោយនេះហើយ បានជាព្រះអង្គបានធ្វើឲ្យវត្តរាជបូណ៌ ក្លាយជាសារមន្ទីររក្សាវត្ថុបុរាណមួយគួរឲ្យស្ញប់ស្ញែង នៅលើទឹកដីអង្គរខេត្តសៀមរាប ។
សូមប្រគេនពរគ្រប់ប្រការ ក្នុងឱកាសបុណ្យរំឭកថ្ងៃខួបកំណើត ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ៨០ ឈានចូល ៨១ ព្រះវស្សា នៅថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស.២០២០ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment