សម្តេចព្រះមហាក្សត្រីសព្វ​ព្រះ​រាជហឫទ័យ​អនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូត​​​ឥណ្ឌា​ប្រចាំ​​កម្ពុជា​អញ្ជើញចូល​ក្រាប​ថ្វាយបង្គំ​គាល់​ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, February 23, 2021

សម្តេចព្រះមហាក្សត្រីសព្វ​ព្រះ​រាជហឫទ័យ​អនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូត​​​ឥណ្ឌា​ប្រចាំ​​កម្ពុជា​អញ្ជើញចូល​ក្រាប​ថ្វាយបង្គំ​គាល់​

លោក​ជំទាវ​បណ្ឌិត Dr. Devyani Uttam Khobragrade ឯកអគ្គរដ្ឋទូត​​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ឆ្វេង) និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ស្ដាំ), ព្រះបរមរាជវាំង, រាជធានីភ្នំពេញ, ២២ កុម្ភៈ ២០២១ ។

លោកវិទូ | ថ្ងៃ ៣᧬៤ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ កុម្ភៈ ២០២១ 

នាវេលាព្រឹក​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះ​រាជហឫទ័យ​ប្រោស​ព្រះរាជទានអនុញ្ញាតឲ្យ​លោក​ជំទាវ​បណ្ឌិត Dr. Devyani Uttam Khobragrade ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញចូល​ក្រាប​ថ្វាយបង្គំ​គាល់​ និង​សម្តែង​ការ​គួរសម​នា​ព្រះ​បរមរាជវាំង​។

ខណៈសព្វ​ព្រះ​រាជហឫទ័យ​ប្រោស​ប្រទានទទួលស្វាគមន៍ ព្រះវររាជមាតា បានអបអរសាទរនូវការតែងតាំង ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​បាន រំលឹកពីទំនាក់ទំនងយ៉ាងជិតស្និតរវាងអតីតព្រះមហាក្សត្រ និង អតីតឯកឧត្តមនាយករដ្ឋមន្រ្តី ចាវ៉ាហាឡាល នេរុ នាយករដ្ឋមន្រ្តីទីមួយឥណ្ឌា។ ​សម្តេចព្រះមហាក្សត្រី បានរំលឹកអនុស្សាវរីយ៍នូវដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានៅក្នុងទសវត្សរ៍ទី៦០ ជាពិសេសទៅកាន់ ទីក្រុងមុមបៃ និងទីក្រុង ឈៀងណៃ។

សម្តេចព្រះមហាក្សត្រីយានីបានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងប្រទេសទាំង ពីរនាពេលបច្ចុប្បន្ននេះ និង បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រលើគ្រប់វិស័យនៃការចូល រួមទ្វេភាគីជាពិសេសក្នុងការជួសជុលប្រាសាទបុរាណរបស់ប្រទេសកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត​ Dr. Devyani Khobragade បានថ្លែងអំណរគុណដល់ ព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានប្រោសព្រះរាជទានពរជ័យរបស់លោកជំទាវឯកអគ្គរដ្ឋទូត សម្រាប់បេសកកម្មការទូតនៅប្រទេស កម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូតបានជំរាបថ្វាយដល់ព្រះមហាក្សត្រីអំពីការងារដែលស្ថានទូត កំពុងបំពេញការងារលើវិស័យផ្សេងៗនិងបានថ្លែងថាក្នុងអំឡុងពេលដែលលោក ជំទាវត្រូវបានបំពេញការងារ នៅកម្ពុជាលោកជំទាវ នឹងខិតខំនាំយកនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំដែលមានរួចហើយរវាងប្រទេសទាំង ពីរឱ្យឈានដល់ចំណុចដែលឲ្យគត់សម្គាល់ថ្មីមួយ។

ព្រះមហាក្សត្រីព្រះវររាជមាតាបានរាជទានអំណោយដល់ឯកអគ្គរដ្ឋទូតនូវសៀវភៅតន្ត្រីនិងខ្សែភាពយន្តជាច្រើនរួមទាំងជីវប្រវត្តិផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រីផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូត​ Dr. Devyani Khobragade បានថ្វាយនូវរូបគំនូរឥណ្ឌាដែលបានមកពីរដ្ឋអូរីសាដល់ព្រះមហាក្សត្រីយ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្វាយ នូវការយាងអញ្ជើញដល់ព្រះមហាក្សត្រីដើម្បីធ្វើទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌាទៀតប្រសិនបើព្រះរាជសុខភាពរបស់ព្រះអង្គអនុញ្ញាតនោះ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment