ឥណ្ឌា៖ ព្រះសង្ឃ និងជនបរទេស អាចវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩បាននៅរដ្ឋឧត្តរប្រទេស - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, August 12, 2021

ឥណ្ឌា៖ ព្រះសង្ឃ និងជនបរទេស អាចវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩បាននៅរដ្ឋឧត្តរប្រទេស

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ នៅធម្មសាលា រដ្ឋហិមាច័លប្រទេស ។ រូបភាព៖ Dalai Lama Office

លោកវិទូ | ថ្ងៃ ៥᧤១០ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១២ សីហា ២០២១

ឥឡូវនេះ ជនបរទេសទាំងឡាយណាដែលកំពុងរស់នៅក្នុងឧត្តរប្រទេស អាចទទួលបានការផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩បាន ក្រោយពីមានការចេញសេចក្តីណែនាំថ្មី របស់រដ្ឋាភិបាលរដ្ឋនេះ ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរដ្ឋឧត្តរប្រទេស ជនបរទេសទាំងឡាយណា ដែលកំពុងរស់នៅក្នុងរដ្ឋនេះ អាចចុះឈ្មោះដោយប្រើលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីកក់ថ្ងៃចាក់វ៉ាក់សាំងបាន ។ ប៉ុន្តែ សេវាកម្មនេះមិនត្រូវបានផ្ដល់ជូនដល់ជនបរទេស ដែលជាអ្នកទេសចរទេ ។

លិខិតបញ្ជាមួយដែលចេញដោយ លោក អមិត មោហ័ន ប្រសាទ ប្រធានលេខាធិការបន្ថែម នៃក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារ បានបញ្ជាក់ថា ការណ៍នេះនឹងធ្វើឲ្យការចាក់វ៉ាក់សាំងដល់ព្រះសង្ឃពុទ្ធសាសនា ដែលកំពុងគង់នៅក្នុងរដ្ឋនេះកាន់តែមានភាពងាយស្រួលឡើង ។

មិនតែប៉ុណ្ណោះ សេចក្តីណែនាំថ្មីនេះក៏បានបញ្ជាក់ពីភាពចាំប៉ាច់ ក្នុងចាក់វ៉ាក់សាំង ដល់ជនអនាថា ជនគ្មានផ្ទះសម្បែង និងអ្នកសុំទានផងដែរ ។

ចំនួនវ៉ាក់សាំងដែលបានចាក់រួចនៅក្នុងរដ្ឋភាគខាងជើងមួយនេះ មានចំនួនជាង ៥៥ លានដូស ដែលក្នុងនោះ ៥២ ម៉ឺនដូស ត្រូវបានចាក់ជូនពលរដ្ឋ កាលពីថ្ងៃអង្គារ (១០ ខែសីហា) កន្លងទៅ ។ ប្រជាជនដែលបានចាក់វ៉ាក់សាំងដូសទី១មានចំនួន ៤៦,៤ លាននាក់ និងចាក់គ្រប់ទាំងពីរដូសមានចំនួនជាង ៨,៦ លាន (៨៦១,៧ ម៉ឺន) នាក់ គិតត្រឹមថ្ងៃអង្គារ (១០ ខែសីហា) ។

ដោយឡែក ស្ថានភាពកូវីដ១៩នៅរដ្ឋនេះ មានស្ថានភាពប្រសើរឡើងវិញ ដោយមានករណីឆ្លងថ្មីត្រឹមតែ ២០ ករណីប៉ុណ្ណោះ ក្នុងថ្ងៃដដែល ក្នុងចំណោមប្រជាជនទាំងអស់ជាង ២០០ លាននាក់ ។ មន្ត្រីសុខាភិបាលបានអះអាងថា វាជាចំនួនឆ្លងថ្មីតិចបំផុត ដែលបានរាយការណ៍ នៅក្នុងរដ្ឋឧត្តរប្រទេស ។

នៅក្នុងរដ្ឋឧត្តរប្រទេសមានព្រះសង្ឃ និងនិស្សិតអន្តរជាតិជាច្រើនកំពុងរស់នៅ ។ មានវត្តពុទ្ធសាសនាខ្មែរចំនួន ៦ នៅក្នុងរដ្ឋដ៏ធំនិងមានប្រជាជនច្រើនកុះករមួយនេះ ដូចជា វត្តខ្មែរពារាណសី វត្តខ្មែរសាន៌ាថ វត្តខ្មែរកុសិនារា វត្តខ្មែរសង្កស្ស វត្តខ្មែរសាវត្ថី និងវត្តខ្មែរកោសម្ពី ។ មានសាកលវិទ្យាល័ធំពីរគឺ សាកលវិទ្យាលហិណ្ឌូពារាណសី និងសាកលវិទ្យាល័យអាឡាហាបាដ សុទ្ធតែមានសមណនិស្សិត-ខ្មែរ និងបរទេស កំពុងរៀនសូត្រនៅទីនោះច្រើន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment