តាលីបង់៖ មនុស្សចាស់សម្តីថ្មី និងវាសនាពុទ្ធស្ថាននៅអាហ្វហ្គានីស្ថាន - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, September 09, 2021

តាលីបង់៖ មនុស្សចាស់សម្តីថ្មី និងវាសនាពុទ្ធស្ថាននៅអាហ្វហ្គានីស្ថាន

តំបន់ពុទ្ធស្ថាននៅក្រុងបាមិយ៉ាន ខែត្តបាមិយ៉ាន ភាគកណ្ដាលនៃប្រទេសអាហ្វហ្គានីស្ថាន ។ រូបភាពវីគីភីឌា 

លោកវិទូ | ថ្ងៃ ៥᧣១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ០៩ កញ្ញា ២០២១

ក្រុមតាលីបង់បានឡើងកាន់កាប់អំណាចភ្លាមៗ ក្រោយពីសហរដ្ឋអាម៉េរិក និងប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ បានដកទ័ពចេញពីទីក្រុងកាប៊ុកយ៉ាងតក់ក្រហល់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ ។ អស់រយៈពេលជិតមួយខែ ក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្ន កាលពីថ្ងៃអង្គារម្សិលម្ង៉ៃ ។ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដឹកនាំរដ្ឋាភិបាល គេឃើញមានវត្តមានលោក មោហម្ម័ដ ហាស្សាន អខុនដ៍ (Mohammad Hassan Akhund) ជានាយករដ្ឋមន្ត្រី អមដោយដោយលោក អាប់ឌុល ហ្គានី បារាដារ (Abdul Ghani Baradar) ជាឧបនាយករដ្ឋមន្ត្រី ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា នាយករដ្ឋមន្ត្រីថ្មីនៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកតាលីបង់ លោក អខុនដ៍ មានឈ្មោះនៅក្នុងបញ្ជីភេវរកម្មអន្តរជាតិរបស់ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) របស់អាម៉េរិក និងយ៉ាងហោចណាស់សមាសភាពមេដឹកនាំចំនួន ១៧ រូប ក្នុងចំណោម ៣៣ រូបនៃរដ្ឋាភិបាលតាលីបង់ មានឈ្មោះក្នុងបញ្ជីភេវរកម្មរបស់អង្គការសហប្រជាជាតិ ។ លោក អខុនដ៍ ជាមនុស្សជំនិតរបស់បិតាស្ថាបនិកចលនាតាលីបង់ លោក មោហម្ម័ដ អូម៉ារ (Mohammed Omar) ជាអ្នកជំនាញខាងសាសនាឥស្លាម ជាងជំនាញខាងយោធា និងជាមនុស្សចាស់ជាងគេម្នាក់ ក្នុងចំណោមមេដឹកនាំតាលីបង់ ។

ហើយអ្វីដែលធ្វើឲ្យពុទ្ធបរិស័ទព្រួយបារម្ភគឺថា លោក អខុនដ៍ ជាអតីតមេដឹកនាំតាលីបង់ ដែលបានបញ្ជាឲ្យគេបំផ្ទុះគ្រាប់បែកកម្ទេចព្រះពុទ្ធបដិមា Bamiyan Buddhas នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០០១ ពោលគឺពីរទសវត្សរ៍មុន នៅពេលដែលគាត់ធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ក្នុងរដ្ឋាភិបាលតាលីបង់ (១៩៩៦-២០០១) ។ ព្រោះតែមានប្រវត្តិហិង្សា និងសាសនានិយមជ្រុល របស់មេដឹកនាំតាលីបង់រូបនេះហើយ បានជាធ្វើឲ្យសហគមន៍ពុទ្ធសាសនាអន្តរជាតិ មានការព្រួយបារម្ភពីជោគវាសនាពុទ្ធសាសនានៅអាហ្វហ្គានីស្ថាន ។

យោងតាមក្រុមបុរាណវិទូបានអោយដឹងថា ជាមួយនឹងការដែលតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថាន កាលពីខែមុនទ្រព្យសម្បត្តិវប្បធម៌ព្រះពុទ្ធសាសនាជាច្រើនប្រទេស កំពុងស្ថិតក្នុងគ្រោះថ្នាក់ ។ បុរាណដ្ឋានមួយដែលមានលក្ខណៈពិសេសគឺនៅតំបន់ម៉េសអាយណាក (Mes Aynak)  ដែលមិនទាន់បានធ្វើកំណាយចប់សព្វនៅឡើយ ។ តំបន់ម៉េសអាយណាកស្ថិតនៅចម្ងាយ ៤០ គម ភាគអាគ្នេយ៍នៃរដ្ឋធានីកាប៊ុល ។ ទីនេះជាអតីតទីក្រុងបុរាណ ដែលព្រះពុទ្ធសាសនាបានរីកចម្រើន ពីសតវត្សរ៍ទី ១ ដល់ទី ៧ នៃគ.ស. ។
ព្រះពុទ្ធបដិមាទ្រង់ឈរ និងក្រុងបាមិយ៉ាន អាហ្វហ្គានីស្ថាន មុន(ឆ្វេង)និងក្រោយ(ស្ដាំ)ការបំផ្លាញដោយពួកតាលីបង់ ។

ដោយឡែក ជ្រលងភ្នំបាមិយ៉ានក៏ជាតំបន់ពុទ្ធស្ថានពិសិដ្ឋមួយនៅអាហ្វហ្គានីស្ថាន និងមានសារសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងពុទ្ធសាសនា ដែលមានចម្ងាយ ១៣០ គម ភាគពាយព្យនៃរដ្ឋធានីកាប៊ុល ។ បាមិយ៉ានមានទីតាំងស្ថិតនៅលើភ្នំខ្ពស់ នៃជួរភ្នំហិណ្ឌូគូស នៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន ។ ជ្រលងភ្នំដែលមានទីតាំងស្ថិតនៅតាមបណ្ដោយទន្លេបាមិយ៉ាន ធ្លាប់ជាផ្នែកសំខាន់នៃវិថីសូត្រ ក្នុងបុព្វសម័យ ដែលផ្តល់នូវការឆ្លងកាត់ មិនត្រឹមតែឈ្មួញប៉ុណ្ណោះទេ ថែមទាំងវប្បធម៌ សាសនា និងភាសាទៀតផង ។

នៅក្នុងឆ្នាំ២០០១ មេដឹកនាំតាលីបង់បានបញ្ជាឲ្យកម្ទេចបដិមាទាំងអស់នៅទូទាំងប្រទេស ។ នៅថ្ងៃទី១ ខែមីនា ក្រុមតាលីបង់បានបំផ្ទុះគ្រាប់រំសេវ បំផ្លាញព្រះពុទ្ធបដិមាទ្រង់ឈរខ្ពស់បំផុតក្នុងលោកចំនួនពីរអង្គ ដែលឆ្លាក់ជាប់នឹងជញ្ជាំងថ្មភ្នំ ដែលពួកចាត់ទុកថា ជាព្រះក្បត់នឹងអាឡាហ៍ ដែលគេជឿថាជាព្រះអាទិទេពតែមួយគត់ក្នុងលោក ។ នៅក្នុងសាសនាឥស្លាម ការគោរពបូជាបដិមាគ្រប់រូបភាពត្រូវបានហាមឃាត់ សូម្បីចម្រៀងតន្ត្រីកំដរអារម្មណ៍ក៏ត្រូវបានហាមឃាត់ដែរ ។ ការបំផ្លាញនេះចំណាយពេលអស់ជិតមួយខែ ។ 

មុនការបំផ្លាញព្រះពុទ្ធបដិមាមានតម្លៃមហាសាលនេះ រដ្ឋាភិបាលនិងឯកអគ្គរដ្ឋទូតវប្បធម៌ទូទាំងពិភពលោក បានថ្កោលទោស និងតវ៉ាយ៉ាងខ្លាំង ប៉ុន្តែមិនអាចបញ្ឈប់ពួកលីបង់បានឡើយ ។ ប្រធានាធិបតីប៉ាគីស្ថាន ពើវ៉េសស៍ មូសារ៉ាហ្វ (Pervez Musharraf) និងសម្តេចសង្ឃដាឡៃឡាម៉ា ស្ថិតក្នុងចំណោមអ្នកដែលសម្តែងការព្រួយបារម្ភអំពីការបំការផ្លិចបំផ្លាញព្រះពុទ្ធបដិមានៅតំបន់បាមិយ៉ាន ។ ឥណ្ឌាស្នើសុំរៀបចំការផ្ទេរ និងការពារវត្ថុបុរាណ ។ ទោះយ៉ាងណា ព្រះពុទ្ធបដិមាទាំងពីរអង្គបានបាត់បង់ជារៀងរហូតហើយ ។

ម្ភៃឆ្នាំក្រោយមក នៅខែមីនា ឆ្នាំ២០២១ ប្រជាជនក្នុងតំបន់បានរៀបចំពិធីមួយនៅបាមិយ៉ានឲ្យឈ្មោះថា «មួយរាត្រីជាមួយព្រះសម្មាសម្ពុទ្ធ» ឬ "A night with Buddha" ។ នៅក្នុងឱកាសនោះ គេបានបញ្ចាំងរូបភាព 3D ទៅលើជញ្ជាំងថ្មនៃសំណល់បាក់បែកនៃព្រះពុទ្ធបដិមា ហាក់ដូចជាព្រះពុទ្ធបដិមាដ៏ពិសិដ្ឋបដិសន្ធិឡើងវិញដូច្នោះដែរ ។
ការបញ្ចាំងរូបភាព 3D ព្រះពុទ្ធបដិមាបាមិយ៉ាន កម្ពស់ ៥៦ ម ។ រូបភាព៖ BBC

សកម្មជនសង្គម កញ្ញា ហ្សាហ៍រ៉ា ហ៊ូស្សេនី (Zahra Hussaini) ដែលជាអ្នករៀបចំកម្មវិធីម្នាក់បាននិយាយថា «យើងក៏ចង់សម្តែងនូវការព្រួយបារម្ភរបស់យើង អំពីអនាគតនិងអ្វីដែលនឹងកើតឡើង ចំពោះបេតិកភ័ណ្ឌប្រវត្តិសាស្ត្ររបស់យើងនាពេលអនាគត ហើយថាតើប្រវត្តិសាស្ត្រនឹងកើតឡើងម្តងទៀត និងវត្ថុបុរាណដែលនៅសេសសល់នឹងត្រូវទុកឲ្យក្រុមជ្រុលនិយមជាអ្នកសម្រេចម្តងទៀត» ។ កញ្ញានិយាយបែបនេះខណៈពួកតាលីបង់កំពុងតែឈានទៅរកជ័យជម្នះលើកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បើគ្មានកម្លាំងជំនួយពីកងទ័ពអាកាសរបស់សហរដ្ឋអាម៉េរិកទេនោះ ។

ការឡើងកាន់អំណាចជាថ្មីរបស់ពួកតាលីបង់ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំងបុរាណវិទូ ក៏ដូចជាពុទ្ធបរិស័ទទូទាំងពិភពលោក ។ ឆ្លើយតបនឹងការព្រួយបារម្ភអំពីការបំផ្លិចបំផ្លាញពុទ្ធស្ថានជាថ្មីម្តងទៀត ប៉ុន្មានថ្ងៃក្រោយពីបានកាន់កាប់ទីក្រុងកាប៊ុល អ្នកនាំពាក្យតាលីបង់ និងជាអ្នកចរចាអន្តរជាតិ លោកស៊ូហេល សាហ៊ីន (Suhail Shaheen) បានផ្តល់ការធានាដល់កាសែតដេលីមីរ័រ (Daily Mirror) នៃប្រទេសស្រីលង្កាថា ទីតាំងព្រះពុទ្ធសាសនាបុរាណមិនស្ថិតក្នុងគ្រោះថ្នាក់ពីកងកម្លាំងតាលីបង់ឡើយ ។ គាត់បាននិយាយពីទីក្រុងដូហាប្រទេសកាតាថា «ពុទ្ធស្ថាននៅអាហ្វហ្គានីស្ថានមិនមានគ្រោះថ្នាក់ទេ ខ្ញុំបដិសេធការអះអាងណាមួយក្នុងន័យនេះ» ។ (កូឡុំបូកាសែត/Colombo Gazette)

ទោះយ៉ាងណាក៏ដោយ ប្រវត្តិនៃការមិនអត់ឱន និងការបំផ្លិចបំផ្លាញវប្បធម៌របស់តាលីបង់ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅទំនុកចិត្តតិចតួច ។ ចាប់ពីឆ្នាំ ១៩៩៦-២០០១ កងកម្លាំងតាលីបង់បានវាយប្រហារនិងប្លន់សារមន្ទីរនិងបណ្ណាល័យ ខណៈហាមឃាត់ស្ទើរតែគ្រប់ទម្រង់ នៃការបង្ហាញសិល្បៈនិងវប្បធម៌ ។

បណ្ឌិត អូម៉ារ សារីហ្វី (Omar Sharifi) សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យអាម៉េរិកនៃអាហ្វហ្គានីស្ថាន ដែលបានភៀសខ្លួនពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងញូវដែល្លីបាននិយាយថា «ពួកគេបានលុបលាងមុខមាត់របស់ខ្លួន ប៉ុន្តែពួកគេនៅតែជាក្រុមមនោគមវិជ្ជា និងមូលវិវដ្តនិយម» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment