បុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា គ.ស.១៩៩៣) និងនៃសាធារណរដ្ឋឥណ្ឌា (២៨ វិច្ឆិកា ១៩៤៩) ។ |
លោកវិទូ | ថ្ងៃ ៦᧳១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២៤ កញ្ញា ២០២១
ដើម្បីអបអរសាទរ «ទិវារដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា យើងសូមលើកយកអត្ថបទបុព្វកថា ប្រកបដោយអត្ថន័យគ្របដណ្ដប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៃសារធារណរដ្ឋឥណ្ឌា និងនៃព្រះពុទ្ធសាសនា ។
បងប្អូនខ្លះប្រហែលជាភ្ញាក់ផ្អើលដោយបានឮថា ព្រះពុទ្ធសាសនាមានធម្មនុញ្ញដែរ តាំពីសម័យពុទ្ធកាលមកម្ល៉េះ ។ គួរឲ្យចាប់អារម្មណ៍ ដើម្បីរំឭកដល់ទិវារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរលើកបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ ដោយយល់ឃើញថា ពាក្យថា ដើម្បីឲ្យត្រូវន័យនៃភាសាអង់គ្លេសថា Constitution ពាក្យនេះគួរតែប្រែថា «បាតិមោក្ខ» ត្រូវជាង «ធម្មនុញ្ញ» ។
លោកគ្រូធម្មបណ្ឌិតបានបកស្រាយយ៉ាងនេះថា «តាមការសិក្សានិងការយល់ឃើញរបស់ខ្ញុំ ពាក្យធម្មនុញ្ញដែលយកមកប្រើដើម្បីអោយត្រូវនឹងពាក្យ Constitution ទំនងប្រហែលស្មើនឹងពាក្យ បាដិមោក្ខ នៅក្នុងពុទ្ធសាសនា។ «បាតិឬបាដិក្នុងភាសាបាលី ឬ ប្រាតិក្នុងភាសាសំស្ក្រឹត មានន័យថា នាំទៅ ឆ្ពោះទៅ towards» + «មោក្ខៈឬមោក្សៈ មានន័យថា ការរួចចាកផុត (liberation) (ពីសង្សារវដ្ត)» ។
ឱវាទបាតិមោក្ខ ឬបាតិមោក្ខនេះឯងហើយជាធម្មនុញ្ញនៃព្រះពុទ្ធសាសនា ជាវិន័យឬច្បាប់កំពូលដែលដឹកនាំព្រះភិក្ខុសង្ឃ និងពុទ្ធបរិស័ទទាំងឡាយ ឲ្យមានសាមគ្គីស្រុះស្រួលគ្នា និងជាគោលប្រតិបត្តិ ដើម្បីសម្រេចបាននូវស្ថានបរមសុខពោលគឺព្រះនិព្វាន ជាទីអវសាន ។ ហើយបុណ្យមាឃបូជាអាចចាត់ទុកថាជា ទិវាឱវាទបាតិមោក្ខ ក្នុងព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទាន ក្នុងថ្ងៃធ្វើចតុរង្គសន្និបាត ដែលប្រជុំដោយព្រះសង្ឃសាវ័កដ៏ប្រសើរ ដែលសុទ្ធតែជាព្រះអរហន្តសាវ័កចំនួន ១២៥០ រូប នៅវត្តវេឡុវ័ន ទីក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ។
ថ្ងៃទី២៤កញ្ញា ជាទិវារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូតចេញពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ភៃបីតុលា១៩៩១ ។ មានប្រទេសនិងឥស្សារជនជាច្រើន បានចូលរួមតាក់តែងពង្រាងរដ្ឋធម្មនុញ្ញប្រកបដោយខ្លឹមសារនេះ សម្រាប់ជាមាគ៌ានៃការគ្រប់គ្រងប្រទេស ក្រោយពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាងបីទសវត្សរ៍ ។
ថ្ងៃទី២៦មករា ដែលគេហៅថា «ទិវាសាធារណរដ្ឋ» ជាទិវារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌា ដែលជាថ្ងៃប្រកាសឲ្យប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញនេះ នៅទូទាំងប្រទេសឥណ្ឌា ។ គួរជាទីមោទនាភាព លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (B. R. Ambedkar) ជាស្ថាបនិកពុទ្ធសាសនានវយានឥណ្ឌា ត្រូវបានគេចាត់ថាជាបិតារដ្ឋធម្មនុញ្ញឥណ្ឌា ព្រោះគាត់ជាអ្នកសរសេររដ្ឋធម្មនុញ្ញនេះ ។
មាឃបូជាជាទិវាដ៏សំខាន់មួយ សម្រាប់ពុទ្ធបរិស័ទថេរវាទ ទូទាំងពិភពលោក គួរជាទីជ្រះថ្លាក្រៃលែង ។ ចំណែកទិវាសាធារណរដ្ឋឥណ្ឌាវិញ មានការប្រារព្ធធំដុំគគ្រឹកគគ្រេងណាស់ នៅប្រទេសឥណ្ឌា (សូមអានអត្ថបទ៖ តើ «ទិវាសាធារណរដ្ឋ» ឥណ្ឌាមានអ្វីសំខាន់ខ្លះ?) ដោយសារប្រជាជនឥណ្ឌាឲ្យតម្លៃខ្ពស់ ទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ។ បុព្វកថា នៃរដ្ឋធម្មនុញ្ញ ត្រូវបានគេបោះពុម្ពដាក់ស៊ុម ហើយដាក់តាំងនៅតាមការិយាល័យរដ្ឋបាល និងតាមផ្ទះទៀតផង ។ ដោយឡែក ទិវារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាវិញ ពុំត្រូវបានប្រារព្ធជាកម្មវិធីអ្វីធំដុំទេ ហើយប្រជារាស្ត្រភាគច្រើន ពុំយកចិត្តទុកដាក់នឹងទិវាជាតិដ៏មានសារសំខាន់នេះឡើយ ដោយខ្លះការបញ្ជ្រាបគំនិតនិងការភ្ញាក់រឭក ។
ខាងក្រោមនេះ គឺជាបុព្វកថា ឬសេចក្តីផ្ដើម របស់រដ្ឋធម្មនុញ្ញ ឬធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា និងនៃព្រះពុទ្ធសាសនា៖
បុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
យើង ប្រជារាស្ត្រខ្មែរ
ដែលធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ
ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ
បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទស្សវត្សរ៍ចុងក្រោយនេះ
ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្ដាយ
បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួប
រួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា
និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព”
ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិ
មនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ
ឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ ។
បុព្វកថានៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥណ្ឌា [ប្រែសម្រួលក្រៅផ្លូវការ]
យើង ប្រជាជនឥណ្ឌា ដែលបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្កើតប្រទេសឥណ្ឌា ទៅជាសាធារណរដ្ឋ ប្រជាធិបតេយ្យ មិនប្រកាន់សាសនា សេរីនិយម សង្គមនិយម អធិបតេយ្យ និងដើម្បីធានាដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់នូវ៖
ភាពយុត្តិធម៌ សង្គម សេដ្ឋកិច្ច និងនយោបាយ;
សេរីភាព នៃការគិត ការបញ្ចេញមតិ ជំនឿ លទ្ធិសាសនា និងការគោរពបូជា;
សមភាព នៃឋានៈ និងនៃឱកាស;
និងដើម្បីលើកកម្ពស់ក្នុងចំណោមពួកគេទាំងអស់នូវ;
ភាតរភាព ដោយធានានូវសេចក្តីថ្លៃថ្នូររបស់បុគ្គល និងឯកភាពជាតិ និងបូរណភាពជាតិ;
នៅក្នុងរដ្ឋសភារបស់យើង នៅថ្ងៃទីម្ភៃប្រាំបី នៃខែវិច្ឆិកា ឆ្នាំ១៩៤៩ ដោយន័យនេះ សូមអនុវត្ត អនុម័ត និងផ្តល់ឱ្យខ្លួនឯងនូវរដ្ឋធម្មនុញ្ញនេះ ។
ធម្មនុញ្ញនៃព្រះពុទ្ធសាសនា
នមត្ថុ រតនតយតស្ស
ចតុរង្គសន្និបាត
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ
កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ
ឯតំ ពុទ្ធានសាសនំ
ខន្តិ បរមំ តបោ តីតិក្ខា
នព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ
អនូបវាទៅ អនូបឃាតោ
បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ
បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ
ឯតំ ពុទ្ធានសាសនំ ។
ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះថា ឱវាទបាទិមោក្ខ ជាព្រះឱវាទមានសេចក្តីវិសេស ១១ ប្រការ ដូចន័យដែលចែកជាកណ្ឌ ៗ តទៅនេះ គឺ៖
១. សព្វបាបស្ស អករណំ ការមិនធ្វើបាបទាំងពួង;
២. កុសលស្សូបសម្បទា ការញ៉ាំងកុសលឲ្យកើតឡើង;
៣. សចិត្តបរិយោទបនំ ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
៤. ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោលគឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម;
៥. និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាធម៌ដ៏ឧត្តម;
៦. ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិត, បុគ្គលដែលបៀតបៀនសត្វដទៃ មិនឈ្មោះថា សមណៈឡើយ;
៧. អនូបវាទោ អនូបឃាតោ ការមិនពោលតិះដៀល (អ្នកដទៃ) ការមិនបៀតបៀន (អ្នកដទៃ);
៨. បាតិមោក្ខេ ច សំវរោ ការសង្រួមក្នុងបាតិមោក្ខ;
៩. មត្តញ្ញុតា ច ភត្តស្មឹ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត;
១០. បន្តញ្ច សយនាសនំ ទីដេកទីអង្គុយដ៏ស្ងាត់;
១១. អធិចិត្តេ ច អាយោគោ ការបំពេញព្យាយាមក្នុងអធិចិត្ត ។
នេះជាជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
[ស្រង់ចាកសៀវភៅ «ឱវាទបាតិមោក្ខ» ដោយលោកអាចារ្យ ចាប ពិន សុវណ្ណជោត្តោ, ១៩៣៧]
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment