វត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៦ តុលា ២០២១ ។ រូបភាព៖ លោកវិទូ |
លោកវិទូ | ថ្ងៃ ៤᧿១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ៦ តុលា ២០២១
ទីក្រុងញូវដែល្លី៖ នៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្ត្រីស្ថានទូត និងសមណនិស្សិត-និស្សិតខ្មែរ បងប្អូនជនរួមជាតិខ្មែរ និងពុទ្ធបរិស័ទខ្មែរ-ឥណ្ឌាមួយចំនួន នៅទីក្រុងញូវដែល្លី មានសទ្ធាជ្រះថ្លាបានបំពេញបុណ្យកុសល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ តាមលំដាប់លំដោយ មានដូចជា បូជាតង្វាយព្រះ នមសក្ការថ្វាយបង្គំព្រះរតនត្រៃ សមាទាននិច្ចសីល វេរចង្ហាន់ប្រគេនព្រះសង្ឃ រាប់បាត្រ ប្រគេនទយ្យវត្ថុផ្សេងៗ និងព្រះសង្ឃសូធ្យដារបង្សុកូល-ពហូទេវា ឆ្លងកម្មវិធីបុណ្យ ។ រួចហើយពុទ្ធបរិស័ទទាំងឡាយបានសូធ្យបត្ដិទានគាថា (យំ កិញ្ចិ) ឧទ្ទិសឥទ្ធមនុញ្ញផលដល់ជីដូន-ជីតា បុព្វការីជន និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ បានសំណេះសំណាលសួរសុខទុក្ខ ព្រះសង្ឃ សមណនិស្សិត-និស្សិតខ្មែរ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាក់នៃការរាតត្បាតជំងឺកូវីដ-១៩ ។ នេះជាការជួបជុំគ្នាដ៏កម្រមួយ តាំងពីរលកទីពីរនៃជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា ក្នុងកំឡុងខែឧសភា-មិថុនាកន្លងទៅ ។ ឯកឧត្តម និងសហការីស្ថានទូតទាំងអស់ តែងតែមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងព្រះពុទ្ធសាសនា និងបំពេញបុណ្យកុសលជារឿយៗ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរនានា ។
និស្សិតអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា គៀវ ម៉េងគ័ង ដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតថ្មីៗ ពីសាកលវិទ្យាល័យដែល្លីដ៏ល្បីឈ្មោះមួយ ហើយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តកុរុរដ្ឋខេមរារាមនោះដែរ បានរៀបរាប់អំពីសារសំខាន់ និងគោលបំណងនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក និស្សិត ម៉េងគ័ង បានសម្ដែងមតិថា «ប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងគោលបំណងឧទ្ទិសផល្លានិសង្ឃដល់បុព្វការីជនដែលបានធ្វើមរណកាលទៅ ហើយជ្រុលជ្រួសទៅកើតនៅអបាយភូមិដោយប្រការណាមួយ» ។ គាត់បានបន្ថែមទៀតថា «ជារួម ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីមួយដែលសមាជិកគ្រួសារ ព្រមទាំងសាច់ញាតិជិតឆ្ងាយជួបជុំគ្នាផងដែរ ។ ក៏ប៉ុន្តែក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីត១៩ នេះ ការជួបជុំសមាជិកក្រុមគ្រួសារជិតឆ្ងាយត្រូវបានកាត់បន្ថយពីចំនួនច្រើនមកចំនួនតិច ដើម្បីរួមគ្នាការពារការឆ្លងជំងឺស្របតាមសេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាល» ។
ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ, ញូវដែល្លី, ៦ តុលា ២០២១ ។ រូបភាព៖ លោកវិទូ |
បុណ្យបិត្រូបក្សនៅប្រទេសឥណ្ឌា
បុណ្យភ្ជុំបិណ្ឌនេះអាចហៅបានថា បុណ្យសែនដូនតាក៏បាន ព្រោះជាឱកាសមួយដែលកូនចៅ ធ្វើបុណ្យឧទ្ធិសចំពោះអ្នកដែលបានចែកឋាន ទៅកាន់បរលោកខាងនាយ ។ នៅប្រទេសឥណ្ឌាវិញ បុណ្យសែនដូនតានេះដែលគេហៅថា បុណ្យបិត្រូបក្ស (Pitru Paksha អានថា ប៉ិទ្រូ-ប៉ាក់) ក៏ត្រូវបានប្រារព្ធដោយប្រជាជនហិណ្ឌូទូទាំងប្រទេសឥណ្ឌា ត្រូវគ្នានឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅស្រុកខ្មែរយើងដែរ ។ តាមប្រតិទិនហិណ្ឌូ បុណ្យបិត្រូបក្ស មានរយៈពេល ១៦ ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃពេញបូណ៌មី (Purnima) និងបញ្ចប់នៅរនោចដាច់ខែ (Amavasya) ក្នុងអំឡុងខែភទ្របទ (Bhadrapada) ដែលស្ថិតនៅចន្លោះខែសីហានិងកញ្ញា ។ ថ្ងៃពុធ ទី៦ ខែតុលា ជាថ្ងៃបញ្ចប់នៃបុណ្យបិត្រូបក្ស ។
ជំនឿនិងគោលបំណងនៃបុណ្យបិត្រូបក្ស ស្ទើរតែដូចគ្នាទាំងស្រុងនឹងបុណ្យភ្ជុំបិណ្ឌ (កាន់បិណ្ឌ) ប្រពៃណីជាតិខ្មែរ ។ បុណ្យបិត្រូបក្សត្រូវបានគេចាត់ទុកថាជាពេលត្រូវកាន់ទុក្ខ ដែលគេធ្វើពិធីបូជា ពិធីកម្មសាសនា និងសកម្មភាពសប្បុរសធម៌ជាច្រើន ។ គេជឿផងដែរថា ការគោរពបូជាចំពោះអ្នកដែលបានចែកឋានទៅ ក្នុងរដូវបុណ្យបិត្របក្ស ជួយឲ្យពួកគេទទួលបានរួចចាក់ទុក្ខ និងដល់ស្ថានមោក្ស ។
ទោះយ៉ាងណា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌតាមប្រពៃណីខ្មែរ បានសារសំខាន់ និងគោលទូលំទូលាយជាង យោងទៅតាមបរិបទស្រុកខ្មែរ មិនត្រឹមតែការឧទ្ធិសបុណ្យចំពោះបុព្វការីជនប៉ុណ្ណោះនោះទេ ។ លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ខេត្តបាត់ដំបង មានប្រសាសាន៍ ដែលវិទ្យុផ្កាឈូកបានស្រង់សម្តីថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលមានប្រយោជន៍សំខាន់យ៉ាងតិចក៏៥យ៉ាង ដែលមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៖
១. ជាទិវារំឭកគុណដល់អ្នកមានគុណ មានមាតាបិតាជាដើម ឬអាចនិយាយថា ជាទិវាកតញ្ញូកតវេទិតា ចំពោះអ្នកមានគុណទាំងអស់ ដែលលោកបានទទួលមរណភាពកន្លងផុតទៅហើយ ។
១. ជាទិវារំឭកគុណដល់អ្នកមានគុណ មានមាតាបិតាជាដើម ឬអាចនិយាយថា ជាទិវាកតញ្ញូកតវេទិតា ចំពោះអ្នកមានគុណទាំងអស់ ដែលលោកបានទទួលមរណភាពកន្លងផុតទៅហើយ ។
២. ជាទិវាសម្រាប់ពុទ្ធបរិស័ទទាំងអស់ បានរំឭកអំពីជីវភាពនិងជីវិតរបស់ខ្លួន ថាតើបានទទួលជោគជ័យឬបរាជ័យយ៉ាងណាដែរ ។
៣. អាស្រ័យដោយរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ កូនៗនិងសាច់ញាតិជិតឆ្ងាយ ដែលមិនសូវបានរាប់អានគ្នា ឬ ចេញចោលផ្ទះសម្បែងភូមិស្រុកកំណើត និងអ្នកមានគុណ ជាយូរមកហើយនោះ អាចត្រលប់ទៅកាន់ភូមិស្រុកវិញ ដើម្បីរីករាយជាមួយក្រុមគ្រួសារ ជាការបណ្តុះនូវសាមគ្គីភាព និង សុខដុមរមណីយកម្មនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ ។
៤. ជាការថែរក្សានូវអនុស្សាវរីយ៍ដែលល្អៗ ឬ អនុស្សាវរីយ៍ដែលមានន័យចំពោះជីវិតខ្លួន ជាពិសេស គឺអនុស្សាវរីយ៍ដែលមានជាមួយនឹងអ្នកស្លាប់ ជាមួយនឹងបុព្វបុរស ជាមួយនឹងម្ចាស់ស្រុក ម្ចាស់ទឹកម្ចាស់ដី ដែលបានបង្កើតទឹកដីភូមិស្រុកឲ្យខ្លួនបានរស់រានមានជីវិតដល់សព្វថ្ងៃ ។ កិច្ចការនេះ ជាការថែរក្សាពូជពង្សវង្សត្រកូល មិនឲ្យដាច់តំណនិរន្តរភាពក្នុងសង្គមបាន ។
៥. ជាការជួបជុំគ្នានារដូវវស្សា បន្ទាប់ពីជួបជុំគ្នាពេលចូលឆ្នាំខ្មែរនារដូវប្រាំង នៅទីវត្តអារាម ដែលជាមជ្ឈមណ្ឌលសិក្សាអប់រំវិថីជីវិតខ្មែរ ។ ជាការជួបជុំដើម្បីជាកិច្ចដឹងគុណចំពោះព្រះសង្ឃនិងព្រះពុទ្ធសាសនា ដែលលោកបានខិតខំលះបង់វិថីជីវិតបែបគ្រហស្ថ មកបួសដើម្បីសិក្សារៀនសូត្រនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា យកមកអប់រំណែនាំពុទ្ធបរិស័ទឲ្យទទួលបានជោគជ័យក្នុងជីវិតតទៅ ៕
© រក្សាសិទ្ធិដោយលោកវិទូ
បណ្ដាញទំនាក់ទំនងសង្គម