ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងស្ថានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ភ្នំពេញ, ៤ តុលា ២០២១ ។ |
លោកវិទូ | ថ្ងៃ ៣᧾១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ៥ តុលា ២០២១
ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីបង្កើតមជ្ឍមណ្ឌលព័ត៌មានវិទ្យា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធិកសិក្សាជាតិ ។
រសៀលថ្ងៃច័ន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បណ្ឌិត ទេវយានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រងរួម នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា (IT Center) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលឥណ្ឌានឹងផ្តល់កំព្យូទ័រ និងការបណ្តុះបណ្តាលគ្រូព័ត៌មានវិទ្យា ។ នៅក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ ។
មជ្ឈមណ្ឌលនេះ នឹងផ្តល់វគ្គសិក្សាផ្នែកព័ត៌មានវិទ្យា ដល់សមណនិស្សិត និងនិស្សិតទាំងអស់នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ និងសាខាខេត្តបាត់ដំបង់ ។ គំនិតផ្តួចផ្តើមនេះគឺជាកម្មវិធីគម្រោងផលជះឥទ្ធិពលរហ័ស (QIP) របស់រដ្ឋាភិបាលឥណ្ឌា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) ។ ក្រោមគម្រោង QIP រដ្ឋាភិបាលឥណ្ឌាអនុវត្តគម្រោងចំនួន ១០ ជារៀងរាល់ឆ្នាំនៅកម្ពុជា ដោយផ្តល់មូលនិធិរហូតដល់ ៥ ម៉ឺនដុល្លារអាមេរិកក្នុងមួយគម្រោង ។ ចាប់តាំងពីឆ្នាំ២០១៥-១៦ រដ្ឋាភិបាលឥណ្ឌាបានអនុម័តគម្រោងចំនួន ៣៩ ក្នុងវិស័យអាយធី កសិកម្ម សុខភាព អនាម័យ ការផ្តល់អំណាចដល់ស្ត្រី សុខុមាលភាពកុមារ អភិវឌ្ឍន៍ជន បទហេដ្ឋារចនាសម្ព័ន្ធសង្គម (រួមទាំងការកសាងសមត្ថភាព) បរិស្ថាន ។ ល ។ គម្រោងចំនួន ២០ ត្រូវបានបញ្ចប់រួចរាល់ហើយ និងគម្រោងចំនួន ១៩ ដែលនៅសេសសល់ស្ថិត ក្នុងដំណាក់កាលផ្សេងៗគ្នា នៃការប្រតិបត្តិការគម្រោង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោកជំទាវ បណ្ឌិត ទេវយានី ខូប្រាហ្គាដេ បានរំឭកពីចំណងមិត្តភាពបុរាណសម័យ ផ្នែកវប្បធម៌ និងមរតករួមគ្នា ហើយបានបញ្ជាក់ថា «ព្រះពុទ្ធសាសនាបង្កើតបានជាផ្នែកសំខាន់មួយ នៃទំនាក់ទំនងប្រវត្តិសាស្ត្រ រវាងកម្ពុជានិងឥណ្ឌា» ។ លោកស្រីបានបន្ថែមថា «មជ្ឈមណ្ឌលអាយធី នៅអេស.ប៊ី.យូ. នឹងបង្កើនអក្ខរកម្មឌីជីថល» ដល់សមណនិស្សិត និងនិស្សិតទាំងអស់នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះដែរ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងស្ថានទូតឥណ្ឌា ដែលបានផ្តល់ជំនួយសម្រាប់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៅអេស.ប៊ី.យូ. ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់និស្សិតព្រះសង្ឃ និងបុគ្គលិកសាកលវិទ្យាល័យទាំងមូល ។ ព្រះអង្គបានថ្លែងអំណរគុណជាពិសេស ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់លោកជំទាវ ដែលត្រូវបានពង្រីកដល់អេស.ប៊ី.យូ. ។ ព្រះអង្គបានបញ្ជាក់ថា «ទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌាមានអាយុកាលរាប់សតវត្សរ៍មកហើយ ហើយកម្ពុជាបានសិក្សាពីសាសនា ទស្សនវិជ្ ជាសិល្បៈ និងព្រះនិព្វាន (សុភមង្គល) ពីប្រទេសឥណ្ឌា» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment