នាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា, ទិវាព្រះអភិធម្ម - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, October 21, 2021

នាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា, ទិវាព្រះអភិធម្ម

លោកនាយករដ្ឋមន្ត្រ មោទី លើកដៃប្រណាមចំពោះព្រះសង្ឃ លើវេទិកាបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា រដ្ឋឧត្តរប្រទេស, ២០ តុលា ២០២១ ។ រូបភាព៖ @narendramodi

លោកវិទូ | ថ្ងៃ ៥᧯១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២១ តុលា ២០២១ 

នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា នៅរដ្ឋឧត្តរប្រទេស ដែលតភ្ជាប់តំបន់ពុទ្ធស្ថានទីក្រុងកុសិនារា ដោយផ្ទាល់ទៅកាន់ប្រទេសស្រីលង្កាជាពិសេស ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ ទិវាព្រះអភិធម្ម (ថ្ងៃបវារណាចេញព្រះវស្សា) នៅស្តូបមហាបរិនិព្វាន នាទីក្រុងកុសិនារាបុរាណ ដែលជាកន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលមហាបរិនិព្វាន ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីគុណតម្លៃព្រះពុទ្ធសាសនាក្នុងនិមិត្តសញ្ញាជាតិថា «សូម្បីបច្ចុប្បន្ន ព្រះពុទ្ធជាម្ចាស់ទ្រង់ជាអ្នកជម្រុញគំនិតនៃរដ្ឋធម្មនុញ្ញឥណ្ឌា» ។

គណៈអធិបតី និង ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិរួមមាន អភិបាលរដ្ឋ (រាជ្យបាល) លោកស្រី Anandiben Patel និងមុខ្យមន្ត្រី លោក Yogi Adityanath នៃរដ្ឋឧត្តរប្រទេស, រដ្ឋមន្ត្រីសហព័ន្ធ លោក G. Kishan Reddy, លោក Kiren Rijiju, លោក Jyotiradity Scindia, រដ្ឋមន្ត្រីខុទ្ធកាល័យរដ្ឋាភិបាលស្រីលង្កា លោក Namal Rajapaksa, គណៈប្រតិភូពុទ្ធសាសនាពីប្រទេសស្រីលង្កា, មន្ត្រីការទូតពីប្រទេសកម្ពុជា ថៃ ភូមា វៀតណាម សិង្ហបុរី ឡាវ ភូតាន នេប៉ាល់ ស្រីលង្កា កូរ៉េខាងត្បូង ម៉ុងហ្គោលី ជប៉ុន ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដទៃទៀត ដែលបានចូលរួមក្នុងឱកាសដ៏ឱឡារិកទាំងពីរនេះ ។ ក្រៅពីនេះ ព្រះសង្ឃ សមណនិស្សិត និងជូនជី ពីបណ្ដាប្រទេសនានាជាច្រើនកុះករ ដែលរស់នៅនិងរៀនសូត្រ នៅប្រទេសឥណ្ឌា ត្រូវបាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតកម្ពុជាបានសម្ដែងអារម្មណ៍រីករាយ ដែលបានអញ្ជើញទៅទីក្រុងកុសិនារា ជាលើកដំបូង ។ ឯកឧត្តមបានមានប្រសាសន៍ទៅកាន់សារព័ត៌មានឥណ្ឌាថា «ខ្ញុំមកទីក្រុងកុសិនារានេះជាលើកដំបូង ។ កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងនឹងគ្នា អស់រយៈពេលជាយូរណាស់មកហើយ តាំងពីសតវត្សរ៍ទី១ គ.ស. មកម៉្លេះ ហើយយើងមានភាពស្រដៀងគ្នាច្រើនទាក់ទងនឹងសាសនា វប្បធម៌ និងសិល្បៈ ។ នៅប្រទេសកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។​ [៩៥] ភាគរយនៃប្រជាជនកម្ពុជាប្រតិបត្តិព្រះពុទ្ធសាសនា ។ ដូច្នេះ ខ្ញុំរីករាយណាស់ដែលបានមកទីនេះនៅថ្ងៃនេះ» ។

ក្នុងពិធីសម្ពោធអាកាសយានដ្ឋានថ្មី លោកនាយករដ្ឋមន្ត្រី មោទី បានមានប្រសាសន៍ថា វានឹងផ្តល់ផលប្រយោជន៍ទាំងអស់គ្នា រាប់ចាប់តាំងពីកសិករអ្នកថែរក្សាសត្វនិងអ្នកលក់ដូរ រហូតដល់កម្មករនិងអ្នកឧស្សាហកម្មក្នុងស្រុក ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «វានឹងបង្កើតប្រព័ន្ធអេកូឡូស៊ីនៃអាជីវកម្ម ។ វិស័យទេសចរណ៍នឹងទទួលបានអត្ថប្រយោជន៍អតិបរមា ហើយវានឹងបង្កើតការងារសម្រាប់យុវជននៅទីនេះ» ។

លោក នាមល រាជបក្សា (Namal Rajapaksa) រដ្ឋមន្ត្រីក្រសួងកីឡាស្រីលង្កាបានប្រាប់សារព័ត៌មាន PTI ថា «វាជាកាយវិការដ៏ប្រសើររបស់លោកនាយករដ្ឋមន្ត្រីមោទី និងជាពិសេស បានអញ្ជើញក្រុមហ៊ុនអាកាសចរណ៍ SriLankan Airlines ជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកុសិនារា» ។
មុខ្យមន្ត្រីរដ្ឋឧត្តរប្រទេស លោក យោគី អាទិត្យនាថ អញ្ជើញទទួលព្រះបរមសារីរិកធាតុ ដោយមានពិធិការស្មើនឹងពិធីទទួលស្វាគមន៍ថ្នាក់រដ្ឋ នៅអាកាសយានដ្ឋានអន្តរជាតិកុសិនារា រដ្ឋឧត្តរប្រទេស, ២០ តុលា ២០២១ ។ រូបភាព៖ @RajapaksaNamal

ពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិកុសិនារា ត្រូវបានចាប់ផ្ដើមដោយការចុះចតនៃជើងហោះហើរអន្តរជាតិដំបូងគេ ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដោយដឹកនាំគណៈប្រតិភូស្រីលង្កា មានព្រះសង្ឃនិងឥស្សរជនពុទ្ធសាសនិកជាង ១២៥ រូប រួមទាំងព្រះសង្ឃ ១២ អង្គដែលជាព្រះសង្ឃអមក្បួនដង្ហែព្រះបរមសារីរិកធាតុ ដែលបានយាងព្រះបរមសារីរិកធាតុពីកោះស្រីលង្កា សម្រាប់ការតាំងបង្ហាញជាសក្ការបូជារបស់ពុទ្ធបរិស័ទ ក្នុងឱកាសដ៏មហោឡារិកនេះ ។

យោងតាមសារព័ត៌មានឥណ្ឌា ពិធីទទួលព្រះបរមសារីរិកធាតុ ត្រូវបានធ្វើឡើងក្នុងឋានៈជាផ្លូវការក្នុងនាមជា «ភ្ញៀវថ្នាក់រដ្ឋ» ដូច្នេះរាល់ពិធីការផ្លូវរដ្ឋទាំងប៉ុន្មានត្រូវបានរៀបចំឡើងដូចគ្នា ។ លោកមុខ្យមន្ត្រី យោគី អាទិត្យនាថ បានដឹកនាំគណៈប្រតិភូ ទៅទទួលព្រះបរមសារីរិកធាតុ និងគណៈប្រតិភូសង្ឃ និងមន្ត្រីរដ្ឋាភិបាលស្រីលង្កា ដល់ព្រលានយន្តហោះថ្មីនោះតែម្តង ។

គណៈប្រតិភូស្រីលង្កាជាភ្ញៀវពិសេស ក្នុងកម្មវិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលមានមន្ត្រីសង្ឃជាន់ខ្ពស់សំខាន់ៗដូចជា អនុនាយកនៃនិកាយទាំងបួននៃគណៈសង្ឃព្រះពុទ្ធសាសនានៅស្រីលង្កាគឺ អសគិរិយានិកាយ ១ មាលវត្តនិកាយ ១ (ទាំងពីរជា សៀមនិកាយ ឬឧបាលីនិកាយ) អមរបុរនិកាយ ១ និង រាមញ្ញនិកាយ ១, ព្រមទាំងរដ្ឋមន្រ្តីចំនួន ៥ រូបនៃរដ្ឋាភិបាលលង្កា ដឹកនាំដោយរដ្ឋមន្រ្តីខុទ្ទកាល័យ លោក Namal Rajapaksa ដែលត្រូវជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីស្រីលង្កា មហិន្ទ រាជបក្សា ។

អាកាសយានដ្ឋាននេះត្រូវបានសាងសង់ក្នុងតម្លៃប៉ាន់ស្មានចំនួន ២៦០ ក្រូរូពី ហើយអគារស្ថានីយថ្មីនេះត្រូវបានលាតសន្ធឹងលើផ្ទៃដី ៣.៦០០ ម៉ែត្រការ៉េ ។ វាត្រូវបានកសាងឡើងដោយអាជ្ញាធរអាកាសយានដ្ឋានឥណ្ឌា (AAI) សហការជាមួយរដ្ឋាភិបាលរដ្ឋឧត្តរប្រទេស ។ អាកាសយានដ្ឋានថ្មីនេះមានទីលានចុះចត ដែលអាចទទួលអ្នកដំណើរបាន ៣០០ នាក់ ក្នុងម៉ោងធ្វើការដែលមានការចុះចតច្រើនបំផុត ។ វាជាអាកាសយានដ្ឋានអន្តរជាតិទី៣ នៅក្នុងរដ្ឋឧត្តរប្រទេស (ពីរទៀតនៅទីក្រុងពារាណសី និងទីក្រុងឡាកណាវ ។ ក្រុមហ៊ុនអាកាសចរណ៍ SpiceJet នឹងចាប់ផ្តើមដំណើរការហោះហើរត្រង់ រវាងទីក្រុងញូវដែល្លីនិងកុសិនារាក្នុងពេលឆាប់ៗនេះ ។

ក្រសួងអាកាសចរណ៍ស៊ីវិលបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទថា «អាកាសយានដ្ឋាននេះនឹងជួយទាក់ទាញអ្នកកាន់ព្រះពុទ្ធសាសនា ពីក្នុងប្រទេសនិងក្រៅប្រទេស មកកាន់ទីក្រុងកុសិនារា ហើយនឹងជួយពង្រឹងការអភិវឌ្ឍដំណើរទស្សនាចរដែលផ្អែកលើខ្លឹមសារព្រះពុទ្ធសាសនា ។ ការធ្វើដំណើរទៅ តំបន់លុម្ពិនី (នេប៉ាល់), ពុទ្ធគយា, សាន៌ាថ, កុសិនារា, សាវត្ថី, រាជគ្រឹះ, សង្កស្ស និងវេសាលី នៃដំណើរទស្សនាចរព្រះពុទ្ធសាសនា នឹងត្រូវបានគ្របដណ្តប់ ក្នុងរយៈពេលតិចជាងមុន» ។

សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី មោទី នៅក្នុងពិធីបុណ្យទិវាព្រះអភិធម្ម នៅស្តូបមហាបរិនិព្វាន

លោកនាយករដ្ឋមន្ត្រី មោទី បានសរសេរនៅលើបណ្ដាញទ្វីធ័រថា «មានអារម្មណ៍ថា បានទទួលពរជ័យខ្លាំងណាស់ ដែលបាននៅទីក្រុងកុសិនារា ក្នុងទិវាព្រះអភិធម្ម» ។ នៅក្នុងស្តូបមហាបរិនិព្វាន ទីក្រុងកុសិនារា រដ្ឋឧត្តរប្រទេស, ២០ តុលា ២០២១ ។ រូបភាព៖ @narendramodi

លោកនាយករដ្ឋមន្ត្រី មោទី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ ទិវាព្រះអភិធម្ម ដែលត្រូវនឹងថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នៅឯស្តូបមហាបរិនិព្វាន នាទីក្រុងកុសិនារា រដ្ឋឧត្តរប្រទេស រួមជាមួយមន្ត្រីគណៈប្រតិភូនាយករដ្ឋមន្ត្រី មន្ត្រីការទូត ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទរាប់រយអង្គ/នាក់ ។ ទីក្រុងកុសិនារា នៅរដ្ឋឧត្តរប្រទេស គឺជាកន្លែងចុងក្រោយរបស់ព្រះពុទ្ធជាម្ចាស់ទ្រង់យាងចូលមហាបរិនិព្វាន ហើយជាកន្លែងសក្ការបូជាដ៏សំខាន់បំផុតមួយសម្រាប់ពុទ្ធសាសនិក ។

ទិវាព្រះអភិធម្ម ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកដល់ការសម្ដែងព្រះអភិធម្មជាលើកដំបូងរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីប្រោសពុទ្ធមាតា និង​ពពួក​ទេពនិករ ព្រមទាំងព្រហ្ម​ទេព​ផង​ដែរ នៅស្ថានតាវត្តិង្ស ក្នុងវស្សាទី៧ ។ បន្ទាប់​ពី​សម្តែងធម៌​ប្រោស​ពុទ្ធមាតា​ឱ្យ​បាន​សម្រេច​ធម៌​តាម​សមគួរ​ហើយ​នោះ ព្រះ​អង្គ​ទ្រង់​សម្តែង​នូវ​ពុទ្ធា​នុ​ភាព​បើក​ត្រៃភព​ឱ្យ​មើលឃើញ​គ្នា និង​ទ្រង់​យាងចុះ​មក​កាន់​ភព​ផែនដី​វិញ នៅ​ត្រង់​នគរ​សង្ក​ស្សៈ (រដ្ឋឧត្តរប្រទេស) ព្រមទាំង​ទ្រង់​សម្តែង​ព្រះ​សទ្ធម្មទេសនា​ នៅ​ថ្ងៃ​បវារណា​ចេញ​វស្សា ។

នៅក្នុងសន្ទរកថាស្វាគមន៍ចំពោះគណៈប្រតិភូស្រីលង្កា លោកនាយករដ្ឋមន្ត្រី មោទី បានរំឭកអំពីទំនាក់ទំនងរវាងឥណ្ឌានិងកោះស្រីលង្កាពីបុរាណកាល ហើយបានលើកឡើងអំពីបុត្រារបស់ព្រះបាទធម្មាសោក មហិន្ទត្ថេរ និងបុត្រី សង្ឃមិត្តាថេរី ដែលជា​អ្នក​នាំ​ព្រះ​ពុទ្ធ​សាសនា​ពី​មជ្ឈិម​ប្រទេស ​ទៅ​ប្រតិស្ឋាន​ឯ​លង្កា​ទ្វីប ​ក្នុង​រាជ​ក្សត្រិយ៍​កោះ​លង្កា​ទ្រង់​ព្រះ​នាម​ព្រះ​បាទ ទេវានម្បិយ​តិស្សៈ ក្នុង​ខាង​ដើម​នៃ​សតវត្សរ៍​ទី ៤ នៃ​ពុទ្ធ​សករាជ ។

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ថ្ងៃនេះគឺជាថ្ងៃដែល ព្រះអរហន្ត មហិន្ទ បានត្រលប់ពីស្រីលង្កាវិញ ហើយបានប្រាប់ព្រះបិតាថា ស្រីលង្កាបានទទួលយកនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ ដោយសេចក្តីជ្រះថ្លាបំផុត ។ ដំណឹងនេះបានធ្វើឲ្យកាន់តែមានជំនឿកើនឡើងថា «ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់គឺមានតម្លៃសម្រាប់ពិភពលោកទាំងមូល, ព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់គឺសម្រាប់មនុស្សជាតិ» ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ថ្ងៃនេះជាថ្ងៃដ៏មាននក្ខត្តឫក្សមួយផ្សេងទៀតផងដែរ គឺជាថ្ងៃដែលព្រះពុទ្ធជាម្ចាស់យាងចុះពីស្ថានតុសិត (តាវតិង្ស?) ។ ដូច្នេះហើយបានជានៅថ្ងៃពេញបូរមីខែអស្សុជ (សំ. អស្វិន បូណិ៌មា) ព្រះសង្ឃបានបញ្ចប់ការចាំព្រះវស្សារយៈពេលបីខែ ។ លោកមានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបានធ្វើ 'ចីវរទាន' ចំពោះព្រះសង្ឃបន្ទាប់ពីការចេញព្រះវស្សា» ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់គឺសកល ពីព្រោះព្រះពុទ្ធជាម្ចាស់ទ្រង់បានចាប់ផ្ដើម [ស្វែងរកព្រះធម៌] ពីខាងក្នុង ។ ភាពជាព្រះពុទ្ធ (ពុទ្ធត្វៈ) របស់ព្រះពុទ្ធជាម្ចាស់គឺស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុត» ។ លោកបានពន្យល់ថា បច្ចុប្បន្ន នៅពេលដែលពិភពលោកនិយាយអំពីការអភិរក្សបរិស្ថាន និងសម្ដែងការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ នោះមានសំណួរជាច្រើនដែលត្រូវចោទសួរ ។ ប៉ុន្តែបើយើងប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ នោះជំនួសឲ្យសំណួរថា 'នរណានឹងធ្វើ' 'អ្វីខ្លះត្រូវធ្វើ' ផ្លូវចាប់ផ្ដើមបង្ហាញខ្លួន ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីគុណតម្លៃព្រះពុទ្ធសាសនាក្នុងនិមិត្តសញ្ញាជាតិថា «សូម្បីបច្ចុប្បន្ន ព្រះពុទ្ធជាម្ចាស់ទ្រង់ជាអ្នកជម្រុញគំនិតនៃរដ្ឋធម្មនុញ្ញឥណ្ឌា, ធម្មចក្ររបស់ព្រះពុទ្ធជាម្ចាស់កំពុងស្ថិតនៅលើទង់ជាតិបីពណ៌របស់ឥណ្ឌា ហើយកំពុងផ្ដល់នូវកម្លាំងចលករដល់យើង» ។ លោកបានបន្ថែមថា បច្ចុប្បន្ន បើគេទៅវិមានរដ្ឋសភាឥណ្ឌា គេប្រាកដជាបានឃើញមន្ត្រៈនេះ 'ធម្មចក្កប្បវិវត្តន' (សំ. ធម៌ចក្រប្រវត៌នាយ) ។ មិនតែប៉ុណ្ណោះ គេប្រាកដជាបានឃើញនូវផ្ទាំងគំនូរ ព្រះអង្គទ្រង់ត្រាស់សម្តែងព្រះធម្មចក្កប្បវត្តនសូត្រ នៅក្នុងវិមានរដ្ឋសភាឥណ្ឌាផងដែរ ។

នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្ត្រី មោទី បានលើកយកនូវពុទ្ធគាថាមួយឃ្លាថា «ពាក្យប្រៀនប្រដៅរបស់ពុទ្ធជាម្ចាស់ 'អប្ប ទីបោ ភវ' គឺជាគ្រឿងលើកទឹកចិត្តឥណ្ឌាឲ្យទីពឹងខ្លួនឯង» ។ 'អប្ប ទីបោ ភវ' មានន័យថា «អ្នកជាពន្លឺនាំផ្លូវសម្រាប់ខ្លួនអ្នក» ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាក្រប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធត្រូវបានអនុវត្តបន្តដោយប្រទេសឥណ្ឌា នៅពាក្យស្លោក ឬមន្ត្រៈថា 'សព្វកា សាថ, សព្វកា វិកាស, សព្វកា វិស្វាស, សព្វកា ប្រយាស' (सबका साथ, सबका विकास, सबका विश्वास, सबका प्रयास) ដែលមានន័យថា «ការសហការរបស់អ្នកទាំងអស់គ្នា, ការអភិវឌ្ឍរបស់អ្នកទាំងអស់គ្នា, ការជឿជាក់របស់អ្នកទាំងអស់គ្នា និងការព្យាយាមរបស់អ្នកទាំងអស់គ្នា» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment