តាមឯកសារប្រវត្តិរូបសង្ខេបរបស់ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរកាណាដា ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ព្រះអង្គផ្ទាល់ បានឲ្យដឹងថា ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ បានប្រសូតនៅថ្ងៃទី ១០ មីនា ១៩៤០ នៅឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រទេសកម្ពុជា ។ ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ជាបុត្រទី ៣ ក្នុងបណ្ដាបុត្រទាំង ៥ នាក់ ។ បិតានាម ហុក ហៃ មាតានាម សុខ យឹម ។ ក្នុងព្រះជន្ម ១៥ ឆ្នាំ ព្រះតេជព្រះគុណ បានបួសជាសាមណេរ លុះព្រះជន្ម ២១ ឆ្នាំ បានបំពេញឧបសម្បទាជាភិក្ខុ ។ កាលព្រឹត្តិការណ៍ឆ្នាំ ១៩៧៥ ព្រះអង្គបានភៀសខ្លួន ទៅប្រទេសថៃ បន្ទាប់មកបានទៅរស់នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ១៩៨១ រហូតដល់បច្ចុប្បន្ន និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដែល្លី ដ៏ល្បីល្បាញនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០០៤ ។
កាលពីកុមារភាព ព្រះអង្គបានសិក្សាអក្សរសាស្ត្រជាតិចប់បឋមសិក្សា ។ ពេលចូលកាន់ផ្នួស ព្រះអង្គបានសិក្សាធម្មវិន័យទាំង ៣ ថ្នាក់ត្រី-ទោ-ឯក និងបានសិក្សាទៅពុទ្ធិកសិក្សា ជាប់ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ និងពុទ្ធិកឧត្តមសិក្សាគឺបរិញ្ញាប័ត្រ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ ផ្នែកទស្សនវិជ្ជានិងបុរាណភាសាបាលី-សំស្ក្រឹត ។ បន្ទាប់មក ព្រះអង្គបានឆ្លៀតទៅរៀនអក្សរសាស្ត្រនិងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យភ្នំពេញ តែពុំបានចប់ទេ ដោយសារព្រឹត្តិការណ៍ឆ្នាំ ១៩៧៥ ។ ក្រៅពីសិក្សាផ្នែកគន្ថធុរៈ ព្រះអង្គបានប្រតិបត្តិវិបស្សនាធុរៈ អស់ជាច្រើនឆ្នាំ ។ កាលកំពុងសិក្សា ព្រះអង្គបានបោះឆ្នោតជាប់ ធ្វើជាប្រធានសមាគមសមណនិស្សិតខ្មែរ នៅភ្នំពេញ ។ មិនតែប៉ុណ្ណោះ ព្រះបានធ្វើជាសាស្ត្រាចារ្យ បង្រៀនខាងអក្សរសាស្ត្រជាតិ នៅពុទ្ធិកវិទ្យាល័យធម្មទូត ដែលវិទ្យាល័យនេះត្រូវបានបង្កើតឡើង ដោយព្រះតេជព្រះគុណ តោ អាន (អគ្គរតោ) ។
នៅបរទេស ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ បានសិក្សាបន្តជាប់អនុបណ្ឌិត ទីបំផុតជាប់បណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យដែល្លី ជាសាកលវិទ្យាល័យលំដាប់កំពូលមួយ នៅទីក្រុងដែល្លី ប្រទេសឥណ្ឌា នៅថ្ងៃ ២៨ កុម្ភៈ ២០០៤ ។ និក្ខេបបទថ្នាក់បណ្ឌិត របស់ព្រះអង្គ ដែលបានសរសេរចប់ក្នុងឆ្នាំ ២០០២ បានស្រាវជ្រាវលើប្រធានបទដ៏មានសារសំខាន់មួយគឺ «ការបរិភោគសាច់និងសិទ្ធិសត្វ ក្នុងព្រះពុទ្ធសាសនា» (Flesh-Eating and Animal Rights in Buddhism) ។ ខ្លឹមសារនៃនិក្ខេបបទនេះ មានវត្ថុបំណងលើកយកកិច្ចប្រតិបត្តិតាម «គោលការណ៍ព្រះពុទ្ធសាសនា ដើម្បីដោះស្រាយវិបត្តិក្រមសីលធម៌ នៃសម័យទំនើប ពោលគឺ ការបរិភោគសាច់ និងសិទ្ធិសត្វទាំងឡាយ ដែលបានក្លាយជាជនរងគ្រោះ ពេលដែលផ្ដល់នូវសាច់របស់ខ្លួន ដើម្បីជាអាហាររបស់មនុស្សលោក» ។
ការសិក្សាថ្នាក់បណ្ឌិតនៅទីក្រុងញូវដែល្លីនេះ ជាឱកាសធ្វើឲ្យព្រះតេជព្រះគុណបានស្គាល់ជិតស្និទ្ធ នឹងអតីតសមណនិស្សិតខ្មែរ បួនអង្គ/នាក់ ដែលកំពុងរស់នៅប្រទេសឥណ្ឌានេះ តាំងពីសម័យមុនឆ្នាំ ១៩៧៥ មកគឺ ព្រះមហា ឥសី ប្រសើដ្ឋ ព្រះតេជព្រះគុណ បណ្ឌិត ម៉ុក សុផល លោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា និង លោកព្រឹទ្ធាចារ្យ បណ្ឌិត សំ បេ ដែលជាមួយអធិបតី និងជាសមាជិកស្ថាបនិក នៃសង្គមពុទ្ធសាសនាថេរវាទឥណ្ឌា-ខ្មែរ ទីក្រុងញូវដែល្លី ។ ក្នុងចំណោមនេះ ព្រះតេជព្រះគុណបានចាត់ទុកលោកព្រឹទ្ធាចារ្យបណ្ឌិត សំ បេ ថាជា «កល្យាលមិត្តពិតប្រាកដ» របស់ព្រះអង្គ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការសរសេរនិក្ខេបបទរបស់ព្រះអង្គ ។
នៅក្នុងប្រទេសក៏ដូចនៅក្រៅប្រទេស ព្រះអង្គបានជួយសង្គមខ្មែរយ៉ាងច្រើន ទាំងផ្នែកស្មារតី ដោយវិធីទេសនាពន្យល់តាមមាគ៌ាព្រះពុទ្ធសាសនា និងផ្នែកសម្ភារ ដោយការស្ថាបនាសាងសង់វត្តវ៉ាអារាមជាដើម ។ ព្រះអង្គក៏បានធ្វើសកម្មភាពជាច្រើនសម្រាប់សង្គមខ្មែរ ។ កាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨១ នៅជំរុំនានានៃប្រទេសថៃ ព្រះអង្គបានទេសនាណែនាំជនជាតិខ្មែរ ដែលភៀសខ្លួននៅទីនោះ តាមវិធីពុទ្ធសាសនា ឲ្យមានកម្លាំងផ្លូវចិត្តឡើងវិញ បន្ទាប់ពីបានរងគ្រោះ ក្នុងសម័យខ្មែរក្រហម ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។
នៅខែមេសា ឆ្នាំ ១៩៨១ ព្រះអង្គបាននិមន្តទៅគង់នៅប្រទេសកាណាដា តាមការនិមន្តរបស់ ពុទ្ធិកសមាគមខ្មែរនៅក្រុងម៉ុងរេអាល់ ដែលកាលនោះ ជនភៀសខ្លួនខ្មែរនៅកាណាដា មានប្រមាណជា ៧.០០០ នាក់ ដែលបានភៀសខ្លួនក្នុងចន្លោះឆ្នាំ ១៩៧៥–១៩៨២ ។ ទៅដល់ទីនោះ ព្រះអង្គបានកសាង វត្តខ្មែរកាណាដា នៅទីក្រុងម៉ុងរេអាល់ ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅទីនោះឲ្យបានគង់វង្ស ។ ព្រះអង្គគឺជាព្រះសង្ឃខ្មែរទី ១ ដែលបានគង់នៅប្រទេសកាណាដា និងបន្ទាប់មកបានធ្វើជាអធិបតីនៃ ពុទ្ធិកសមាគមខ្មែរនៅទីក្រុងម៉ុងរេអាល់ ។
នៅឯស្រុកខ្មែរវិញ ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ បានសហការជាមួយព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ផ្ដួចផ្ដើមគំនិតកសាងពុទ្ធមណ្ឌលមួយ នៅឃុំដីអិដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៦ ។ បច្ចុប្បន្ន ពុទ្ធមណ្ឌលនោះ បានសម្រេចជារូបរាងហើយ ដោយបានកសាងសមិទ្ធផលនានា លើផ្ទៃដីទំហំ ១០០ ហិចតា ។
ព្រះអង្គបានធ្វើជាអគ្គលេខាធិការ នៃមហាសន្និបាតសង្ឃ នៅក្រៅប្រទេសអស់កាលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ ១៩៩៥ និងបានធ្វើជាប្រធាន គណៈកម្មាធិការស្វែងរកយុត្តិធម៌ និងប្រជាធិបតេយ្យ ជូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកម្ពុជា ។
សូមស្តាប់បទសម្ភាសន៍ស្តីពីនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោក និង «សីលធម៌ពុទ្ធសាសនា»
ព្រះអង្គតែងផ្ដល់បទសម្ភាសន៍ និងធ្វើធម្មសាកច្ឆា តាមវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) និង វិទ្យុអាស៊ីសេរី (RFA) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកជាដើម ជាញឹកញាប់ ដើម្បីរំឭកបំភ្លឺស្មារតីប្រជាពលរដ្ឋ និងអ្នកដឹកនាំខ្មែរ ក្នុងការរក្សាការពារមាតុភូមិកម្ពុជា ឲ្យបានគង់វង្សស្ថិតស្ថេរ និងសុខសន្តិភាពលូតលាស់ចម្រើន ។ ក្នុងកំឡុងឆ្នាំ១៩៨៩–១៩៩៥ ព្រះអង្គបានធ្វើធម្មសាកច្ឆា តាមវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធី មានលោកសាស្ត្រាចារ្យ មាស ចន ជាដើម ជារៀងរាល់សប្ដាហ៍ ។ តមកទៀតព្រះអង្គបានធ្វើធម្មសាកច្ឆា តាមវិទ្យុអាស៊ីសេរីជាច្រើនឆ្នាំ ។ បច្ចុប្បន្ន ព្រះអង្គតែងតែផ្ដល់បទសម្ភាសន៍ ដល់វិទ្យុទាំងនេះ និងបណ្ដាញសារព័ត៌មានដទៃទៀតជារឿយ ៗ ។
ក្រៅពីនេះ ព្រះអង្គត្រូវបានសមាគមនានា នៅសហរដ្ឋអាម៉េរិក និមន្តឲ្យធ្វើបាឋកថាស្តីអំពីផ្លូវពុទ្ធចក្រសម្រាប់ជួយសង្គមខ្មែរ ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានទទួលនិមន្តទៅទេសនា ក្នុងពិធីបុណ្យទានធំ ៗ របស់ខ្មែរនៅសហរដ្ឋអាម៉េរិក ប្រទេសបារាំង ប្រទេសអូស្ត្រាលី ជាដើម ។
ព្រះអង្គនិមន្តទៅធ្វើទស្សនកិច្ច នៅប្រទេសកាន់ព្រះពុទ្ធសាសនាជាច្រើនដូចជា ប្រទេសឥណ្ឌា នេប៉ាល់ ថៃ ស្រីលង្កា ភូមា ដើម្បីពិនិត្យមើលការប្រតិបត្តិព្រះពុទ្ធសាសនា នៃប្រទេសទាំងនោះ កន្លែងណាល្អ យកមកឆ្នៃរៀបចំព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ឲ្យបានលូតលាស់ចម្រើនថែមទៀត ។ ជាងនេះទៅទៀត ព្រះក៏មានជំនាញខាងប្រតិបត្តិវិបស្សនា និងបង្ហាត់បង្រៀនពុទ្ធបរិស័ទក្នុងការប្រតិបត្តិផ្នែកនេះផងដែរ ។
តាំងពីបានកសាង វត្តខ្មែរកាណាដា នៅក្រុងម៉ុងរេអាល់ ព្រះបណ្ឌិត ហុក សាវណ្ណ បានបើកសាលាបង្រៀនអក្សរសាស្ត្រជាតិ សិល្បៈខ្មែរ ដល់កុមារា-កុមារី ជាច្រើនឆ្នាំ ក្នុងគោលដៅបណ្ដុះបណ្ដាល «ទំពាំងស្នងឫស្សី» ឲ្យមានឧត្តមគតិរក្សាតម្លៃជាតិមាតុភូមិ ហាក់ដូចព្រះអង្គមិនចេះហត់នឿយទាល់តែសោះ ។
យោងតាមឯកសារប្រវត្តិរូបសង្ខេបរបស់ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ ដែលសរសេរដោយលោកតា ថាច់ ចន្ទ (សហស្ថាបនិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម KKF) ក្នុងឆ្នាំ ២០០៤ បានលើកឡើងថា «ព្រះអង្គតែងសម្ដែងព្រះហឫទ័យគាំទ្រការតស៊ូតាមសន្តិវិធីអហិង្សា និងតាមច្បាប់អន្តរជាតិ របស់ជនរួមឈាមខ្មែរកម្ពុជាក្រោម ក្នុងបំណងរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ ហេតុដូច្នេះហើយ ព្រះអង្គទទួលបានការគោរពសក្ការៈ ពីសម្នាក់បងប្អូនខ្មែរក្រោមណាស់ ។»
ព្រះតេជព្រះគុណបណ្ឌិតតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវិវត្តន៍នៃសង្គមនយោបាយនៅកម្ពុជា ។ ជាពិសេស ព្រះអង្គពុំសូវមានទស្សនៈស្របនឹងរបៀបនៃការដឹកនាំស្រុកទេសសព្វថ្ងៃនេះប៉ុន្មានទេ ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រះតេជព្រះគុណបណ្ឌិតធ្លាប់សរសេរជាអត្ថបទវិភាគព្រះធម៌និងបញ្ហាសង្គមនិងនយោបាយ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គជាប្រចាំ ។ ប៉ុន្តែបច្ចុប្បន្នព្រះតេជព្រះគុណបណ្ឌិតបានធ្វើការផ្សាយផ្ទាល់ប្រចាំថ្ងៃតែម្ដង ដើម្បីស្របតាមនិន្នាការអ្នកប្រើប្រាស់ ។ ព្រះតេជព្រះគុណបណ្ឌិតបានតែងនិពន្ធ និងរៀបចំថតចម្រៀងប្រពៃណីបែបព្រះពុទ្ធសាសនាបានជាច្រើនបទផងដែរ ។
ជាពិសេស ព្រះអង្គបានសរសេរសៀវភៅជាច្រើន ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្វែងយល់ពីទ្រឹស្តីព្រះពុទ្ធសាសនានិងសង្គមជាដើម ។ គួរឲ្យចាប់អារម្មណ៍ នៅក្នុងសៀវភៅ «តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ» (២០០៨, ទ. ១៨) ព្រះអង្គបានលើកឡើងអំពីតួនាទីព្រះសង្ឃជាគ្រូអប់រំសីលធម៌ ក្នុងចំណោមតួនាទីសំខាន់ៗទាំងឡាយរបស់ព្រះសង្ឃពុទ្ធសាសនា នៅក្នុងបរិប័នៃការប្រែប្រួលសង្គមខ្មែរ ។ ព្រះអង្គបានសង្កេតឃើញថា៖
សម័យមុន សាលារៀនស្ទើរតែទាំងអស់ផ្នែកបឋមសិក្សានៃក្រសួងអប់រំស្ថិតនៅក្នុងវត្ត ។ ព្រះសង្ឃជាអ្នកបង្រៀនខាងអក្សរសាស្ត្រខ្មែរផងអប់រំសីលធម៌កុមារាកុមារីខ្មែរផង ។ មានយុវជនខ្លះបានចូលបួសជាសាមណេរជាភិក្ខុ ដើម្បីអប់រំបន្ទុំចិត្តក្នុងព្រះធម៌ព្រះពុទ្ធសាសនាដើម្បីមគ្គផលនិព្វានជាការចេញចាកទុក្ខមានជាតិទុក្ខជាដើម ។ បើលោកអស់និស្ស័យសឹកមកវិញ ក៏ជាពលរដ្ឋខ្មែរដ៏ល្អរបស់ប្រទេសដែរ ។ ទំនៀមបួសនេះ ដោយខ្មែរយល់ថា បើកូនឬចៅបានបួសជាសាមណេរទុកជាសងគុណម្តាយ បើបានបួសជាភិក្ខុទុកជាសងគុណឪពុក ។ ឥឡូវនេះសាលារៀនបានចាកចេញពីវត្តដោយការលូតលាស់របស់ប្រទេស សូម្បីគ្រូបង្រៀនក៏មានភេទជាគ្រហស្តដែរ ។
ស្នាដៃតែងនិពន្ធ៖
- ការព្យាបាលរោគផ្លូវចិត្ត តាមវិធីពុទ្ធសាសនា, ម៉ុងរេអាល់: វត្តខ្មែរកាណាដា, ១៩៩៣ ។
- Flesh-Eating and Animal Right in Buddhism, [ការបរិភោគសាច់ និងសិទ្ធិសត្វ នៅក្នុងពុទ្ធសាសនា] Ph.D. Thesis, University of Delhi, New Delhi, 2002.
- តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- ពង្រឹងព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- នមស្សការព្រះរតនត្រ័យ និងកំណាព្យព្រះពុទ្ធសាសនា, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- អត្ថបទព្រះធម៌ ភាគ ១-៣, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- អត្ថបទព្រះធម៌ ភាគ ៤-៥, ម៉ុងរេអាល់: www.hoksavann.org, ២០០៩ ។
- ការព្យាបាលរោគផ្លូវចិត្ត សំរាប់មនុស្សគ្រប់វ័យ, ម៉ុងរេអាល់: www.hoksavann.org, ២០០៩ ។
- នមស្ការព្រះរតនត្រ័យ និងកំណាព្យសំរាប់សិស្សនិងនិស្សិត វគ្គទី១ ទី២ ទី៣ ទី៤, ម៉ុងរេអាល់: www.hoksavann.org, ២០១១ ។
- ការព្យាបាលរោគផ្លូវចិត្ត តាមវិធីពុទ្ធសាសនា, ម៉ុងរេអាល់: វត្តខ្មែរកាណាដា, ១៩៩៣ ។
- Flesh-Eating and Animal Right in Buddhism, [ការបរិភោគសាច់ និងសិទ្ធិសត្វ នៅក្នុងពុទ្ធសាសនា] Ph.D. Thesis, University of Delhi, New Delhi, 2002.
- តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- ពង្រឹងព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- នមស្សការព្រះរតនត្រ័យ និងកំណាព្យព្រះពុទ្ធសាសនា, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- អត្ថបទព្រះធម៌ ភាគ ១-៣, ម៉ុងរេអាល់: www.hoksavann.org, ២០០៨ ។
- អត្ថបទព្រះធម៌ ភាគ ៤-៥, ម៉ុងរេអាល់: www.hoksavann.org, ២០០៩ ។
- ការព្យាបាលរោគផ្លូវចិត្ត សំរាប់មនុស្សគ្រប់វ័យ, ម៉ុងរេអាល់: www.hoksavann.org, ២០០៩ ។
- នមស្ការព្រះរតនត្រ័យ និងកំណាព្យសំរាប់សិស្សនិងនិស្សិត វគ្គទី១ ទី២ ទី៣ ទី៤, ម៉ុងរេអាល់: www.hoksavann.org, ២០១១ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment