ព្រះសង្ឃមហាយានដ៏ល្បីល្បាញ ព្រះតេជគុណ ធីច ញ៉ាត ហាញ់ ទទួលមរណភាពក្នុងជន្មាយុ ៩៥ ឆ្នាំ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, January 22, 2022

ព្រះសង្ឃមហាយានដ៏ល្បីល្បាញ ព្រះតេជគុណ ធីច ញ៉ាត ហាញ់ ទទួលមរណភាពក្នុងជន្មាយុ ៩៥ ឆ្នាំ

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ និងសៀវភៅជាប់ឈ្មោះល្បីថាលក់ដាច់ជាងគេរបស់ព្រះតេជគុណ ។

លោកវិទូ | ថ្ងៃ ៧᧵២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២២ មករា ២០២២

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ (Thich Nhat Hanh) ដែលជាព្រះសង្ឃព្រះពុទ្ធសាសនាមហាយាននិកាយ ហ្ស៊េន ជាកវីនិពន្ធ និងជាសកម្មជនសន្តិភាពដែលក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ជាបុគ្គលលេចធ្លោមួយរូបក្រោកឈរឡើងប្រឆាំងនឹងសង្រ្គាមវៀតណាម បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ ៩៥ ឆ្នាំ នៅចំពោះមុខសិស្សគណទាំងឡាយរបស់ព្រះតេជគុណ នៅក្នុងវត្តដែលព្រះតេជគុណបានចូលសាងផ្នួស ក្រុងវ៉េ ប្រទេសវៀតណាម ។

ពិធីបុណ្យសពរយៈពេលមួយសប្តាហ៍របស់ព្រះតេជគុណនឹងធ្វើឡើងនៅវត្តនោះ ដោយភាពស្ងប់ស្ងាត់ និងសន្តិភាព នេះបើយោងតាមសិស្សគណរបស់ព្រះតេជគុណ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ភារធារី Marie C. Damour នៃបេសកកម្មសហរដ្ឋអាម៉េរិកប្រចាំប្រទេសវៀតណាមបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គេនឹងចង់ចាំនូវព្រះតេជគុណ ធីច ញ៉ាត ហាញ់ ថាជាមេដឹកនាំសាសនាដ៏មានឥទ្ធិពល និងលេចធ្លោបំផុតនៅលើពិភពលោក» ។

គាត់បាននិយាយថា «តាមរយៈការបង្រៀន និងការងារអក្សរសាស្ត្ររបស់ព្រះតេជគុណ កេរដំណែលរបស់ព្រះតេជគុណនឹងតាំងនៅជាអង្វែងជាច្រើនជំនាន់ជាក់ជាមិនខាន» ។ គាត់បានបន្ថែមថា ការបង្រៀនរបស់ព្រះតេជគុណ ជាពិសេសការនាំយកទ្រឹស្តីអប់រំចិត្តទៅក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឲ្យជីវិតរបស់ប្រជាជនអាមេរិករាប់មិនអស់មានភាពភ្លឺថ្នាឡើង ។

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ២០១៤ ដែលធ្វើឱ្យព្រះតេជគុណមិនអាចនិយាយបាន ហើយត្រលប់ទៅប្រទេសវៀតណាមវិញ ដើម្បីចំណាយពេលចុងក្រោយនៃជីជិតរបស់ព្រះតេជគុណ នៅទីក្រុងវ៉េ ជារដ្ឋធានីបុរាណភាគកណ្ដាល និងទីកន្លែងកំណើតរបស់ព្រះតេជគុណ បន្ទាប់ពីចំណាយពេលពេញមជ្ឈិមវ័យរបស់ព្រះតេជគុណ រស់នៅនិរទេសខ្លួនឯក្រៅប្រទេស ។

ក្នុងនាមជាអ្នកត្រួសត្រាយនៃព្រះពុទ្ធសាសនានៅលោកខាងលិច គាត់បានបង្កើតវត្តភូមិផ្លាំ នៅប្រទេសបារាំង ហើយបានសម្ដែងធម៌ជាទៀងទាត់អំពីការប្រតិបត្តិការអប់រំចិត្ត ចំពោះពិភពលោកបែបសាជីវកម្ម និងសិស្សគុណទាំងឡាយរបស់ព្រះតេជគុណ ។

ព្រះតេជគុណបានមានសង្ឃដីកានៅក្នុងបាឋកថាឆ្នាំ២០១៣ថា «[ចូរ]អ្នករៀនពីរបៀបនៃការកើតទុក្ខ ។ ប្រសិនបើអ្នកដឹងពីរបៀបកើតទុក្ខ អ្នក[នឹង]កើតទុក្ខកាន់តែតិចទៅៗ ។ ហើយបន្ទាប់មក អ្នកដឹងពីរបៀបប្រើសេចក្តីទុក្ខ ដើម្បីបង្កើតភាពរីករាយនិងសុភមង្គល ។ សិល្បៈនៃសុភមង្គល និងសិល្បៈនៃសេចក្តីទុក្ខតែងតែនៅជាមួយគ្នាជានិច្ច» ។

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ កើតនៅក្នុងឆ្នាំ១៩២៦ មាននាមពីកំណើតថា ង្វៀង សួន បៅ (Nguyen Zuan Bao) ហើយបានចូលសាងភ្នួសក្នុងពុទ្ធសាសនាតាមប្រពៃណីវៀតណាម ក្នុងសម័យលោក ហូ ជី មីញ ដឹកនាំកម្លាំងតស៊ីទាមទារឯករាជ្យពីអាណានិគមបារាំង ។

ព្រះតេជគុណអាចនិយាយបានរហូតដល់ទៅប្រាំពីរភាសា បាននិមន្តទៅទេសនានៅសាកលវិទ្យាល័យ ព្រីនស្តុន និងកូឡុំបៀ សហរដ្ឋអាម៉េរិក ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៦០ ។ ព្រះតេជគុណបានត្រលប់ទៅប្រទេសវៀតណាមវិញក្នុងឆ្នាំ១៩៦៣ ដើម្បីចូលរួមក្នុងចលនាពុទ្ធសាសនាប្រឆាំងនឹងសង្គ្រាមវៀតណាម ដែលពុះកញ្ជ្រោលឡើងខ្លាំងក្រោយពីមានការដុតខ្លួនរបស់ព្រះសង្ឃជាច្រើនអង្គ ។

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ ស្ថិតនៅក្នុងចំណោមបញ្ញវន្តពុទ្ធសាសនាអន្តរជាតិ ដែលបានបង្កើតនិងផ្សព្វផ្សាយចលនា យកពុទ្ធសាសនាបម្រើសង្គមមនុស្ស ឬពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។ នាពេលនោះ ព្រះតេជគុណត្រូវបានគេប្រសិទ្ធិនាមថា «មហាព្រះគ្រូ» មួយអង្គក្នុងចំណោមមហាព្រះគ្រូពុទ្ធសាសនាអន្តរជាតិទាំង ៤ អង្គ រួមទាំងសម្ដេចព្រះមហាឃោសានន្ទ របស់កម្ពុជា ព្រះតេជគុណ សុង សាន របស់កូរ៉េខាងត្បូង និង ព្រះតេជគុណ តេនហ្ស៊ីន កាត្សូ ជាសម្ដេចសង្ឃដាឡៃឡាម៉ា ទី១៤របស់ទីបេត៍ ។

ក្នុងដំណើរឆ្ពោះទៅរកចំណុចកំពូលនៃសង្រ្គាមវៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះតេជគុណបានជួបមេដឹកនាំសិទ្ធិមនុស្សលោក ម៉ាទីន ឡូតធឺរ ឃីង (Martin Luther King) ហើយព្រះតេជគុណបានបញ្ចុះបញ្ចូលគាត់ឱ្យចេញមុខប្រឆាំងនឹងសង្គ្រាមនេះ ។

លោក ម៉ាទីន ឡូតធឺរ ឃីង បានហៅព្រះតេជគុណ ធីច ញ៉ាត ហាញ់ ថា «សាវ័កនៃសន្តិភាព និងអហិង្សា» ហើយបានតែងតាំងគាត់សម្រាប់រង្វាន់ណូបែលសន្តិភាព ។ លោក ម៉ាទីន ឡូតធឺរ ឃីង បានសរសេរនៅក្នុងលិខិតតែងតាំងរបស់គាត់ថា «ខ្ញុំផ្ទាល់មិនដឹងថានរណាម្នាក់សមនឹងរង្វាន់ណូបែលសន្តិភាពជាងព្រះសង្ឃពុទ្ធសាសនាដ៏ទន់ភ្លន់មកពីប្រទេសវៀតណាមនេះទេ» ។

ខណៈពេលដែលនៅសហរដ្ឋអាម៉េរិកដើម្បីជួបជាមួយលោក ម៉ាទីន ឡូតធឺរ ឃីង កាលពីមួយឆ្នាំមុននោះ រដ្ឋាភិបាលវៀតណាមខាងត្បូងបានហាមឃាត់ព្រះតេជគុណមិនឲ្យត្រលប់ចូលស្រុកវិញបាន ។

សិស្សផ្ទាល់របស់ព្រះតេជគុណជាជនជាតិកូរ៉េម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា «ព្រះតេជគុណប្រៀបដូចជាដើមស្រល់ដ៏ធំមួយ ដែលអនុញ្ញាតឲ្យមនុស្សជាច្រើនសម្រាកនៅក្រោមមែករបស់ព្រះតេជគុណបាន ជាមួយនឹងការបង្រៀនដ៏អស្ចារ្យរបស់ព្រះតេជគុណអំពីការអប់រំចិត្ត និងមេត្តាករុណាធម៌ ។ ព្រះតេជគុណគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សអស្ចារ្យបំផុតដែលខ្ញុំធ្លាប់ជួប» ។

ស្នាដៃរបស់ព្រះតេជគុណ ធីច ញ៉ាត ហាញ់ និងការលើកកម្ពស់គំនិតនៃការអប់រំចិត្តនិងសមាធិ ទទួលបាននូវប្រជាប្រិយភាពជាថ្មី នៅពេលដែលពិភពលោកទាំងមូលរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ ដែលបានសម្លាប់មនុស្សជាងមួយលាននាក់ និងធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ។

ព្រះតេជគុណ ធីច ញ៉ាត ហាញ់ បានសរសេរថា «ក្តីសង្ឃឹមមានសារៈសំខាន់ ព្រោះវាអាចធ្វើឲ្យពេលវេលាបច្ចុប្បន្នកាន់តែមិនសូវលំបាកទ្រាំ ។ ប្រសិន​បើ​យើង​ជឿ​ថា​ ថ្ងៃ​ស្អែក​នឹង​ល្អ​ជាង​នេះ យើង​អាច​ទ្រាំទ្រ​នឹង​ការ​លំបាក​ក្នុង​ថ្ងៃ​នេះបាន» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment