បើកហើយ! អាហារូបករណ៍ឥណ្ឌា (ICCR) សម្រាប់សមណនិស្សិត-និស្សិតខ្មែរ, ២០២២-២០២៣, និងគំនិតសំខាន់ៗ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, February 01, 2022

បើកហើយ! អាហារូបករណ៍ឥណ្ឌា (ICCR) សម្រាប់សមណនិស្សិត-និស្សិតខ្មែរ, ២០២២-២០២៣, និងគំនិតសំខាន់ៗ

រូបភាពឯកសារ៖ ឯ.ឧ. ពេជ្រឃុន បញ្ញា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា (២០១៥-២០១៨) និង សមណនិស្សិត-និស្សិតខ្មែរ ក្នុងពិធីទទួលសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាពុទ្ធសាសនារបស់សម្ដេច ព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី, ១៨ វិច្ឆិកា ២០១៧ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៣᧿២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១ កុម្ភៈ ២០២២

អាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា (ICCR) សម្រាប់សមណនិស្សិត-និស្សិតខ្មែរ ឆ្នាំសិក្សា ២០២២-២០២៣ បានប្រកាសបើកទទួលពាក្យចាប់ពីថ្ងៃទី២៥ មករា ២០២២ រហូតដល់ថ្ងៃទី ៣០ មេសា ២០២២

ជារៀងរាល់ឆ្នាំ ឥណ្ឌាបានផ្ដល់អាហារូបករណ៍ប្រហែលចំនួន ២៣ កន្លែងសម្រាប់សមណនិស្សិត-និស្សិតខ្មែរ ដើម្បីបន្តការសិក្សាជាន់ខ្ពស់នៅប្រទេសឥណ្ឌា គ្រប់មុខវិជ្ជា (លើកលែងតែវិជ្ជសាស្ត្រ និងទន្តសាស្ត្រចេញ) និងគ្រប់កម្រិតសិក្សាចាប់ថ្នាក់បរិញ្ញាបត្រឡើងទៅ (អាយុ ៣០ ឆ្នាំចុះ) រហូតដល់ថ្នាក់បណ្ឌិត (អាយុ ៤៥ ឆ្នាំចុះ) ។

អាហារូបករណ៍នេះមិនគិតថាជាព្រះសង្ឃ ឬសិស្សនិស្សិតធម្មតាទេ អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍បានទាំងអស់ ។ ការប្រកួតប្រជែងយកអាហារូបករណ៍ មានលក្ខណៈធូរជាងអាហារូបករណ៍របស់ប្រទេសមួយចំនួនដូចជា ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ។ល។ ដោយសារចំនួនអ្នកដាក់ពាក្យប្រឡងតិចជាង ។ នេះជាការណ៍កម្រណាស់ ដែលព្រះសង្ឃសមណនិស្សិត មានសិទ្ធិដាក់ពាក្យប្រឡងយកអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌា ដ៏វិសេសនេះ ដូចនិស្សិតទូទៅដែរដោយមិនមានការរើសអើង ។

តែដោយសារវិបត្តិកូរ៉ូណា ការដាក់ពាក្យយកអាហារូបករណ៍ឆ្នាំនេះមិនមានការប្រឡងដោយផ្ទាល់នៅស្ថានទូតឥណ្ឌានៅទីក្រុងភ្នំពេញដូចសព្វដងទេ តែបេក្ខជនត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយនូវសំណេរតែងសេចក្តីជាភាសាអង់គ្លេសចំនួន ៥០០ ពាក្យ ដើម្បីបញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន ។

សម្រាប់សមណនិស្សិត-និស្សិតថ្មី ដែលមានបំណងដាក់ពាក្យអាហារូបករណ៍លើកដំបូង គួរត្រៀមខ្លួនឲ្យហើយចាប់ពីពេលនេះតទៅ និងត្រូវរៀបចំឯកសារសិក្សាចាំបាច់មួយចំនួនដូចជា លិខិតឆ្លងដែន សញ្ញាបត្រ (គ្រប់កម្រិត) ព្រឹត្តិបត្រពិន្ទុ (គ្រប់កម្រិត) លិខិតណែនាំចំនួន២ (Recommendation Letters) ចេញដោយសាស្ត្រាចារ្យ ឬស្ថាប័នសិក្សារបស់ខ្លួន ។ គ្រប់ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស (បើជាភាសាខ្មែរត្រូវបកប្រែជាភាសាអង់គ្លេស ដោយសេវាបកប្រែដែលមានគុណភាពមកជាមួយផង) ។

ដូច្នេះ ព្រះសង្ឃសមណនិស្សិតគ្រប់ព្រះអង្គ ក៏ដូចនិស្សិតគ្រប់រូប ដែលប្រាថ្នានិមន្តនិងចង់ទៅសិក្សានៅប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិដ៏ពិសិដ្ឋ គួរឆក់យកឱកាសនេះ ដើម្បីបានអាហារូបករណ៍ឥណ្ឌា សម្រាប់ឆ្នាំសិក្សាឆ្នាំថ្មីខាងមុខនេះ ។ តែត្រូវតែត្រៀមខ្លួនឲ្យបានច្បាស់លាស់ ម៉ឹងម៉ាត់ហ្មត់ចត់ និងរៀបចំឯកសារឲ្យបានត្រឹមត្រូវ តាមលក្ខន្តិករបស់អាហារូបករណ៍ ។ សូមអានគន្លឹះសំខាន់ៗ និងដំណាក់កាលនៃការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍នៅទីនេះ ។

គន្លឹះជោគជ័យ៖

១-ឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខន្តិក (fulfilled all required documents) ។
២-កម្រិតជំនាញភាសាអង់គ្លេសល្អ (at least workable English proficiency) ។
៣-ជ្រើសរើសសាកលវិទ្យាល័យបានត្រឹមត្រូវតាមឯកទេស និងលក្ខន្តិកសាលា (fulfilled universities' admission criteria) ។
៤-បីចំណុចខាងលើ អាស្រ័យការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ (adequate information about the scholarship) ។

សូមមើលសេចក្ដីប្រកាសព័ត៌មានអាហារូបករណ៍ ដែលចេញផ្សាយដោយស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញខាងក្រោម សម្រាប់ព័ត៌មានលម្អិត ។ បើមានឯកសារសព្វគ្រប់ហើយ សូមចុះឈ្មោះ និងបំពេញទម្រង់អាហារូបករណ៍ តាមអនឡាញនៅគេហទំព័រនេះ៖ http://www.a2ascholarships.iccr.gov.in/ ។ សូមបញ្ជាក់ថា នៅលើគេហទំព័រនេះ មានព័ត៌មានសព្វគ្រប់សំខាន់ៗ ដែលទាក់ទងនឹងអាហារូបករណ៍ ។ សូមអានបម្រាប់នានា មុនពេលបំពេញទម្រង់អាហារូបករណ៍ ។

បើមានសំណួរទាក់ទងនឹងដំណឹងអាហារូបករណ៍នេះ សូមទាក់ទងដោយផ្ទាល់ទៅកាន់មន្ត្រីស្ថានទូតឥណ្ឌា ឬអាចផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកលោកវិទូ ឬបញ្ចូលមតិនិងសំណួរនៅក្នុងប្រអប់ខាងក្រោមនេះបាន ។ យើងខ្ញុំនឹងព្យាយាមឆ្លើយតប ដោយឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងទទួលស្វាគមន៍ការប្រឹក្សាយោបល់ណាមួយបើចាំបាច់ ។

សូមបញ្ជាក់ថា យោងតាមបទពិសោធន៍និស្សិតខ្មែរដែលធ្លាប់រៀននៅប្រទេសឥណ្ឌា ប្រាក់អាហារូបករណ៍ឥណ្ឌាមើលទៅទាបជាងប្រាក់អាហារូបករណ៍ប្រទេសដទៃទៀត ដោយសារតម្លៃ(ការចំណាយ)នៃការរស់នៅប្រចាំថ្ងៃមានកម្រិតខុសគ្នា ។ ដូច្នេះ ប្រាក់អាហារូបករណ៍ឥណ្ឌាដូចមានបង្ហាញខាងក្រោមនេះ គឺគ្រប់គ្រាន់សមរម្យសម្រាប់ការចំណាយប្រចាំខែ និងការទិញសម្ភារសិក្សាឬសៀវភៅជាដើម ដោយពុំមានអ្វីត្រូវខ្វល់ខ្វាយឡើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment