សង្ក្រាន្តឆ្នាំថ្មីវត្តកុរុរដ្ឋខេមរារាម៖ ខ្មែរ-ឡាវ-មីយ៉ាន់ម៉ា - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, April 16, 2022

សង្ក្រាន្តឆ្នាំថ្មីវត្តកុរុរដ្ឋខេមរារាម៖ ខ្មែរ-ឡាវ-មីយ៉ាន់ម៉ា

ឯកឧត្តមឯកអគ្គរាជ/រដ្ឋទូតទាំងបីប្រទេស និងលោកជំទាវ, មហារោង វត្តខ្មែរកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ១៥ មេសា ២០២២ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៧᧯៥ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ១៦ មេសា ២០២២ 

ទីក្រុងញូវដែល្លី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដោយស្ថានឯកអគ្គរដ្ឋទូតឡាវ និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងញូវដែល្លី ព្រមទាំងសហការី និងពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរយ៉ាងច្រើនកុះករ បានប្រារព្ធកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅវត្តកុរុរដ្ឋខេមរារាម (ហៅវត្តខ្មែរទីក្រុងញូវដែល្លី) ដែនដីពុទ្ធភូមិ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយនិងភាតរភាព នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃវារៈវ័នបត ។ 

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាប្រពៃណីឡាវនិងមីយ៉ាន់ម៉ា ដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ ព្រមទាំងឯកអគ្គរដ្ឋទូតដែលជាមិត្តគឺ ឯកឧត្តម H.E. Mr. Bounneme Chouanghom ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងលោកជំទាវ និងឯកឧត្តម H.E. Mr. Moe Kyaw Aung ឯកអគ្គរដ្ឋទូតនៃសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ សហការីស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ ព្រមទាំងវត្តមានដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ប្រធានសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរនៃទីក្រុងញូវដែល្លី ។ សមណនិស្សិត-និស្សិតខ្មែរ និងបងប្អូនខ្មែរនៅទីក្រុងញូវដែល្លីជាច្រើននាក់ ក៏បាននិមន្តនិងអញ្ជើញចូលរួមផងដែរ ។

កម្មវិធីបុណ្យចូលឆ្នាំថ្មីដែលត្រូវបានឧបត្ថម្ភនិងសហការរៀបចំដោយស្ថានទូតខ្មែរ ព្រះសង្ឃនិងបងប្អូននិស្សិតខ្មែរនៅទីក្រុងញូវដែល្លី បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយនិងភាតរភាព និងអំណរសាទរដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ទៅតាមប្រពៃណីជាតិខ្មែរ មិនខុសពីស្ថានភាពជាក់ស្ដែងនៅប្រទេសកម្ពុជាប៉ុន្មានទេ ក្រោយពីអាក់ខានអស់រយៈពេលពីរឆ្នាំដោយសារវិបត្តិមេរោគកូវីដ១៩ ខណៈស្ថានភាពបច្ចុប្បន្ននៅប្រទេសឥណ្ឌាមានភាពប្រសើរឡើងស្ទើរដូចប្រក្រតីវិញ ។
រូបថតជុំគ្នាជាអនុស្សាវរីយ៍, វត្តខ្មែរកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ១៥ មេសា ២០២២ ។ រូបភាព៖ លោកវិទូ

តាមប្រពៃណីពុទ្ធសាសនាខ្មែរ ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីវត្តខ្មែរញូវដែល្លី ភ្លៀវកិត្តិយស និងពុទ្ធបរិស័ទទាំងអស់បានយកចង្ហាន់បរិក្ខារនិងគ្រឿងសក្ការបូជាទាំងឡាយទៅវត្ត ដើម្បីប្រគេនចំពោះព្រះសង្ឃ និងធ្វើបទនមស្ការសមាទានសីល រាប់បាត្រ វេរចង្ហាន់ បង្សុកូល និងចម្រើនព្រះបរិត្ត ។ ខណៈព្រះសង្ឃកំពុងទទួលចង្ហាន់ ឯកឧត្តម អ៊ុង ស៊ាន បានថ្លែងសារជូនពរឆ្នាំថ្មី និងសំណេះសំណាលជាមួយបងប្អូនខ្មែរ និងមិត្តបរទេសទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីបុណ្យ ។ 

បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់រួច ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទ បានធ្វើកម្មវិធីស្រង់ព្រះ ព្រះសង្ឃប្រសិទ្ធីជយន្តោ នៅនឹងមុខព្រះវិហារដែលមានរចនាបទខ្មែរអង្គរដ៏ល្អឯក ដើម្បីនាំមកនូវសិរីសួស្តី ជោគជ័យ និងវិបុលសុខគ្រប់ប្រការ ក្នុងឱកាសឆ្នាំថ្មី ដែលមានទេវតាព្រះនាម កិរិណីទេវី ដែលជាបុត្រីទី៥របស់កបិលមហាព្រហ្ម យាងចុះមកអភិបាលឃុំគ្រងជម្ពូទ្វីបទាំងមូល ។ 

ក្រោយពីបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ក៏មានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរផងដែរដូចជា វាយក្អម ទាញព្រ័ត្រ លាក់កន្សែង និងការច្រៀងរាំកម្សាន្ត នៅចំពោះមុខវត្តមានរបស់ភ្ញៀវកិត្តិយសពីស្ថានទូតទាំងបី នៃប្រទេសកាន់ពុទ្ធសាសនាថេរវាទដូចគ្នា ។ នៅវេលាម៉ោងប្រហែល ៤ ល្ងាច កម្មវិធីសង្ក្រាន្តឆ្នាំថ្មីវត្តកុរុរដ្ឋខេមរារាម ក៏ត្រូវបានបញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីរាយឥតឧបមា ៕ 

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment