នាយករដ្ឋមន្ត្រីថៃចង់ជម្រុញឲ្យដាក់បាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, April 19, 2022

នាយករដ្ឋមន្ត្រីថៃចង់ជម្រុញឲ្យដាក់បាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

នាងកញ្ញា មិល្លី កំពុងច្រៀងលើកឆាកប្រគំតន្ត្រី មានដៃកាន់ចានបង្អែមបាយដំណើបស្វាយទុំ ។ រូបភាព៖ Khoasod

លោកវិទូ | ថ្ងៃ ៣᧳៥ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ១៩ មេសា ២០២២

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាឲ្យគ្រប់ក្រសួងទាំងអស់ជម្រុញអំណាចទន់ (Soft Power) របស់ថៃ លើឆាកអន្តរជាតិ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រី «មិល្លី» បានបង្ហាញការញ៉ាំយដំណើបស្វាយទុំ នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ដ៏​ល្បី​មួយ​រហូត​ដល់​ល្បី​ពេញ​ពិភពលោក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ។

នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋាភិបាល លោក ឋានៈកន វង់ប៊ុនកងចាណា (Thanakorn Wangboonkongchana) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​ក្រោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីថា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី​បាន​មើល​ឃើញ​ថា ​វប្បធម៌​ជាអំណាចទន់ដែលមានឥទ្ធិពលមួយដែលលេចធ្លោរបស់ថៃ ។ ដូច្នេះ លោក​បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​អស់ឲ្យជម្រុញផ្សព្វផ្សាយអំណាចទន់របស់ថៃ ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា និងភ្ជាប់វប្បធម៌ថៃទៅកាន់ពិភពលោក ។

ការណ៍នេះធ្វើឡើងបន្ទាប់ពីតារាចម្រៀងរ៉េបវ័យក្មេងដ៏មានទេពកោសល្យរបស់ថៃគឺ នាងកញ្ញា ដនុផា ខណាធីរកុល (Danupha Kanatirakul) ដែលគេស្គាល់ថា «មិល្លី» មានឱកាសបង្ហាញវត្តមានក្នុងកម្មវិធីតន្ត្រីលំដាប់ពិភពលោក Coachella 2022 នៅលើឆាកតែមួយជាមួយសិល្បករល្បីៗលំដាប់ពិភពលោកជាច្រើនរូប នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ជាមួយបាយដំណើបស្វាយទុំ ព្រមទាំងការ​បង្ហាញ​ការ​ញ៉ាំ​បាយ​ដំណើប​ស្វាយទុំលើ​ឆាកទៀតផង ខណៈ​ទស្សនិក​ជន​បរទេស​ដែល​ចូល​រួម​ការ​ប្រគំ​តន្ត្រីកំពុងទស្សនាយ៉ាងច្រើនកុះករ និងចំពោះមុខភ្នែករបស់ពិភពលោកទាំងមូលដែលកំពុងមើលតាមអ៊ីនធឺណិត ។

ជាលទ្ធផល ពាក្យថា «បាយដំណើបស្វាយទុំ» ឬជាភាសាអង់គ្លេសថា «mango sticky rice» បានក្លាយជាពាក្យដែលគេស្វែងរកជុំវិញពិភពលោកនៅលើ Google ហើយប្រទេសមួយមានការស្វែងរកច្រើនគឺសហរដ្ឋអាម៉េរិក ដែលជាប្រទេសដែលនាងកញ្ញាអាយុ ១៩ ឆ្នាំរូបនេះបានទៅប្រគំតន្ត្រី ។

ប៉ុន្តែអ្នកសារព័ត៌មានថៃមួយរូបឈ្មោះ លោក ប្រាវិដ រោជនព្រឺក (Pravit Rojanaphruk) នៃការសែត Khaosod English បានលើកឡើងថា ដោយសារបង្អែមបាយដំណើបស្វាយទុំនេះមិនមែនមានតែនៅប្រទេសថៃ សូម្បីប្រទេសជិតខាងគឺ កម្ពុជា និងឡាវ ក៏មានដែរ ។ ដូច្នេះ បើចង់ដាក់វាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គួរតែដាក់រួមគ្នាដើម្បីរក្សាទំនាក់ទំនងល្អទ្វេភាគីជាមួយប្រទេសជិតខាង ។

ដោយភ្ជាប់ជាមួយផងនូវរូបភាពបាយដំណើបស្វាយទុំរបស់ខ្មែរមានដូចជាបាយដំណើបស្វាយទុំ និងបាយដំណើបដូងជាមួយស្វាយទុំ លោក ប្រាវិដ បានសរសេរលើទំព័រហ្វេសប៊ុកកាសែតខាងលើថា «ប្រជាជនថៃសប្បាយចិត្តចំពោះបាយដំណើបស្វាយទុំ ហើយបានឮថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចង់ជម្រុញឲ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ ថាជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសថៃ គួរជ្រាបថា បងប្អូនខ្មែរយើងនៅប្រទេសកម្ពុជា ក៏មានមុខបង្អែម[ប្រភេទនេះ]ស្ទើរតែដូចគ្នាដែរ ។ ប្រហែលជាការល្អបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង បើសិនជាការប៉ុនប៉ងចុះបញ្ជីនោះធ្វើរួមគ្នា» ។

អំណាចទន់គឺជាផ្នែកមួយនៃអំណាចរបស់ប្រទេសនីមួយៗលើឆាកអន្តរជាតិ ដែលជាឥទ្ធិពលដែលអាចកើតឡើងដោយសារភាពទាក់ទាញ ឬការបញ្ចុះបញ្ចូល ដោយមិនប្រើកម្លាំងយោធនា ឬការទិញដូរដោយប្រាក់ ឬក៏ប្រើឥទ្ធិពលសេដ្ឋកិច្ចដែលជាអំណាចរឹង ។ ជាទូទៅអំណាចទន់មានធាតុផ្សំសំខាន់បីយ៉ាងគឺ វប្បធម៌ (ដែលជាទីទាក់ទាញដល់អ្នកដទៃ) តម្លៃនយោបាយ (ដែលគេអាចរំពឹងបាននៅក្នុងនិងក្រៅប្រទេស) និងគោលនយោបាយបរទេស (ដែលគេមើលទៅសមស្រប និងមានសិទ្ធិអំណាចខាងសីលធម៌) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment