សម្ដេចព្រះអគ្គមហាសង្ឃរាជទទួលគោរមងារ «អភិធជអគ្គមហាសទ្ធម្មជោតិក» ពីមីយ៉ាន់ម៉ា - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, June 16, 2022

សម្ដេចព្រះអគ្គមហាសង្ឃរាជទទួលគោរមងារ «អភិធជអគ្គមហាសទ្ធម្មជោតិក» ពីមីយ៉ាន់ម៉ា

ពិធីថ្វាយគោរមងារ «អភិធជអគ្គមហាសទ្ធម្មជោតិក» ។

លោកវិទូ | ថ្ងៃ៥᧲៧ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៦ មិថុនា ២០២២

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ក្នុងការទទួលបាននូវគោរមងារនាមាភិធេយ្យ៍ដ៏ខ្ពង់ខ្ពស់បំផុត ផ្នែកខាងផ្សព្វផ្សាយព្រះពុទ្ធសាសនា​ «អភិធជអគ្គមហាសទ្ធម្មជោតិក» របស់ក្រុមប្រឹក្សារដ្ឋនៃសាធាររដ្ឋសហភាពមីយ៉ាន់ម៉ា​ នៅថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦  ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នារាជធានីភ្នំពេញ ។

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដំណាងឲ្យក្រុមប្រឹក្សារដ្ឋនៃសាធាររដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្វាយគោរមងារនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលចតុមុខ រាជធានីភ្នំពេញ ។

គោ រមងារផ្នែកព្រះពុទ្ធសាសនា គឺជាគោរមងារកិត្តិយសដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រគល់ជូន ដើម្បីទទួលស្គាល់សមាជិកនៃគណៈសង្ឃ ក៏ដូចជាជនស៊ីវិល ដែលខិតខំអភិវឌ្ឍន៍ លើកកម្ពស់ និងផ្សព្វផ្សាយសាសនា ។ ដូច្នេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​ ទេព​ វង្ស ទ្រង់ទទួលបានព្រះគោរមងារខ្ពស់បំផុត មានព្រះឋានៈជា «អភិធជអគ្គមហាសទ្ធម្មជោតិក» ពីយក្រុមប្រឹក្សារដ្ឋនៃសាធាររដ្ឋសហភាពមីយ៉ាន់ម៉ា សម្រាប់ស្នាដៃក្នុងការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងលើកកម្ពស់ព្រះពុទ្ធោវាទ ទាំងថ្នាក់ជាតិនិងអន្តរជាតិ ។

សូមរំឭកផងដែរថា កាលពីទសវត្សរ៍ឆ្នាំ១៩៥០ រដ្ឋាភិបាលសហភាពភូមាធ្លាប់បានថ្វាយគោរមងារជាន់ខ្ពស់សំខាន់ពីរជាបន្តបន្ទាប់ ចំពោះសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជនៃកម្ពុជរដ្ឋ ក្នុងចន្លោះត្រឹមតែបីឆ្នាំប៉ុណ្ណោះ ។ ពោលគឺ ក្នុងឆ្នាំ​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា «ព្រះ​អគ្គ​មហា​បណ្ឌិត នៃ​សហភាព​ភូមា» ។ ស្រាប់​តែ​ដល់​មក​ឆ្នាំ១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមាបាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា «ព្រះ​អភិធជមហារដ្ឋ​គរុ នៃ​សហភាព​ភូមា​» ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា នាកាលនោះ ។

ការតម្លើងព្រះឋានៈសម្ដេច​ជា «ព្រះ​អភិធជមហារដ្ឋ​គរុ» នេះ គឺធ្វើឡើងក្រោយពីសម្ដេចបានយាងចូលរួម ក្នុងពិធីបុណ្យឆដ្ឋសង្គាយនាដ៏មហោឡារិក នៅប្រទេសភូមា ក្នុងឆ្នាំ១៩៥៦ ដែលជាឱកាសមួយដែលប្រទេសភូមា និងពុទ្ធសាសនាពិភពលោកបានឃើញប្រចក្ស នូវគុណវិសេសរបស់ព្រះអង្គ ផ្នែកប្រាជ្ញាញាណ ក្នុង«ព្រះបរិយត្តិធម៌» ជាទីគោរពសក្ការៈនៃពុទ្ធបរិស័ទជាតិនិងអន្តរជាតិ ។

ដោយឡែក សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​ ទេព​ វង្ស បានទទួលព្រះឋានៈជា «អភិធជអគ្គមហាសទ្ធម្មជោតិក» នាពេលនេះ ជាគ្រឿងសម្គាល់ពីព្រះសកម្មភាពនិងស្នាដៃ ផ្នែកខាង«កិច្ចការធម្មទូត» គួរជាទីជ្រះថ្លារបស់សម្ដេចជាអម្ចាស់ ។

តារាងគោរមងារពុទ្ធសាសនាភូមា សម្រាប់កិច្ចការធម្មទូតមានដូចខាងក្រោមនេះ៖

សម្រាប់ព្រះសង្ឃ

១. អភិធជអគ្គមហាសទ្ធម្មជោតិក
Abhidhaja Agga Mahā Saddhamma Jotika
២. អគ្គមហាសទ្ធម្មជោតិកធជ
Agga Mahā Saddhamma Jotika Dhaja
៣. មហាសទ្ធម្មជោតិកធជ
Mahā Saddhamma Jotika Dhaja
៤. សទ្ធម្មជោតិកធជ
Saddhamma Jotika Dhaja
៥. អគ្គមហាកម្មដ្ឋានាចរិយ
Agga Mahā Kammaṭṭhānācariya
៦. មហាកម្មដ្ឋានាចរិយា
Mahā Kammaṭṭhānācariya
៧. កម្មដ្ឋានាចិរយ
Kammaṭṭhānācariya

សម្រាប់ដូនជី

១. មហាសទ្ធម្មជោតិកធជ
Mahā Saddhamma Jotika Dhaja
២. សទ្ធម្មជោតិកធជ
Saddhamma Jotika Dhaja

សម្រាប់ជនស៊ីវីល

១. មហាសទ្ធម្មជោតិកធជ
Mahā Saddhamma Jotika Dhaja
២. សទ្ធម្មជោតិកធជ
Saddhamma Jotika Dhaja
៣. សាសនានុគ្គហ
Sāsanānuggaha

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment