មនុស្សម្នារាប់ពាន់នាក់ទៅថ្វាយបង្គំនៅព្រះវិហារស្វេដាហ្គោន ក្នុងថ្ងៃបុណ្យចេញព្រះវស្សា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, October 10, 2022

មនុស្សម្នារាប់ពាន់នាក់ទៅថ្វាយបង្គំនៅព្រះវិហារស្វេដាហ្គោន ក្នុងថ្ងៃបុណ្យចេញព្រះវស្សា

ពុទ្ធបរិស័ទបាន​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​បូជាបទីប (ពន្លឺ)​ ក្នុងថ្ងៃ​បុណ្យ​ចូល​វស្សាកាលពី​នៅ​ថ្ងៃ​អាទិត្យ ។ រូបភាព៖ AFP

លោកវិទូ | ថ្ងៃ ២᧯១១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ១០ តុលា ២០២២ 

ពុទ្ធបរិស័ទរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅព្រះវិហារស្វេដាហ្គោន ក្នុងប្រទេសភូមា ដើម្បីប្រារព្ធពិធីបុណ្យពេញបូណ៌មីនៃពិធីបុណ្យ Thadingyut (បុណ្យចេញព្រះវស្សា) កាលពីថ្ងៃអាទិត្យ ដោយខ្លះថ្វាយបង្គំបួងសួង សុំសេចក្តីសុខចម្រើនដល់ប្រទេសជាតិ ដែលបានធ្លាក់ចូលទៅក្នុងភាពចលាចលដោយរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១ ។

ពិធីបុណ្យរយៈពេលបីថ្ងៃ គឺជាថ្ងៃដែលព្រះពុទ្ធបានយាងចុះពីឋានសួគ៌ ហើយជាធម្មតាគេប្រារព្ធពិធីបុណ្យនេះដោយការបាញ់កាំជ្រួច ដោយមានទៀន និងគោមចម្រុះពណ៌បំភ្លឺតាមដងផ្លូវ និងផ្ទះ ។

នាពេលព្រឹកព្រហាម មនុស្សម្នាជាច្រើនកុះករបានតម្រង់ជួរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន ដើម្បីបួងសួងនៅព្រះវិហារស្វេដាហ្គោន ដែលស្រោបដោយមាស ដែលជាកន្លែងព្រះពុទ្ធសាសនាដ៏សំខាន់បំផុតរបស់ប្រទេសភូមា ។ កាលប្បវត្តិ​ក្នុង​ស្រុក​និយាយ​ថា ព្រះវិហារមាសនេះ​មានតម្កល់​ព្រះកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។

នៅ​ក្នុង​បរិវេណ​ដ៏​សំខាន់ ​មនុស្សម្នា​បាន​សម្រុក​ចូល​ទៅ​ក្នុង​រង្វង់​មូល​នៃព្រះវិហារ ដោយ​ខ្លះ​ឈប់​ថត​រូប​ Selfie អុជ​ទៀន ឬ​ដុត​ធូប ។ រីឯអ្នក​ផ្សេង​ទៀត​បាន​ឈរ​មួយ​ឡែក​ដើម្បី​នមស្ការបួងសួង​ស្ងាត់ៗ ។

បុរស​ម្នាក់​មក​ពី​ទីប្រជុំជន Thone Gwa ក្នុង​ទីក្រុងយ៉ាំងហ្គោន បាន​និយាយ​ថា៖ «យើង​មិន​បាន​មក​ទី​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​បាន​ចាក​ចេញ​ពី​ផ្ទះ​ឲ្យបានឆាប់ ​ដើម្បី​ជៀសវាង​មនុស្សម្នាច្រើន ប៉ុន្តែ​មាន​មនុស្ស​ច្រើន​​នៅ​វត្តរួចទៅហើយ» ។ គាត់មិនចង់ប្រាប់ឈ្មោះរបស់គាត់ទេ ។ «ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពួក​គេ​ចង់​ចេញ​ពី​ផ្ទះ» ។

ប្រទេសភូមាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១ ដោយមានការបន្តប្រយុទ្ធគ្នាតនៅទូទាំងតំបន់ជាច្រើន និងសេដ្ឋកិច្ចស្ថិតក្នុងភាពរអាក់រអួល ។

ដើម្បីប្រារព្ធពិធីបុណ្យ Thadingyut ក្នុងឆ្នាំ២០២១ របបយោធាបានប្រកាសលើកលែងទោស ដល់បាតុកររាប់រយនាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ ដោយបានបញ្ជូនក្រុមគ្រួសាររបស់អ្នកទោស យ៉ាងប្រញាប់ប្រញាល់ ទៅកាន់ច្រកទ្វារពន្ធនាគារ និងបង្កឲ្យមានការជួបជុំគ្នាឡើងវិញ ដ៏រីករាយនៅទូទាំងប្រទេស ។

រហូតមកដល់ពេលនេះ របបយោធាមិនទាន់បានប្រកាសពីការលើកលែងទោសណាមួយ ដើម្បីអប់អរសាទរពិធីបុណ្យរយៈពេលបីថ្ងៃក្នុងឆ្នាំ២០២២នេះ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃច័ន្ទនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment