ព្រះមហាវិមលធម្ម ពិន សែម ព្រមទាំងញោមញាតិពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោម នាវត្តកទ្ទសីមាចំប៉ាជើងភ្នំក្រាំងចាយ, ២០ តុលា ២០២២ ។ រូបភាព៖ ទំព័រហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ |
កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ព្រះមហាវិមលធម្ម ពិន សែម បាននិមន្តទៅកាន់ទឹកដីកម្ពុជាក្រោម អតីតដែនសុវណ្ណភូមិនៃកម្ពុជា ក្នុងឱកាសកម្មវិធីបុណ្យកឋិនទានវត្តកទ្ទសីមាចំប៉ាជើងភ្នំក្រាំងចាយ ស្ថិតនៅភូមិក្រាំងចាយ ឃុំតឹងឡើយ ស្រុកទិញបៀង ខេត្តអានយ៉ាង ដោយមានព្រះទ័យ «សប្បាយរីករាយជាទីបំផុត» ។
យោងតាមព្រះថេរដីការបស់ព្រះអង្គ នៅខាងដើមនៃការសម្ដែងព្រះធម៌ទេសនា នាវត្តកទ្ទសីមាចំប៉ាជើងភ្នំក្រាំងចាយ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលព្រះមហាវិមលធម្មបានមិន្តទៅកាន់ដែនដីកម្ពុជាក្រោម តាមរយៈការនិមន្តទុកមុនជាយូរណាស់មកហើយរបស់ព្រះភិក្ខុមួយអង្គ ដែលតំណាងឲ្យពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមទាំងអស់ ក្នុងឱកាសកឋិនកាលនេះ ។
ព្រះអង្គមានព្រះទ័យរីករាយជាអនេក ដោយបានមានព្រះថេរដីកា (ដែលហាក់ដូចជាប្រុងប្រយ័ត្នណាស់) ថា៖ «ខ្ញុំព្រះករុណាអាត្មា ក៏មានបំណង ក៏សប្បាយចិត្តជាទីបំផុត បានធ្វើដំណើរឆ្ងាយ...មួយជីវិតនេះអត់ដែលបានចូលមកដល់ទឹកដីវៀតណាមទេ អត់ដែលសោះ ។ ក៏ថ្លែងអំណរអរគុណដល់ញោមញាតិពុទ្ធបរិស័ទដែរ ដែលបានមកឃើញទឹកដីប្រទេសវៀតណាមហ្នឹង ពីមុនឮតែឈ្មោះទេ ឥឡូវបានចូលមកដល់ហើយ» ។
ជាការកម្រណាស់ ដែលមានមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈសង្ឃកម្ពុជា និមន្តទៅកាន់ទឹកដីកម្ពុជាក្រោម បើបានទៅហើយសឹងតែស្បថមិនហ៊ានទៅទៀត ដោយសារការធ្វើទុក្ខបុកម្នេញពីសម្នាក់អាជ្ញាធរវៀតណាមដោយប្រការផ្សេងៗ ។ ការសម្ដែងធម៌នៅទីនោះទៀតសោត ត្រូវមានរបៀបវារៈត្រឹមត្រូវឲ្យអាជ្ញាធរដឹង និងចៀងវាងការលើកឡើងអំពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ។
ប្រមាណដប់ឆ្នាំមុន យើងឃើញមានព្រះធម្មកថិកនិងធម្មាចារ្យល្បីៗ ដូចជា លោកគ្រូអគ្គធម្មាចារ្យ ប៊ុត សាវង្ស និងព្រះគ្រូ សាន សុជា ជាដើម បានទៅដល់ទីនោះ និងថែមទាំងបានហែកឋិនទៅប្រគេនព្រះសង្ឃខ្មែរនៅទីនោះទៀតផង ។ តែក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចលនានេះបានសាបសូន្យទៅវិញ ។
គួររំឭកផងដែរថា ទំនាក់ទំនងពុទ្ធសាសនាខ្មែរនិងខ្មែរកម្ពុជាក្រោម នៅមានជាប្រក្រតីក្នុងសម័យអាណានិគមបារាំង (១៨៦៣-១៩៥៣) សម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) រហូតដល់សម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ។ ក្រោយតំបន់ឥណ្ឌូចិនបានធ្លាក់ក្នុងដៃពួកកុម្មុយនិស្ត ទំនាក់ទំនងនេះត្រូវបានផ្ដាច់ស្ទើរទាំងស្រុង ។
យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីខេមរភាសាបានឲ្យដឹងថា «ក្រោមការគ្រប់គ្រងរបស់បារាំង បារាំង បានបើកចំហឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជា មានឱកាសគ្រប់គ្រាន់ធ្វើដំណើរទៅជួប និងសួរសុខទុក្ខព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ហើយព្រះសង្ឃខ្មែរក្រោមជាច្រើន ត្រូវបានសម្ដេចព្រះសង្ឃរាជ និងព្រះមហាក្សត្រខ្មែរសម័យនោះ បានផ្តល់អាហារូបករណ៍ឲ្យមកបន្តការសិក្សា ក្នុងសាលាបាលីជាន់ខ្ពស់នៅកម្ពុជាទៀតផង។ លើសពីនេះ ព្រះសង្ឃខ្មែរក្រោមក៏ត្រូវបានអាជ្ញាធរកម្ពុជា និមន្តចូលរួមក្នុងពិធីពុទ្ធសាសនាសំខាន់ៗជាច្រើន» ។
តួយ៉ាង សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត និងកល្យាណមិត្តរបស់ព្រះអង្គ សម្ដេចព្រះមហាពោធិវ័ង្ស ហួត តាត សុទ្ធតែធ្លាប់បានយាងទៅកាន់ដែនដីកម្ពុជាក្រោម ។
ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សំពះគោរពចំពោះព្រះតេជគុណព្រះឧបជ្ឈាយ៍ ខណ្ឌកោ ចៅទី នៃខេត្តមាត់ជ្រូក កម្ពុជាក្រោម ដែលជាភិក្ខុមានវស្សាចាស់ជាង ។ រូបភាព៖ ហ្វេសប៊ុក Khmer Ancestral Culture |
ដូច្នេះ ដំណើរនិមន្តរបស់ព្រះមហាវិមលធម្មនាពេលនេះ ហាក់បានរំឭកឡើងវិញនូវទំនាក់ទំនងវប្បធម៌ពុទ្ធសាសនា រវាងកម្ពុជានិងកម្ពុជាក្រោម ដែលមានឈាមជ័រជាខ្មែរដូចគ្នា តែត្រូវបែងចែកពីគ្នាដោយព្រំដែនសីមានយោបាយ ក្នុងសម័យក្រោយអាណានិគមនិយម ។
ក្នុងន័យនេះ ព្រះមហាវិមលធម្ម ពិន សែម ក៏បានមានព្រះសង្ឃដីកាផងដែរថា «យើងទាំងអស់គ្នានេះ តាមលោកអ្នកប្រាជ្ញបណ្ឌិតក្នុងសាសនាថា ជាមិត្ត មិត្តនឹងគ្នារួមបីយ៉ាង ។ មិត្តទី១ គឺរួមជាតិ យើងជាតិជាមនុស្សដូចគ្នាទាំងអស់ ជាតិជាមនុស្ស ។ ទីពីរ រួមសាសន៍ យើងជ្រកក្រោមម្លប់ព្រះពុទ្ធសាសនាដូចគ្នា ។ ទីបី រួមទុក្ខ កើតចាស់ឈឺស្លាប់ដូចគ្នា ។ បីហ្នឹងគឺរួមគ្នា ស្មើគ្នាធេងពរ» ។
ព្រះអង្គបានមានព្រះថេរដីកាបន្ថែមទៀត ដោយចៀសវាងប្រើពាក្យ«ខ្មែរកម្ពុជាក្រោម»ថា «ហ្នឹងបានខ្ញុំព្រះករុណាអាត្មាបានមកដល់ទីនេះ មានបីតិសោមនស្ស ជាទីបំផុត ។ សំខាន់បំផុតគឺមិនដែលឃើញទឹកដីវៀតណាមទេ ឮតែឈ្មោះ ឥឡូវបានចូលមកដល់» ។
វត្តមានរបស់ព្រះអង្គក្នុងឱកាសបុណ្យកឋិនទាននេះ គឺជាការសម្រេចតាមវត្ថុបំណងរបស់ព្រះអង្គផ្ទាល់ផង និងបានញ៉ាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមឲ្យខ្លាំងឡើង ដោយមានទឹកមុខសប្បាយរីករាយឥតឧបមា តាមបំណងរបស់ខ្លួនដែលចង់ស្តាប់ព្រះធម៌របស់ព្រះមហាវិមលធម្មផង ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋខ្មែរក្រោម ជាជនជាតិខ្មែរ មានសញ្ជាតិខ្មែរ ដូចប្រជាពលរដ្ឋខ្មែរ នៅព្រះរាជាណាចក្រកម្ពុជាដែរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment