សន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ីនៅប្រាសាទបូរ៉ូប៊ូឌួ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, November 20, 2022

សន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ីនៅប្រាសាទបូរ៉ូប៊ូឌួ

ព្រះតេជគុណ ហាក់ សៀងហៃ ទទួលវត្ថុអនុស្សាវរីយ៍ពីព្រះសង្ឃឥណ្ឌូនេស៊ី នៅឯសន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី, ទីក្រុងម៉ាហ្គេឡាង ខេត្តជ្វាកណ្ដាល ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ១᧼១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២០ វិច្ឆិកា ២០២២

ក្រសួងកិច្ចការសាសនាកំពុងរៀបចំសន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី នៅប្រាសាទបូរ៉ូប៊ូឌួ ទីក្រុងម៉ាហ្គេឡាង ខេត្តជ្វាកណ្ដាល ក្នុងគោលបំណងដើម្បីប្រែក្លាយវាទៅជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាព្រះពុទ្ធសាសនា និងជាប្រភពនៃការបំផុសគំនិត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី អន្តរញូវ ។

កាលពីថ្ងៃសុក្រ មន្ត្រីពិសេសនៃក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង លោក Wibowo Prasetyo បានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី ផ្តល់សន្ទុះមួយ ក្នុងការប្រែក្លាយប្រាសាទបូរ៉ូប៊ូឌួ ទៅជាមជ្ឈមណ្ឌលសម្រាប់ការសិក្សា និងការបំផុសគំនិតសម្រាប់យើងទាំងអស់គ្នាក្នុងការកសាងអរិយធម៌ថ្មីមួយ» ។

សន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ជួបនឹងវត្ថុពិសិដ្ឋ៖ ប្រាសាទបូរ៉ូប៊ូឌួ ជាទីកន្លែងសក្ការៈបូជា និងទេសចរណ៍សម្រាប់ពុទ្ធសាសនាពិភពលោក» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួង និងសមាគមពុទ្ធិកមហាវិទ្យាល័យឥណ្ឌូនេស៊ី ។

ការប្តេជ្ញាចិត្តនេះត្រូវបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋមន្ត្រីចំនួនបួន និងអភិបាលខេត្តពីរ ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Prasetyo បានបង្ហាញសុទិដ្ឋិនិយមថា ប្រាសាទបូរ៉ូប៊ូឌួមិនត្រឹមតែត្រូវបានកោតសរសើរចំពោះភាពស្រស់ស្អាត និងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានអភិវឌ្ឍជាប្រភពនៃការបំផុសគំនិត និងសម្រាប់ជាកម្លាំងទាក់ទាញខាងសាសនាផងដែរ ។ លោក​បាន​កត់​សម្គាល់​ថា ដើម្បី​អភិវឌ្ឍ​វាឲ្យ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ត្រូវ​ផ្តោត​លើ​ធាតុ​ផ្សំនៃ​ការ​អប់រំ​ជា​តម្លៃ​ចម្បង​ ដែល​គួរ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ ។ ដូចនេះ អ្នកទេសចរអាចទទួលបានបទពិសោធន៍ទេសចរណ៍ដ៏មានន័យបន្ថែមទៀត ។

លោក Prasetyo បានកត់សម្គាល់ថា ប្រាសាទបូរ៉ូប៊ូឌួត្រូវបានសាងសង់ឡើងជានិមិត្តរូបនៃភាពរុងរឿងនៃព្រះពុទ្ធសាសនា ។ ការសិក្សាជាច្រើនបានរកឃើញថា ព្រះពុទ្ធសាសនាដែលបាននិងកំពុងរីកចម្រើនជាយូរយារណាស់មកហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឲ្យតម្លៃលើការបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ដូចដែលបានគូសបញ្ជាក់នៅក្នុងចម្លាក់នៃប្រាសាទបូរ៉ូប៊ូឌួស្រាប់ ។

ដូច្នេះហើយ គាត់បាននិយាយថា វាមិនមែនជាការបំផ្លើសទេ ក្នុងការហៅប្រាសាទបូរ៉ូប៊ូឌួ ថាជាមេរៀនពីការបង្រៀនរបស់ព្រះពុទ្ធសាសនាដែននូសាន្តរៈ (Nusantara, នូសាន្តរៈជាភាសាជ្វាបុរាណ ដែលសំដៅដល់អតីតដែនដីនៃអាណាចក្រមជបហិតរបស់ប្រទេសឥណ្ឌូនេស៊ី) ។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​ឈរ​លើ​មូលដ្ឋាន​នេះ​ហើយ ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ប្រាសាទ​បូរ៉ូប៊ូឌួ ជា​ទីសក្ការៈ​គួរ​ជាទី​គោរព​បូជា» ។
គណៈប្រតិភូសង្ឃកម្ពុជា ដែលមាននិមន្តចូលរួម ក្នុងសន្និសីទពុទ្ធសាសនាអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី, ទីក្រុងម៉ាហ្គេឡាង ខេត្តជ្វាកណ្ដាល, ១៨ វិច្ឆិកា ២០២២ ។ រូបភាព៖ ហ្វេសប៊ុក 

សន្និសីទដ៏សំខាន់នេះត្រូវបានរៀបចំដោយ សមាគមពុទ្ធិកមហាវិទ្យាល័យសម្រាប់ការសិក្សាជាន់ខ្ពស់ (APTABI) សហការជាមួយក្រសួងធម្មការនិងកិច្ចការសាសនាឥណ្ឌូនេស៊ី និងឧបត្ថម្ភដោយសម្ព័ន្ធពុទ្ធសាសនិកពិភពលោក (WAB) និងសមាគមប្រតិបត្តិករទេសចរណ៍ពុទ្ធសាសនា (ABTO) ចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារមនោហារ ទីក្រុងម៉ាហ្គេឡាង ខេត្តជ្វាកណ្ដាល  ដោយមានព្រះសង្ឃនិងវាគ្មិនចូលពីបណ្ដាប្រទេសនានាប្រមាណ ១០ ដូចជា ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ កម្ពុជា ភូមា ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌា នេប៉ាល់ ស្រីលង្កា និងសហរដ្ឋអាមេរិក ។

ដោយឡែក គណៈប្រតិភូកម្ពុជាប្រមាណ ១០ អង្គ ដឹកនាំដោយព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា បានមិន្តចូលរួមក្នុងសន្និសីទអន្តរជាតិនេះ ដែលមានគោលបំណងផ្សព្វផ្សាយពីសក្ដានុពលប្រាសាទបូរ៉ូប៊ូឌួ សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី អតីតដែនដីពុទ្ធសាសនាដ៏រុងរឿង ។

យោងតាមទំព័រហ្វេសប៊ុក អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានឲ្យដឹងថា ព្រះតេជគុណ ហាក់ សៀងហៃ ជាព្រះប្រធានអង្គការនេះ បាននិមន្តធ្វើជាវាគ្មិនមួយអង្គផងដែរ ក្នុងចំណោមវាគ្មិនដែលជាពហុស្សូតពុទ្ធសាសនាសំខាន់ចំនួន ៦ អង្គ/នាក់ ។ នៅក្នុងការធ្វើបទបង្ហាញរបស់ព្រះអង្គ ព្រះតេជគុណ ហាក់ សៀងហៃ បានលើកឡើងអំពីពលធម៌ ៥ យ៉ាង ដែលផ្សារភ្ជាប់ទៅនឹងការកសាងប្រាសាទបូរ៉ូប៊ូឌួ មានដូចជា សទ្ធា វីរិយៈ សតិ សមាធិ និង បញ្ញា ដែលជាគុណសម្បត្តិដ៏សំខាន់សម្រាប់មនុស្សលោកទាំងអស់គ្នា ។

ព្រះអង្គបានពន្យល់ថា «ដូច្នេះ ហេតុអ្វីបានជាអាត្មាភាពនិយាយថា វាជាប់ពាក់ព័ន្ធជាមួយប្រាសាទបូរ៉ូប៊ូឌួ? យើងយល់ឃើញថា ដើម្បីកសាងប្រាសាទបែបនេះ ប្រាសាទដ៏មហិមានេះបាន ហើយវាមាន[អាយុ]យូរជាងប្រាសាទយើងនៅប្រទេសកម្ពុជាទៅទៀត គឺប្រាសាទអង្គរវត្ត; អង្គរវត្តត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី១២ ប៉ុន្តែប្រាសាទបូរ៉ូប៊ូឌួនេះត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៨ ។ ដូច្នេះ វាយូរជាងប្រាសាទបាហ្កាន នៅប្រទេសភូមាទៅទៀត..., បុព្វបុរសរបស់យើងពិតជាមានទំនុកចិត្តខ្លាំងក្លាណាស់ ដើម្បីកសាងប្រាសាទនេះឡើង ហើយអាចតាំងនៅបានរហូតជាង ១០០០ ឆ្នាំ ។ រឿងទាំងអស់នេះ យើងត្រូវមានសទ្ធា និងទំនុកចិត្ត [ទើបអាចធ្វើវាបាន]» ។ 

យ៉ាងណាមិញ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយត្រូវមានសេចក្តីព្យាយាម និងទំនុកចិត្ត ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏យ៉ាងនោះដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment