ពុទ្ធសាសនាជាស្ពាននៃការកសាងសហគមន៍អាស៊ាន៖ សក្ដានុពល និងយុទ្ធសាស្ត្រ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, November 12, 2022

ពុទ្ធសាសនាជាស្ពាននៃការកសាងសហគមន៍អាស៊ាន៖ សក្ដានុពល និងយុទ្ធសាស្ត្រ

ព្រះសង្ឃ​រីករាយ​នឹង​ខ្យល់​អាកាស នា​ពេល​សាយ័ណ្ហនៅ​បារាយណ៍ មុខ​​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ប្រទេស​កម្ពុជា, ២១ មីនា ២០១២ ។ រូបភាព៖ វីគីភីឌៀ

លោកវិទូ | ថ្ងៃ ៧᧴១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១២ វិច្ឆិកា ២០២២

អាស៊ាន ដែលមានប្រជាជនសរុបប្រហែល ៦២២ លាននាក់ បានធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (សសអ) (AEC: ASEAN Economic Community) ក្នុងចុងឆ្នាំ ២០១៥ និងកំពុងដំណើរការបង្កើតសហគមន៍ អាស៊ានតែមួយក្នុងឆ្នាំ ២០២៥ ខាងមុខ ។ ដើម្បីបានសម្រេចតាមក្តីសុបិនដ៏ធំធេងនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនអាស៊ាន រួមទាំងតួនាទីរបស់ស្ថាប័នសាសនាផងដែរ ដែលជាផ្នែកមួយនៃសសរស្តម្ភ សង្គម-វប្បធម៌របស់អាស៊ាន ក្នុងចំណោមសសរស្តម្ភទាំងបី (ពីរទៀតគឺ សសរស្តម្ភនយោបាយ-សន្តិសុខ និងសសរស្តម្ភសេដ្ឋកិច្ច) ។ ពុទ្ធសាសនាត្រូវបានគេមើលឃើញថា ជាស្ពាននៃការកសាងសហគមន៍អាស៊ាន ប្រកបដោយសក្ដានុពល តែត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ ។

អាស៊ានមានអ្នកកាន់ពុទ្ធសាសនាច្រើនជាងគេក្នុងលោក

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពុទ្ធសាសនា ទាំងមហាយាននិងថេរវាទ មានវត្តមានស្ទើរគ្រប់ប្រទេស ។ ប្រទេសកម្ពុជា ថៃ ភូមា និងឡាវ មានប្រជាជនកាន់ពុទ្ធសាសនាថេរវាទភាគច្រើន ។ ប្រទេសកម្ពុជាមានប្រជា ជនកាន់ពុទ្ធសាសនា ៩៥% ស្មើនឹង ១៤ លាននាក់, ប្រទេសថៃ ៩៥% ស្មើនឹង ៦៣.៧៥ លាននាក់, ប្រទេសភូមា ៨៩% ស្មើនឹង ៥៩ លាននាក់ និងប្រទេសកុម្មុយនីស្តឡាវ ៧០% ស្មើនឹង ៥ លាននាក់ ។ ប្រទេសកុម្មុយនីស្តវៀតណាម មានប្រជាជនកាន់ពុទ្ធសាសនាប្រហែល ៤៤ លាននាក់ ជិតពាក់កណ្តាល (៥០%) នៃប្រជាជនសរុប និងមានពុទ្ធបរិស័ទ ភាគច្រើន កាន់ពុទ្ធសាសនាមហាយាន ដោយសារឥទ្ធិពលពីចិន, មួយចំនួន ទៀតកាន់ពុទ្ធសាសនាថេរវាទ នៅវៀតណាមភាគខាងត្បូង ក្នុងចំណោម ប្រជាជនខ្មែរក្រោម, និងនៅវៀតណាមកណ្តាល (ក្រុងវ៉េ) ។ 

ម៉ាឡេស៊ីជារដ្ឋឥស្លាម មានប្រជាជនកាន់ពុទ្ធសាសនា ២០% ស្មើនឹង ប្រហែល ៦ លាននាក់ ភាគច្រើនជាជនជាតិចិន ដែលកាន់ពុទ្ធសាសនាមហាយាន, តែតាមរយៈ ការផ្សព្វផ្សាយព្រះធម៌របស់ព្រះសង្ឃស្រីលង្កា មានព្រះតេជគុណធម្មទូត ស្រី ធម្មានន្ទ ជាដើមនិងជាពិសេស, ក៏មានអ្នកកាន់ពុទ្ធសាសនាថេរវាទ ច្រើនគួរសមដែរ ។ ប្រទេសឥណ្ឌូនេស៊ីវិញ មានប្រជាជនកាន់ពុទ្ធសាសនា ២.៧ លាននាក់ ស្មើនឹង ១.២២% បើសរុបទាំងជនជាតិចិនទាំងអស់, ដែលភាគច្រើនកាន់ពុទ្ធសាសនាថេរវាទ ដែលមានឥទ្ធិពលពីប្រទេសថៃ ។

ប្រទេសសិង្ហបុរី មានពុទ្ធបរិស័ទប្រហែល ២ លាននាក់ ស្មើនឹង ៣៣% នៃប្រជាជនសរុប និងជនជាតិចិនភាគច្រើន កាន់ពុទ្ធសាសនាមហាយាន ។ រីឯជនអន្តោប្រវេសន៍ថៃ ភូមា និងស្រីលង្កា កាន់ពុទ្ធសាសនាថេរវាទ ។ នៅ ប្រទេសហ្វីលីពីន មានប្រជាជនកាន់ពុទ្ធសាសនាចម្រុះស្ទើរគ្រប់និកាយ ចំនួន ២% នៃប្រជាជនសរុប ប្រហាក់ប្រហែលនឹង ២ លាននាក់ ។ ប្រទេស ព្រុយណេជារដ្ឋឥស្លាមទី ២ ដែលមានប្រជាជនតិចជាងគេនៅអាស៊ីអាគ្នេយ៍ មានប្រជាជនកាន់ពុទ្ធសាសនា ១៣% ស្មើនឹង ៦៥,០០០ នាក់ដែលច្រើនតែ ជាកម្មករចំណាកប្រទេស ។ 

ដូច្នេះ យើងអាចសរុបស្ថិតិបានថា អ្នកកាន់ពុទ្ធសាសនាក្នុងប្រទេសជាសមាជិកអាស៊ាន មានប្រហែលចំនួន ២០០.៦៥ លាននាក់នៃប្រជាជនសរុប ៦២២ លាននាក់ ស្មើនឹង ៣០% មានន័យថា ពុទ្ធសាសនាជាសាសនាធំលំដាប់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពី សាសនាឥស្លាម (ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងព្រុយណេ) ប្រហែលជាង ៤០% (ហ្វីលីពិនមានប្រជាជនកាន់សាសនាគ្រិស្តភាគច្រើនរហូតដល់ ៨០%; ក្នុង ទូទាំងអាស៊ីអាគ្នេយ៍ មានអ្នកកាន់សាសនាគ្រិស្តប្រហែលជាង ២០%, លំដាប់ទី ៣) ។ ប្រជាជនកាន់ពុទ្ធសាសនាភាគច្រើនគឺ នៅអាស៊ីអាគ្នេយ៍ដីគោក ។ ពិសេសជាងនេះគឺ អាស៊ានមានអ្នកកាន់ពុទ្ធសាសនាច្រើនជាងគេក្នុងពិភពលោក ។

សក្ដានុពលពុទ្ធសាសនា និងសុខដុមនីយកម្មសាសនា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដូច្នេះ ការសិក្សាស្វែងយល់អំពីពុទ្ធសាសនាក្នុងតំបន់ មានសារសំខាន់ដើម្បីជួយឧបត្ថម្ភគាំទ្រ និងពង្រីកឥទ្ធិពលពុទ្ធសាសនាឡើងវិញ ជាពិសេស ក្នុងប្រទេសដែលមានប្រជាជនកាន់ពុទ្ធសាសនាតិចតួច ដូចជានៅប្រទេសឥណ្ឌូនេស៊ីជាដើម ។ ការប្រាស្រ័យទាក់ទងគ្នា រវាងពុទ្ធសាសនិក ជនឥណ្ឌូនេស៊ី និងពុទ្ធសាសនិកជនក្នុងតំបន់និងអន្តរជាតិ នឹងបង្កើតបាននូវភាពស្និទ្ធស្នាល ដឹងទុក្ខធុរៈគ្នា និងសហការគ្នាក្នុងការផ្សព្វផ្សាយព្រះពុទ្ធោវាទប្រកបដោយប្រសិទ្ធភាព ។

ពុទ្ធសាសនាអាចដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតឲ្យមាននូវការអត់ឱន ការសន្តោស និងការអធ្យាស្រ័យគ្នារវាង សាសនា និងរវាងប្រជាជនក្នុងតំបន់ ។ ព្រោះថា ពុទ្ធសាសនាត្រូវបានគេ ទទួលស្គាល់ថា ជាសាសនាគំរូផ្នែកទ្រឹស្តីអហិង្សា ខន្តី និងមេត្តា-ករុណា ចំពោះជាតិសាសន៍ទូទៅ ដែលជាទ្រឹស្តីនាំមកនូវវប្បធម៌សន្តិភាព ភាតរភាព សាមគ្គីភាព និងសន្តិសហវិជ្ជមាន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានពហុវប្បធម៌ចម្រុះ ក៏ដូចជាក្នុងសាកលលោកទាំងមូល ។ ដោយសារសារៈសំខាន់នេះ ពុទ្ធសាសនាអាចដើរតួ ក្នុងការពន្លឿនការបង្កើតសហគមន៍អាស៊ាន ពោលគឺការរួមគ្នាជាសហគមន៍តែមួយ ឬសមាហរណកម្មអាស៊ាន ក្រោមបាវចនា ‘ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ’ (One Vision, One Identity, One Community) ។ 

ដូច្នេះ ខ្ញុំយល់ឃើញថា ពុទ្ធសាសនាមានសក្តានុពល ក្នុងការធ្វើឲ្យមានសុខដុមនីយកម្មសាសនា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របតាមទស្សនវិស័យរួមរបស់មេដឹកនាំអាស៊ានថា អាស៊ានគឺជា ‘ការព្រមព្រៀងរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍, ការក្រឡេក មើលទៅក្រៅ, ការរស់នៅក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាព’,   និងរួមគ្នាជាដៃគូ ‘ក្នុងការអភិវឌ្ឍប្រកបដោយថាមពល និងក្នុងសហគមន៍នៃសង្គម មួយដែលចេះយកអាសាគ្នា’ ។ 

យុទ្ធសាស្ត្រ

ទី១ ប្រទេសកាន់ពុទ្ធសាសនាសំខាន់ៗដូចជា ថៃ កម្ពុជា ភូមា និងឡាវ ត្រូវមានសាមគ្គី និងមានកិច្ចសហការគ្នា ផ្នែកសាសនា ឲ្យបានទូលំទូលាយ និងបន្ទាប់មក ត្រូវផ្សព្វផ្សាយពុទ្ធសាសនា ទៅកាន់ប្រទេសដែលមានពុទ្ធសាសនិកជនតិចតួច មានប្រទេសឥណ្ឌូនេស៊ីជាដើម ដោយផ្សារភ្ជាប់ទំនាក់ទំនងគ្នា ក្នុងការផ្សព្វផ្សាយព្រះធម៌ ។ 

ទី២ ពុទ្ធិកសាកលវិទ្យាល័យក្នុងប្រទេសអាស៊ាន ត្រូវផ្តោតការយកចិត្តទុកដាក់ លើការសិក្សាស្រាវជ្រាវ ការធ្វើសន្និសីទ និងការពិភាក្សាអំពីលទ្ធភាព និង វិភាគទានរបស់ពុទ្ធសាសនា ក្នុងការរួមចំណែកបង្កើតមនសិការអាស៊ាន ក្នុងចំណោមយុវជននិងពុទ្ធបរិស័ទ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ 

ទោះជាយ៉ាង ណា យើងសង្កេតឃើញថា សាកលវិទ្យាល័យមួយក្នុងតំបន់បានផ្តោតលើបញ្ហានេះខ្លះដែរ ។ តួយ៉ាងក្នុងឆ្នាំ ២០១៥ ពុទ្ធិកសាកលវិទ្យាល័យពិភពលោក (ពសព) (WBU: World Buddhist University) (ថៃ) សហការជាមួយនឹង អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអគ) (BEC: Buddhism for Education of Cambodia) និង ពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) (SBU: Preah Sihanouk Raja Buddhist University) បានធ្វើសន្និសីទអន្តរជាតិស្តីអំពី ‘ភាពចុះសម្រុងគ្នានៃពុទ្ធសាសនិកក្នុង សសអ : សន្តិភាពក្នុងតំបន់និងពិភពលោក’ (Buddhist Harmony in AEC : Regional and World Peace), ភ្នំពេញ ។ 

ក្នុងឆ្នាំដដែល ពុទ្ធិកមហាវិទ្យាល័យអន្តរជាតិ (ពវអ) (IBC: International Buddhist College) (ថៃ) សហការជាមួយនឹង ពសព បានធ្វើសន្និសីទសសអពុទ្ធសាសនាអន្តរជាតិស្តីអំពី ‘ការងារសង្គមរបស់ពុទ្ធសាសនា និង ការអប់រំក្នុងសសអ’ (Buddhist Social Work and Education in AEC), ទីក្រុងពីណាង (Penang), ម៉ាឡេស៊ី ។ និង ក្នុងខែ កញ្ញា ឆ្នាំ ២០១៦ ថ្មីៗនេះ សាកលវិទ្យាល័យរាជភ័តនគរបឋម (សរនប) (NPRU: Nakhon Pathom Rajabhat University) បានរៀបចំសន្និសីទស្រដៀងគ្នានេះដែរគឺ សន្និសីទពុទ្ធសាសនាអាស៊ានលើកទី ១ ក្រោមប្រធានបទ ‘ពុទ្ធសាសនិកជនអាស៊ាន : ហួសពីសតវត្សរ៍ទី ២៦ នៃពុទ្ធស័ករាជ’ (ASEAN Buddhists: Beyond 26th Buddhist Century) ។ 

គួរឲ្យចាប់អារម្មណ៍ក្នុងទីនេះគឺ ប្រទេសថៃជាប្រទេសកាន់ពុទ្ធសាសនាក្នុងអាស៊ាន កំពុងឈានមុខគេ ក្នុងការបញ្ជ្រាបការយល់ដឹងអំពីអាស៊ាន ទៅក្នុងស្ថាប័នអប់រំពុទ្ធសាសនារបស់ខ្លួន ។ ជាឧទាហរណ៍ ពុទ្ធិកសាកលវិទ្យាមហាចុឡាលងករណ៍រាជវិទ្យាល័យ (មហាជូឡាឡុងកនរាជវិទ្យាល័យ) មានរហូតដល់ការបោះពុម្ពផ្សាយនូវទស្សនាវដ្ដី ដែលផ្ដោតលើអាស៊ានដោយផ្ទាល់តែម្តងគឺ ASEAN Journal of Religious and Cultural Research (AJRCR) និង Buddhist ASEAN Studies Journal (BASJ) ជាដើម ។

ដូច្នេះ ដល់ពេលហើយសម្រាប់ពុទ្ធិកសិក្សាកម្ពុជា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះឲ្យបានគ្រប់ជ្រុងជ្រោយ និងពង្រឹងពុទ្ធិកសិក្សាជាតិឲ្យមានទាំងបរិមាណ និងគុណភាព តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សានិងវិធីសាស្ត្រសិក្សា ស្របតាមការវិវឌ្ឍន៍យ៉ាងលឿននៃតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ៕

មួយផ្នែកធំនៃអត្ថបទនេះត្រូវបានដកស្រង់ពីសៀវភៅ «ប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌូនេស៊ី: អតីត និង បច្ចុប្បន្ន» (២០១៧) 

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment