ព្រះសង្ឃពុទ្ធសាសនាកូរ៉េនិកាយ Jogye សូត្រធម៌ឧទ្ទិសចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត នៅ Itaewon កាលពីថ្ងៃច័ន្ទ ។ រូបភាព៖ សារព័ត៌មានយ៉ុនហាប់ |
លោកវិទូ | ថ្ងៃ ២᧢១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១ វិច្ឆិកា ២០២២
ព្រះសង្ឃពុទ្ធសាសនា រួមជាមួយបព្វជិតអាចារ្យនៃសាសនាដទៃក្នុងប្រទេសកូរ៉េ បានសម្តែងការសោកសៅ និងចូលរួមរំលែកទុក្ខ ចំពោះការកើនឡើងនៃចំនួនមនុស្សដែលបានបាត់បង់ជីវិតដ៏សោកនាដកម្ម ដែលបានកើតឡើងនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍ ។
កាលពីថ្ងៃច័ន្ទ មេដឹកនាំសាសនានានាបានទៅទស្សនាកន្លែងគោរពវិញ្ញាណក្ខន្ធ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការរត់ជាន់គ្នាដែលបានធ្វើឲ្យមនុស្សចំនួន ១៥៤ នាក់ស្លាប់ ។
ព្រះសង្ឃចំនួនដប់អង្គមកពីសាសនាព្រះពុទ្ធសាសនាកូរ៉េនិកាយជោគយី បានទៅទស្សនាកន្លែងរំលឹកវិញ្ញាណក្ខន្ធ នៅជិតច្រកចេញនៃស្ថានីយ៍រថភ្លើងក្រោមដី Itaewon ហើយបានសូត្រធម៌តាមបែបពុទ្ធសាសនា ។
លោក Peter Chung Soon-taick ដែលជាអាចារ្យគ្រិស្តសាសនានៃទីក្រុងសេអ៊ូល បានដឹកនាំគណៈសង្ឃមួយក្រុមទៅកាន់ទីអាសនៈគោរពវិញ្ញាណក្ខន្ធរួមគ្នានៅ Seoul Plaza ទល់មុខសាលាក្រុងសេអ៊ូល ក្នុងទីក្រុង Jung-gu ក្នុងថ្ងៃតែមួយ ។
ក្រុមសាសនាទាំងនេះក៏បានផ្តល់សាររំលែកទុក្ខ និងអំពាវនាវដល់អាជ្ញាធរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ។
សមាគម វិហារគ្រិសសាមគ្គីនៃប្រទេសកូរ៉េ (United Christian Churches of Korea) ដែលជាសមាគមដ៏ធំបំផុតមួយនៃវិហារប្រូតេស្តង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងឧបទ្ទវហេតុដែលមិននឹកស្មានដល់នៅ Itaewon កាលពីយប់ថ្ងៃសៅរ៍ ។
ស្រដៀងគ្នានេះដែរ ពុទ្ធសាសនានិកាយ Jogye ដែលជានិកាយព្រះពុទ្ធសាសនាដ៏ធំបំផុតរបស់ប្រទេសកូរ៉េ ក៏បានចេញលិខិតចូលរួមរំលែកទុក្ខ និងបាននិយាយថា «ឧបទ្ទវហេតុដ៏សោកសៅមួយទៀតបានកើតឡើងនៅក្នុងសង្គមរបស់យើង ។ អាជ្ញាធរគួរពិនិត្យឲ្យបានហ្មត់ចត់ពីមូលហេតុនៃមហន្តរាយនេះ ដើម្បីកុំឲ្យមានការលះបង់របស់យុវជនតទៅទៀត» ។
សមាគមពុទ្ធសាសនិកកូរ៉េ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសារនៃសពផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមពុទ្ធសាសនាកូរ៉េបានលើកឡើងថា «សហគមពុទ្ធសាសនិក សោកស្ដាយសោកនាដកម្មនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ។ រដ្ឋាភិបាលគួរតែស៊ើបអង្កេតឲ្យបានដិតដល់នូវមូលហេតុ និងបង្កើតវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះកុំឲ្យកើតឡើងម្តងទៀត» ។
សមាគមបានបន្ថែមថា «វីដេអូនិងការអត្ថាធិប្បាយដែលមិនប្រុងប្រយ័ត្ន គឺជាការឈឺចាប់ និងទុក្ខសោកសម្រាប់គ្រួសារដែលបានបាត់បង់ជីវិត» ។
ក្រុមប្រឹក្សាអ្នកដឹកនាំសាសនាកូរ៉េ (KCRL) បាននិយាយកាលពីថ្ងៃច័ន្ទផងដែរថា «សោកនាដកម្មនេះនៅក្នុងបេះដូងនៃទីក្រុងសេអ៊ូល គឺជាឧបទ្ទវហេតុដែលមិនគួរកើតមាសោះឡើយ ។ យើងមានការសោកស្ដាយជាទីបំផុតនោះគឺថា ភាគច្រើននៃជនរងគ្រោះគឺជាយុវជន ដែលចង់រីករាយនឹងពិធីបុណ្យមួយ» ។
អង្គការនេះគឺជាស្ថាប័នពិគ្រោះយោបល់នៃនិកាយសាសនាចំនួនប្រាំពីរនៅក្នុងប្រទេស រួមមាន ព្រះពុទ្ធសាសនា ពុទ្ធសាសនាវ៉ុន សាសនាកាតូលិក ប្រូតេស្ដង់ លទ្ធិឆេនដូ លទ្ធិខុងជឺ និងសមាគមសាសនាជាតិកូរ៉េ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment