អនុប្រធានាធិបតីឥណ្ឌារីករាយជាខ្លាំងដោយបានទស្សនាសារមន្ទីរជាតិនៅរាជធានីភ្នំពេញ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, November 12, 2022

អនុប្រធានាធិបតីឥណ្ឌារីករាយជាខ្លាំងដោយបានទស្សនាសារមន្ទីរជាតិនៅរាជធានីភ្នំពេញ

គណៈប្រតិភូឥណ្ឌាកំពុងទស្សនាសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ, ២២ វិច្ឆិកា ២០២២ ។ រូបភាព៖ VPSecretariat

លោកវិទូ | ថ្ងៃ ៧᧴១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១២ វិច្ឆិកា ២០២២

ភ្នំពេញ៖ ឯកឧត្តម ជគទីប ធនខារ (Jagdeep Dhankhar) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបីថ្ងៃ (១១-១៣ វិច្ឆិកា)  ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ និងកិច្ចប្រជុំដែលពាក់ព័ន្ធ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបានអញ្ជើញទៅទស្សនាសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ ហើយសម្ដែងអារម្មណ៍សោមនស្សរីករាយជាខ្លាំង ដោយបានឃើញសិល្បៈវប្បធម៌ខ្មែរដ៏អស្ចារ្យ ។

ឯកឧត្តម ធនខារ និងភរិយា ត្រូវបានអមដំណើរដោយគណៈប្រតិភូឥណ្ឌា មានដូចជា រដ្ឋមន្ត្រីការបរទេសឥណ្ឌា ឯកឧត្តម បណ្ឌិត ជ័យ ស័ង្ករ និងឯកអគ្គរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិត ទេវ្យានី ខូប្រាហ្គេដ ជាដើម ។ នៅលើបណ្ដាញសង្គមទ្វីទ័រអនុប្រធានាធិបតីឥណ្ឌា ឯកឧត្តមបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ហើយបានសរសេរថា៖

«មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកទស្សនាសារមន្ទីរជាតិប្រវត្តិសាស្ត្រ ក្នុងទីក្រុងភ្នំពេញ អំឡុងពេលដែលខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ វាពិតជារីករាយដែលបានឃើញស្នាដៃដ៏អស្ចារ្យនៃសិល្បៈខ្មែរ ដែលបង្ហាញពីទំនាក់ទំនងអរិយធម៌ដ៏ជិតស្និទ្ធរវាងឥណ្ឌា និងកម្ពុជា តាំងពីសម័យបុរាណកាលមក» ។


នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះដែរ ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌាបានជួបពិភាក្សាការងារ ជាមួយសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយ អំពីទំនាក់ទំនងទ្វេភាគី រួមមាន ធនធានមនុស្ស ការដោះមីន និងគម្រោងអភិវឌ្ឍន៍នានាជាច្រើនទៀត ។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាសក្ខីកម្ម ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ រវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យវប្បធម៌ សត្វព្រៃ និងសុខភាព ។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌានឹងបញ្ជូនសត្វខ្លា មកប្រទេសកម្ពុជា ដែលជាជំហានសំខាន់មួយ «ឆ្ពោះទៅរកការអភិរក្សជីវចម្រុះ នៅលើភពផែនដីរបស់យើង» ។ ឥណ្ឌាជាប្រទេសដែលមានសត្វខ្លាច្រើនជាងគេ លើពិភពលោក, ជាង ២២០០ ក្បាល ។

នាល្ងាចថ្ងៃដដែលនេះ ឯកឧត្តម ធនខារ បានចូលជួបសម្ដែងការគួរសម ចំពោះសម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាពីមាគ៌ាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ។

ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ ឥណ្ឌាបានលើកឡើងថា ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងអរិយធម៌ដែលមានស្រាប់រវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ តាំងពីយូរលង់ណាស់មកហើយ បានផ្តល់មូលដ្ឋានគ្រឹះ ក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំក្នុងសម័យទំនើបពីភាពជាដៃគូមជ្ឈភាព ក្នុងឆ្នាំ១៩៩២ ទៅជាដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២ ។ ឆ្នាំនេះគឺជាខួបគម្រប់ ៣០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ។

គួររំឭកផងដែរថា ឆ្នាំនេះ ឥណ្ឌា-កម្ពុជាកំពុងអបអរសាទរ ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងខួបគម្រប់ ៧០ ឆ្នាំ ដោយមានការផ្លាស់ប្តូរសារលិខិតគ្នាទៅវិញទៅមក រវាងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទាំងពីរជាដើម ។ 

ប៉ុន្តែ គួរឲ្យគត់សម្គាល់ លោកនាយករដ្ឋមន្ត្រីឥណ្ឌា នរេន្ទ្រ មោទី មិនបានអញ្ជើញមកប្រទេសកម្ពុជាទេ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធនេះ តែនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment