តំណាងរាស្ត្រអូស្ត្រាលីបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីវត្តសិរីជុំ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, November 08, 2022

តំណាងរាស្ត្រអូស្ត្រាលីបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីវត្តសិរីជុំ

លោក លី តាឡាមីស តំណាងរាស្ត្រប្រចាំតំបន់ក្រុងភាគអាគ្នេយ៍ អូស្ត្រាលី និងព្រះភិក្ខុ រក្ខិតកុសលោ លឹម វុឌ្ឍី ព្រះចៅអធិការវត្តសិរីជុំ អូស្ត្រាលី, ៦ វិច្ឆិកា ២០២២ ។

លោកវិទូ | ថ្ងៃ ៣᧯១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៨ វិច្ឆិកា ២០២២

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី តាឡាមីស (Lee Tarlamis MP) តំណាងរាស្ត្រប្រចាំតំបន់ក្រុងភាគអាគ្នេយ៍ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីវត្តសិរីជុំ ប្រកបដោយសទ្ធាជ្រះថ្លានិងបីតិសោមនស្សរីករាយ ជាមួយពុទ្ធបរិស័ទខ្មែរចំណុះជើងវត្ត ។

វត្តសិរីជុំ ដែលមានទីតាំងស្ថិតនៅតំបន់ក្រាន់ប៊នខាងជើង (Cranbourne North) នៃរដ្ឋរិចតូរីយ៉ា បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី តាមពុទ្ធានុញ្ញាតិ កាលពីថ្ងៃទី៥-៦ ខែវិច្ឆិកា កន្លងទៅ ដោយមានញោមញាតិជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមច្រើនកុះករ ។

លោក លី បាននិយាយនៅបណ្ដាញសង្គមហ្វេសប៊ុកថា «វាជាកិត្តិយសដែលបានចូលរួមក្នុងថ្ងៃសម្ពោធពិធីបុណ្យកឋិនទាន របស់ពុទ្ធិកសមាគមវិបស្សនានៃវត្តសិរីជុំប្រទេសអូស្ត្រាលី ថ្ងៃនេះ នៅតំបន់ក្រាន់ប៊នខាងជើង ។ នេះជាពិធីបុណ្យដ៏សំខាន់ និងសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើក្នុងមួយឆ្នាំម្តង និងជាថ្ងៃបញ្ចប់រដូវវស្សា នៅពេលដែលប្រជាសហគមន៍ធ្វើចីវរថ្មី និងចង្ហាន់ដល់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សាអស់រយៈពេលបីខែ» ។

កឋិនទានជាពិធីបុណ្យដ៏សំខាន់មួយ ក្នុងប្រពៃណីព្រះពុទ្ធសាសនាថេរវាទ ទូទាំងសកលលោក ដែលប្លែកពីពិធីបុណ្យដទៃទៀតដោយកាល គឺព្រះពុទ្ធទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូណ៌មី) ។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “រដូវកឋិន” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដមួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបានតែមួយដងគត់ក្នុងមួយរដូវកឋិន ។

លោក លី ពិតជាបានយល់ដឹងច្បាស់ ពីពិធីបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា ដោយបានលើកឡើងទៀតថា «ការប្រារព្ធពិធីបុណ្យដ៏ប្រសើរនេះ មានអាយុកាលជាង ២៥០០ ឆ្នាំមកហើយ ហើយជាបុណ្យពោរពេញទៅដោយសទ្ធា និងភាពមិនអាត្មានិយម ហើយអ្នកដែលចូលរួមនឹងទទួលបានអានិសង្ស ទាំងក្នុងជាតិនេះ ជាតិខាងមុខ និងបានសម្រេចនូវព្រះនិព្វានតាមបំណងប្រាថ្នាជាទីបំផុត (ព្រះនិព្វាន ឬការត្រាស់ដឹង)» ។
លោក លី តាឡាមីស និងពុទ្ធបរិស័ទវត្តសិរីជុំ, ៦ វិច្ឆិកា ២០២២ ។

កឋិនទានជាបុណ្យមួយដែលបានអានិសង្សទាំងទាយកអ្នកធ្វើទាន និងបដិគ្គាហកៈភិក្ខុអ្នកទទួលទាន និងភិក្ខុសង្ឃអ្នកអនុមោទនា ។ ដោយឡែកទាយកម្ចាស់ទានបានអានិសង្សពិសេស ៥ យ៉ាងគឺ៖

១. សុរូបតា គឺមានរូបស្អាត ធ្វើឲ្យបុរសស្ត្រី ឃើញហើយស្រលាញ់ពេញចិត្តជារូបមានសម្ផស្សគរស្ម័គ្រស្មាគមនិយមមេត្រីភាព ។
២. សុវណ្ណតា គឺមានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាមឬប្រជ្រុលជាដើមមិនខ្មៅស្រិល មិនសស្គុស មិនពពាលពព្រុស គឺសម្បុរល្អគួរជាទីចាប់ចិត្ត នៃអ្នកផងទាំងឡាយ ។
៣. សុសណ្ឋានា គឺមានទ្រង់ទ្រាយ កំពស់កំព រាងរៅ សមសួនតាមកាលសម័យនៃអាយុកប្បនីមួយៗ ។
៤. ចក្តវត្តិរាជា ហោតិ គឺត្រូវបានជាស្ដេចចក្រពត្រាធិរាជ ប្រកបដោយទសពិធរាជធម៌ ក្នុងជាតិណាមួយដាច់ខាត ។
៥. ឯហិភិក្ខុ នឹងបានជួបព្រះប្រទះធម៌ ក្នុងអវសានជាតិ ហើយសម្រេចអរហត្តមគ្គអរហត្តផល ដល់ព្រះនិពា្វន ។ បើស្ត្រីភេទ ក៏និងបានលុះមគ្គផលក្នុងជាតិជាទីបំផុតមិនខាន ។

វត្តសិរីជុំ ជាវត្តខ្មែរដែលទើបបង្កើតថ្មី ហើយកំពុងទទួលបានការចាប់អារម្មណ៍ ពីសម្នាក់តំណាងរាស្ត្រ ក៏ដូចជាមន្ត្រីជាន់ខ្ពស់អូស្ត្រាលី តាមរយៈការអញ្ជើញចូលរួមក្នុងពិធីបុណ្យទាននានាជាញឹកញាប់ ។ ព្រះភិក្ខុ រក្ខិតកុសលោ លឹម វុឌ្ឍី ដែលធ្លាប់បានគង់នៅប្រទេសឥណ្ឌាផងនោះ ព្រមទាំងលោកអាចារ្យ លីម គីមបិន ជាស្ថាបនិកផ្ដួចផ្ដើមកសាងវត្តនេះឡើង ក្នុងឆ្នាំ២០១៧ ដើម្បីជាប្រយោជន៍របស់ពុទ្ធបរិស័ទជិតឆ្ងាយ នៅប្រទេសអូស្ត្រាលី និងបំពេញបេសកកម្មផ្សព្វផ្សាយព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment