បណ្ឌិត មនោមោហ័ន ឃោស៖ សាស្ត្រាចារ្យសំស្ក្រឹតនៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, November 26, 2022

បណ្ឌិត មនោមោហ័ន ឃោស៖ សាស្ត្រាចារ្យសំស្ក្រឹតនៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ

ទស្សនាវដ្ដីពុទ្ធិកសិក្សា ឆ្នាំ១៩៦០ (រូបភាពគ្រាន់តែដាក់បង្ហាញប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីចំណងជើងអត្ថបទទេ) ។

លោកវិទូ | ថ្ងៃ ៧᧣១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៦ វិច្ឆិកា ២០២២ 

កាលទើបបើកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជថ្មីៗ ក្នុងឆ្នាំ១៩៥៤ រដ្ឋាភិបាលឥណ្ឌាបានចាត់ការបញ្ជូនសាស្ត្រាចារ្យសំស្ក្រឹតមួយរូប ឲ្យមកជួយបង្រៀននៅប្រទេសកម្ពុជា នោះគឺបណ្ឌិត មនោមោហ័ន ឃោស (Manomohan Ghosh) ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រសំស្ក្រឹត ដ៏មានកេរ្តិ៍ឈ្មោះមួយរូបក្នុងជំនាន់គាត់ ។

ដុកទ័រ មនោមោហ័ន ឃោស គឺជាអ្នកបកប្រែភាសាសំស្រ្កឹត ប្រវត្តិវិទូ និងអក្សរសាស្ត្រជនជាតិឥណ្ឌា ដែលបានបោះពុម្ពការបកប្រែជាភាសាអង់គ្លេសពេញលេញលើកដំបូងនៃសេចក្តីអត្ថាធិប្បាយបុរាណស្តីពីសិល្បៈសម្តែង ដែលមានឈ្មោះថា នាដ្យសាស្ត្រ (The Natyashastra) ដែលមានប្រភពតាំងពី ២០០ ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ ។

គាត់គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រ និងការបកប្រែជាច្រើនដទៃទៀតរួមមាន៖ សៀវភៅ Nandikeshwar's Abhinayadarpanam : A manual of gesture and posture used in Hindu dance and drama (Calcutta, 2d ed., 1957) (អភិនយទប៌ណម : សៀវភៅណែនាំអំពីកាយវិការ និងឥរិយាបថដែលប្រើក្នុងរបាំ និងល្ខោនហិណ្ឌូ),

សៀវភៅ Glimpses of sexual life in Nanda-Maurya India : translation of the Caturbhāṇī together with a critical edition of the text (Calcutta, 1975) (ទិដ្ឋភាពនៃជីវិតផ្លូវភេទនៅប្រទេសឥណ្ឌាសម័យ Nanda-Maurya : ការបកប្រែនៃចតុភ៌ណី រួមជាមួយនឹងការបោះពុម្ពអត្ថបទសំខាន់ៗ),

សៀវភៅ Contributions to the history of the Hindu drama : its origin, development and diffusion (Calcutta, 1958) (ការរួមចំណែកដល់ប្រវត្តិសាស្រ្តនៃរឿងល្ខោនហិណ្ឌូ : ប្រភពដើម អភិវឌ្ឍន៍ និងការសាយភាយរបស់វា),

និងជាពិសេស សៀវភៅ A History of Cambodia from the earliest times to the end of the French Protectorate (J.K. Gupta, Saigon, 1960 - Calcutta, 1968) (ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ពីសម័យដើមបំផុតរហូតដល់ចុងបញ្ចប់នៃអាណាព្យាបាលបារាំង) ។ 

ទស្សនាវដ្តីពុទ្ធិកសិក្សា (១៩៦០) បានសរសើរសៀវភៅនេះថា «នេះជាសៀវភៅនិយាយអំពីប្រវត្តិសាស្ត្រខ្មែរតាំងពីបូរាណរហូតដល់ជិតសម័យបច្ចុប្បន្ន តែងដោយដុកទ័រមនោមោហន់ ឃោស ដែលជាសាស្ត្រាចារ្យមួយរូប ក្នុងពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ។ សៀវភៅនេះមានប្រយោជន៍ច្រើន សម្រាប់អ្នកបង្រៀននឹងសិក្សាប្រវត្តិសាស្ត្រខ្មែរ» ។

ដោយឡែក អត្ថបទស្រាវជ្រាវរបស់គាត់ ស្តីពីប្រភពនៃរាមាយណៈកាកាវីនជ្វាបុរាណ (On the Source of the Old-Javanese Rāmāyaṇa Kakawin, 1936) ត្រូវបានដកស្រង់ដោយអ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវ ជារឿយៗ ។

ទំនាក់ទំនងឥណ្ឌា-កម្ពុជាផ្នែកវប្បធម៌និងសាសនា (សេចក្តីទ្រួសៗ)

គួរឲ្យកត់សម្គាល់ នៅក្នុងសម័យមុនខ្មែរក្រហម ទំនាក់ទំនងវប្បធម៌និងសាសនា រវាងប្រទេសឥណ្ឌានិងកម្ពុជា មានលក្ខណៈជិតដិតណាស់ ។ ព្រះសង្ឃខ្មែរជាងច្រើនបាននិមន្តទៅបំពេញការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ដោយអាហារូបករណ៍ឥណ្ឌាខ្លះ និងអាហារូបករណ៍អង្គការមូលនិធិអាស៊ីរបស់សហរដ្ឋអាមេរិកខ្លះ ។ ម្យ៉ាងទៀត ធម្មយាត្រារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ទៅកាន់ជម្ពូទ្វីបក៏មានជាញឹកញាប់ផងដែរ ។ ម្យ៉ាងទៀត ការផ្លាស់ប្តូរទស្សនកិច្ចនៃឥស្សរជនខាងវប្បធម៌និងសាសនា រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងជាប្រចាំ ។

សូមរំឭកផងដែរថា ក្រៅពីសម្ដេចព្រះឧបយុរាជ ដែលចំណាយព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ និងលោកគហបតី បេ-យ៉ាន ដែលជាពុទ្ធសាសនូបត្ថម្ភកយ៉ាងមុតមាំនាកាលនោះ ក៏មានគហបតីឥណ្ឌាមួយរូបមានសទ្ធាជ្រះថ្លា បរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីស្ថាបនាគ្រឹះស្ថានពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ផងដែរ តែមិនដឹងគាត់ឈ្មោះអ្វីទេ ។ ជាងនេះទៅទៀត រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ បានផ្ដល់សៀវភៅជាភាសាអង់គ្លេសជាដើម ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ។

រដ្ឋាភិបាលឥណ្ឌាមានទម្លាប់បញ្ជូនគ្រូសំស្ក្រឹតមួយរូប ក្នុងមួយណត្តិមួយ(ឬពីរ)ឆ្នាំ មកបង្រៀននៅពុទ្ធិកមហាវិទ្យាល័យ ឬពុទ្ធិកសាកលវិទ្យាល័យ នៅប្រទេសកម្ពុជា ហើយទម្លាប់នេះមានមករហូតដល់បច្ចុប្បន្ន ។ ក្នុងសម័យសង្គមរាស្ត្រនិយម សាស្ត្រាចារ្យសំស្ក្រឹត ដែលរដ្ឋាភិបាលឥណ្ឌាផ្ដល់ឲ្យនោះគឺ បណ្ឌិត មនោមោហ័ន ឃោស ។

នៅក្នុងសុន្ទរកថារបស់លោក អ៊ឹង ហុងសាធ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនសិក្សា ថ្លែងក្នុងឱកាសបើកការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងសម្ពោធគ្រឹះស្ថានព្រះសីហនុ (លើកដំបូង) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៥៩ បានរាយការណ៍ថា «រាជការឥណ្ឌៀបានជួយផ្ដល់សាស្ត្រាចារ្យ ១ នាក់ជាតិឥណ្ឌៀឲ្យជួយបង្រៀនភាសាសំស្ក្រឹត នៅពុទ្ធិកវិទ្យាល័យ នឹងពុទ្ធិកមហាវិទ្យាល័យនេះ ព្រមទាំងជួយផ្ដល់សៀវភៅសំស្ក្រឹតជាច្រើនសៀវភៅ» (ពុទ្ធិកសិក្សា ១៩៥៩, ២(២២): ១៦) ។

បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចុះអនុស្សារណ:នៃការយោគយល់ ជាមួយក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) បង្កើតប្រធាន ICCR ផ្នែកភាសាសំស្ក្រឹត និងពុទ្ធិកសិក្សា និងអនុស្សារណៈដទៃទៀត និងកិច្ចសហការរៀបចំសន្និសីទពុទ្ធសាសនាអន្តរជាតិជាដើម ដើម្បីពង្រឹងវិស័យពុទ្ធិកសិក្សានៅកម្ពុជា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment