គុណសម្បត្តិរបស់ព្រះភិក្ខុ ធម្មសរោ សែម ស៊ុន (១៩៤៩-២០២២) - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, November 26, 2022

គុណសម្បត្តិរបស់ព្រះភិក្ខុ ធម្មសរោ សែម ស៊ុន (១៩៤៩-២០២២)

ព្រះភិក្ខុ ធម្មសរោ សែម ស៊ុន (១៩៤៩-២០២២) ។

លោកវិទូ | ថ្ងៃ ៧᧣១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៦ វិច្ឆិកា ២០២២
 
ព្រះភិក្ខុ ធម្មសរោ សែម ស៊ុន បានសុគតនៅប្រទេសឥណ្ឌា វេលាម៉ោង ១២:០០ នាទី រំលងអធ្រាត្រ ថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៣ ព្រះវស្សា ។ ព្រះភិក្ខុ ធម្មសរោ ប្រសូតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៤៩ និងមានស្រុកកំណើត នៅឃុំលលកស ស្រុកបាកាន (ឥឡូវក្រុងពោធិ៍សាត់) ខេត្តពោធិ៍សាត់ ។

បុណ្យ​ទក្ខិណានុប្បទាន​ ​ដេីម្បីឧទ្ទិសកុសលប្រគេនចំពោះ ព្រះភិក្ខុ​ ធម្មសរោ​ សែម​ ស៊ុន ប្រារព្ធធ្វើនៅវត្តខ្មែរពារាណសី (ឥណ្ឌា) និងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។

ព្រះសពព្រះតេជគុណ​ លោកឪ​ សែម​ ស៊ុន​ នឹងប្រារព្ធបូជាថ្ងៃច័ន្ទ​ ៥កេីត​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស. ២៥៦៦​ ត្រូវនឹងថ្ងៃទី២៨​ ខែវិច្ឆិកា​ឆ្នាំ២០២២​ នៅឯទីប៉ាឆាតថាគត​ មាត់ទន្លេគង្គា​ សាន៌ាថ​ ក្រុងពារាណសី​ រដ្ឋឧត្តរប្រទេស​ នៃប្រទេសឥណ្ឌា ។

******

កាលនៅគ្រហស្ថ លោកបានមកបម្រើការងារក្នុងវត្តមណីរតនារាមអស់រយៈកាលច្រើនឆ្នាំ ក្រោយមកក៏មានសទ្ធាបួសជាបព្វជិត ដោយសុំឱ្យខ្ញុំកូរណាអាត្មាភាពធ្វើជាព្រះឧបជ្ឈាយ៍បំបួសលោកដោយផ្ទាល់ ។ 

ថ្វីដ្បិតតែលោកមកបួសក្នុងវ័យចាស់ ប៉ុន្តែលោកមានព្រះទ័យល្អ មិនមានចិត្តមានះ ហើយមិនប្រកាន់ច្រើន ជាបុគ្គលងាយណែនាំ ។ វេលាកន្លងទៅ ទោះជាលោកមានគេគោរពបូជាច្រើន ក៏ព្រះទ័យលោកមិនប៉ោងភ្លេចការគោរពគ្រូអាចារ្យដែរ រាល់ដងលោកមិនដែលហ៊ានអង្គុយអាសនៈស្មើនឹងឧបជ្ឈាយ៍ផង វៀរលែងតែខ្ញុំហៅលោកឱ្យមកអង្គុយជាមួយទើបលោកហ៊ាន នេះគឺជាគុណសម្បត្តិម្យ៉ាងដែលព្រះបរមគ្រូទ្រង់សរសើរថាជា “សោវចស្សតា” ភាវៈនៃបុគ្គដែលគេប្រដៅបានដោយងាយ និង “និវាតោ” កិរិយាប្រព្រឹត្តបន្ទាបខ្លួនជាដើម គឺជាមង្គលដ៏ឧត្តម ។ ម្យ៉ាងទៀត លោកគឺជាភិក្ខុដែលមិនជាប់នឹងលាភសក្ការៈឡើយ ទោះមានគេបវារណាប្រគេនច្រើនប៉ុនណាក៏តែងតែធ្វើទានអស់ដែរ ។ 

លោកម្ចាស់តា គ្រាន់តែទៅមុនយើងបន្តិចប៉ុណ្ណោះ ដូច្នេះ នេះគឺជាសារមួយសម្រាប់យើងគ្រប់គ្នាក្នុងគ្រាកំពុងមានជីវិត គួរគិតមើលថា តើអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ព្រោះពេលស្លាប់គឺជាពេលអស់កម្មសិទ្ធិ ពាលឬបណ្ឌិត អស់សិទ្ធិដូចគ្នា ។

ខ្ញុំព្រះករុណាអាត្មាភាព វជិរប្បញ្ញោ សាន សុជា សូមចូលរួមនូវមរណទុក្ខនេះ ជាមួយនឹងសាច់ញាតិនៃព្រះសព និងសព្រហ្មចារីទាំងអស់អំពីចម្ងាយដោយក្តីអាឡោះអាល័យបំផុត ។
.......................
26/11/2022

******

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា: អធុវំ មេ ជីវិតំ ធុវំ មេ មរណំ "ជីវិតរបស់យើងមិនទៀងទាត់ទេ ប៉ុន្តែសេចក្តីស្លាប់របស់យើងទៀងប្រាកដ" ។ ហេតុដូច្នេះហើយ ទោះបីជារូបកាយរបស់លោកម្ចាស់តា មិនស្ថិតស្ថេរក៏ដោយ ប៉ុន្តែកិត្តិយស សេចក្តីល្អរបស់លោក នៅគង់វង្ស ជានិច្ចមិនស្លាប់ឡើយ ។

ខ្ញុំព្រះករុណា អាត្មាភាពធ្លាប់បានគង់សិក្សារៀនសូត្រ នៅប្រទេសឥណ្ឌា រស់នៅជាមួយលោកម្ចាស់តា លោកជាព្រះសង្ឃដែលមានគុណធម៌ខ្ពស់ មិនមានទិដ្ឋិ និងមានៈ ឬការលោភលន់ គ្រឿងសក្ការៈច្រើននោះឡើយ ជាបុគ្គលកម្រមានក្នុងលោក ព្រមទាំងជាបុគ្គលគួរគោរពបូជាផងដែរ ។

សូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបុណ្យកុសលដល់ព្រះវិញ្ញាណក្ខន្ធរបស់លោកម្ចាស់តា បានទៅបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

៣ កើត ខែ មិគសិរ ២៥៦៦ ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២

ព្រះភិក្ខុ ស៊ុន រិទ្ធី

****** 

ខ្ញុំនៅចាំបានថា ខ្ញុំបានស្គាល់លោកតា តាំងពីលោកនៅជាគ្រហស្ថម៉្លេះ ក្នុងកំឡុងឆ្នាំ១៩៩៨ តាំងពីខ្ញុំមានអាយុប្រមាណជាងដប់ឆ្នាំបន្តិច ។ កាលនៅជាគ្រហស្ថ ជាអាចារ្យវត្តបល្ល័ង្កស្ថិតនៅឃុំលលកស គាត់តែងតែទៅលេងវត្តជ្រែ ខេត្តពោធិ៍សាត់ ជាវត្តដែលខ្ញុំស្នាក់នៅជាក្មេងលោក និងបានបួសរៀននៅទីនោះ ។ មធ្យោបាយធ្វើដំណើររបស់គាត់កាលនោះគឺ ម៉ូតូចាស់មួយ ដោយមិនដែលភ្លេចទេ ផ្លែឈើមានខ្នុរនិងក្រូចពោធិ៍សាត់ជាដើម ពីចម្ការខាងវត្តបល្ល័ង យកមកផ្ញើលោកវត្តជ្រែ ។ គាត់បានធ្វើឲ្យវត្តទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ។

ប្រហែលជាងដប់ឆ្នាំក្រោយមក (២០១០) ខ្ញុំបានជួបលោកតាជាថ្មី លើកនេះនៅលើទឹកដីពុទ្ធភូមិ ប្រទេសឥណ្ឌា ដោយលោកតាបានបួសជាភិក្ខុភាវៈ មានឥន្ទ្រិយសំវរៈគួរជាទីជ្រះថ្លា តាមលំនាំវត្តមណីរតនារាម ។ ដំបូង លោកតាបាននិមន្តទៅប្រទេសឥណ្ឌា ក្នុងដំណើរធម្មយាត្រា តាមពុទ្ធស្ថាននានា ។ លុះក្រោយមក លោកបាននិមន្តគង់នៅវត្តខ្មែរពារាណសីមួយរយៈ ដើម្បីជួយកិច្ចការវត្ត ។ ក្នុងរយៈពេលជាង១០ឆ្នាំនេះ ដោយសេចក្តីជ្រះថ្លានឹងពុទ្ធស្ថាន ដំណើរទៅមកឥណ្ឌា-កម្ពុជា លែងសូវឆ្ងាយសម្រាប់លោកតាទៀតហើយ លោកតានិមន្តទៅមកជាញឹកញាប់ ជាពិសេសទៅកាន់វត្តខ្មែរពារាណសី ជាមួយព្រះតេជគុណ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច ដែលជាព្រះចៅអធិការវត្ត ។

កាលខ្ញុំនៅរៀនទីក្រុងពារាណសី ខ្ញុំបានជួបលោកឡើងវិញនោះ ដោយសេចក្តីភ្ញាក់ផ្អើលផងរំភើបផង ហើយក៏ណែនាំខ្លួនឲ្យលោកបានស្គាល់ឡើងវិញ ព្រោះលោកប្រហែលជាភ្លេចខ្ញុំហើយ ព្រោះកាលនៅវត្តជ្រែ ខ្ញុំនៅតូចណាស់ ។ លោកក៏ចាប់ផ្ដើមស្គាល់ខ្ញុំឡើងវិញ និងបានជួបគ្នាជាញឹកញាប់ រហូតដល់ខ្ញុំបានប្តូរទៅរៀននៅទីក្រុងញូវដែល្លី ចាប់ពីឆ្នាំ២០១៣ ។

លោកតាមានចិត្តល្អណាស់ ហើយក៏ចូលចិត្តអ្នករៀនសូត្រដែរ ថ្វីដ្បិតលោកមិនបានរៀនសូត្របានខ្ពង់ខ្ពស់ក៏ដោយ ។ ខ្ញុំនៅចាំបានថា លោកធ្លាប់ផ្ដល់ប្រាក់ខ្លះដល់ខ្ញុំ ដើម្បីរៀនសូត្រ មិនច្រើនណាស់ណាទេ ព្រោះលោកតាមិនមែនជាព្រះសង្ឃសំបូរបច្ច័យប៉ុន្មានដែរ ដូចព្រះគ្រូ សាន សុជា រៀបរាប់ខាងលើអ៊ីចឹងថា «លោកគឺជាភិក្ខុដែលមិនជាប់នឹងលាភសក្ការៈឡើយ ទោះមានគេបវារណាប្រគេនច្រើនប៉ុនណាក៏តែងតែធ្វើទានអស់ដែរ» ។ ខ្ញុំបានដឹងច្បាស់ថា ទឹកចិត្តល្អរបស់លោកតាចំពោះខ្ញុំដែលជាអ្នករៀនសូត្រ លើសពីអ្វីដែលខ្ញុំបានទទួលពីលោក ។ ពេលជួបលោកម្តងៗ ខ្ញុំតែងតែប្រាប់មិត្តភ័ក្តិជុំវិញខ្ញុំដោយអារម្មណ៍រីករាយថា «ខ្ញុំស្គាល់លោកតាំងពីខ្ញុំនៅតូច តាំងពីលោកនៅជាអាចារ្យវត្តឯណោះ ហើយលោកចិត្តល្អណាស់» ។

លោកតាជាមនុស្សរួសរាយរាក់ទាក់ ចិត្តទូលាយ ញញឹមច្រើន សើចក៏ច្រើន ហើយទំនងពុំមែនជាអ្នកគិតច្រើនកើតទុក្ខច្រើនឡើយ ក្នុងបច្ឆិមវ័យជាភិក្ខុភាវៈនេះ ។ តែពេលនេះ លោកតាបានលាចាកលោកនេះទៅហើយ ទៅដោយសេចក្តីអាឡោះអាល័យយ៉ាងក្រៃលែង ។ សូមព្រះវិញ្ញាណក្ខន្ធលោកតាបានទៅកាន់សុគតិភពកុំបីខានឡើយ ។ ​រូបំ អនិច្ចំ ទុក្ខំ អនត្តា​ ៕

ខាត់ ប៊ុនថន
ភ្នំពេញ ២៦ វិច្ឆិកា ២០២២

****** 

តើមានព្រះតេជគុណ និងញាតិញោមណាខ្លះដែលធ្លាប់ឆាន់តែនិងហូបតែ (ឥណ្ឌា) របស់លោកឪ?​ វត្តខ្មែរពារាណសី ប្រទេសឥ​ណ្ឌា ពិតជាមានកិត្តិយស ខ្លាំងណាស់ ដែលមានវត្តមាន ព្រះតេជគុណ លោកឪ ធម្មសរោ សែម ស៊ុន កាលគង់ព្រះជន្មនៅឡើយ លោកឪ គឺជាភិក្ខុសង្ឃ ដែលលុះក្នុងគុណធម៌ សច្ចធម៌ និងមេត្តាព្រហ្មវិហារធម៌ ដល់ព្រះតេជគុណ និងប្រជាពុទ្ធបរិស័ទទាំងជិតឆ្ងាយ ដែលបាននិមន្ត-មកធ្វើធម្មយាត្រាក្នុងដែនដីពុទ្ធភូមិកន្លងមក ។

លោកឪ ភិក្ខុ ធម្មសរោ សែម ស៊ុន តែងតែមានស្នាមញញឹម និយាយស្វាគមន៍ និងបដិសណ្ឋារៈចំពោះព្រះតេជគុណ និងញាតិញោម និងដាំតែឥណ្ឌា (Chai Chai) ប្រគេន-ជូន ព្រះតេជគុណ ញាតិញោម​ពុទ្ធបរិស័ទ ឆាន់-ពិសាជាប្រក្រតី​ ។

ប៉ុន្តែដំណើរជីវិតរបស់មនុស្សយើង គឺស្ថិតនៅក្នុងអំណាចច្បាប់ធម្មជាតិ ពោលគឺសេចក្តីស្លាប់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកឪ បានទទួលអនិច្ចធម្មចោលពួកយើងទាំងអស់ហើយ អំណេះតទៅ ព្រះតេជគុណញាតិញោមទាំងអស់គ្នា​លែងបានជួនព្រះភ័ក្រ្ត និងវត្តមានលោកឪជារៀងរហូតហើយ ។

ព្រះតេជគុណ ព្រះធម្មចក្កកវីវង្ស បណ្ឌិត សែម ប៉ិច
ពារាណសី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment