ឥណ្ឌូនេស៊ីផ្ដួចផ្ដើមធ្វើ «វេទិកាសាសនា R20» ជាលើកដំបូង - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, November 07, 2022

ឥណ្ឌូនេស៊ីផ្ដួចផ្ដើមធ្វើ «វេទិកាសាសនា R20» ជាលើកដំបូង

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (ពីឆ្វេង ទី៥) និងមេដឹកនាំសាសនាមួយចំនួន ដែលបានចូលរួមក្នុងវេទិកាសាសនា R20, កោះបាលី ប្រទេសឥណ្ឌូនេស៊ី, ៣ វិច្ឆិកា ២០២២ ។ រូបភាពហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ២᧮១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៧ វិច្ឆិកា ២០២២ 

កាលពីថ្ងៃទី ២-៣ ខែវិច្ឆិកា មុនជំនួបកំពូលក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០ ឬ G20 ឈានចូលមកដល់ មេដឹកនាំសាសនាពិភពលោកសំខាន់ៗ បានជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងក្នុងវេទិកាសាសនា R20 ដើម្បីស្វែងរកដំណោះចំពោះវិបត្តិនៃពិភពលោក តាមរយៈសាសនា ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាសាសនាធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាពិភពលោក សម្រាប់ពិភពលោកប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ មេដឹកនាំនៃជំនឿទាំងអស់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ជាសកល រួមទាំងភាពក្រីក្រ កូវីដ-១៩ និងសង្រ្គាមអ៊ុយក្រែនដែលកំពុងបន្ត ។

លោក Yahya Cholil Staquf ប្រធាន Nahdlatul Ulama (NU) អង្គការអ៊ីស្លាមដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានផ្តួចផ្តើមវេទិកា R20 រួមគ្នាជាមួយអង្គការ Rabithah Alam Islami ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត (សម្ព័ន្ធពិភពមូស្លីម) បានស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក ហើយបានហៅ R20 ថាជាគំនិតផ្តួចផ្តើមដោយចេតនាដ៏ស្មោះត្រង់ ក្នុងការបញ្ចូលរចនាសម្ព័ន្ធអំណាចភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាមួយនឹងតម្លៃសីលធម៌ និងស្មារតី ដូច្នេះមនុស្សជាតិអាចបន្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិជាច្រើន ។

ដោយហៅប្រទេសឥណ្ឌូនេស៊ីជា «ប្រទេសចម្រុះ» ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅក្នុងសារជាវីដេអូមួយនៅឯកិច្ចប្រជុំកំពូល R20 បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការទៅវិញទៅមក» គឺជាមោទនភាពរបស់ប្រទេសឥណ្ឌូនេស៊ី ហើយយើងត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោក ។

«ឥណ្ឌូនេស៊ី ជាប្រទេសចម្រុះជាតិសាសន៍ និងសាសនា ដែលមានប្រជាជនជាង ២៧៥ លាននាក់ ៧១៤ កុលសម្ព័ន្ធ និងច្រើនជាង ១១០០ ភាសា ដែលទទួលយកសាសនា ៦ ផ្សេងគ្នា ។ ទោះបីជាប្រទេសឥណ្ឌូនេស៊ីមានភាពចម្រុះខ្លាំងក៏ដោយ វាត្រូវបានរួបរួមដោយទស្សនវិជ្ជា បញ្ចសីល និងបាវចនាជាតិនៃ "សាមគ្គីភាពក្នុងភាពចម្រុះ" ។ មេដឹកនាំសាសនាបានតស៊ូដើម្បីធានាឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី និងបន្តធានានូវភាពជោគជ័យរបស់ប្រទេស ។ កិច្ចសហប្រតិបត្តិការទៅវិញទៅមកគឺជាមោទនភាពរបស់ប្រទេសឥណ្ឌូនេស៊ី ។ វត្តមានរបស់អ្នកធ្វើឲ្យយើងមានមោទនភាពយ៉ាងខ្លាំង ។ ឥណ្ឌូនេស៊ីចង់រៀនពីអ្នក ។ យើងក៏ត្រៀមខ្លួនជាស្រេចដើម្បី ចែករំលែកចំណេះដឹង និងបទពិសោធន៍ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាពិភពលោក ដើម្បីពិភពលោកប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ជូនភាពល្អដល់មនុស្សជំនាន់ក្រោយ ។»

ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលព្រាហ្មណ៍ហិណ្ឌូនាមថា ស្វាមី ស្រីគោវិន្ទ ទេវ គិរិ មហារាជ (Swami Sri Govinda Dev Giri Maharaj) នៃសមាគមស្រីរាមជន្មភូមិ (Shri Ram Janmabhoomi Trust) ប្រទេសឥណ្ឌា បានសរសើរវេទិកានេះ ដែលបានការផ្តល់នូវវេទិកាពហុសាសនាសម្រាប់ការដោះស្រាយបញ្ហា ដែលបានបង្កើតឡើងក្នុងនាមសាសនា និងអនុញ្ញាតឲ្យសាសនាបម្រើមុខងារត្រឹមត្រូវរបស់ខ្លួនជាប្រភពនៃដំណោះស្រាយចំពោះបញ្ហារបស់មនុស្សជាតិ ។

ព្រាហ្មណ៍ ស្វាមី ស្រីគោវិន្ទ បាននិយាយថា «ព្រះជាម្ចាស់ជឿលើលំនឹង និងតុល្យភាពនៃធម្មជាតិ និងសង្គម ។ តុល្យភាពនេះត្រូវបានគេហៅថាយោគៈ ។ យើងមកទីនេះ ក្នុងវេទិកា R20 ថ្ងៃនេះ ដើម្បីហាត់យោគៈ និងតុល្យភាពអំណាចសាសនានៃពិភពលោក ។ ដើម្បីធ្វើឲ្យពិភពលោកមានតុល្យភាពផ្លូវចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់យើងផ្ទាល់ ។ ដូច្នេះ យើងគួរតែនិយាយពាក្យអរគុណទាំងអស់គ្នា មិនត្រឹមតែនៅកន្លែងដូចជា R20 ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងជីវិតផ្ទាល់ខ្លួន និងសង្គមរបស់យើង ដែលជាកន្លែងដែលយើងនៅ ។ ប្រសិនបើយើងមកជាមួយគ្នា នៅកន្លែងរបស់យើង វានឹងបង្កើតពិភពលោកថ្មីមួយ... នេះមិនត្រឹមតែជាបួងសួង ឬការរំពឹងទុកទេ វាគឺជាបេសកកម្មសម្រាប់យើងទាំងអស់គ្នា ។ ចូរយើងយកវានៅលើស្មារបស់យើង» ។

នៅក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃលើកដំបូងនៅកោះបាលីនេះ មានការចូលរួមរបស់មេដឹកនាំសាសនាល្បីៗពីប្រទេស G20 ក្នុងអំឡុងពេលសម័យប្រជុំពេញអង្គចំនួនប្រាំពីរ និងពិធីបើកកិច្ចប្រជុំ ។ វេទិកាសាសនានេះមានអ្នកចូលរួមជាង ៤០០ នាក់ រួមទាំងឥស្សរជនអន្តរសាសនាចំនួន ១៦០ មកពីប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២០ របស់ពិភពលោក ។ 

ក្រៅពីនេះ ក៏ឃើញមានមេដឹកនាំពុទ្ធសាសនាសំខាន់ៗ មកពីប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានអញ្ជើញនិងនិមន្តចូលរួមផងដែរ មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាដើម ។

ប្រទេសឥណ្ឌានឹងធ្វើជាប្រធានក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២០ សម្រាប់ឆ្នាំ២០២៣ ហើយនឹងត្រូវមានភារៈរៀបចំកម្មវិធីវេទិកាសាសនា R20 នេះបន្តផងដែរ ។ ដូច្នេះ គេរង់ចាំមើលថាតើប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់ពួកជាតិនិយមហិណ្ឌូ ដែលមាននិន្នាការប្រឆាំងមូស្លីម នឹងដឹកនាំវេទិកាអន្តរសាសនានេះ ទៅកាន់ទិសដៅណាទៅវិញ ។

ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២០ គឺ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment