ទស្សនៈអប់រំមន្ត្រី៖ មន្ត្រីល្អគ្មានទេ មានតែមន្ត្រីគោរពច្បាប់ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, December 01, 2022

ទស្សនៈអប់រំមន្ត្រី៖ មន្ត្រីល្អគ្មានទេ មានតែមន្ត្រីគោរពច្បាប់

មន្ត្រីល្អគ្មានទេ មានតែមន្ត្រីគោរពច្បាប់ ។

លោកវិទូ | ថ្ងៃ ៥᧨១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១ ធ្នូ ២០២២

«មន្ត្រីពូជក្អែក បែររកស៊ីមិនគិត បណ្ឌិតឧក្រិដ្ឋ ផិតនគរខ្លួន រាស្ត្រខ្វះពុទ្ធិ ជាតិមិនមាំមួន សេពស្រាភ្លេចខ្លួន ភ្លេចព្រលឹងជាតិ» ។ (សំណេរដើមសម័យលង្វែក)

ពាក្យនេះ មិនមែនមានន័យថា មនុស្សចិត្តល្អ គ្មាន មនុស្សមានបំណងល្អដល់ជាតិ ស្រឡាញ់ជាតិខ្លួន គ្មាន មនុស្សល្អធ្វើមន្ត្រី គ្មាន មន្ត្រីល្អ គ្មាននោះទេ ។ តែជាគោលការណ៍ដឹកនាំរដ្ឋ គេប្រើប្រព័ន្ធចងរឹតមនុស្សឱ្យដើរតាមគំនូសដែលគូសទុក គំនូសល្អ គំនូសនាំជាតិចម្រើន ។ គេមិនអនុញ្ញាតឱ្យមន្ត្រីដឹកនាំដោយប្រើចិត្តអាធ្យាស្រ័យផ្ទាល់ខ្លួនទេ ទោះបីអាងខ្លួនថា អញល្អ អញស្រឡាញ់ជាតិ អញជាមនុស្សល្អធ្លាក់ពីលើមេឃក៏ដោយក្តី គេមិនអាចទុកចិត្តសំអាងរបស់មនុស្សនៅមានកិលេសធម៌រៀងៗខ្លួនបានឡើយ ។

ព្រោះថា បើមិនប្រើប្រព័ន្ធចងមនុស្សឱ្យដើរទេនោះ មន្រ្តីធ្លាប់ល្អក៏អាចធ្លាក់ទៅជាអាក្រក់ ព្រោះចាញ់ដៃលោកធម៌ផ្ទាល់ខ្លួន ឯមន្ត្រីដែលប្រុងដុះទៅល្អ បែរទៅជាអាក្រក់វិញ ព្រោះបរិបទអាក្រក់អូសទាញឬដាក់សម្ពាធ រីឯមន្ត្រីពូជក្អែកពីកំណើត ក៏ចេះតែបានដៃអាងលេសអាងតម្រា ឬអាងហេតុផលបន្លំភ្នែកណាមួយ ធ្វើអាក្រក់ពេញទីក្នុងស្ថាប័នរដ្ឋ ។

ដូចនេះហើយ ក្នុងស្រុកទំនើបគេធ្វើប្រព័ន្ធកាត់កងអំណាចឱ្យមានប្រសិទ្ធភាពជាមុន រួចប្រើវាចងមនុស្សឱ្យដឹកនាំ តាមក្រោយ គេទុកចិត្តលើប្រព័ន្ធដឹកនាំ ដែលជាធម៌រឹងមាំ មិនចេះប្រែក្រលាស់ ក្រឡាប់ចក្រដូចចិត្តសន្តានមនុស្សទេ ។គេមិនប្រើមនុស្សដឹកតាមចិត្តតាមចង់ ដោយត្រឹមអាងថា គាត់គឺជាមនុស្សចិត្តធម៌ ចិត្តព្រះឡើយ ។

គណបក្សនយោបាយ អង្គការ សមាគម ក្រុមពួក ស្ថាប័ននានា ក៏គេរៀនសូត្រតាមរូបមន្តនេះដែរ ។ ពេលដែលតួមន្ត្រីមានសារជាតិល្អក្តី មិនល្អក្តី ដឹកនាំក្រោមប្រព័ន្ធនេះ ពួកគេនឹងដំណើរតាម,គឺថា មន្ត្រីល្អ ដើរតាមដោយចិត្តចង់ដែលមានស្រាប់ សម្រាប់មន្ត្រីអាក្រក់វិញ ដើរតាមដោយខ្លាច មិនហ៊ានប្រឆាំងគោលការណ៍ តែត្រូវរៀនប្រឆាំងចិត្តអាក្រក់ខ្លួនវិញម្តង ជាសរុបពួកគេក្លាយជាមន្ត្រីគោរពច្បាប់នោះឯង ៕

អត្ថបទដោយ ព្រះតេជគុណ ចន្ទប្បិយោ រីម ចាន់រ៉ា (ស្រង់ចាកហ្វេសប៊ុក)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment