បុណ្យផ្កាប្រាក់ដើម្បីឧបត្ថម្ភសមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, January 16, 2023

បុណ្យផ្កាប្រាក់ដើម្បីឧបត្ថម្ភសមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ

ព្រះសង្ឃ និងជនភៀសខ្លួន​ខ្មែរ​ក្រោម​ ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេស​ថៃ​ ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជាក្រោម​។

លោកវិទូ | ថ្ងៃ ២᧺២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៦ មករា ២០២៣

សមណ​និស្សិត​ខ្មែរ​ក្រោម ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ ធ្វើបុណ្យ​ផ្កា​ប្រាក់​សាមគ្គី​រៃអង្គាស​បច្ច័យ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​សិក្សា ដើម្បី​កសាង​ធនធាន​មនុស្ស​អភិវឌ្ឍន៍​សង្គម។ ពិធី​បុណ្យ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលករ​ខ្មែរ​ប្រមាណ ៥០ នាក់ ​ចូល​រួម​ប្រគេន​ចង្ហាន់​និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ១០អង្គ ដោយ​មាន​ការ​សម្ដែង​របាំ​ប្រពៃណី​របស់​កុមារ​ខ្មែរ​ក្រោម។

ការ​ធ្វើបុណ្យ​នេះ​ដោយសារ​ព្រះសង្ឃ​ខ្មែរ​ក្រោម​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ថៃ ខ្វះ​ថវិកា​សម្រាប់​បង់​ថ្លៃ​សាលា។ ពិធី​នេះ​ធ្វើ​នៅ​វត្ត​មួយ​ក្នុង ខេត្ត​ណៈខនប៉ៈធុម (Nakhon Pathum) ដើម្បី​ប្រមូល​បច្ច័យ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​ខ្មែរ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​រៀន​សូត្រ។

ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ប្រចាំ​ប្រទេស​ថៃ លោក ឡឹម កែវ​សំណាង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១៥ ខែមករា ថា លោក​បាន​ប្រមូល​ជនភៀសខ្លួន​ខ្មែរ​ក្រោម និង​ពលករ​ខ្មែរ​ទៅ​ចូល​រួម​បុណ្យ​ផ្កា​ប្រាក់ ដើម្បី​ប្រមូល​ប្រាក់​ប្រគេន​ព្រះសង្ឃ។ លោក​យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ទោះ​ទៅ​ដល់​ទីណា​ក៏​មិន​ភ្លេច​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ ដោយសារ​ខ្មែរ​គោរព​តាម​ព្រះពុទ្ធសាសនា ហើយ​ព្រះសង្ឃ​ខ្មែរ​សិក្សា​នៅ​ប្រទេស​ថៃ​ខ្វះ​បច្ច័យ​បង់​ថ្លៃ​សាលា ទើប​លោក​បបួល​ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ៖

«បាទ​ហ្នឹង​ហើយ លោក​ធ្វើ​ផ្ដើម​បុណ្យ​ផ្កា​ឡើង​ដើម្បី​ប្រមូល​បច្ច័យ។ (ព្រះសង្ឃ)នៅ​ខ្វះ​ខាត​ថវិកា​ដល់​ការ​សិក្សា​ព្រះសង្ឃ​មាន​ចំនួន​ច្រើន​អង្គ​ដែរ។ ព្រះសង្ឃ​មក​សិក្សា​មាន​ការ​ខ្វះខាត ហើយ​លោក​យក​ថវិកា​ដើម្បី​សិក្សា​បន្ត រៀន​សូត្រ​បន្ត»។​​

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង១០ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ លោកស្រី ពេជ្រ សួន ថ្លែង​ក្នុង​ទឹក​មុខ​ញញឹម​ថា លោកស្រី​តែង​ចូល​រួម​ធ្វើបុណ្យ​ជាមួយ​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម ដោយសារ​ខ្មែរ​ក្រោម​ក៏​ជា​ខ្មែរ​ដូចគ្នា។ លោកស្រី​បន្ត​ថា លោកស្រី​ចង់​ឃើញ​ធនធាន​មនុស្ស​របស់​ខ្មែរ​មាន​ច្រើន ដើម្បី​កសាង​សង្គម​ឲ្យ​រីកចម្រើន៖

«យល់​ឃើញ​ថា​ល្អ! មាន​អី​ទេ​តាម​មើល សប្បាយ​ចិត្ត​ម៉ង​បាន​ធ្វើ​បុណ្យ​ ចូល! ចូល​ឲ្យ​តែ​ប្រាប់ ចូល​តែ​រហូត​ហ្នឹង សប្បាយ​ចិត្ត​សុំ​ចែក​បុណ្យ​ឲ្យ​បាន​ស្មើៗ​គ្នា​ណា»។

ក្នុង​ពិធី​បុណ្យ​ផ្កា​នេះ ពុទ្ធបរិស័ទ​ខ្មែរ​បាន​ប្រគេន​ចង្ហាន់​ និង​បច្ច័យ​ដល់​ព្រះសង្ឃ ហើយ​ស្ដាប់​ព្រះសង្ឃ​សូត្រ​ធម៌ និង​ពិសា​អាហារ​សាមគ្គី មើល​ការ​សម្ដែង​របាំ​ប្រពៃណី​របស់​កុមារ​ខ្មែរ​ក្រោម។

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឃើញ​ព្រះសង្ឃ​ខ្មែរ​ខិតខំ​រៀន​សូត្រ​ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌ ទើប​ពួកគាត់​ប្រឹងប្រែង​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ ទោះជា​មាន​ជីវភាព​មិន​ធូរធារ​ក៏ដោយ ក៏​មិន​បោះបង់​ចោល​ព្រះសង្ឃ​ដែរ។

ព្រះ​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​ប្រទេស​ថៃ ភិក្ខុ ចៅ សុខឌៀប មាន​ថេរដីកា​ថា ក្រុម​របស់​ព្រះអង្គ​តែង​ផ្ដល់​អាហារូបករណ៍​ដល់​សមណ​សិស្ស​ដែល​ចូល​មក​សិក្សា​នៅ​ប្រទេស​ថៃ​ឆ្នាំ​ដំបូង និង​សិស្ស​ដែល​ខ្វះ​ថវិកា​បង់​ថ្លៃ​សាលា។ ព្រះអង្គ​កត់​សម្គាល់​ថា ការ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជឿនលឿន ព្រោះ​មាន​ព្រះសង្ឃ​រៀន​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ច្រើន ឆ្នាំនេះ​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ​មហាចូឡាលុងកនរាជវិទ្យាល័យ (Mahachulalongkornrajavidyalaya University) ជិត១០អង្គ៖

«ការ​រីក​ចម្រើន​គឺ​មាន​ការ​រីកចម្រើន​ហើយ ព្រោះ​ពី​ដើម​! ពីដើម​មក​យើង​ឃើញ​ថា​ព្រះសង្ឃ​ខ្មែរ​ក្រោម​យើង​រៀន​បាន​ត្រឹម​បរិញ្ញាបត្រ​ទេ តែ​បច្ចុប្បន្ន​ហ្នឹង​យើង​មាន​ដល់​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ហ្នឹង​ហើយ។ មាន​ការ​រៀន​តាំង​ពី​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត ពី​ដើម​មក​តែ​បរិញ្ញាបត្រ រៀន​ចប់​បរិញ្ញាបត្រ​ហើយ​គឺ​ចប់​ហើយ​ទៅ​ស្រុក​ជួយ​វត្ត​ជួយ​អ៊ីចឹង​ទៅ​ណា ឬ​អ្នក​ខ្លះ​ក៏​សឹក​អ៊ីចឹង​ទៅ ដល់​ពេល​បច្ចុប្បន្ន​ហ្នឹង​យើង​ឃើញ​ហើយ អនុបណ្ឌិត​ក៏​កើន​ឡើង​ច្រើន»។

របាយការណ៍​របស់​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ឲ្យដឹង​ថា មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ថៃ​ជិត​ពីរ​រយ​ (២០០) អង្គ ក្នុង​នោះ​មាន​មហាវិទ្យាល័យ​មហាចូឡាលុងកនរាជវិទ្យាល័យ(Mahachulalongkornrajavidyalaya University) និងមហាវិទ្យាល័យមហាម្កុដរាជវិទ្យាល័យ (Mahamakudrajavidyalaya University) ជាដើម៕

អត្ថបទដោយ សុជីវី វិទ្យុអាស៊ីសេរី ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment