អ្នកធម្មយាត្រាកូរ៉េខាងត្បូង ១០៨ នាក់ធ្វើធម្មយាត្រាចម្ងាយជាង ១១០០ គីឡូម៉ែត្រនៅប្រទេសឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, February 27, 2023

អ្នកធម្មយាត្រាកូរ៉េខាងត្បូង ១០៨ នាក់ធ្វើធម្មយាត្រាចម្ងាយជាង ១១០០ គីឡូម៉ែត្រនៅប្រទេសឥណ្ឌា

គណៈប្រតិភូអ្នកធ្វើធម្មយាត្រាពុទ្ធសាសនានិកាយ Jogye Order ធ្វើពិធីមួយនៅទីក្រុងសេអ៊ូល មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌា។ រូបភាព៖ koreabizwire.com

លោកវិទូ | ថ្ងៃ ២᧨៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៧ កុម្ភៈ ២០២៣ 

ជាលើកដំបូង ប្រទេសឥណ្ឌាទទួលស្វាគមន៍ អ្នកធ្វើធម្មយាត្រាពុទ្ធសាសនិកចំនួន ១០៨ នាក់មកពីកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូត ។ ធម្មយាត្រាដែលរៀបចំដោយសមាគម Sangwol Society នឹងធ្វើដំណើរចម្ងាយជាង ១១០០ គីឡូម៉ែត្រ និងទស្សនាពុទ្ធស្ថាននៅរដ្ឋឧត្តរប្រទេស និងរដ្ឋពិហារ ក្នុងប្រទេសឥណ្ឌា មុនពេលធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់ ។

ធម្មយាត្រានេះមានគោលបំណងបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ក៏ដូចជាជួយឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍នៃការបង្រៀនរបស់ព្រះពុទ្ធ និងដើរតាមគន្លងព្រះបាទរបស់ព្រះអង្គ កាលដែលទ្រង់គង់ធរមាននៅឡើង ។ សេចក្តីប្រកាសព័ត៌មានលម្អិតអំពីរឿងនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Apurva Chandra មានប្រសាសន៍ថា វាជាចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ក្នុងការផ្សព្វផ្សាយដំណើរទេសចរណ៍ព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌាទៅកាន់ពិភពលោក ។

លោក Chang Jae-bok ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសឥណ្ឌាបានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំពិសេសសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តចំពោះភាពជោគជ័យរបស់ប្រទេសឥណ្ឌា ក្នុងនាមជាប្រធានក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០ (G20) ។ លោក​បាន​បន្ថែម​ថា ការ​បង្រៀន​តាម​បែប​ពុទ្ធសាសនា​ស្រប​តាម​បាវចនា​របស់​ប្រធាន G20 របស់​ប្រទេស​ឥណ្ឌា​គឺ «ផែនដី​មួយ គ្រួសារ​មួយ អនាគត​មួយ» ។

ឯកអគ្គរដ្ឋទូតបាននិយាយថា ទំនាក់ទំនងសាសនារវាងឥណ្ឌា និងកូរ៉េខាងត្បូង ជំរុញឲ្យមានមនោសញ្ចេតនាខ្លាំង និងបង្កើតសុច្ឆន្ទៈដ៏ធំធេង ដែលជំរុញទំនាក់ទំនងទ្វេភាគី ។ ដំណើរធម្មយាត្រានេះបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែកុម្ភៈ និងនឹងបញ្ចប់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ។ ធម្មយាត្រាដែលរួមមានព្រះសង្ឃទាំងផងនឹងទៅគោរពបូជា នៅទីសក្ការៈសំខាន់ៗចំនួនប្រាំបី នឹងស្រង់បទពិសោធន៍ពីព្រះពុទ្ធសាសនា និងវប្បធម៌ឥណ្ឌា ហើយនឹងមានការជួបពិភាក្សាទ្វេភាគីរវាងមេដឹកនាំសាសនា និងសន្ដិបាតបួងសួងដើម្បីសន្តិភាពពិភពលោក ។

ពុទ្ធសាសនាជាប្រភពនៃការតភ្ជាប់ក្នុងតំបន់នៅអាស៊ី


គិតត្រឹមថ្ងៃនេះ នៅទូទាំងពិភពលោក បណ្តាប្រទេសអាស៊ីមានចំនួនជិត ៩៧ ភាគរយនៃចំនួនប្រជាជនកាន់ព្រះពុទ្ធសាសនា ។ ប្រទេសប្រមាណ ១៤ មានច្រើនជាង ៥០ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន គោរពបូជាព្រះពុទ្ធសាសនា ។ ហើយ​ប្រទេស​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ​មាន​ពលរដ្ឋ​ចំនួន ៩០ ភាគរយ​កាន់​ព្រះពុទ្ធសាសនា​ ជា​សាសនា​ចម្បង​របស់​ពួកគេ ។

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសមួយចំនួន រួមមានអាស៊ីកណ្តាល ប៊ូតាន នេប៉ាល់ ទីបេ ម៉ុងហ្គោលី ស្រីលង្កា និងប្រទេសមួយចំនួនក្នុងតំបន់ន័រឌីកផងដែរ ។

ប្លុកដែលមានប្រជាជនច្រើនជាងគេបំផុតដែលព្រះពុទ្ធសាសនាគ្រប់គ្រងជាសាសនា និងវប្បធម៌ចម្បងរបស់ពួកគេគឺតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសមួយចំនួនដូចជា កម្ពុជា ថៃ ឡាវ និងភូមា ព្រមទាំងប្រទេសផ្សេងទៀតដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ដែលបង្កើតបានជាប្លុកដែលមានប្រជាជនព្រះពុទ្ធសាសនាដ៏សំខាន់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment